អ្នកឃ្លាំមើលមួយចំនួនដែលមានភាពសកម្ម ក្នុងការរិះគន់រដ្ឋាភិបាល ជាពិសេសលើការបាត់បង់ទឹកដីខ្មែរជិត ៧០ទីតាំងទៅថៃ បានលើកឡើងពីទំហំនៃការស្រឡាញ់ជាតិ និងការលះបង់របស់ពួកគេ តបទៅនឹងការចោទប្រកាន់របស់ លោក ហ៊ុន សែន ដែលថា ពួកគេចូលដៃជាមួយសៀមក្បត់ជាតិខ្មែរ។
ប្រតិកម្មទាំងនេះ បានកើតឡើងបន្ទាប់ពី លោកហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
លោកថា៖ «សូមកុំមករំខាននៅពេលដែលប្រទេសជាតិ កំពុងតែប្រឈមជាមួយនឹងការឈ្លានពាន។ សូមកុំមករំខាន បើអ្នកឯងមិនបានជួយជាតិទេ កុំក្បត់ជាតិ! ទង្វើរបស់ពួកអ្នកឯងជាទង្វើក្បត់ជាតិ ដែលរួមដៃជាមួយសត្រូវវាយប្រហារលើជាតិខ្លួនឯង»។
ការថ្លែងចោទប្រកាន់របស់ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ ស្របពេលដែលលោកបានទទួលស្គាល់ថា ការដែលថៃអាចវាយឈ្លានពានឈរជើងនៅលើទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនបាន គឺដោយសារតែលោកជឿទុកចិត្តថៃពេក នាពេលកន្លងមក ក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលមិនបានរៀបចំទិញសព្វាវុធឱ្យបានគ្រប់គ្រាន់សម្រាប់កងទ័ព ក្នុងការត្រៀមប្រយុទ្ធដើម្បីការពារទឹកដី គឺជាកំហុសរបស់លោក។ ជាមួយគ្នានេះ លោកហ៊ុន សែន ក៏បន្តគំរាមងើបមួយវាយមួយទៅលើក្រុមប្រឆាំង ដែលតែងតែរិះគន់លោក និងលោកហ៊ុន ម៉ាណែត ផងដែរ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីនៅថ្ងៃទី១៨ខែមិថុនាថា អ្នកដែលក្បត់ជាតិពិតប្រាកដ គឺលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ដែលដឹកនាំប្រទេសធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ៦៧ទីតាំងទៅថៃ ក្រោយសង្គ្រាមលើកទី១ និងលើកទី២ ដោយសារការធ្វេសប្រហែសរបស់ពួកគាត់ ដែលពង្រឹងតែក្រុមអង្គរក្សនិងក្រុមប៉ូលិសបង្ក្រាបបាតុកម្មដើម្បីការពារអំណាច មិនបានពង្រឹងវិស័យយោធា ជាពិសេសមិនបានយកចិត្តទុកដាក់ពង្រឹងកងទ័ពជួរមុខ ដោយមិនបានបំពាក់សព្វាវុធគ្រប់គ្រាន់ ទើបធ្វើសង្គ្រាមចាញ់ថៃទាំងពីរ លើកបណ្តាលឱ្យបាត់បង់ទឹកដី។
