ការ​ប្រើដ្រូន​តាម​ដាន​លោក រ៉ុង ឈុន មេដឹក​នាំ​រង​ការ​រិះ​គ​ន់​​ថា​​​ខ្លាំង​​​បង្ក្រាប​​ខ្មែរ​​តែ​​ខ្លាច​​សត្រូវ​​ឈ្លាន​​ពាន

ការ​​បង្ហោះ​ដ្រូន​ឆ្វែល​​ចុះ​ឡើង​​ និង​​​ការ​​​ប្រើ​កម្លាំង​​ច្រើន​​ហួស​​ហេតុ ចូល​ទៅ​​ឡោម​ព័ទ្ធ​ ​និង​​បំបែក​​អ្នក​គាំទ្រ​​លោក​ ​រ៉ុង ឈុន ទី​ប្រឹក្សា​​គណបក្ស​​កម្លាំង​ជាតិ ​នៅ​​មុខ​​តុលាការ​កំពូល​​កាល​ពីថ្ងៃ​​​​ទី​​១៥ខែ​​មិថុនា​​ និង​​ការ​ចាប់​ឃុំ​ខ្លួន​​អ្នក​​បញ្ចេញ​​​មតិ​ កើន​​ឡើង​​​ដល់ ​១១៥​នាក់ ​​គិត​​ត្រឹម​​ថ្ងៃ​ទី​​១៧ខែ​មិថុនា​​នេះ ត្រូវ​​បាន​​អ្នក​​ឃ្លាំ​មើល​​លើក​​ឡើង​​ថា ទាំង ​លោក ​​ហ៊ុន សែន ​និង​​លោក​​ ហ៊ុន ម៉ាណែត ​​ខ្លាំង​​បាន​​តែ​​ជាមួយ​​ខ្មែរ​​ស្លូត​ត្រង់​ ប៉ុន្តែ​​ខ្លាច​​មិន​​ហ៊ាន​​ទប់​​ស្កាត់​​ថៃ ​ដែល​​បាន​​និង​​កំពុង​​បន្ត​​សម្រុក​​ឈ្លាន​ពាន​​ទឹក​ដី​កម្ពុជា​​ឥត​ឈប់​​ឈរ​​ទាំង​គឃ្លើន​។

លោក​ ​អ៊ុំ សំអាន ​អតី​ត​​តំណាង​​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ​ បាន​​ប្រា​ប់​​វីអូឌី​​នៅ​ថ្ងៃ​ទី​​១៧​ខែ​មិថុនា​​​នេះ​​​ថា ការ​​​ប្រើ​​ដ្រូន​​ហោះ​​ឆ្វែល​​ចុះ​ឡើង​ នៅ​ពី​លើ​​ក្រុម​​អ្នក​​គាំទ្រ ​លោក ​​រ៉ុង ឈុន និង​​ការ​​ប្រើ​​កង​​កម្លាំង​យ៉ាងច្រើន ​ទៅ​​​ឡោម​​ព័ទ្ធ និង​​បំបែក​ក្រុម​អ្នកគាំទ្រ​ទាំងនោះ​ កាលពីថ្ងៃទី​១៥ខែ​មិថុនា​ ​នៅ​ពេល​ដែល​ លោក ​​រ៉ុង ឈុន​ ចូល​​រួម​សវនាការនៅ​​តុលាការ​​កំពូល​ វាបាន​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែច្បាស់​ថែម​ទៀតថា លោក​ហ៊ុន សែន​ និង​​​លោក​ហ៊ុន ម៉ាណែត ​ខ្លាំង​បាន​​តែជាមួយ​ខ្មែរ​គ្នា​ឯង ហ៊ាន​​បង្ក្រាប​ហ៊ាន​ចាប់​ដាក់គុក​​តែ​ខ្មែរ​គ្នា​ឯង ដើម្បី​ពង្រឹង​​អំណាចនិង​រក្សា​អំណាច​​​តពូជ។

