ក្រុមហ៊ុនកែច្នៃ​ដំណាប់​ស្វាយ​នៅ​ខេត្ត​កំពង់​ស្ពឺ​ពង្រីក​ផល​ប៉ះ​ពាល់​ដល់​ខេត្ត​កណ្តាល

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់​ស្ពឺ ដែល​ថា​បាន​រង​ផល​ប៉ះ​ពាល់​ពី​ក្រុម​ហ៊ុន​​​​​​​​កែ​ច្នៃ​ផ្លែ​​​​ស្វាយ​មួយ​ក្នុង​ខេត្ត​នេះ​បាន​អះ​អាង​មក​ថា ក្រុម​ហ៊ុន​នេះ បាន​​បង្ហូរ​កា​ក​សំ​ណល់​កខ្វក់ ធ្វើ​ឱ្យ​ត្រី​ងាប់ ​រួម​​ទាំង​​​សត្វ​​ចិញ្ចឹម ដែល​ទាម​​ទារ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​បញ្ចៀស​ការ​គំរាម​កំហែង​ជីវភាព​ពួក​គេ។

លោក រស់ សម្បត្តិ រស់​នៅ​ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ឲ្យ​វី​អូឌី​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ទឹក​កខ្វក់​ដែល​​បង្ហូរ​​​ចេញ​ពី​ក្រុម​ហ៊ុន​​នេះ បាន​ប៉ះ​ពា​ល់​​ដល់​ស្រុក​សំរោង​ទង និង​​​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ ជាង​នេះ​ក៏​បាន​ហូរ​ធ្លាក់​ទៅ​ដល់​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ជា​ដើម។ លោក​ថា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក្លិន​ស្អុយ​ពី​ទឹក​កខ្វក់​នេះ ​បាន​ថម​ថយ​បន្តិច ប៉ុន្តែ​គុណ​ភាព​ទឹក​នៅ​តែ​គំរាម​​កំហែង​​ដល់​​ការ​​ប្រកប​របរ​​ធ្វើ​ស្រែ និង​ការ​ប្រកប​របរ​នេសាទ​​របស់​ពលរដ្ឋ ជាពិសេស​បាន​បណ្តាល​ឲ្យ​មាន​ត្រី​ងាប់​ និង​​​សត្វ​ចិញ្ចឹម​កើត​ជំងឹ​​​ជា​បន្ត​បន្ទាប់។

ផ្តើម​ពីបញ្ហានេះ តំណាង​ពលរដ្ឋនៅ​ឃុំ​វល្លិ៍​ស ស្រុក​សំរោង​​ទង ជំរុញ​ឲ្យ​អភិ​បាល​ខេត្ត​កំពង់​ស្ពឺ​ ពិសេស​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួង​​​កសិកម្ម​​ជា​ដើម ជួយ​កែ​លម្អ ដើម្បី​អាច​ឲ្យព​លរដ្ឋ​ក្នុង​មូល​ដ្ឋាន​នេះ​ រស់​អាស្រ័យ​ផល​ដូច​ដើម​វិញ។

លោកបន្តថា៖ «សូម​សំណូម​ពរ​ដល់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ​ហ្នឹង ឲ្យ​យក​ចិត្ត​ទុក​ដាក់​ផង។ កុំ​មាន​ក្លិន​ស្អុយច​ង់​បែក​ច្រមុះ​ហើយ មក​ថា​អត់​ស្អុយ​ផង។ ស្អុយ​ទឹក​ហ្នឹង យក​មក​ប្រើ​ប្រាស់​អត់​កើត​ទេ យើង​ចង់​បូម​មក​ដាក់​ស្រែក៏​អត់​កើត​ដែរ សូម្បី​តែ​ត្រី​ក៏​រស់​នៅ​អត់​កើត​ដែរ។ ពីមុន​ប្រជា​ជន​អាស្រ័យ​ផល​រក​ត្រី​ក្នុង​អូរ​ជា​ដើម។ តែ​ឥឡូវ​សូម្បី​ប្រលិត ​ឈូក ក្នុង​អូរ​ក៏​អត់​មាន​ដែរ ទឹក​ហ្នឹង​ហូរ​ចូល​មក​គឺ​ងាប់​ទាំង​អស់។ កាល​ពី​មុន​ប្រជា​​ពលរដ្ឋ មុខ​របរ​ដក​ព្រលិត រក​ត្រី រក​ក្តាម រក​ខ្យង​អី​ចឹង​ទៅ។ តែ​ឥឡូវ​រក​អត់​បាន​ទេ គ្រាន់​តែ​ចូល​ទឹក​ស្អុយ​ហ្នឹង​មក​ព្រលិត ឈូក​អី​ក៏​ងាប់​​ដែរ​ ត្រី​លែង​និយាយ​ហើយ ងាប់​ចង់​ផុត​ពូជ​អស់​ហើយ»។

