បាតុភូតអែលនីញ៉ូ ក្នុងឆ្នាំ២០២៦នេះ ត្រូវបានអង្គការឧតុនិយមពិភពលោកព្យាករថានឹងបង្កឱ្យមានភាពរាំងស្ងួត និងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរជាងឆ្នាំណាៗទាំងអស់ ក្នុងរយៈពេល ៧ទស្សវត្សរ៍ចុងក្រោយនេះ។
ការិយាល័យឧតុនិយមមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែមិថុនា ថា សីតុណ្ហភាពលើផ្ទៃទឹកសមុទ្រនៅក្នុងតំបន់ប៉ាស៊ីហ្វិក បានកើនឡើងលើសពីកម្រិតរបស់អែលនីញ៉ូ ដែលបង្ហាញថាបាតុភូតនេះបានចាប់ផ្តើមហើយនៅក្នុងខែមិថុនា។
វត្តមានបាតុភូត អែលនីញ៉ូ បានធ្វើឱ្យអ្នកជំនាញបរិស្ថាន និងមន្ត្រីសង្គមស៊ីវិល បារម្ភពីសុខុមាលភាពរស់នៅរបស់ពលរដ្ឋកម្ពុជា ខណៈពួកគេមួយចំនួនមិនដឹង ឬស្គាល់ថា បាតុភូតអែលនីញ៉ូ ជាអ្វីនៅឡើយ។
អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់វីអូឌីថា នេះជាបាតុភូតបម្រែបម្រួលអាកាសធាតុសកល ដែលប្រទេសជាច្រើនលើពិភពលោក កំពុងយកចិត្តទុកដាក់តាមដាន និងជូនដំណឹងទៅពលរដ្ឋដើម្បីត្រៀមលក្ខណៈជាមុន។ ប៉ុន្តែងាកមកកម្ពុជា លោកសង្កេតឃើញថា ពលរដ្ឋមួយចំនួនមិនទាន់ស្គាល់ និងយល់ដឹងពីហានិភ័យនៃបាតុភូតនេះនៅឡើយ។ កង្វះការយល់ដឹងនេះ នឹងធ្វើឱ្យពលរដ្ឋប្រឈមបញ្ហាខ្ពស់ ទាមទារឱ្យរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយ និងវិធានសង្គ្រោះបន្ថែមទៀត។
លោក ម៉ា ចិត្រា ថ្លែងថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែផ្សព្វផ្សាយបន្ថែមឲ្យបានច្រើន ឲ្យប្រជាពលរដ្ឋបានយល់ដឹងពីបាតុភូតសកលហ្នឹងឲ្យបានខ្លាំងក្លាមែនទែន ព្រោះអីយើងដឹងហើយថានៅប្រទេសកម្ពុជាយើង ជាពិសេសផ្នែកកសិកម្មហ្នឹង ធ្វើស្រែនៅក្នុងរដូវប្រាំងហ្នឹងក៏ច្រើនដែរ។ អ៊ីចឹងហើយបើអាច រដ្ឋាភិបាលគួរតែទីមួយ ផ្សព្វផ្សាយពីបញ្ហាហ្នឹង ហើយទីពីរ ធ្វើយ៉ាងណាប្រព័ន្ធធារាសាស្ត្រដែលមានហ្នឹង ត្រូវតែបន្តធ្វើឲ្យបានច្រើន ធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបាន»។
បាតុភូតអែលនីញ៉ូ ឬកូនរដូវប្រាំងក្នុងរដូវវស្សា ជាបាតុភូតធម្មជាតិកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឱ្យសីតុណ្ហភាពទឹកសមុទ្រក្តៅខ្លាំងខុសពីធម្មតា ធ្វើឱ្យប៉ះពាល់ដល់ចរន្តខ្យល់ និងរបបទឹកភ្លៀងនៅទូទាំងពិភពលោក។ បាតុភូតនេះ នឹងធ្វើឱ្យរដូវវស្សានៅប្រទេសខ្លះខ្សត់ភ្លៀង ហើយអូសបន្លាយរហូតដល់ដើមរដូវប្រាំងដែលធ្វើឱ្យក្ដៅខ្លាំង។ ចំណែកប្រទេសខ្លះទៀត នឹងមានភ្លៀងធ្លាក់ជោគជាំខុសប្រក្រតីបណ្ដាលឱ្យមានទឹកជំនន់។
គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សូចនាករ Nino 3.4 បានធ្លាក់មកដល់ចំណុច -23.3 ខណៈកម្រិតកំណត់ថាជាបាតុភូតអែលនីញ៉ូ គឺត្រឹម -7 ។ សន្ទស្សន៍នេះនៅតែបន្តកើនឡើង ដោយអ្នកវិទ្យាសាស្ត្របានព្យាករថា បាតុភូតអែលនីញ៉ូនៅក្នុងឆ្នាំ២០២៦ នឹងបន្ថែមសីតុណ្ហភាពពី ១អង្សាសេ នៅខែមិថុនា ដល់ ២អង្សាសេ នៅខែកក្កដា ដែលជាចំណុចខ្ពស់មួយហៅថា ស៊ូពើរ អ៊ែលនីញ៉ូ (Super El Nino or Very Storng El Nino)។
ការប្រែប្រួលអាកាសធាតុនេះ នឹងជះឥទ្ធិពលដល់ការរស់នៅរបស់មនុស្ស និងកសិកម្ម បង្កឱ្យមានគ្រោះរាំងស្ងួត កង្វះទឹកស្អាតប្រើប្រាស់ និងស្រោចស្រពដំណាំ ខណៈទិន្នផលកសិកម្មអាចធ្លាក់ចុះដល់៤០ភាគរយ បង្កឱ្យមានវិបត្តិស្បៀងអាហារ។ លើសពីនេះ គ្រោះមហន្តរាយខ្យល់ព្យុះ ទឹកជំនន់ និងភ្លើងឆេះព្រៃ ក៏នឹងមានហានិភ័យខ្ពស់ផងដែរ។
ប្រឈមនឹងគ្រោះធម្មជាតិមួយនេះ កសិករនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកស្រី ថូ រិន មិនស្គាល់ថាអ្វីជាបាតុភូត អែលនីញ៉ូ នោះឡើយ។ អ្នកស្រីដឹងត្រឹមថា ឆ្នាំនេះនឹងពុំសូវមានភ្លៀងធ្លាក់ តាមរយៈការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក។ ទោះបាតុភូតនេះកើតឡើងជារៀងរាល់ឆ្នាំ តែអ្នកស្រីថា ពុំមានអាជ្ញាធរចុះប្រកាសប្រាប់ពលរដ្ឋឱ្យត្រៀមខ្លួនប្រឈមបញ្ហានេះឡើយ។ អ្នកស្រីបន្ថែមថា ប្រសិនបើកសិករដឹងបញ្ហានេះមុន ពួកគេអាចស្តុកទឹកទុក ឬកាត់បន្ថយការដាំដុះ ដើម្បីចៀសវាងការខាតបង់ដោយសារគ្រោះរាំងស្ងួត។
អ្នកស្រី ថូ រិន និយាយថា៖ «ខ្ញុំចង់ឲ្យអាជ្ញាធរហ្នឹងជួយផ្សព្វផ្សាយទៅ ប្រាប់ឲ្យប្រជាពលរដ្ឋដឹងឮខ្លះទៅ ព្រោះគ្នាខ្លះអត់បានដឹងឮទេ អត់ដឹងអីទាំងអស់ ទាល់តែអ្នកខ្លះគេល្អែង (ឧស្សាហ៍)មើលព័ត៌មានបានដឹងឮ អាជ្ញាធរមិនដែលប្រាប់ផង។ ប្រជាពលរដ្ឋអត់មានគំនិតនឹងទុកទឹកឲ្យបានសន្សំសំចៃទុកប្រើប្រាស់ទេ បើសិនជាបានដឹង យើងមានអណ្ដូងមានអីអ៊ីចឹង យើងបូមដាក់អណ្ដូងដាក់អីអញ្ចឹងទៅ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីអូ ហ្គូតេរេស (Antonio Guterres) បានព្រមានថា អែលនីញ៉ូ នឹងចាក់ប្រេងឥន្ធនៈលើភ្លើងនៃពិភពលោកដែលកំពុងក្តៅ។ លោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធព្រមានជាមុន គឺមានសារៈសំខាន់ក្នុងការការពារសហគមន៍ដែលងាយរងគ្រោះពីគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុ។
ប្រទេសជាច្រើននៅលើសកលលោក បានអនុវត្តវិធានការជោគជ័យក្នុងការត្រៀមខ្លួន និងកាត់បន្ថយផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូ។ ក្នុងនោះមានដូចជា ប្រទេសហ្វីលីពីន វៀតណាម ប៉េរូ អូស្ត្រាលី ឥណ្ឌូនេស៊ី ដែលបានរៀបចំប្រព័ន្ធព្រមានជាមុន ការគ្រប់គ្រងទឹក តាមរយៈការរៀបចំប្រព័ន្ធធារាសាស្ត្រ ការសាងសង់អាងស្តុកទឹក ការសម្របខ្លួនក្នុងវិស័យកសិកម្ម ដូចជាការផ្លាស់ប្ដូរពេលវេលាដាំដុះ ការប្រើពូជស្រូវធន់អាកាសធាតុ ការដាំប្រភេទដំណាំប្រើទឹកតិច ការបង្ការភ្លើងឆេះព្រៃ ខណៈប្រទេសចិន បានវិវត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត អេអាយ ដើម្បីវិភាគ និងព្យាករណ៍អាកាសធាតុបាន ១០.៥ថ្ងៃ ដោយចំណាយពេលត្រឹមតែ ៣វិនាទី។
