ផែន​ការ​សន្តិភាព​អ៊ីរ៉ង់ លោក ត្រាំ ថា​កិច្ច​ព្រម​ព្រៀង​នេះ​ជួយ​បង្ការ​«វិបត្តិ​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​ទូទាំង​ពិភព​លោក»

រដ្ឋបាល​លោក ត្រាំ បាន​បញ្ចេញ​អត្ថ​បទ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ចំនួន​ ១៤ ចំណុច ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ដោយ​អះ​អាង​ថា វា​​បាន​នាំ​មក​នូវ «ជ័យ​ជម្នះ​ដ៏​ធំធេង» សម្រាប់​សហរដ្ឋ​អាមេ​រិក ទោះ​បី​ជា​ខ្លួន​បាន​ធ្វើ​សម្ប​ទាន​នយោ​បាយ និង​ហិរញ្ញ​វត្ថុ​យ៉ាង​សំខាន់​ទៅ​ឱ្យ​អ៊ីរ៉ង់ ដើម្បី​បើក​ច្រក​សមុទ្រ Hormuz ឡើង​វិញ និង​បង្ការ​ «វិបត្តិ​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​ទូទាំង​​ពិភព​លោក» ក៏​ដោយ។

នៅក្នុងការថ្លែងមតិដ៏គួរឱ្យកត់សម្គាល់ លោក ដូណាល់ ត្រាំ បាន​ប្តូរ​ពី​ការ​គំរាម​កំហែង​អ៊ីរ៉ង់ មក​ជា​ការ​លើក​ឡើង​ថា ប្រទេស​នេះ​មាន​សិទ្ធិ​ជា​មូល​ដ្ឋាន​ក្នុង​ការ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូម សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​ស៊ីវិល ដោយ​លោក​នឹង​មិន​​ដាក់​សម្ពាធ​លើ​ទីក្រុង​តេអេ​រ៉ង់ ឱ្យ​បោះប​ង់​កម្ម​វិធី​មីស៊ីល​ឡើយ ហើយ​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ប្រគល់​ត្រឡប់​ទៅ​វិញ​​នូវ​ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​បង្កក។ ការ​ថ្លែង​មតិ​ទាំង​នេះ ទំនង​ជា​នឹង​ជំរុញ​ឱ្យ​មាន​ការ​ខឹង​សម្បារ​នៅ​ក្នុង​ប្រទេស​អ៊ីស្រា​អែល និង​ក្នុង​ចំណោម​អ្នក​ប្រកាន់​ជំហរ​តឹង​រ៉ឹង​នៅ​ក្នុង​គណបក្ស​សាធារណ​រដ្ឋ។

ក្នុងការការពារកិច្ចព្រមព្រៀងនេះ លោក ត្រាំ បានថ្លែងថា៖ «ជម្រើស​ផ្សេង​ពី​នេះ គឺ​វិបត្តិ​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​ទូទាំង​ពិភព​លោក។ ប្រសិន​បើ​ខ្ញុំ​មិន​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ទេ​នោះ ច្រក​សមុទ្រ [Hormuz] នឹង​មិន​អាច​បើក​បាន​ឡើយ»។

មន្ត្រីជាន់ខ្ពស់រដ្ឋបាល បាន​ថ្លែង​ថា កិច្ចព្រមព្រៀងនេះ នឹងជួយរារាំងអ៊ីរ៉ង់​មិន​ឱ្យទ​ទួល​បាន​អាវុធ​នុយ​ក្លេ​អ៊ែរ ដោយ​​បាន​ចង្អុល​បង្ហាញ​ពី​ការ​យល់​ព្រម​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​ចម្រាញ់ (down-blending) នៃ​ស្តុក​អ៊ុយ​រ៉ាញ៉ូម​ចម្រាញ់​​កម្រិត​ខ្ពស់​ចំនួន ៤៤០ គីឡូ​ក្រាម​របស់​ខ្លួន ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ទីភ្នាក់​ងារ​ថាមពល​បរមា​ណូ​អន្តរ​ជាតិ (IAEA)។ លោក ត្រាំ បា​ន​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​បាន​ខាត​បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ និង​បំផ្លិច​បំផ្លាញ​សេដ្ឋ​កិច្ច​ពិភព​លោក​នេះ នឹ​ង​ត្រូវ​ចុះ​ហត្ថ​លេខា​ជា​ផ្លូវ​ការ «ក្នុង​ពេល​ឆាប់ៗ​នេះ»។

កិច្ចព្រមព្រៀងនេះ ​នឹងផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏សំខាន់ដល់អ៊ីរ៉ង់ រួមទាំងការដកការបិទខ្ទប់​ផ្លូវ​ទឹក​លើ​កំពង់​ផែអ៊ី​រ៉ង់​ជា​បន្ទាន់ ការ​ចេញ​ការ​លើក​លែង​សម្រាប់​ការ​នាំ​ចេញ​ប្រេង​ឆៅ ការ​លែង​បង្កក​ទ្រព្យ​សម្បត្តិ និងផែ​ន​ការ​​បង្កើតមូលនិធិស្តារឡើងវិញតម្លៃ ៣០០ ពាន់លានដុល្លារ ដែល​ផ្តល់មូលនិធិដោយដៃគូតំបន់នៅក្នុងឈូងសមុទ្រ។ លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនរួមចំណែកក្នុងមូលនិធិនេះឡើយ។

យោងតាមមន្ត្រីជាន់ខ្ពស់ កិច្ចព្រមព្រៀងបទឈប់បាញ់នេះ រួមបញ្ចូលទាំងប្រទេសលីបង់ ដែលនឹងរារាំងអ៊ីស្រាអែល​ពីការធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសនោះ។ ជាការឆ្លើយតប អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យនាវាឆ្លងកាត់​ដោយមិនគិត​ថ្លៃ​សេវារយៈពេល ៦០ ថ្ងៃ តាមច្រកសមុទ្រ Hormuz និងយល់ព្រមរារាំងសម្ព័ន្ធមិត្តបរទេស​របស់ខ្លួន រួមទាំងក្រុម Hezbollah។

ទោះបីជាមេដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍រួមស្វាគមន៍​កិច្ចព្រ​ម​ព្រៀង​នេះ និង​បាន​ស្នើ​ឱ្យ​មាន​ការ​ចរចា​បន្ថែ​ម​​ទៀត អំពី​កម្ម​វិធី​មីស៊ីល​បាលី​ស្ទីក​ក៏​ដោយ ក៏​សំណើ​នេះ​ប្រាកដ​ជា​នឹង​ត្រូវ​បដិ​សេធ​ដោយ​អ៊ីរ៉ង់ ព្រោះ​ទីក្រុង​តេអេ​រ៉ង់​​ចង់​​ចរចា​ផ្តាច់​មុខ​ជាមួយ​សហរដ្ឋ​អាមេ​រិក​ប៉ុណ្ណោះ។

លោក ត្រាំ ក៏បានបង្ហាញពីជំហរផ្សះផ្សាផងដែរ ចំពោះការប្រគល់ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​បង្កក​ត្រឡប់​ទៅ​ឱ្យ​អ៊ីរ៉ង់​វិញ ដោយ​លោក​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា៖ «វា​មិន​មែន​ជា​លុយ​របស់​យើង​ទេ វា​ជា​លុយ​របស់​ពួក​គេ… ប្រសិន​បើ​យើ​ង​មិន​ប្រគល់​វា​វិញ គ្មាន​នរណា​ម្នាក់​នឹង​វិនិ​យោគ​លើ​ប្រាក់​ដុល្លារ​ទៀត​ឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