មិនខុសគ្នាទេ​ ​បុរសវ័យចំណាស់ស្នើមិនបញ្ចេញឈ្មោះ ​រស់នៅឃុំទឹក​ល្អក់ ស្រុក​គង​ពិសី ​លើក​ឡើង​ថា ​កង្វល់​របស់​ពលរដ្ឋ ពួក​គាត់​ដែល​​​រង​​​ផល​ប៉ះ​ពាល់​ពី​ក្រុម​ហ៊ុន​កែ​ច្នៃ​ផ្លែ​​ស្វាយ​ខាង​លើ​នេះ ហាក់​មិន​ត្រូវ​បាន​ មន្ត្រី​ក្រសួង​ជំនាញ​យក​​ចិត្ត​ទុក​ដាក់​ទេ​កន្លង​មក។ ផ្ទុយ​ទៅ​វិញ តែង​​​​​​មាន​ប្រតិ​កម្ម​បញ្ច្រាស​ ត​មក​ពលរដ្ឋ​វិញ ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​​ពលរដ្ឋ​ទេ។ លោក​ថា ​ត្រី​ក្នុង​ទឹក​នៅ​មូល​ដ្ឋាន​គាត់ បាន​​ងា​ប់​​​​ជា​​បន្ត​​​បន្ទាប់​​ ពិសេស​សត្វ​គោ​ក្របី ក៏​បាន​កើត​មាន​​ជំងឺ​​​ជា​ប្រចាំ​ដែរ។

ពលរដ្ឋរូបនេះ ហាក់គ្មានជំនឿទៅលើការដឹកនាំ​របស់​មន្ត្រី​ជំនាញ​​ទៀត​ទេ ព្រោះ​សូម្បី​តែ​​កាក​សំណល់​រឹង​រាវ​ស្អុយ​កខ្វក់​​របស់​​ក្រុម​ហ៊ុន​​​​​​​​​​កែ​ច្នៃ​​ដំណាប់​​​​ស្វាយ ឈ្មោះ Cambodian Gome Farm Food Co., ltd. ក៏​មិន​អាច​គ្រប់​គ្រង​បាន​ផង​​នោះ។

ពលរដ្ឋរូបនោះ​បន្ថែមថា៖ «អាណា​ដែល​ចាក់​សំណល់​ស្វាយ​នៅ​លើ​ទឹក ចាក់​លើ​ជ្រោះ ចាក់​លើ​ភ្នំ​តាម​ព្រៃ​​ចំការ​ពេញ​វាល​ពេញ​កាល​ទាំង​អស់។ ចាក់​ទាំង​ឡានៗ ចាក់​នៅ​លើ​គម្ពោធ​វ័រ​ព្រេង ហើយ​ភ្លៀង​មក​ហូរ​តាម​អូរ​ហ្នឹង​ មក​ប្រើ​ប្រាស់​​លែង​កើត​អស់​ហើយ ។ ខូច​ទឹក​ខូច​ត្រពាំង​ស្អុយ​ទៅ​លើ​ភូមិ​បឹង​ងោង​ប៉ះ​ពាល់​ទាំង​អស់។ ថ្ងៃ​មុន​គោ​ខ្ញុំ​ឈឺ បួន​ប្រាំ​ក្បាល ហើយ​មេ​គោ​ខ្លះ​ កូន​មក​អត់​មាន​ទឹក​ដោះ​ឲ្យ​កូន​បៅ ព្រោះ​វា​​ក្តៅ​ដើរ​ស៊ី​សំណល់​និង​ផឹក​ទឹក​កខ្វក់​នោះ។ ធ្វើ​ម៉េច​ជួយ​ទប់​ស្កាត់​ឲ្យ​បាន​ល្អ​ទៅ យក​មក​ចាក់​ចោល​ពេញ​ទឹក​ពេញ​ដី ពេញ​វាល​ពេញ​កាល​ចឹង។ សូម​កុំ​ឲ្យ​ក្រុម​​ហ៊ុ​ន​ដឹក​សំរាម​ចាក់​ចោល​តាម​អំពើ​ចិត្ត​គាត់​ចឹង»។