ក៏ប៉ុន្តែលោក​​ថា លោក​ហ៊ុន សែន​ និង​​លោក​ហ៊ុន ម៉ាណែត ​ខ្លាចថៃ ដោយ​​មិន​ហ៊ាន​​យកដ្រូន​ និង​មិន​បាន​បញ្ជូន​​កង​កម្លាំង​​ឱ្យ​បាន​ច្រើន​​ទៅ​ការពារ​ទឹកដី ដើម្បី​ទប់​ទល់​នឹង​ថៃ ​​ដែល​កំពុង​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ ​តាម​អំពើ​​ចិត្ត​​ជារៀង​រាល់​​ថ្ងៃនោះ​ទេ។​​ ​នៅពេល​​​ច្បាំង​​ជាមួយ​ថៃ​ចំនួន​​ពីរ​លើក​ ​កន្លងមក​ ​អត់​​​ឃើញមាន​​ប្រើ​ប្រាស់​​ដ្រូន​ ឬ​ក៏​កាំភ្លើង​បាញ់​​ដ្រូន​ និង​​សំណាញ់​មេឃ​ ​វាយ​បក​ទៅ​ថៃ ​និង​ទប់​ទល់​ថៃឈ្លានពាន​នោះទេ។​

លោកថា៖ «លោក​ហ៊ុន សែន ​អួតថា មាន​សំណាញ់​មេឃ ​ខ្ញុំ​យល់​ថា គាត់​ទុក​​ការពារ​ផ្ទះ​​គាត់​។ សង្គ្រាម​​ពីរ​លើក​​នេះ​ ​មាន​​សំណាញ់​មេឃ​​មក​ពីណា ​ដើម្បី​យក​ទៅ​បាញ់​ទម្លាក់​យន្តហោះចម្បាំង​​របស់​ថៃ ដែល​ទម្លាក់​មក​​លើ​ផ្ទះ​ប្រជាពល​រដ្ឋ​​និង​ប្រាសាទខ្មែរ​ មកលើ​ស្ពាន អត់​​មាន​យកទៅការពារ​ទឹកដីនោះទេ។ លោក​ហ៊ុន សែន ​គាត់​​យល់​ថា បាត់​បង់ទឹកដី​ក៏បាត់​ទៅ ​កុំ​ឱ្យ​​បាត់​អំណាច​គាត់​​ ការពារអំណាច​ជាង​ការពារទឹកដី។ អ៊ីចឹង​​ហើយ​​បាន​​គាត់​មិន​យក​អាវុធ​ទំនើបៗ​​ ទៅ​ការ​ពារទឹក​ដី​ទេ ​គាត់​ទុក​ការពារ​អំណាច​ និងបង្ក្រាបខ្មែរ​គ្នា​ឯង​ ​គាត់​ខ្លាំងណាស់​ជាមួយ​ខ្មែរ​គ្នា​ឯង​​ ងើបមួយ​វាយ​​មួយ​ ប៉ុន្តែ​ជាមួយ​ថៃ​អត់ហ៊ាន​​ជាមួយគេ​នោះទេ ឱ្យ​ថៃ​រាយ​បន្លាលួសដាក់ទូរ​កុង​តឺន័រ ជីក​ប្រឡាយ​ ធ្វើ​របង​ព្រំដែន​​បេតុង​​នៅ​លើ​ដីខ្មែរ​រំលោភ​យក​ដីខ្មែរ​ស្រេច​​ចិត្ត»។

លោក​ ម៉ែន ណាត ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ យល់​ស្រប​​​ចំពោះការ​លើកឡើង​របស់ ​លោក​អ៊ុំ សំអាន ដោយ​​ថ្លែងបន្ថែម​ថា ​ប្រជាពល​រដ្ឋ​ខ្មែរ​សុទ្ធ​តែមើល​ឃើញ​ច្បាស់​ទាំង​អស់​គ្នា​​ហើយ លោក​ហ៊ុន សែន​ និង​​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ គឺ​ហ៊ាន​ខ្លាំង​តែ​ជាមួយ​ប្រជាពល​រដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ខ្លួន​ឯង ​​ប៉ុន្តែ​មិន​ហ៊ាន​ជាមួយ​ថៃនោះ​ទេ ពីព្រោះ​ខ្លាច​ថៃ​ខឹង​នាំ​ឱ្យផ្ទុះ​​សង្គ្រាម​ជាលើក​ទី៣ទៀត។

