ស្ត្រីជាសកម្មជនគណបក្សនយោបាយមួយរូប អ្នកស្រី សែម សុផល ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃពុធម្សិលមិញ ក្រោយអនុវត្តទោសចប់ស្ថាពរក្នុងពន្ធនាគាររយៈពេល ២២ខែ ពីបទ ញុះញង់ ពាក់ព័ន្ធនឹងការរិះគន់ទៅលើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។
សមត្ថកិច្ចបានចាប់ខ្លួន អ្នកស្រី សែម សុផល ជាសកម្មជនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន រស់នៅខេត្តកណ្តាល កាលពីខែសីហា ឆ្នាំ២០២៤ អំឡុងពេលអាជ្ញាធរបង្ក្រាបចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរបស់រដ្ឋជាមួយឡាវ និងវៀតណាម (CLV)។ អ្នកស្រី សុផល ជាជនជាប់ចោទម្នាក់ក្នុងចំណោមមនុស្ស ៣៧នាក់ រួមទាំងសកម្មជនកិច្ចព្រមទាំងទីក្រុងប៉ារីស២៣តុលា ដែលត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
លោក ផល្លា ផានិត កូនប្រុសរបស់អ្នកស្រី សែម សុផល បានឱ្យដឹងតាមរយៈបណ្តាញសង្គមថា ម្តាយរបស់លោក បានចេញពីពន្ធនាគារ និងមានសេរីភាពវិញហើយ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។ ការចេញពីពន្ធនាគាររបស់អ្នកស្រី សុផល គឺបន្ទាប់ពីអ្នកស្រីបានអនុវត្តទោសក្នុងពន្ធនាគារគ្រប់ចំនួន ២២ខែ តាមសាលក្រមរបស់តុលាការ។
ប្អូនប្រុសបង្កើតរបស់អ្នកស្រី សុផល គឺលោក មិន ពៅ បានលើកឡើងកាលពីថ្ងៃទី១៥ ខែមិថុនាថា អំឡុងពេលជាប់ឃុំ អ្នកស្រី សុផល នៅមានស្មារតីល្អ និងសុខភាពល្អ ហើយអ្នកស្រីក៏មិនបានចងគំនុំជាមួយក្រុមអ្នកចោទប្រកាន់ និងចាប់ខ្លួនគាត់ទាំងកម្រោលនោះដែរ ដោយគាត់ទុកឱ្យអ្នកច្បាប់រកយុត្តិធម៌ឱ្យគាត់នៅពេលក្រោយ និងទុកឱ្យកម្មផលទូទាត់ជាមួយជនទាំងនោះទៅចុះ។
លោកបន្តថា ក្រោយពីមានសេរីភាពវិញ អ្នកស្រី សុផល នឹងប្រកបរបរការងារចិញ្ចឹមជីវិតធម្មតា ហើយនឹងពង្រីកបណ្តាល័យនៅផ្ទះរបស់គាត់ ដើម្បីឱ្យពលរដ្ឋក្នុងភូមិ ជាពិសេសកុមារនិងយុវជនបានអាននិងបង្កើនចំណេះដឹង។
មាត្រា១៩នៃកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចែងថា «មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដែលសិទ្ធិនេះ រួមទាំង សេរីភាពស្វែងរក ទទួល និងចែករំលែកព័ត៌មាន និងគំនិតគ្រប់ប្រភេទដោយមិនគិតពីព្រំដែន ទាំងផ្ទាល់មាត់ ជាលាយលក្ខណ៍អក្សរ ឬបោះពុម្ភ ជាទម្រង់សិល្បៈ ឬតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតតាមជម្រើសរបស់ខ្លួន»។
ប៉ុន្តែផ្ទុយទៅវិញការផ្តន្ទាទោសពីសំណាក់តុលាការក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច ហាក់បានក្លាយជាគោលដៅផ្តោតលើសកម្មជនសង្គម សកម្មជននយោបាយ និងសកម្មជនបរិស្ថានជាដើម ដែលត្រូវបានអ្នកឃ្លាំមើល សង្កេតឃើញថា វិធានរបស់តុលាការ ឬប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានអនុវត្តស្តង់ដារពីរ។
ស្តង់ដាពីរ នៅត្រង់ថា សកម្មជនដែលហ៊ានរិះគន់ដើម្បីស្ថាបនា ឬសកម្មជនដែលប្រើប្រាស់សិទ្ធិបញ្ចេញមតិ ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ និងមិនងាយនឹងឱ្យពួកគេនៅក្រៅឃុំជាបណ្តោះអាសន្ននោះទេ ប៉ុន្តែជនឧក្រិដ្ឋឆបោកប្រជាពលរដ្ឋរាប់រយគ្រួសារ ដូចករណីអតីតឧកញ៉ា ហ៊ី គឹមហុង តុលាការបានអនុញ្ញាតឱ្យនៅក្រៅឃុំកាលពីឆ្នាំ២០២៣ ក្រោយឃុំខ្លួនត្រឹមរយៈពេល៤ខែ ខណៈសំណុំរឿងឆបោកនេះ ប្រជាពលរដ្ឋរងគ្រោះនៅបន្តការតវ៉ាទាមទាររកដំណោះស្រាយដល់សព្វថ្ងៃ។
