វិភាគ៖ តើពេល​ណា​ទើប​កាត់​ឫស​គល់​អំពើ​ពុក​រលួយ​កំពុង​​យាយី​​ផលិត​​ផល​​ក្នុង​ស្រុក?

សន្តិ​សុខ​សេដ្ឋ​កិច្ច និង​សុខុមាល​ភាព​សង្គម​របស់​កម្ពុជា​ កំពុង​​ស្ថិ​ត​ក្នុង​ហានិ​ភ័យ​ខ្ពស់ ដោយ​សារ​តែ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ផលិត​ផល​ខុស​ច្បាប់ និង​គ្មាន​គុណ​ភាព​ពី​បរទេស ជា​ពិសេស​ពី​បណ្តា​ប្រទេស​ជិត​ខាង​ ដូច​ជា​​វៀត​ណាម និង​​ថៃ ដែល​បញ្ហា​នេះ បាន​ក្លាយ​ជា​ដំបៅ​មហា​រីក​បំផ្លាញ​សហ​គ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ស្រុក។

ទោះបីជាថ្នាក់​ដឹក​នាំ​កំពូល គឺលោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​ តែង​តែ​ចេញ​​មុខ​ថ្លែង​សារ​ព្រមាន ឬ​អំពាវ​នាវ​ជា​ញឹក​ញាប់​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក៏​ដោយ ប៉ុន្តែ​សកម្ម​ភាព​ទាំង​នោះ​ត្រូវ​បាន​គេ​​មើល​​ឃើញ​ថា បាន​តែ​ស្រែក​តាម​ទម្លាប់​នយោ​បាយ ប៉ុន្តែ​ខ្វះ​ខាត​ការ​ចាត់​វិធាន​ការ​ជាក់​ស្តែង និង​ម៉ឺង​ម៉ាត់​ក្នុង​ការ​​លុប​​បំបាត់​ឫស​គល់​នៃ​បញ្ហា។

ការ​គ្រប់​គ្រង​ច្រក​ព្រំដែន និង​ការ​ត្រួត​ពិនិត្យ​ទំនិញ​នៅ​លើ​ទីផ្សារ រួម​ទាំង​តាម​បណ្តា​ផ្សារ​ទំនើប​ខ្នាត​តូច និង​មធ្យម នៅ​តែមា​ន​ចន្លោះ​ប្រហោង​​ធំធេង ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​បរា​ជ័យ​ជាប្រ​ព័ន្ធ​នៃ​យន្ត​ការ​រដ្ឋ​បាល។

មូលហេតុចម្បងដែលធ្វើឱ្យទំនិញគេចពន្ធ និងទំនិញខូចគុណភាពនៅ​តែអា​ច​ចរា​ចរណ៍​យ៉ាង​អនា​ធិប​តេយ្យ គឺ​ដោយ​​សារ​តែ​ការ​អនុវ​ត្ត​ច្បាប់​ដ៏​ទន់​ជ្រាយ និង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ក្នុង​ចំណោម​មន្ត្រី​គយ និង​អាជ្ញាធរ​ត្រួត​ពិនិត្យ​​គុណ​ភាព​ចំណី​អាហារ និង​ផលិត​ផល​កសិ​កម្ម។

ផ្អែកលើទិន្នន័យជាក់ស្តែង របាយការណ៍ស៊ើបអង្កេតរបស់អង្គការតម្លាភាពអន្តរជាតិ ស្តីពី​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​​ពុក​រលួ​យ​ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ​បំផុត​​មួយ​​ក្នុង​តំបន់​អាស៊ាន ដែល​ចំណុច​នេះ ជះ​ឥទ្ធិ​ពល​ផ្ទាល់​ដល់​ប្រព័ន្ធ​គ្រប់​គ្រង​ព្រំ​ដែន។

លើសពីនេះ របាយការណ៍ឃ្លាំមើលរបស់សហភាពសហគមន៍កសិកម្ម​កម្ពុជា កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​ ២០២៥ បាន​រក​ឃើញ​​ថា បន្លែ និង​សាច់​សត្វ​ដែល​ផ្ទុក​សារ​ធាតុ​គីមី​ហាម​ឃាត់ និង​គ្មាន​លិខិត​អនុ​ញ្ញាត​ ត្រូវ​បាន​នាំចូល​តាម​ច្រក​របៀង និង​ច្រក​ទ្វារ​អន្តរ​ជាតិ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​​តែ​ការ​បើក​ដៃ​ពី​មន្ត្រី​គយ​ និង​មន្ត្រី​ជំនាញ​ការ​ពារ​អ្នក​ប្រើ​ប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ដែល​ហៅកាត់​ថា ក.ប.ប. កាល​ណាបើ​មាន​ការ​សូក​ប៉ាន់​ជា​ប្រចាំ​ខែ​ពីសំ​ណាក់​ក្រុម​ឈ្មួញ​ខ្នាត​ធំ។