លោកថា៖ «បើសិន​ជារដ្ឋាភិបាល​កម្ពុជា​​ហ៊ាន​ប្រើដ្រូន​ដើម្បី​យកការណ៍ស៊ើប​ការណ៍​ ពីទីតាំង​កងទ័ព​ថៃ​​ដែល​​​ឈ្លាន​ពាន​​​​កម្ពុជា​ ​ខ្លាចទាហាន​ថៃ​ខឹង ហើយ​បើទាហាន​ថៃខឹង​​​ ទាហាន​ថៃ​បាញ់​បង្កសង្គ្រាម​​ជាថ្មីទៅ​ លោក​​​​​ហ៊ុន សែន ​គាត់​ខ្លាចបាត់​បង់​អំណាច​​ចាញ់​សង្គ្រាម​ ចឹង​ទៅ​​ថ្ន​​ម​ចិត្ត​​ថៃ​​រាល់​​ថ្ងៃហ្នឹង​។ អាដ្រូន​ក៏មិន​ហ៊ាន​​ប្រើ​ ​ដើម្បី​ការពារ​ដែន​អធិប​តេយ្យ​​កម្ពុជា​ ហើយ​សូម្បី​តែទាហាន​ថៃ​​ពង្រីកការ​ឈ្លាន​​ពាន​​ស្ទើ​រាល់ថ្ងៃ​​តាម​​​ព្រំដែន​ ជាពិសេស​នៅលើ​ភ្នំដងរែក ​គឺ​រដ្ឋាភិ​​បាល​​កម្ពុជា​មិន​ហ៊ាន​ប្រើទាហាន​ទប់​ស្កាត់​​សកម្មភាព​ថៃ​ដូច​ជា​ថៃ​រាយបន្លាលួស​ ថៃ​​​ធ្វើ​សំណង់​រឹង​ថៃធ្វើ​​លេណ​ដ្ឋាន ហើយ​ពង្រីក​កាន់​តែធំទៅ​ៗ​​​ក្នុង​ដីខ្មែរ​តាម​ទំនើង​​ចិត្ត។ ចំណែក​​ឯរដ្ឋាភិបាល​កម្ពុជា​​គ្មាន​​បទ​បញ្ជាណាមួយ ​ទៅ​ឱ្យ​ទាហាន​ជួរមុខនឹង​ទប់ស្កាត់​ថៃ​នូវ​ភាព​គឃ្លើន​​​ទាំង​​អស់​ហ្នឹង​ទេ​ បណ្តោយ​​ឱ្យ​គេ​ឈ្លាន​ពាន​​ចឹង​ទៅ​»។

វីអូឌី​ មិន​អាច​ទាក់​ទង​​លោក​ ប៉ែន បូណា ​​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​​និង​អ្នកស្រី ម៉ាលី សុជាតា ​អ្នក​នាំពាក្យ​ក្រសួង​​​ការពារជាតិ ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​​បាន​ទេ​​ នៅថ្ងៃ​ទី​១៧ខែ​មិថុនា​នេះ។

យ៉ាងណាក្តី ​លោក​ហ៊ុន សែន ​ប្រមុខ​រដ្ឋស្តីទី ​បាន​ថ្លែង​ក្នុងពិធី​​ជួប​សំណេះ​សំណាល​ជា​មួយ​​ជន​ភៀស​សឹក​នៅ​​ស្រុក​​ស្វាយ​​ចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ ​កាលពីថ្ងៃទី​​៩ខែ​មិថុនា​ថា ការដែល​ថៃ​​អាច​វ៉ៃឈ្លានពាន​ទឹក​ដី​កម្ពុជា​​​បាន ​គឺ​ដោយ​​សារ​តែលោកខ្វះការ​រៀបចំខ្លួន​ ​ដើម្បី​ត្រៀម​ប្រយុទ្ធ​​ការពារ​ទឹកដី​ ​មិន​មែន​ជាកំហុស​របស់​​​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​នោះទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា លោក​ថា ​រដ្ឋាភិបាល​កម្ពុជាបាន​ទប់​​​ទល់​សភាពការណ៍​​នៃ​សង្គ្រាម​នេះ​​​ ហើយ​ខិត​ខំដោះស្រាយ​ដោយ​សន្តិវិធី​។