អ្នកជំនាញកិច្ចការព្រំដែននៃបក្សប្រឆាំងរូបនេះ ថ្លែងថា នៅតាមបណ្តាប្រទេសសេរី ជាពិសេសដូចជានៅប្រទេសជប៉ុនជាដើម កុំថាឡើយដល់ទៅដឹកនាំប្រទេស ធ្វើឱ្យបាត់បង់ទឹកដី សូម្បីតែមានកំហុសអ្វីមួយ ឬអសមត្ថភាពក្នុងការដោះស្រាយបញ្ហាអ្វីមួយ ក៏មេដឹកនាំគេមានការអៀនខ្មាស់ លាលែងពីតំណែងដែរ ហើយបើទោះបីជាមិនចុះចេញពីតំណែង ក៏ប្រជាពលរដ្ឋគេដេញចេញដែរ។ ក៏ប៉ុន្តែលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មិនចុះចេញពីតំណែង ហើយបែរជានៅមានមុខមកគំរាមងើបមួយវាយមួយ ចំពោះខ្មែរអ្នកស្នេហាជាតិ និងចោទក្រុមប្រឆាំងថា ចូលដៃជាមួយសៀមក្បត់ជាតិទៅវិញ។
លោកបន្តថា ទឹកដីខ្មែរដែលថៃទើបដណ្តើមកាន់កាប់នឹងមិនអាចទាមទារយកមកវិញបាននោះទេ បើកម្ពុជាមិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ហើយចុងក្រោយនឹងត្រូវលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត កាត់ទៅឱ្យថៃ ដើម្បីដូរយកសន្តិភាព និងអំណាចដូចដែលលោកហ៊ុន សែន ធ្លាប់កាត់ទឹកដីខ្មែរទៅឱ្យវៀតណាម ដើម្បីសងគុណវៀតណាមដែលលើកបន្តុបគាត់ឱ្យឡើងកាន់អំណាចយ៉ាងដូច្នោះដែរ។
លោកថា៖ «ដូច្នេះខ្ញុំយល់ថា អ្នកដែលក្បត់ជាតិពិតប្រាកដ មិនមែនអ្នកប្រឆាំងទេ ពីព្រោះអ្នកប្រឆាំងមិនបានធ្វើឱ្យបាត់បង់ទឹកដីសូម្បីមួយចម្អាមផង គាត់ធ្វើឱ្យបាត់បង់ទឹកដី ដោយសារការធ្វេសប្រហែសរបស់គាត់ មិនបានពង្រឹងវិស័យយោធាច្បាំងចាញ់ថៃ ឱ្យថៃឈ្លានពានយកទឹកដីខ្មែរស្រេចចិត្ត រហូតដល់សព្វថ្ងៃនេះ ទោះបីអត់មានសង្គ្រាមក៏ដោយ ក៏ប៉ុន្តែគាត់បណ្តោយឱ្យថៃរាយបន្លាលួសធ្វើរបងបេតុងយកដីខ្មែរយើងស្រេចចិត្ត អត់មានទៅឃាត់ថៃផងហ្នឹង ដូច្នេះគាត់នឹងហើយជាអ្នករួមគំនិតក្បត់ជាមួយថៃ ឬក៏ជាអ្នកក្បត់ជាតិ ដោយសារបណ្តោយឱ្យថៃឈ្លានពានទឹកដីខ្មែរស្រេចចិត្ត។ បក្សប្រឆាំងមិនដែលធ្វើឱ្យបាត់បង់ទឹកដី សូម្បីមួយចម្អាមផងហ្នឹង ធ្វើម៉េចទៅក្បត់ជាតិកើត? ដូច្នេះអ្នកដែលក្បត់ជាតិ គឺអ្នកធ្វើឱ្យបាត់បង់ទឹកដី មិនអាចការពារទឹកដីខ្មែរយើងពីការឈ្លានពាន ពីសំណាក់ប្រទេសថៃ ហើយបណ្តោយឱ្យប្រទេសថៃឈ្លានពានទឹកដីយើងតាមចិត្ត ដោយពុំមានការរារាំង»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្លែងថា បើនិយាយពីអ្នកដែលគប់គិតជាមួយថៃ គឺមានតែលោកហ៊ុន សែន