មន្ត្រីគណបក្សប្រឆាំង លើកឡើងថា ការជំរុញឱ្យបង្ក្រាបទំនិញថៃរបស់លោកហ៊ុន សែន បើទោះបីទំនិញទាំងនោះត្រូវបានដឹកមកដល់ទីក្រុងភ្នំពេញហើយក្តី គឺជាការបង្វែរស្ថានការណ៍កុំឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍រឿងថៃកំពុងសម្រុកសាងសង់សំណង់រឹងលើដីខ្មែរដែលរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត គ្មានសមត្ថភាពទប់ស្តាត់។
នៅពេលចុះទៅតាមបណ្តាខេត្តជាប់ព្រំដែនមួយចំនួន កាលពីពេលថ្មីៗនេះ លោកហ៊ុន សែន បានទទួលស្គាល់ថា ថៃបានដាក់ទូរកុងតឺន័រ និងរាយបន្លាលួសរំលោភចូលទឹកដីកម្ពុជា ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។ លោកប្រមុខរដ្ឋស្តីទី បានប្រកាសគាំទ្ររដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ក្នុងការប្រើយន្តការចរចាទ្វេភាគី ដើម្បីដោះស្រាយវិវាទព្រំដែនគោកនេះ ប៉ុន្តែមិនបាននិយាយពីវិធានការណាមួយ ដើម្បីទប់ស្កាត់ភាពគឃ្លើនរបស់ថៃ ក្នុងការប្រើកម្លាំងរុលចូលឈ្លានពានទឹកដីខ្មែរជារៀងរាល់ថ្ងៃ និងការបន្តសម្រុកសាងសង់សំណង់រឹងផ្សេងៗនៅលើដីខ្មែរនោះទេ។
ប៉ុន្តែទាំងនៅក្នុងពេលចុះទៅជួបជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ខែមិថុនា និងនៅពេលចុះទៅពិនិត្យរោងចក្រផលិតសម្លៀកបំពាក់យោធានៅខេត្តបាត់ដំបង កាលពីថ្ងៃទី១១ខែមិថុនា លោកហ៊ុន សែន បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបន្តនាំចូលទំនិញពីប្រទេសថៃ ដោយចេញបញ្ជាឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេត រកមុខអ្នកដែលបន្តនាំចូលទំនិញថៃនេះ។
លោកថា៖ «ផ្តាំទៅ ឃួង ស្រេង ផ្តាំទៅអគ្គស្នងការនគរបាលជាតិ បើកការស៊ើបអង្កេតឱ្យអស់ អត់ឱ្យទំនិញថៃណាចូលមកក្នុងស្រុកខ្មែរ ពីព្រោះថៃគេថា យើងជាអ្នកទៅលួចទំនិញគេ អ៊ីចឹងអ្នកណាទៅលួចទំនិញអ្នកណា? ហើយការពិត បើនិយាយឱ្យត្រូវទៅ យើងយកទំនិញមកដល់ភ្នំពេញ ត្រូវចាត់ទុកដូចយើងទៅលួចគេចឹងដែរ។ អ៊ីចឹងទេបើហ្ហែងចឹងដែរ គឺថាអត់ទេ ខ្ញុំប្តូរផ្តាច់ បញ្ជាក់ពីទីក្រុងបាត់ដំបងទៅកាន់ទីក្រុងភ្នំពេញ និងគ្រប់ទីកន្លែង ឈប់ជាបន្ទាន់ ដកខ្លួនជាបន្ទាន់ ហើយរកមុខរបរផ្សេង កុំទៅដឹកអារបស់គេវេចខ្ចប់រួច អាហ្នឹងមិនដឹងថា គ្រោះថ្នាក់យ៉ាងម៉េចជាមួយសុខភាពពលរដ្ឋ»។
ជាមួយគ្នានេះ លោកហ៊ុន សែន បានចោទសួរថា តើទំនិញពេញៗឃ្លាំងនៅភ្នំពេញ ត្រូវនាំចូលតាមផ្លូវណា គឺត្រូវធ្វើការស៊ើបអង្កេតប្រមូលឱ្យអស់។
