ក្រុមប្រ​ទេស​អ្នក​មាន G7 រួម​ទាំង​សហរដ្ឋ​អាមេ​រិក​បាន​ទទួល​ស្គាល់ «បូរណ​ភាព​ទឹក​ដី​របស់​អ៊ុយ​ក្រែន»

លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែង​នៅ​ថ្ងៃ​ទី​១៧ខែ​មិថុនា​ថា ក្រុម G7 ទាំង​អស់ រួម​ទាំង​សហរដ្ឋ​អាមេ​រិក​ផង​ដែរ បាន​ទទួល​ស្គាល់​«បូរណ​ភាព​ទឹក​ដី​របស់​អ៊ុយ​ក្រែន» ខណៈ​ដែល​លោក​បាន​អប​អរ​​សាទរ​​ចំពោះ​ «ការ​ធ្វើ​ឱ្យ​ស្រប​គំនិត​គ្នា​ឡើង​វិញ» លើ​បញ្ហា​នេះ។

ប្រធានាធិបតីបារាំងរូបនេះ បានស្វាគមន៍ចំពោះ«ការផ្លាស់ប្តូរ​យ៉ាង​ជ្រាល​ជ្រៅ​នៅក្នុង​វិធី​សាស្ត្រ​របស់​សហរដ្ឋ​អាមេ​រិក» ដោយ​បាន​ថ្លែង​ថា លោក ដូណាល់ ត្រាំ និង​មេដឹក​នាំ G7 ទាំង​អស់​យល់​ច្បាស់​ថា លោក វ៉្លាឌីមៀ ពូទីន មិន​មាន​​ការ​ចាប់​អារម្មណ៍​លើ​សន្តិ​ភាព​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ប្រធានា​ធិបតី​ ត្រាំ ក៏​ដូច​ជា​ពួក​យើង​ទាំង​អស់​គ្នាដែ​រ បាន​ទទួល​ស្គាល់​យ៉ាង​សាមញ្ញ​ថា មិន​មាន​ឆន្ទៈ​ដ៏​ម៉ត់​ចត់​ណា​មួយ​ពី​ភាគី​រុស្ស៊ី​នា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​ការ​ពិភាក្សា​អំពី​សន្តិ​ភាព​ឡើយ»

ការថ្លែងមតិរបស់លោក ម៉ាក្រុង មានភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងកិច្ចប្រជុំ G7 កាល​ពីឆ្នាំមុន ដែល​នៅ​ពេល​នោះ គម្លាត​រវាង​ការ​ព្យាយាម​បង្កើត​ទំនាក់​ទំនង​របស់​ លោក ត្រាំ ជាមួយ​​លោក ពូទីន និង​ការ​គាំទ្រ​របស់​អឺរ៉ុប​ចំពោះ​ទីក្រុង​​គៀវ មាន​ភាព​លេច​ធ្លោ​ខ្លាំង រហូត​ដល់​ថ្នាក់​ប្រធានា​ធិបតី​អាមេរិក​រូប​នេះ បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​មុន​ម៉ោង។

នៅក្នុងកិច្ចប្រជុំឆ្នាំនេះ លោក ត្រាំ ក៏បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេន​ស្គី (Volodymyr Zelenskyy) ចំនួន​ពីរ​លើក​ផង​ដែរ។

លោក ហ្សេឡេនស្គី បានធ្វើបច្ចុប្បន្នភាពជូន លោក ត្រាំ អំពី​វឌ្ឍន​ភាព​របស់​កង​ទ័ព​អ៊ុយ​ក្រែន ដែល​បាន​ធ្វើ​ឱ្យ​មេដឹក​​នាំ​អាមេរិក​រូប​នេះ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំ​កំពូល​ ក៏បាន​ប្តេជ្ញា​បង្កើន​​ទណ្ឌ​កម្ម​លើ​ប្រទេស​រុស្ស៊ី នៅ​ក្នុង​វិស័យ​ថាមពល​ផង​ដែរ។

នៅពេល​ត្រូវបានចោទសួរថាតើគេអាចទុកចិត្ត លោក ត្រាំ បានដែរឬទេ លោក ម៉ាក្រុង បាន​ថ្លែង​ថា៖ «ខ្ញុំតែង​តែ​ទុក​​ចិត្ត​ប្រធានា​ធិបតី លោក ត្រាំ។ នៅ​ពេល​ដែល​គាត់​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជាមួយ​ពួក​យើង គាត់តែង​តែ​ធ្វើ​អ្វី​ដែល​​គាត់​បាន​និយាយ​ថា គាត់​នឹង​ធ្វើ»។ ជំនឿ​របស់​ លោក ម៉ាក្រុង ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ដោយ​នាយក​រដ្ឋ​មន្ត្រី​កាណា​ដា លោក ម៉ាក ខានី (Mark Carney) ដែល​បាន​ថ្លែង​ថា លោក ត្រាំ បាន​ផ្លាស់​ប្តូរ​ទៅ​រក «ការ​យល់​ដឹង​បែប​ប្រាកដ​និយម​​ជាង​មុន អំពី​របៀប​ដែល​សង្គ្រាម​នេះ​នឹង​វិវត្ត​ទៅ​មុខ»។

ក្រុមអ្នកការទូត បានថ្លែងថា ពួកគេបានកត់សម្គាល់ឃើញថា ភាពធូរ​ស្រាល​របស់ លោក ត្រាំ ចំពោះ​ការ​ជិត​បញ្ចប់​នៃ​សង្គ្រាម​អ៊ីរ៉ង់ បាន​នាំ​ឱ្យ​លោក​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G7 នេះ​ក្នុង​អារម្មណ៍​ល្អ​ជាង​ការ​រំពឹង​ទុក និង​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចូល​រួម​លើ​បញ្ហា​នានា។

លើសពីនេះ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួននៅក្នុង G7 បានព្រមព្រៀង​គ្នា​ផលិត​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស ក្រោម​អាជ្ញា​ប័ណ្ណ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន។ វិធាន​ការ​នេះ​នឹង​ផ្តល់​ចំណូល​បន្ថែម​ដល់​រោង​ចក្រ​អាវុធ​របស់​អ៊ុយ​ក្រែន និង​ជួយ​បំពេញ​ចន្លោះ​ប្រហោង​ ក្នុង​ការ​ការ​ពារ​ជាតិ​របស់​អឺរ៉ុប។ លោក ត្រាំ បាន​ថ្លែង​ថា លោក​នឹង​ពិនិត្យ​មើល​លទ្ធ​ភាព​ដែល​មីស៊ីល​របស់​អាមេរិក ត្រូវ​បាន​ផលិត​ឡើង​ក្រោម​អាជ្ញា​ប័ណ្ណ ប៉ុន្តែ​វា​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​សម្ងាត់​ពាណិជ្ជ​កម្ម​ និង​ប៉ាតង់​ជា​មិន​ខាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