លោកថា៖ «កុងតឺន័រ​លួស​បន្លា គឺ​ទើប​តែ​រាយ​នៅ​ក្រោយ​បទ​ឈប់​បាញ់​ ដូច្នេះ​​មិ​ន​​មែន​​បាន​​សេចក្តី​ថា ​សហគមន៍​អន្តរ​​ជាតិ​​​ខ្វាក់​​ភ្នែក​​ទេ​ ក៏ប៉ុន្តែ​វាមិន​ទាន់​ដល់​ដំណាក់កាល​ដែល​ត្រូវ​និយាយ​គ្នា។ ឥឡូវ​ខ្ញុំ​សូម​បញ្ជាក់​​អ្នកណាខ្លះ​ចង់​វ៉ៃ នៅទីនេះ​? ពីព្រោះ​បើ​វ៉ៃ​ទៅ​រត់​ទៀត​ហើយ​។ ឥឡូវ​យើង​​ធ្វើ​ផ្ទះនៅ​នេះ សម្រួល​ឱ្យ​ប្រជាជន​​សិន។ ហេតុអីយើង​ត្រូវ​ធ្វើ​ផ្ទះ? ដោយ​សារ​តែយើង​ត្រូវ​រង់ចាំ​​ការដោះ​ស្រាយ​ដោយ​សន្តិវិធី​»។

ជាមួយគ្នា​នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តី​ប្រកាស​ព័ត៌​មាន ឲ្យ​ដឹង​ថា គណៈ​កម្ម​ការ JBC ភាគី​​​កម្ពុជា បាន​​ផ្ញើ​ជា​ថ្មី​ម្តង​ទៀត​នូវ​កំណត់​ទូត ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦ ស្នើ​ឱ្យ​ភាគី​ថៃ​ចាត់​បញ្ជូន​ក្រុម​វាស់​វែង​ចម្រុះ (JSTs) ដើម្បី​បន្ត​ចុះអ​នុ​វត្ត​​កា​រ​​ងារ​​នៅ​​​លើ​​​​​ដី​​ជាក់​​ស្តែង​​ឱ្យ​​បាន​​ឆាប់​​បំផុត។ កន្លង​មក JBC ភាគី​កម្ពុជា បាន​​បញ្ជូន​កំណត់​ទូត​ជា​ច្រើន​លើក​​​​ទៅ JBC ភាគី​ថៃ ដើម្បី​ស្នើ​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​របស់ JBC កម្ពុជា-ថៃ និង​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់​វែង​ចម្រុះ (JSTs) ដើម្បី​បន្ត​ចុះ​អនុ​វត្ត​ការ​ងារ​លើ​ដី​ជាក់​ស្តែង ប៉ុន្តែ​ភាគី​ថៃ​បាន​ឆ្លើយ​តប​ដោយ​ស្នើ​លើក​ពេល​ជា​បន្ត​បន្ទាប់ ក្រោម​ហេតុ​ផល​ដូច​ជា បំពេញ​នីតិ​វិធី​ផ្ទៃ​ក្នុង រង់​ចាំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ រង់​ចាំ​ការ​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី រង់​ចាំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​គណៈ​រដ្ឋ​មន្ត្រី​ថ្មី និង​រង់​ចាំ​ការ​អនុម័ត​ដោយ​គណៈ​រដ្ឋ​មន្ត្រី​ថៃ​លើ​ការ​តែង​តាំង​ប្រធាន និង​សមាស​ភាព​ថ្មីនៃ​គណៈ​កម្ម​ការ JBC ភាគី​ថៃ​ជា​ដើម​។