លោកថា៖ «វាម៉ោតាមណាប្រមូលឱ្យអស់ តាំងពីអាអ្នកបើកឡាន ហើយថៅកែៗ ទុកថៅកែខ្លះ ឱ្យខ្ញុំសួរចម្លើយផ្ទាល់ ដើម្បីខ្ញុំត្រឡប់ទៅភ្នំពេញវិញ ចង់ជួបពួកថៅកែហ្នឹងផ្ទាល់ ប៉ុន្តែជួបម្នាក់ម្តងៗ សួរនិយាយឱ្យត្រង់មកឱ្យលុយអាណាខ្លះ? ហើយធ្វើយ៉ាងម៉េចយកទំនិញថៃចូលមកស្រុកខ្មែរបាន? ហើយនៅប្រទេសថៃមានឈ្មោះអីខ្លះ? ដើម្បីយើងផ្សព្វផ្សាយឱ្យទៅប្រទេសថៃ ពីព្រោះប្រទេសថៃថា គេរកមុខពួកអាអ្នករត់ពន្ធហ្នឹងដែរ។ អ៊ីចឹងយើងចាប់អាអ្នករត់ពន្ធនៅស្រុកខ្មែរយើង ប្រកាសឈ្មោះអាហ្នឹងទៅឱ្យប្រទេសថៃគេស្រាវជ្រាវដែរ។ អ៊ីចឹងយើងអត់ត្រូវការទំនិញពីប្រទេសថៃទេ និយាយឱ្យត្រង់ចឹងតែម្តង ឱ្យវាច្បាស់ៗជាមួយគ្នា»។
ការចេញបញ្ជាផ្ទាល់មាត់របស់លោកហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភានេះ ហាក់លើសហួសពីសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានគយ បានបញ្ជាក់នៅពេលនោះថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជា មានដូចជាបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មានដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ និងប្រេងសាំងយន្តហោះតែប៉ុណ្ណោះ។ ដោយឡែកក្រៅពីមុខទំនិញទាំងនេះ មិនមែនជាកម្មវត្ថុហាមឃាត់ការនាំចូលទេ។
អគ្គនាយកដ្ឋានគយ ថែមទាំងបានបញ្ជាក់ទៀតថា អាជីវករ ពាណិជ្ជករនៅបន្តនាំចូលបានជាធម្មតា ដោយបំពេញបែបបទ និងនីតិវិធីកំណត់ដោយលិខិតបទដ្ឋានជាធរមាន។ ចំពោះតម្រាយផ្លូវនិងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ ពាណិជ្ជករ អាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការណ៍នានា លើកលែងតែច្រកព្រំដែនផ្លូវគោកកម្ពុជា ថៃដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ។
បទបញ្ជាផ្ទាល់មាត់របស់លោកហ៊ុន សែន ដែលមជ្ឈដ្ឋានមួយចំនួន ចាត់ទុកថាជាការជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឱ្យមានការចោទសួរថា តើទំនិញថៃគ្រប់ប្រភេទត្រូវបានបិទការនាំចូលទាំងស្រុងឬយ៉ាងណា?
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៨ខែមិថុនាថា មកទល់ពេលនេះ លោកមិនទាន់បានឃើញសេចក្តីណែនាំច្បាប់ជាលាយល័ក្ខណ៍អក្សរផ្លូវការណាមួយឲ្យច្បាស់ ថាតើការបិទការនាំចូលទំនិញពីប្រទេសថៃមកកម្ពុជា កំរិតត្រឹមតែបន្លែផ្លែឈើ? ឬបិទការនាំចូលទាំងស្រុង ទាំងតាមដែនគោក ដែនទឹក និងផ្លូវអាកាស? ឬបិទតែដែនគោកតែផ្លូវអាកាស និងផ្លូវទឹកនៅនាំចូលដដែល? ឬបិទតាមច្រកដែលបិទតែកន្លែងណាបើកនៅតែបើកដូចប្រក្រតី?។ មួយទៀត លោកចោទសួរថា តើការមិនប្រើទំនិញថៃវាជាពហិការដោយស្ម័គ្រចិត្ត ឬជាច្បាប់ដែលបានសម្រេចជាផ្លូវការហាមប្រាមមិនឲ្យទិញទំនិញថៃ?