ខ្លួនឯងនឹងឯង មិនមែនក្រុមប្រឆាំងនោះទេ ពីព្រោះកន្លងមកក្រុមប្រឆាំងបានរងគ្រោះច្រើនណាស់ ដោយសារកិច្ចសហការនិងការរាប់អានគ្នាជាបងប្អូនធម៌ រវាងលោកហ៊ុន សែន និងលោកថាក់ ស៊ីន ធ្វើឱ្យសមាជិកក្រុមប្រឆាំងជាច្រើន ដែលស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេស ត្រូវចាប់បញ្ជូនត្រឡប់ទៅកម្ពុជាវិញ។ សូម្បីតែសង្គ្រាមដែលបានផ្ទុះឡើងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីជិត៧០ទីតាំង ក៏ផ្តើមឡើងដោយសារ លោកហ៊ុន សែន លូកដៃទៅករកូករកាយនយោបាយផ្ទៃក្នុងថៃ ក្នុងនោះមានការទម្លាយសារសំឡេងសន្ទនាឯកជនជាមួយអតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផៃថងថាន និងការអនុញ្ញាតឱ្យមានការបើកអាជីវកម្មឆបោកអនឡាញស្អេកស្កះនៅតាមព្រំដែន ទើបថៃមានលេសវាយចូលឈ្លានពានកម្ពុជា។ លើសពីនេះ នៅមុនពេលសៀមមានលេសឈ្លានពានទឹកដីកម្ពុជា លោកហ៊ុន សែន បានចែកផលប្រយោជន៍ច្រើនណាស់ជាមួយគ្រួសារ លោកថាក់ ស៊ីន ជាផលប្រយោជន៍ផ្ទាល់ខ្លួន មិនមែនជាផលប្រយោជន៍ជាតិទេ។
លោកថា៖ «ចំណែក លោកហ៊ុន សែន ដើរផ្ទុយពីរដ្ឋធម្មនុញ្ញគាត់អនុវត្តអំណាចផ្តាច់ការ គាត់ចោទប្រកាន់អ្នកប្រជាធិបតេយ្យថាជាជនក្បត់ សំដៅលើក្បត់ជាតិហ្នឹងមិនមែនទេ។ ពាក្យថាជនក្បត់ជាតិ វាទាល់តែអ្នកនឹងលក់ទឹកដីជាតិបំផ្លិចបំផ្លាញជាតិ អាហ្នឹងអាចគេចាត់ចូលជាជនក្បត់ជាតិបាន។ ប៉ុន្តែសួរថា អ្នកប្រជាធិបតេយ្យបក្សប្រឆាំងកន្លងទៅ តើគាត់ធ្លាប់បានក្បត់ជាតិដែរឬទេ? ថាអត់ទេ គាត់អត់ដែលទេ ពីព្រោះក្បត់ជាតិបាន វាទាល់តែអ្នកកាន់អំណាចមានសិទ្ធិពេញលេញ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើសន្ធិសញ្ញា លើអនុសញ្ញា អនុស្សរណៈអីជាដើម ជាមួយប្រទេសជិតខាង ពាក់ព័ន្ធការលក់ទឹកដីជាតិមួយចំណែកណាមួយ ឬបំផ្លិចបំផ្លាញជាតិមួយចំណែកណាមួយឱ្យគេ អាហ្នឹងហៅថាក្បត់ជាតិ»។
ចំណែក លោកមួង ណារ៉េត អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម ដែលត្រូវបានក្រុមឃោសនិកគណបក្សប្រជាជនកម្ពុជាចោមរោមជេរប្រទេចដោយចោទថា ចូលដៃជាមួយសៀមក្បត់ជាតិខ្មែរ បានប្រតិកម្មដោយចោទសួរថា តើលោកក្បត់ជាតិយ៉ាងដូចម្តេច?