បន្ថែមពីនេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន​ បញ្ជាក់ថា ការមិន​តែងតាំងប្រធាននិងសមាសភាព JBC ថ្មី និង​​ការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើ​ដី​ជាក់ស្តែង គឺផ្ទុយនឹងខ្លឹម​សារនៃកំណត់​​ហេតុកិច្ចប្រជុំពិសេសរបស់ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់​គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ​២០២៥ ជាពិសេសកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់JBC នៃ​ភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និង​ខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ​ ក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំងប្រកប​ដោយ​​សុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។

ប៉ុន្តែលើដីជាក់ស្តែង ភាគីថៃបាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពដោយខុស​ច្បាប់ ក្នុង​គោល​​​​បំណង​បង្កើត​ស្ថាន​ភាពថ្មី​លើដីជាក់ស្តែង បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូត​យ៉ាង​ណាក៏ដោយ។

ទាក់​ទង​នឹងកំណត់​ទូត​​ដែល​គិត​រហូតមក​ដល់​ពេល​នេះ​ អាចមាន​ដល់​ប្រមាណ ៨០០​លើ​ក​ ដែលកម្ពុជា​​បាន​​រអ៊ូរទាំ​​ចំពោះ​​ភាព​ព្រងើយ​កន្តើយ​​របស់​ភាគីថៃ​ លោក ​ម៉ែន ណាត ​ថ្លែងថា រដ្ឋាភិបាល​លោក​ហ៊ុន ម៉ា​ណែត ​គួរ​​​​ឈប់​ធ្វើ​រឿង​ដដែល​ៗ​​ជាមួយថៃ ហើយ​ចង់​បាន​លទ្ធផល​​​ផ្សេង។​ ទាំង​លោក​ហ៊ុន សែន ​និង​លោក​​​ហ៊ុន ម៉ាណែត ​ក៏ដូច​ជា​មន្ត្រី​រដ្ឋាភិ​បាល​​​ដទៃ​ទៀត ​​ត្រូវ​ឈប់​បង្ហាញ​ភាព​ទន់​ខ្សោយ ​ដើម្បី​អង្វរ​កឱ្យ​​ថៃ​ចូល​តុ​ចរចា​​ត​ទៅ​​ទៀត​ ប៉ុន្តែ​ត្រូវ​ខំពង្រឹង​ការ​ងារ​ការ​ទូត​ឱ្យបានខ្លាំងក្លា ដើម្បី​ដាក់​សម្ពាធថៃ​ឱ្យដកកងទ័ព​ចេញពី​ទឹក​​ដី​​កម្ពុជា​ និង​ជាពិសេស​​ត្រូវ​ប្តឹងថៃទៅ​តុលាការ​​​អន្តរ​ជាតិ ​ICJ ​ព្រម​ទាំងត្រូវ​ដាក់​កម្លាំង​ឱ្យ​បាន​ច្រើន​ ដើម្បី​ការ​​​ពារ​​លើ​ដី​ជាក់​ស្តែង​ផងដែរ ​មិន​ត្រូវ​ឈរមើល​ថៃ​វាទ​យកទឹកដី​តាម​អំពើ​ចិត្ត​ដូច​រាល់ថ្ងៃនេះទេ។

ត្រង់​ចំណុច​នេះ​ លោក ​​អ៊ុំ សំអាន​ យល់​ថា ខណៈ​ថៃ​កំពុង​គ្រប់គ្រង​ទឹក​ដីកម្ពុជា​ចំនួន​៦៧​ទីតាំង​រួច​ហើយ​ ហើយ​​​​បាន​និង​កំពុង​ធ្វើ​ការ​​ប្រែក្លាយទឹក​ដី​ខ្មែរទាំង​នោះ​​​ឱ្យក្លាយ​ទៅ​ជាទឹក​ដី​ថៃ ​តាម​រយៈ​ការ​សម្រុក​អភិវឌ្ឍន៍​​ឥត​ឈប់​ឈរ ​ដោយ​​សាង​សង់​សំណង់​រឹង ​ដូចជា ការ​កសាង​ព្រះ​ពុទ្ធ​បដិមា​ ការ​ធ្វើ​ផ្លូវ​បេតុង ជីក​ប្រឡាយ ធ្វើ​​​របងបេតុង​​ព្រំដែន​នៅលើ​ដីខ្មែរ ​និង​​ការសាង​សង់​ដងទង់ជាតិ​ថៃ​​ជាដើម ដើម្បី​បង្ហាញ​ពីការ​កាន់​កាប់​លើ​ដី​ជាក់​​ស្តែង គឺ​ថៃគ្មាន​បំណង​​ចរចា​ជាមួយកម្ពុជា​នោះទេ​​។