យ៉ាងណា វីអូឌី នៅមិនទាន់អាចទាក់ទង​ លោក ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​កំពង់​ស្ពឺ ​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បំពុល​បរិស្ថាន របស់​ក្រុម​​​ហ៊ុន​​​​​​​​កែ​ច្នៃ​​ផ្លែ​​​​​ស្វាយ ឈ្មោះ Cambodian Gome Farm Food Co., ltd. បាន​នៅ​ឡើយ​​​​ទេ។

ប៉ុន្តែ អ្នកស្រី ណេ សា អ្នក​បក​​​ប្រែ​​ភាសា​ចិន​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​កែ​ច្នៃ​ផ្លែ​ស្វាយ​ខាង​លើ ​បាន​ប្រាប់​​សារ​ព័ត៌​មាន​​ក្នុង​​​​​​ស្រុក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​​ក្រុម​​ហ៊ុន​នេះ បាន​​អនុ​វត្ត​ស្រប​​តាម​ការ​ណែ​នាំ​របស់​មន្ត្រី​ស្ថាប័ន​​ពាក់​ព័ន្ធ​រួច​​ហើយ។ ហើយ​ថា ​​កាក​​សំណល់​រឹង​រាវ​ដែល​បង្ហូរ​ ឬ​ដឹក​ចេញ​ពី​រោង​ចក្រ​នេះ គឺ​បាន​​ឆ្ល​ង​​​កាត់​​អាង​ប្រព្រឹត្ត​កម្ម និង​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​គុណ​ភាព​ទឹក​ ត្រឹម​ត្រូវ​​​​តាម​ស្តង់​ដារ​កំណត់។

មួយ​វិញ​ទៀត អ្នកស្រីថា ចំពោះ​ផលប៉ះពាល់ពីការ​​​​ដឹក​​កាក​​សំណល់​រឹង​រាវ​ ដែល​ក្រុម​ហ៊ុន​ម៉ៅ​ការ​សំរាម ដឹក​យក​​​ទៅ​ចាក់​ចោល​នៅ​ឃុំទឹ​ក​ល្អក់ ស្រុក​គង​ពិសី ខាង​រោង​ចក្រ​ក៏​នឹង​​ពិភាក្សា​ជាមួយ​ក្រុម​​ហ៊ុន​ម៉ៅ​កា​​រដឹក​កា​ក​សំណល់​នេះ​​​ឡើង​វិញ ដើម្បី​​កុំ​​ឲ្យ​​​​​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​ ក៏​ដូច​ជា​ការ​​រស់​នៅ​របស់​ពលរដ្ឋ។