វីអូឌី នៅថ្ងៃទី១៨ ខែមិថុនា បានទាក់ទងទៅអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី និងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញការចេញសញ្ញាព្រមាន និងវិធានត្រៀមសង្គ្រោះពលរដ្ឋប្រឈមបាតុភូតអែលនីញ៉ូ ប៉ុន្តែលោកទាំងពីរមិនលើកទូរស័ព្ទ និងមិនតបសារ ទោះបីមានការខលចូលជាច្រើនដង។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យពលរដ្ឋសន្សំសំចៃទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំង ដោយសារបាតុភូតអែលនីញ៉ូ និងបាតុភូត អាយ អូ ឌី (IOD)។
បើតាមក្រសួង កូនរដូវប្រាំងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦ ដែលអាចមានរយៈពេលពីរសប្តាហ៍។ ជាមួយគ្នានេះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន ប៉ុន្តែនៅចុងរដូវវស្សាបរិមាណទឹកភ្លៀងថយចុះ ហើយរដូវវស្សាអាចបញ្ចប់នៅក្នុងសប្តាហ៍ទី២ នៃខែតុលា ដែលលឿនជាងធម្មតា ធៀបនឹងឆ្នាំ២០២៥។
កាលពីឆ្នាំ២០១៥-២០១៦ និងឆ្នាំ២០២៣-២០២៤ ពិភពលោកសម័យទំនើប បានជួបបាតុភូតអែលនីញ៉ូកម្រិតខ្លាំងពីរដងរួចមកហើយ ជាមួយនឹងការបំបែកកំណត់ត្រាកម្តៅសកល គ្រោះរាំងស្ងួតដ៏បំផ្លិចបំផ្លាញ ទឹកជំនន់ដ៏មហន្តរាយ ការឡើងពណ៌ស និងងាប់នៃផ្កាថ្ម (Coral bleaching) ការខូចខាតដំណាំ និងភ្លើងឆេះព្រៃរាលដាលយ៉ាងខ្លាំង។
នៅក្នុងផ្នែកជាច្រើននៃអាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអាមេរិកឡាទីន កម្តៅ និងគ្រោះរាំងស្ងួតអូសបន្លាយ បានកាត់បន្ថយប្រភពទឹក បំផ្លាញផលិតកម្មស្បៀងអាហារ និងបង្កើនអសន្តិសុខថាមពល។ ទន្ទឹមនឹងនេះ តំបន់ផ្សេងទៀតបានជួបប្រទះនូវព្យុះបំផ្លិចបំផ្លាញ និងទឹកជំនន់ធ្ងន់ធ្ងរ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ពីបាតុភូតអែលនីញ៉ូ នៅចុងខែឧសភា ឆ្នាំ២០២៦នេះ។
ទោះបាតុភូតអ៊ែលនីញ៉ូកើតមានជារៀងរាល់ឆ្នាំ និងវិវត្តិកាន់តែធ្ងន់ធ្ងរទៅ ងាកមកវិធានការពារខ្លួន ការត្រៀមលក្ខណៈ និងការផ្ដល់សញ្ញាព្រមានរបស់រដ្ឋាភិបាលកម្ពុជា ទៅកាន់ពលរដ្ឋហាក់មានកម្រិតនៅឡើយ ដោយជារឿយៗអាជ្ញាធរបានត្រឹមប្រកាសឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំង និងសន្សំសំចៃទឹក ខណៈប្រឡាយគោករីងរាក់ ឯទំនប់ទប់ទឹកមួយចំនួន ខ្វះតម្លាភាពក្នុងការគ្រប់គ្រង និងបានក្លាយជារនាំងកាត់ផ្ដាច់ដង្ហើមរបស់ពលរដ្ឋនៅប៉ែកខាងក្រោម៕