លោកថា៖ «កម្ពុជា​គួរ​តែឈប់​អង្វរ​​កថៃ គួរតែប្រញាប់ប្តឹងថៃ​​ទៅកាន់​តុលាការ​អន្តរជាតិ ​ICJ និង​ប្តឹងថៃ​ទៅ​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​ពីព្រោះ​បើ​អង្វរ​​កថៃ​សុំ​ចរចា​ទ្វេភាគី​ ​ថៃគេមិន​ចង់​​ចរចា​នោះ​​ទេ​ គេពន្យា​ពេល​យក​លេសនេះ​លេសនោះ ​ដើម្បី​អភិវឌ្ឍន៍​​ទឹក​​​ដី​ខ្មែរ​​យើង​​ដែល​​គេ​​គ្រប់​​គ្រង​បាន​ ​ក្រោយ​​​សង្គ្រាម​​ចំនួន​៦៧​ទីតាំង ​ឱ្យ​ក្លាយ​ទៅជាទឹកដីថៃសិន ​បានគេចរចាទៅ​​ត្រូវ​តែបង្ខំ​កម្ពុជា​កាត់​ទឹក​​ដី​ទាំងនោះ​ទៅ​ឱ្យ​គេ​។ ដូច​ខ្ញុំថា​អ៊ីចឹង ​បើសិនកម្ពុជា​នៅ​តែបន្តអង្វរ​​​ថៃ ​ដោយ​មិន​ប្តឹងទៅកាន់​តុលាការ​អន្តរ​ជាតិ​​នោះទេ គឺ​យើង​អត់​សង្ឃឹម​ថា បាន​ទឹក​ដី​ត្រឡប់​មក​វិញនោះទេ»។

ជាមួយគ្នានេះ ​លោក​ សុខ សុគន្ធ ​ហៅ ជែម សុខ អ្នកស្រាវជ្រាវ ​​និងជាអ្នក​ធ្វើ​អត្ថាធិប្បាយ​​លើ​បណ្តាញ​សង្គម ​បាន​ថ្លែងថា តាម​រយៈ​​បទ​ពិសោធន៍​សង្គ្រាម​ចំនួន​ពីរលើក​​កន្លងមក​នេះ ​ដែល​ថៃ​វាយ​បំបាក់​កង​ទ័ព​កម្ពុជា​ ដោយ​សារ​កង​ទ័ព​កម្ពុជា​គ្មាន​សព្វាវុធ​ទំនើប​ គ្មាន​យន្តហោះ គ្មាន​ដ្រូន គ្មាន​កាំភ្លើង​​បាញ់​​ដ្រូន​ និង​គ្មាន​​កាំភ្លើង​​បាញ់​​យន្ត​ហោះ​ ថែម​​ទាំង​គ្មាន​អាហារហូប​ចុកគ្រប់​គ្រាន់​ ​ដោយ​ត្រូវ​ហូប​អំបុក ច្បាស់ណាស់​លោក​​​ហ៊ុន សែន បាក់​ស្បាត​​​មិន​ហ៊ាន​​ធ្វើ​សង្គ្រាម​ជា​មួយ​​ថៃ​​ទៀត​ទេ​ ទើប​ត្រូវ​ជ្រើសរើសយក​ការចរចា​ដោយ​សន្តិ​វិធី​ ​​បើទោះ​បីជាត្រូវ​កាត់ទឹកដី​ទៅ​ឱ្យ​ថៃបន្ថែម​ទៀត ​ក៏លោក​ហ៊ុន សែន ​ព្រមដែរ។