បន្ថែមលើនេះ តាមទិន្នន័យស្តីពីសុវត្ថិភាពចំណីអាហារសកលដែលចេញផ្សាយក្នុងខែមករា ឆ្នាំ​២០២៦ បាន​កត់​សម្គាល់​​ថា ជាង៦០ភាគរយនៃផលិតផលកសិកម្មនាំចូល​ដែលចរាចរណ៍នៅលើទីផ្សារកម្ពុជា មិនបាន​ឆ្លងកាត់ការធ្វើ​តេស្តមន្ទីរពិសោធន៍ត្រឹមត្រូវនោះទេ ដែលនេះ ជាការគំរាមកំហែងផ្ទាល់ដល់សុខភាពសាធារណៈ។

ស្ថានភាពនេះ បានបង្កើតឱ្យមានវប្បធម៌រដ្ឋបាលដ៏អសកម្មមួយ គឺវប្បធម៌នឿយណាយ និងចាំតែបទបញ្ជាពីថ្នាក់​លើ។ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ចាប់តាំងពីគណៈកម្មាធិការត្រួតពិនិត្យផលិតផលខុសច្បាប់ ថ្នាក់​​ដឹក​​នាំ​ខេត្តជាប់ព្រំដែន រហូតដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម ហាក់បីដូចជាមានទម្លាប់​ដេកលក់ក្នុងតួនាទី​ភារកិច្ចរបស់ខ្លួន ដោយចាំទាល់តែលោក ហ៊ុន សែន ឬលោក ហ៊ុន ម៉ាណែត ស្រែក​ក្តៅក្រហាយ ឬបញ្ជាផ្ទាល់មាត់​ទើបនាំគ្នាចុះធ្វើការបង្ក្រាបតាមបែបវែកចានឆ្នាំងមួយគ្រាៗដើម្បីយកស្នាដៃ បន្ទាប់មកសកម្មភាពខុសច្បាប់​ទាំងនោះក៏ត្រឡប់មកសភាពដើមវិញ។

ការដឹកនាំរដ្ឋដែលពឹងផ្អែកតែលើបុគ្គលនិយម និងការស្រែកព្រមានតាមវេទិកាសាធារណៈរបស់មេដឹកនាំកំពូលៗ ដោយ​គ្មានការកែទម្រង់ស្ថាប័ន និងគ្មានការដាក់ទណ្ឌកម្មខាងរដ្ឋបាល ឬខាងព្រហ្មទណ្ឌលើមន្ត្រីពុករលួយ មិនអាច​ដោះស្រាយវិបត្តិសេដ្ឋកិច្ចសង្គមនេះបានឡើយ។

ការប្រកាសគោលនយោបាយលើកកម្ពស់ផលិតផលក្នុងស្រុករបស់រដ្ឋាភិបាល នឹង​ក្លាយ​ជា​គ្រាន់​តែ​ជា​ពាក្យ​​ស្លោក​​នយោ​​បាយ​​ឥត​ន័យ បើ​ដរាប​ណារ​ដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត មិន​អាច​ធានា​បាន​នូវ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​នៅ​លើ​ទីផ្សារ។

ចំណុចខ្វះខាតមួយទៀតដែលកំពុងបំផ្លាញសហគ្រិនខ្នាតតូច និងមធ្យម គឺ​កង្វះ​យន្ត​ការ​ត្រួត​ពិនិត្យ​ខ្សែ​ច្រវាក់​ចែក​​ចាយ​​នៅ​ក្នុង​បណ្តា​ផ្សារ​ទំនើប​ខ្នាត​តូច ឬ Mini Marts ដែល​កំពុង​រីក​​ដុះ​ដាល​ដូច​ផ្សិត​​នៅ​តាម​ទី​ប្រជុំ​ជន។

ផ្សារ​ទំនើបទាំងនេះ ភាគច្រើនក្លាយជាកន្លែងលក់ទំនិញនាំចូលផ្តាច់មុខពីបរទេស ដោយសារតែក្រុមហ៊ុននាំចូល​មានទុនធំ និងមានលទ្ធភាពបង់ថ្លៃដាក់តាំងទំនិញខ្ពស់ ចំណែកឯផលិតផលក្នុងស្រុករបស់សហគ្រិនខ្មែរ ជួបការលំបាក​យ៉ាងខ្លាំងក្នុងការស្វែងរកកន្លែងដាក់លក់ ដោយសារខ្វះខាតការគាំទ្រ និងការសម្របសម្រួលផ្នែកគោលនយោបាយ​ពីរដ្ឋ។

ដើម្បីដោះស្រាយវិបត្តិរ៉ាំរ៉ៃនេះ របៀបនៃការគ្រប់គ្រងរដ្ឋត្រូវតែផ្លាស់ប្តូរ ដោយបែងចែកតួនាទី និងខិតខំប្រឹងប្រែងពង្រឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិឱ្យបានច្បាស់លាស់ ដោយមិនត្រូវដេកចាំបទបញ្ជាពីថ្នាក់ដឹក​នាំ​កំពូល​ឡើយ។