លោកថា៖ «នៅពេលដែលខ្ញុំប្រាប់ឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីបានដីខ្មែរទាំង៦២កន្លែង ដែលរដ្ឋាភិបាលអសមត្ថភាពឱ្យថៃយកបាន វាទៅជាខ្ញុំក្បត់ជាតិ? រដ្ឋាភិបាលខ្មែរដែលអត់អាចគ្រប់គ្រងដែនអធិបតេយ្យខ្មែរ៦២កន្លែងបាន ដោយសារវិស័យយោធាយើងខ្សោយ យើងទៅអត់ដល់គេ ដោយសារប្រព័ន្ធដឹកនាំរដ្ឋធ្វើឱ្យខ្មែរបែកបាក់សាមគ្គីគ្នា គ្មានមិត្តគ្មានអីនៅលើឆាកអន្តរជាតិ គេប្រឡេះដៃចោល គេអត់ជួយខ្មែរ គេអត់រករឿងថៃអីសោះ អត់បន្ទោសរដ្ឋាភិបាលខ្មែរមករករឿង មួង ណារ៉េត ថាជាពូជក្បត់ជាតិ! អស់លោកចុះនរកខ្ញុំគ្រាន់តែប្រាប់ទេ ពីព្រោះប្រជាពលរដ្ឋក៏គេមួម៉ៅអាភាពបាតផ្សារ និងមាត់អត់គម្របរបស់អស់លោកដែរ!»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ក៏បានបញ្ជាក់ផងដែរថា ការដែលប្រជាពលរដ្ឋខ្មែរជាច្រើនរួមទាំងរូបលោកផងដែរ បានទៅរស់នៅសុខស្រួលនៅលើទឹកដីនៃប្រទេសជឿនលឿន ហើយនៅតែបន្តរិះគន់ការដឹកនាំរដ្ឋាភិបាលរបស់ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត បើទោះបីជាត្រូវបានដាក់ក្នុងបញ្ជីខ្មៅមិនឱ្យវិលចូលប្រទេសវិញក្តី គឺដោយសារតែចង់ឱ្យប្រទេសកំណើតរបស់ខ្លួន មានការរីកចម្រើនដូចប្រទេសជឿនលឿនដទៃទៀត គ្មានគំនិតឯណាទៅគិតពីរឿងក្បត់ជាតិរបស់ខ្លួន ដូចការចោទរបស់លោកហ៊ុន សែន នោះទេ។
លោកថា៖ «ពួកគាត់នឹងជាម្ចាស់នៃប្រទេសកម្ពុជាដែរ ពីព្រោះអ្នកណាដែលកើតនៅក្នុងប្រទេសកម្ពុជាគឺសុទ្ធតែជាម្ចាស់នៃប្រទេសកម្ពុជាតែទាំងអស់គ្នានឹង។ប្រជាពលរដ្ឋខ្មែរ១៦-១៧លាននឹងគឺជាម្ចាស់នៃប្រទេសរួមគ្នាមិនមែនគ្រួសារមួយមានសិទ្ធិផ្តាច់មុខទេ។ ដោយសារគាត់មានឈាមជ័រជាខ្មែរមានសាច់ញ្ញាត្តិ ឪពុកម្តាយបងប្អូនស្រុកកំណើតនៅស្រុកខ្មែរ ដូច្នេះហើយទោះបីគាត់រស់នៅដល់ប្រទេសណាក៏ដោយជឿនលឿនយ៉ាងណាក៏ដោយក៏គាត់នៅគិតគូអំពីស្រុកកំណើតបស់គាត់អ៊ីចឹង។ នឹងហើយគឺជាទឹកចិត្តរបស់បងប្អូនខ្មែរដែលមានឈាមជ័រជាខ្មែរ ចង់ឃើញប្រទេសជាតិដែលខ្លួនបានកើតធំធាត់នឹងមានការរីកចម្រើនលូតលាស់ដូចប្រទេសនៅអឺរ៉ុបនៅអាមេរិកអ៊ីចឹង»។
លោកម៉ែន ណាតគូសបញ្ជាក់ថា ការដែលលោកហ៊ុន សែននិងលោកហ៊ុន ម៉ាណែតដឹកនាំប្រទេសប្រើអំណាចផ្តាច់ការធ្វើទុក្ខបុកម្នេញតាមវ៉ៃតាមចាប់ដាក់គុកទៅលើអ្នកដែលមានមតិផ្ទុយធ្វើឱ្យអ្នកទាំងនោះបង្ខំចិត្តរត់ភៀសខ្លួនទៅសុំសិទ្ធិជ្រកកោនរស់នៅក្រៅប្រទេសគឺជាកំហុសជាប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងរមួយរបស់មេដឹកនាំទាំងពីររូបនេះ។