លោកថា៖«ទោះ​បីសម្តីខែង​រែង​យ៉ាងណាក៏​ដោយ ​​ក៏ត្រៀម​ខ្លួន​ព្រមដែរ​ឱ្យតែ​គាត់​អាច​នឹងភូតប្រជាជន​ខ្មែរ​​បាន ឱ្យ​ប្រជា​ជន​​ខ្មែរ​ពេញ​ចិត្ត ថាគាត់​និងកូនគាត់​ដឹកនាំល្អ ​អស់អីអស់ទៅ ​លោក​ហ៊ុន សែន​ ព្រម​​ជាមួយ​​ថៃហើយ​។ រឿង​សមុទ្រ​នេះ ​វាមិន​មែន​លោក​ហ៊ុន សែន ទេ​ ថៃ​វារុ​​​លោក​ហ៊ុន សែន ​ឱ្យទាល់​ច្រក​ទើ​លោក​ហ៊ុន សែន​ ប្រើ​យន្តការ​ដោយ​ចាប់បង្ខំរបស់​UNCLOS។ លោក​ហ៊ុន សែន ​គាត់មាន​ចំណុច​ខ្សោយ​​គាត់​ឱ្យ​ដីទឹក​ទៅ​យួន​ច្រើន។ ឥឡូវគាត់​ស្រែក​​ឡូឡា​អ៊ី​ចឹង​មែន ប៉ុន្តែគាត់នៅញញើត ញញើតត្រង់​ថា បើសិនណា​ជាថៃ​វាចាប់​គាត់​សម្រាតខោ​ទាំងលោក​ហ៊ុន ម៉ាណែត ទោះបីប្រជាជន​ខ្មែរ​គេដាក់​ថ្នាំស្ពឹក​លែងឈឺក៏ដោយ​បើ​ថៃ​វាហ៊ាន​ចាប់ ​ហ៊ុន សែន ​​សម្រាតខោ​រឿង​ឱ្យទឹក​​ឱ្យ​ដីទៅ​យួនលោក​ហ៊ុន សែន ​ត្រូវ​ប្រជាជន​​​ខ្មែរ​មើល​ឃើញ»។

បច្ចុប្បន្ន​ថៃ​កំពុង​​សម្រុក​​សាងសង់​​របង​បេតុង​ នៅ​ចន្លោះ​បង្គោល​ព្រំដែន​​លេខ​​៥២​​ដល់​៥៤ នៅ​ក្នុង​​ស្រុក​កំរៀង​ ​ខេត្ត​​​បាត់​​ដំបង។  ​នៅ​​ដំណាក់កាលទីពីរ ​ថៃនឹង​​ធ្វើ​របងបេតុង​​ពី​បង្គោល​ព្រំដែន​លេខ​៥៥​ដល់​៦៦ ​គឺ​ចាប់​​ពីស្រុក​កំរៀង ​ខេត្ត​បាត់​ដំបង ទៅ​ដល់តំបន់​​ភ្នំ​បយ៉ាខា ក្នុង​ខេត្ត​ប៉ៃលិន​។ នៅពេល​នេះ ​ថៃ​ក៏កំពុង​ធ្វើ​របង​ព្រំដែន​​បេតុង​​នៅ​​តំបន់​ភ្នំទ្រព្យ​ ច្រក​​អានសេះ ភ្នំ៣៥០​ និង​ប្រា​សាទ​​តាក្របី និង​ត្រៀម​ធ្វើ​របង​អេឡិច​​​​ត្រូនិក​​​ថែម​ទៀត ​​ដោយពុំ​មាន​​ការ​រារាំងពីរដ្ឋាភិបាល​លោកហ៊ុន ម៉ាណែត ឡើយ​។ នេះ​បើ​តាម​លោក​អ៊ុំ សំអាន ​និង​ប្រភព​ពីព្រំដែន​មួយ​ចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