អ្នកស្រាវជ្រាវនិងជាអ្នកវិភាគរូបនេះ បញ្ជាក់ថា ភាពមិនច្បាស់លាស់ដោយសារគ្រាន់តែមានប្រសាសន៍ឬការណែនាំផ្ទាល់មាត់ ហើយយកមកអនុវត្តភ្លាម អាចនឹងផ្តល់ការលំបាកច្រើនដល់អាជីវកររកស៊ីស្លូតត្រង់។
រហូតមកដល់ពេលនេះ មានឈ្មួញខ្មែរចំនួន ៤នាក់ ដែលរកស៊ីនាំចូលសាច់បង្កកពីថៃ ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោយសមត្ថកិច្ចរកឃើញសាច់បង្កកជាង ២០០តោននាំចូលពីប្រទេសថៃ។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sovina និងជាម្ចាស់ឃ្លាំងទំនិញ L192 កាលពីថ្ងៃទី១៨ ខែមិថុនា បានចេញមុខស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា ជួយរកយុត្តិធម៌ឲ្យខ្លួន បន្ទាប់ពីអភិបាលខណ្ឌព្រែកព្នៅ និងសមត្ថកិច្ចបានចុះឆែកឆេររកបទល្មើសឆបោកអនឡាញ និងទំនិញថៃខុសច្បាប់ក្នុងឃ្លាំងរបស់ខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា ដោយសារអាជ្ញាធរបានសម្លុត និងសួរនាំរកឯកសារគ្រប់បែបយ៉ាង ដោយប្រើពេលត្រួតពិនិត្យអូសបន្លាយរហូតដល់ម៉ោង១០យប់។
វីអូឌី មិនទាន់អាចទាក់ទង លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីស្នើសុំធ្វើការពន្យល់លើបញ្ហានេះបានទេនៅថ្ងៃទី១៩ខែមិថុនានេះ។
យ៉ាងណាក្តី អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានបញ្ជាក់នៅថ្ងៃទី១៦ ខែមិថុនាថា លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានប្តេជ្ញាលុបបំបាត់ឲ្យខាងតែបាននូវរាល់ទំនិញខុសច្បាប់ និងខូចគុណភាពដែលនាំចូលកម្ពុជា។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីនៅថ្ងៃទី១៩ខែមិថុនានេះថា ការដែលលោកហ៊ុន សែន និយាយពីវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់ការនាំចូលទំនិញពីថៃ គឺដោយសារតែគាត់មានចេតនាបង្វែរស្ថានការណ៍ កុំឱ្យប្រជាពលរដ្ឋខ្មែរផ្តោតការចាប់អារម្មរណ៍ ទៅលើការបន្តរុលចូលឈ្លានពានទឹកដី ការសម្រុកសាងសង់សំណង់រឹងនៅលើទឹកដីខ្មែរពីសំណាក់ភាគីថៃ ដែលលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គ្មានសមត្ថភាពទប់ស្កាត់។ លោកថា ការទប់ស្កាត់ទំនិញពីថៃគួរធ្វើឡើងនៅតាមច្រកព្រំដែន មិនមែនត្រូវមកឆែកឆេរនៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនោះទេ។
អ្នកជំនាញកិច្ចការព្រំដែនពីគណបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមួយចំនួន គាត់ចាប់អារម្មណ៍ពីការបង្វែរព្រឹត្តិការណ៍របស់លោកហ៊ុន សែន ពីថៃឈ្លានពានដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អសមត្ថភាពក្នុងការទប់ស្កាត់។