អ្នកស្រីបន្តថា៖ «អត់មានបញ្ហាចោទខ្លាំងទេ​បង ព្រោះ​ដោយ​សារ​តែ​រោង​ចក្រ​ហ្នឹង​មាន​ឧបករណ៍​ត្រួត​ពិនិត្យ​គុណ​ភាព​ទឹក និង​ផ្តល់ព័​ត៌​មាន​ទៅ​ក្រសួង​ប្រចាំ​ថ្ងៃ​ជា​រហូត​ហ្នឹង។ ហើយ​ទឹក​ដែល​ខាង​រោង​ចក្រ​បញ្ចេញ​ហ្នឹង គឺ​តាម​ស្តង់​ដារ​ទាំង​អស់ អត់​មាន​បញ្ហា​អី​ទេ គឺ​ទឹក​ថ្លា​ទេ។ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់​ស្តែង​ឃើញ​ថា ប្រភព​ទឹក គឺ​មិន​មែន​ចេញ​​តែ​ពី​​រោង​ចក្រ​ខាង​ខ្ញុំ​មួយ​ទេ គឺ​មាន​ប្រភព​ទឹក​ផ្សេង​ទៀត ហូរ​ចេញ​ចូល​ទៅ​ក្នុង​ប្រឡាយ​​​ហ្នឹង។ ហើយ​រោង​ចក្រខ្ញុំ​​នេះ ​ខាង​ក្រសួង​បាន​តម្រូវ​ឲ្យមា​ន​អាង​ប្រព្រឹត្ត​កម្ម មាន​ឧបករណ៍​ស្វ័យត្រួ​ត​ពិនិត្យ​ជា​ដើម ហើយ​ខាង​រោង​ចក្រ​បាន​អនុ​វត្ត​តាម​ខាង​ក្រសួង​គ្រប់​បែប​យ៉ាង​ទាំង​អស់»។

ឆ្លើយតបបញ្ហានេះ លោក ច័ន្ទថេត ប្រធានមន្ទីរបរិស្ថាន​ខេត្តកំពង់ស្ពឺ​ បាន​ឲ្យ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ដឹង​ថា​ ករណី​ផល​ប៉ះ​ពាល់​​បរិ​ស្ថាន​​ផ្តើម​​ដោយ​ក្រុម​ហ៊ុន​កែ​ច្នៃ​​​​ផ្លែ​​ស្វាយ​​​ ​នៅ​ឃុំវល្លិ៍​ស ស្រុក​សំរោង​ទង​នេះ ​មន្ត្រី​ជំនាញ​ស្ថាប័ន​​ពាក់​ព័ន្ធ រួម​ទាំង​​អាជ្ញាធរ​មូល​ដ្ឋាន និង​​​​​​​ភាគី​​​​​​​​​​​រោង​ចក្រ​ បាន​ជួប​ប្រជុំ​រក​ដោះ​ស្រាយ​រួច​​ហើយ កាល​ពី​ថ្ងៃ​ទី​​៥ ខែ​មិថុនា គឺ​សំណល់​រឹង​រាវ​ បង្ហូរ​ចេញ​ពី​រោង​ចក្រ​នេះ មិន​​ប៉ះ​ពាល់​​ដល់​​បរិស្ថាន និង​ការ​រស់​នៅ​របស់​ពលរដ្ឋ​​​​​​ទេ។

លោក​ថា ​កិច្ចប្រជុំដឹកនាំដោយ លោក ជេត ជុំ នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់​ស្ពឺ គឺ​​មន្ត្រី​ជំនាញ​ រក​ឃើញ​ថា រោង​ចក្រ ឬ​ក្រុម​​​​ហ៊ុន​​​​​​ស្វាយ​​នេះ ​​​​បាន​ចូល​​រួ​ម​​កែ​​​​លម្អ និង​​បំពេញ​បន្ថែម​​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ ព្រមទាំ​ង​​​បំពាក់​ប្រព័ន្ធ​​ត្រួត​​ពិនិត្យ​កាក​​កំណល់​រឹង​រាវ ដោយ​​ស្វ័យ​​ប្រវត្តិ​​តាម​ស្តង់​ដារ​​​ត្រឹម​​ត្រូវ​ផង​ដែរ​។ ​