ចំណុចដំបូងបំផុត គឺរដ្ឋាភិបាលត្រូវបង្កើត និងអនុវត្តប្រព័ន្ធគណនេយ្យភាពចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីច្រកព្រំដែន ដោយកំណត់ថា បើមានទំនិញគេចពន្ធ ឬសាច់សត្វខូចគុណភាពបន្តហូរចូលតាមច្រកណា មេគយ និងអភិបាលខេត្តនៃដែនដីនោះ ត្រូវតែទទួលទណ្ឌកម្មវិន័យរដ្ឋបាល ព្យួរការងារ ឬដកតំណែងភ្លាមៗ ដោយ​មិនបាច់ធ្វើការអប់រំឡើយ។

ទន្ទឹមនេះ អគ្គនាយកដ្ឋាន គ.ប.ប. និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវតែធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យ ដោយ​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការតាមដានទំនិញចាប់ពីច្រកព្រំដែនរហូតដល់ឃ្លាំងស្តុក និងត្រូវបង្កើតឱ្យមាន​មន្ទីរពិសោធន៍ចល័តនៅតាមច្រកទ្វារព្រំដែនសំខាន់ៗ ដើម្បីធ្វើតេស្តរកសារធាតុគីមីលើកសិផល​​ភ្លាមៗ​មុននឹង​​​អនុ​ញ្ញាត​ឱ្យ​ចូល​ស្រុក។

ដំណោះស្រាយបន្តមកទៀត គឺក្រសួងពាណិជ្ជកម្មត្រូវចេញលិខិតបទដ្ឋានគតិយុត្តបង្ខំឱ្យបណ្តាផ្សារទំនើប និង Mini Marts ទាំងអស់នៅក្នុងប្រទេស កំណត់កូតាដាច់ខាតក្នុងការដាក់តាំងលក់ផលិតផលក្នុងស្រុកយ៉ាងហោចណាស់ ៣០ ភាគរយនៃទំនិញសរុប ដោយផ្តល់អាទិភាពដល់សហគ្រាសធុនតូច និងមធ្យមដែលទទួលបានការបញ្ជាក់ស្តង់​ដារ​​គុណភាព។

ដើម្បីជួយដល់សហគ្រិនក្នុងស្រុក ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបង្កើតមូលនិធិគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដើម្បីជួយសហគ្រិនខ្នាតតូចក្នុងការកែលម្អការវេចខ្ចប់ ពង្រឹងអនាម័យ និងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារអន្តរជាតិ។

រដ្ឋក៏ត្រូវរៀបចំឱ្យមានទីផ្សារបោះដុំកសិផល និងផលិតផលកែច្នៃក្នុងស្រុកនៅតាមបណ្តា​ខេត្ត​គន្លឹះៗ ដើម្បីកាត់​បន្ថយ​ការពឹងផ្អែកលើឈ្មួញកណ្តាល និងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលរឹងមាំ និងមានតម្លៃប្រកួតប្រជែង។

ការធ្វើបែបនេះ មិនត្រឹមតែជួយសង្គ្រោះសហគ្រិនក្នុងស្រុក និងការពារសុខភាពប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ការ​ស្តារ​ឡើង​វិញ​នូវ​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​រដ្ឋបាល និងច្បាប់របស់ជាតិផងដែរ។

នៅពេលដែលកម្ពុជាអាចពង្រឹងសមត្ថភាពផលិត និងកែច្នៃទំនិញបានដោយខ្លួនឯង វានឹងបង្កើតឱកាសការ​ងារ​រាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេស និងរក្សាលំហូរទុនវិនិយោគឱ្យនៅចរន្តក្នុងសេដ្ឋកិច្ចជាតិ។

ជាងនេះទៅទៀត ការកាត់បន្ថយរបាំងនាំចូលទំនិញខុសច្បាប់ និងការជំរុញឱ្យមានការប្រើ​ប្រាស់​ផលិត​​​ផល​​ខ្មែរ នឹង​​ក្លាយ​ជា​ខែល​ការ​ពារ​ដ៏​រឹង​មាំ​ក្នុង​ការ​កសាង​ឯករាជ្យ​ភាព​ សេដ្ឋ​​កិច្ច និង​ធានា​បាន​នូវ​សន្តិ​សុខ​ស្បៀង​​ពិ​ត​ប្រាកដ ដោយ​សារ​ប្រទេស​ជាតិ​មានលទ្ធ​ភាព​ផ្គត់​ផ្គង់ និង​គ្រប់​គ្រង​ប្រភព​ស្បៀង​អាហារ​ប្រកប​​ដោយ​​សុវត្ថិ​ភាព និង​ស្ថិរ​ភាព​​ខ្ពស់ ទោះ​​បី​​ជា​​ស្ថិត​ក្នុង​កាលៈ​ទេសៈ​នៃ​វិបត្តិ​សកល និង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​​ជិ​ត​ខាង​ក៏ដោយ៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