ចំណែក ករណីអតីតឧកញ៉ា ថោង សារ៉ាត់ និងបក្សពួកក៏ដូចគ្នា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំ កាលពីឆ្នាំ២០១៩ ក្រោយជាប់ពន្ធនាគារប្រមាណ ៥ឆ្នាំ បើទោះជាសាលក្រមតុលាការសម្រេចឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់ឧញ៉ា អ៊ឹង ម៉េងជឺ កាលពីអំឡុងឆ្នាំ២០១៤។
ករណី ឧកញ៉ា គិត ធាង ដែលជាបងប្រុសរបស់ឧកញ៉ា គិត ម៉េង ក៏ដូចគ្នា ត្រូវតុលាការកាត់ទោសឱ្យជាប់គុក៤ឆ្នាំ ពាក់ព័ន្ធគ្រឿងញៀន៥០គីឡូក្រាម ប៉ុន្តែជាប់ឃុំនៅមន្ទីរពេទ្យរុស្ស៊ីប្រហែល ២ឆ្នាំ ក៏ត្រូវតុលាការដោះលែងដែរ។
ទាំងនេះជំរុញឱ្យសហគមន៍ជាតិ និងអន្តរជាតិជារឿយៗ វាយតម្លៃថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាឧបករណ៍របស់របស់គណបក្សគាន់អំណាចច្រើនទសវត្សរ៍មកនេះ បានពង្រីកអយុត្តិធម៌សង្គម ទាំងវិស័យនយោបាយ សេដ្ឋកិច្ច រួមទាំងអំពើឆបោក លក់ផ្ទះគ្មានផ្ទះឱ្យ លក់ដីគ្មានដីឱ្យ បង្កឱ្យមានជនរងគ្រោះរាប់ម៉ឺននាក់រស់ក្នុងវិបត្តិបំណុល និងការឈឺចាប់រហូតបច្ចុប្បន្ន។
តាមផ្លូវច្បាប់ជាគោលការណ៍ ច្បាប់ព្រហ្មទណ្ឌ (ដូចជាក្រមព្រហ្មទណ្ឌកម្ពុជា) គឺត្រូវបានចែងឡើងដើម្បីអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ឋានៈ ឬទ្រព្យសម្បត្តិឡើយ។ ទោះជាយ៉ាងណា ក្នុងការអនុវត្តជាក់ស្តែង អ្នកឃ្លាំមើលសង្គម អង្គការសិទ្ធិមនុស្ស និងមតិមហាជនតែងតែជួបប្រទះនូវការអនុវត្តស្តង់ដារពីរ ដែលមានភាពខុសគ្នាខ្លាំងរវាងការដាក់ទោសអ្នករិះគន់ ឬអ្នកនិយាយរឿងព្រំដែន និង ឧក្រិដ្ឋជនមានអំណាច ។
ការអនុវត្តទោសចំពោះអ្នកនិយាយរឿងព្រំដែន និងអ្នករិះគន់ គឺការចោទប្រកាន់ធ្ងន់ធ្ងរ ជារឿយៗតែងត្រូវបានចោទប្រកាន់ពីបទល្មើសដែលមានទម្ងន់ធ្ងន់ ដូចជា បទញុះញង់ បទរួមគំនិតក្បត់ ឬបទក្បត់ជាតិ។ហើយការអនុវត្តទោសឆាប់រហ័សនិងតឹងរ៉ឹង ពេលខ្លះ ទោះបីជាពួកគេអនុវត្តទោសជិតគ្រប់ចំនួន ឬចប់សព្វគ្រប់ក៏ដោយ ក៏តុលាការអាចបន្តឃុំខ្លួន ឬបន្ថែមការចោទប្រកាន់ផ្សេងៗទៀតផងដែរ។
តែផ្ទុយទៅវិញ ឧក្រិដ្ឋជនដែលមានឥទ្ធិពល ឬសែស្រឡាយអ្នកមានអំណាច ប្រព្រឹត្តបទល្មើស ដូចជា ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ឬបទល្មើសសេដ្ឋកិច្ច គ្រឿងញៀនជាដើម ពេលខ្លះត្រូវបានគេរាយការណ៍ថា អាចមានលទ្ធភាពចរចាបញ្ចប់រឿង សម្រុះសម្រួលសងជំងឺចិត្តក្រៅប្រព័ន្ធតុលាការ ដើម្បីគេចផុតពីការផ្តន្ទាទោស ឬការបន្ធូរបន្ថយទោស និងការអនុវត្តតិចតួច។
ក្នុងករណីខ្លះ ដែលឈានដល់ការកាត់ទោសដាក់ពន្ធនាគារ ជនបង្កដែលមានអំណាច ឬទ្រព្យសម្បត្តិស្តុកស្តម្ភ ត្រូវបានគេសង្កេតឃើញថា អនុវត្តទោសក្នុងពន្ធនាគារក្នុងរយៈពេលខ្លីបំផុត ហើយទោសដែលនៅសេសសល់ត្រូវបានព្យួរ ឬត្រូវបានដោះលែងមុនកាលកំណត់ដោយមានលក្ខខណ្ឌផ្សេងៗ។
យោងតាមរបាយការណ៍សង្កេតការណ៍ពីអង្គការសិទ្ធិមនុស្សនានា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់ទោសអ្នកបញ្ចេញមតិរិះគន់ ផ្ទុយពីការយោគយល់ ឬដោះលែងឧក្រិដ្ឋជនមានអំណាច គឺជាកត្តាដែលធ្វើឱ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ និងធ្វើឱ្យមានការរិះគន់ពីមហាជនជុំវិញភាពអយុត្តិធម៌ក្នុងសង្គម៕









