ស្ត្រីម្នាក់ទៀត ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ ពីបទ ញុះញង់ និងប្រមាថ ក្រោយប្រើប្រាស់សិទ្ធិ ចែករំលែកសាររិះគន់បញ្ហាព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យចំនួនអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិ បានកើនឡើងដល់ ១១៥នាក់។
អង្គការសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមិថុនាម្សិលមិញ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នកស្រី មុយ យូឡេង អាយុ ៥៣ ឆ្នាំ ជាអ្នកលក់គ្រឿងសង្ហារឹម ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល (ប្រមាណជាង ១ពាន់ដុល្លារ) ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថ យោងតាមបញ្ញត្តិមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
លីកាដូ បន្តថា ការផ្តន្ទាទោសនេះ ធ្វើឡើងពាក់ព័ន្ធករណីដែលអ្នកស្រី បានចែករំលែកសារលើបណ្តាញសង្គម ជុំវិញការរិះគន់ថ្នាក់ដឹកនាំ និងស្ថាប័នរាជរដ្ឋាភិបាល អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្រោយប្រកាសសាលក្រម អ្នកស្រីត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ ព្រៃស រាជធានីភ្នំពេញវិញ។
អ្នកស្រី មុយ យូឡេង ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅកន្លែងលក់គឿងសង្ហារឹមរបស់អ្នកស្រី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកស្រីក៏ត្រូវបានបញ្ជូនទៅកាន់តុលាការ មុនត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌទាំងនោះ។
បើតាមលីកាដូ អ្នកស្រី យូឡេង សិ្ថតនៅក្នុងចំណោមមនុស្ស ១១៥នាក់ កំពុងជាប់ឃុំដោយប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ។
ថ្មីៗនេះ អ្នកឃ្លាំមើល សង្កេតឃើញថា អាជ្ញាធរបានបង្កើនការចាប់ខ្លួនពលរដ្ឋថែមទៀត បន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ប្រកាសងើបមួយវាយមួយ ចំពោះពលរដ្ឋខ្លួនឯង។ ប៉ុន្តែពួកគេថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពុំហ៊ានរារាំងការឈ្លានពានរបស់ថៃយ៉ាងគឃ្លើនមកលើបូរណភាពទឹកដីកម្ពុជានោះទេ តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បែរជាព្យាយាមចាប់ពលរដ្ឋដាក់គុក ចំពោះអ្នកដែលនិយាយបញ្ហាទឹកដីទៅវិញ ដែលវិធាននេះ រងការរិះគន់ថា រដ្ឋាភិបាលកំពុងជួយបិទបាំងទង្វើអ្នកឈ្លានពានទឹកដីកម្ពុជា។
ជុំវិញបញ្ហានេះ អ្នកតាមដានខ្លះនិយាយថា មួលហេតុចម្បងដែល រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តចាប់អ្នកនិយាយរឿងព្រំដែនដាក់គុក គឺដោយសារតែរដ្ឋាភិបាលចាត់ទុកការនិយាយរឿងបាត់បង់ទឹកដី គឺជា ការបំភ័ន្តព័ត៌មាន បង្កចលាចលសង្គម និងគំរាមកំហែងដល់ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ។
ប៉ុន្តែសម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយ លោក សេង វណ្ណលី ធ្លាប់និយាយថា ការចាប់ខ្លួនពលរដ្ឋ សកម្មជននយោបាយ និងអ្នកសារព័ត៌មាន គឺជាយុទ្ធសាស្ត្រដើម្បីបិទបាំងកម្សោយរបស់មេដឹកនាំដែលគ្មានសមត្ថភាពការពារបូរណភាពទឹកដី ដើម្បីទប់ស្កាត់ការមិនពេញចិត្តរបស់ពលរដ្ឋ ដែលអាចរាលដាលទៅជាចលាចលសង្គម គំរាមកំហែងដល់មហិច្ចតាក្រាញអំណាចបែបគ្រួសារនិយម៕