យ៉ាងណា លោក ជិន វណ្ណៈ ប្រធានអង្គការការពារបរិស្ថាន បាន​លើក​ឡើង​ថា ផល​ប៉ះ​​ពាល់​ពី​កាក​សំណល់​រឹង​រាវ ចេញ​​​ពី​រោង​​ចក្រ ឬក្រុ​ម​ហ៊ុន​កែ​ច្នៃ​ផ្លែ​ស្វាយ​ គឺ​ពិត​ជា​បាន​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ បើ​កាក​​សំ​ណល់​ទាំ​ង​នោះ មិន​បាន​​​ឆ្លង​កាត់​​អាង​​​ប្រព័ន្ធ​ប្រព្រឹត្ត​​កម្ម​ឲ្យ​​​បាន​​ត្រឹម​ត្រូវ​ជា​មុន​ទេ។ លោក​ថា ករណី​នេះ គួរ​ត្រូវ​​​បាន​​​រដ្ឋា​​ភិបាល ឬ​ថ្នាក់​ដឹក​នាំ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ ​យក​ចិត្ត​ទុក​ដាក់ និង​តាម​ដាន​ឲ្យ​​​បាន​ជា​ប្រចាំ។

លោកថា៖ «ខាងមន្ត្រីរដ្ឋាភិបាល ចុះត្រួតពិនិត្យនិងណែនាំឲ្យខាង​រោង​ចក្រ​ហ្នឹង ឲ្យ​ធ្វើ​អាង​ចម្រោះៗ​ទឹក​ស្អាត​ហើយ ចាំ​បង្ហូរ​ចូល​ព្រែក ប្រឡាយ​​បឹង​អូរ ទើប​វា​អត់​ប៉ះ​ពាល់​ដល់​ជីវ​ចម្រុះ វា​អត់​ប៉ះ​ពាល់​ប្រយោជន៍​ប្រជាព​លរដ្ឋ​រស់​នៅ​តំបន់​នោះ ដែល​គាត់​រក​របរ​នេសាទ​ត្រី​ជា​ដើម។ រោង​ចក្រ​កែ​ច្នៃ​ផ្លែ​ស្វាយ​ហ្នឹង ប្រើ​ជាតិ​គីមី​ច្រើន​ណាស់ ព្រោះ​លាង​ត្រូវ​ប្រើ​ថ្នាំ​ច្រើន។ យើង​ម្យ៉ាង​សំបក​ស្វាយ ឬ​សំបក​​ផ្លែ​ឈើហ្នឹ​ង​ស្អុយ​ណស់ ដល់​ពេល​វា​រលួយ​ទៅ​ស្អុយ​ខ្លាំង និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង។ ហើយ​បើគា​ត់​បង្ហូរ​ទៅ​ទាំង​ស្រុង​ទៅ ធ្វើ​ឲ្យ​ទឹក​ខូច និង​ប៉ះ​ពាល់​ដល់​ជីវ​ចម្រុះ​។ ទឹក​ស្វាយ​ហ្នឹង​ហូរ​ដល់​ណា​ងាប់ និង​ខូច​ទឹក​ដល់​ហ្នឹង។ សត្វ​គោ​ក្របី ឬ​សត្វ​ផ្សេងៗ​ហ្នឹង បើ​ផឹក​ទឹក​ហ្នឹង គឺ​មាន​តែ​ពុល​ងាប់​ទាំង​អស់»។

យ៉ាងនេះក្តី ​មន្ត្រីជំនាញ ក៏បានតម្រូវឲ្យក្រុមហ៊ុន Cambodian Gome Farm Food Co., ltd ​ ត្រូវ​​​កែ​លម្អ​​ការ​ដឹក​​កា​ក​​សំណល់​​​រាវ មិន​ឲ្យ​ហៀរ ឬ​កំពប់​​​នៅ​​​លើ​ដ​ង​ផ្លូវ ដែល​នាំ​​​ឲ្យ​​​ប៉ះ​ពាល់​ដល់​​សណ្តាប់​ធ្នាប់​សាធារណៈ​ឡើយ ហើយ​​ត្រូវ​ចូល​រួម​​សហការ​ជាមួយ​អាជ្ញាធរ​​មូល​ដ្ឋាន​ និង​មន្ត្រី​ជំនាញ​​​ពាក់​​​ព័ន្ធ​ឲ្យ​បាន​​​​​​​ជា​ប្រចាំ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