សម្រាប់លោកសំអានក៏បានឱ្យដឹងដែរថា បច្ចុប្បន្នលោករស់នៅសហរដ្ឋអាមេរិកអាចរាប់ថា ស្ថិតនៅក្នុងលំដាប់សេដ្ឋី ពីព្រោះលោករស់នៅក្នុងផ្ទះវីឡាធំ មានហាងដូណាត់ចំនួន២ និងមានផ្ទះជួលជាច្រើនកន្លែងទៀត ធ្វើឱ្យក្រុមគ្រួសារលោកអាចរស់នៅបានយ៉ាងសុខស្រួល។ លើសពីនេះ កូនរបស់លោករៀនពូកែដែលនឹងអាចមានការងារល្អធ្វើនៅលើទឹកដីសហរដ្ឋអាមេរិក ហើយមិនសង្ឃឹមថា អាចនឹងវិលត្រឡប់ទៅរស់នៅប្រទេសកម្ពុជាវិញផងនោះទេ។ ប៉ុន្តែដោយសារកម្ពុជាជាប្រទេសកំណើតរបស់លោក ដូច្នេះឧត្តមគតិ មនសិការជាតិរបស់លោក គឺធ្វើឱ្យលោកឈឺឆ្អាលចំពោះការដឹកនាំប្រទេសរបស់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ធ្វើឱ្យបាត់បង់ទឹកដី ដោយលោកមិនអាចរស់នៅសម្ងំសុខយករួចខ្លួនបានទេ។
លោកថា៖ «ពីព្រោះបើយើងមិនខ្វល់ខ្វាយពីរឿងបាត់បង់ទឹកដីទេ កម្ពុជាយើងនឹងដូចប្រទេសឡាវអ៊ីចឹងឯងថ្ងៃក្រោយទៅយួនគ្រប់គ្រងយកទឹកដីអស់។ ហើយបើសិនជាមិនគិតពីការបាត់បង់ទឹកដីទេថ្ងៃក្រោយទៅត្រកូលហ៊ុននឹងធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ថ្ងៃក្រោយទៅនឹងបាត់បង់ប្រទេសទាំងមូលតែម្តង ដល់ចៅ ចៅទួតលោកហ៊ុន សែន ដឹកនាំ។ អាហ្នឹងដូចការបាត់បង់ទឹកដីកម្ពុជាក្រោម បាត់បង់ប្រទេសចំប៉ាអ៊ីចឹងឯង ដល់ចឹងថ្ងៃក្រោយទៅជាតិខ្មែរនឹងបាត់ពីផែនទីពិភពលោក។ អ៊ីចឹងហើយបានជាខ្ញុំនៅតែព្រួយបារម្ភពីការបាត់បង់ទឹកដី ទៅប្រទេសជិតខាង ហើយយើងបារម្ភថា ប្រទេសខ្មែរអាចបាត់ពីផែនទីពិភពលោកទើបនៅតែបន្តរិះគន់រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ទោះបីជាគាត់មិនឱ្យពួកយើងចូលស្រុកក៏យើងនៅតែតស៊ូនៅក្រៅប្រទេសដែរ»។
សម្រាប់ លោក ម៉ែន ណាត ករណីដែលលោកហ៊ុន សែន ចុះសន្ធិសញ្ញាព្រមព្រៀងជាមួយវៀតណាមប្រគល់កោះត្រល់ ចង្កោមកោះក្រចកសេះ ព្រំដែនគោកមួយចំនួន ឱ្យវៀតណាម និងការចុះMOUឆ្នាំ២០០០-២០០១ ដែលធ្វើឱ្យកើតមានវិបត្តិព្រំដែនសមុទ្រ និងព្រំដែនគោក រហូតមកដល់បច្ចុប្បន្នជាមួយថៃជាដើម គឺវាចូលទៅក្នុងនិយមន័យនៃពាក្យក្បត់ជាតិ។ លោកថា ជនក្បត់ជាតិទាល់តែជននោះមានសិទ្ធិអំណាចចុះហត្ថលេខាលើឯកសារ ដូចដែលបានរៀបរាប់ទាំងនេះ ហើយអ្នកមានសិទ្ធិចុះហត្ថលេខាទាល់តែអ្នកកាន់អំណាចមិនមែនប្រជាពលរដ្ឋសាមញ្ញ ឬក៏អ្នកប្រឆាំងឬក៏គណបក្សប្រឆាំង ដែលកំពុងធ្វើការតស៊ូមតិដូចសព្វថ្ងៃនេះនោះទេ៕