លោកថា៖ «អសមត្ថភាពរបស់ត្រកូលហ៊ុន ក្នុងការរារាំងការសាងសង់សំណង់រឹងរបស់ថៃ នៅលើទឹកដីខ្មែរយើង និងអសមត្ថភាពរបស់ត្រកូលហ៊ុន ក្នុងការទាមទារទឹកដីមកវិញ។ អ៊ីចឹងគាត់បង្វែរព្រឹត្តិការណ៍ឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍រឿងទំនិញថៃ។ ការពិតអាទំនិញថៃទប់ស្កាត់ការនាំចូលពីច្រកព្រំដែនមក វាចប់ហើយ។ ខ្ញុំយល់ថា អារឿងពហិការទំនិញថៃ ជារឿងមួយ ប៉ុន្តែសំខាន់ទឹកដី ទឹកដីសំខាន់ជាងនឹងឆ្ងាយណាស់ ក៏ប៉ុន្តែលោកហ៊ុន សែន គាត់គ្មានសមត្ថភាពក្នុងការទប់ស្កាត់ការឈ្លានពានរបស់ថៃ និងគ្មានសមត្ថភាពក្នុងការរារាំងការសាងសង់សំណង់រឹងរបស់ថៃ នៅលើទឹកដីខ្មែរ ហើយនឹងអសមត្ថភាពរបស់ត្រកូលហ៊ុន ក្នុងការទាមទារទឹកដីមកវិញ អ៊ីចឹងគាត់ធ្វើយ៉ាងម៉េចឱ្យប្រជាជនភ្លេចចាប់អារម្មណ៍រឿងទំនិញភ្លេចការទាមទារទឹកដីពីថៃមកវិញ»។
សម្រាប់លោកអ៊ុំ សំអានបើសិនជារដ្ឋាភិបាលលោកហ៊ុន ម៉ាណែតចង់ទប់ស្កាត់ការនាំចូលទំនិញពីថៃដែលខូចគុណភាពធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់នោះក៏ត្រូវពង្រឹងការត្រួតពិនិត្យទំនិញពីវៀតណាមផងដែរពីព្រោះទំនិញពីវៀតណាមជាទូទៅមានគុណអន់និងមានសារធាតុគីមីច្រើនជាងទំនិញដែលនាំចូលពីថៃទៅទៀត។
លោកថា៖ «ការធ្វើពហិការឬក៏ការទប់ស្កាត់ទំនិញរបស់ថៃ ធ្វើក៏ធ្វើទៅ ក៏ប៉ុន្តែមិនមែនជារឿងអាទិភាពនោះទេ។ រឿងអាទិភាពគឺការទំស្កាត់ការឈ្លានពានរបស់ថៃ ដែលរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវធ្វើទៅទប់ស្កាត់ការឈ្លានពាន ដើម្បីកុំឱ្យថៃរុលមកបន្ថែមទៀត ទប់ស្កាត់កុំឱ្យថៃសាងសង់សំណង់រឹងនៅលើដីរបស់ខ្មែរ ទប់ស្កាត់ធ្វើម៉េចកុំឱ្យថៃឈ្លានពានយកទឹកដីយើងបន្ថែមទៀត។ ហើយប្រញ៉ាប់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីទាមទារទឹកដីមកវិញ អាហ្នុងជារឿងសំខាន់ បែរជាលោកហ៊ុន សែន ទៅបង្វែរបញ្ហាព្រំដែនហ្នឹង ឱ្យទៅជារឿងកំប៉ិកកំប៉ុកទៅវិញ ហើយរឿងទំនិញចាត់ទុកជារឿងអាទិភាពទៅវិញ»។
សូមបញ្ជាក់ថា ចាប់តាំងពីក្រោយបទឈប់បាញ់លើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៩ខែមិថុនានេះ ទាហានថៃបានសម្រុកដាក់ទូរកុងតឺន័រ រាយបន្លាលួស វាទយកដីខ្មែរនិងឈរជើងកាន់កាប់ទឹកដីខ្មែររហូតដល់៦៧ទីតាំងហើយ។ បន្ទាប់ពីបានឈូសកម្ទេចផ្ទះប្រជាពលរដ្ឋខ្មែររាប់ពាន់ខ្នងនិងសំណង់អគារព្រមទាំងវត្តអារាមរបស់ខ្មែរ ដើម្បីកែប្រែទឹកដីខ្មែរទាំងនោះ ឱ្យក្លាយទៅជាទឹកដីរបស់ថៃ ក្នុងរយៈពេលកន្លះឆ្នាំមកនេះ ថៃបានសម្រុកសាងសង់សំណង់រឹងផ្សេងៗ ដូចជាធ្វើផ្លូវចាក់បេតុង ជីកលេណដ្ឋាន ធ្វើរបងព្រំដែនបេតុង សាងសង់ដងទង់ជាតិ និងសាងសង់ព្រះពុទ្ធបដិមាររាប់ស៊ឹបអង្គជាដើម។
ជាមួយគ្នានេះ គេពុំឃើញរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ប្រើកងកម្លាំងដើម្បីធ្វើការរារាំងថៃ កុំឱ្យសាងសង់សំណង់ទាំងនោះនៅលើដីខ្មែរនោះទេ ក្រៅតែពីចេញកំណត់ទូត និងលិខិតផ្សេងៗប្រមាណជាជិត១០០០លើក ថ្កោលទោសថៃ ចំពោះការប្រើកម្លាំងរំលោភខ្សែព្រំដែនអន្តរជាតិ កម្ពុជាថៃនិងថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត ចំពោះការកំណត់ព្រំដែនដោយប្រើកម្លាំងជាឯកត្តោភាគីពីសំណាក់ភាគីថៃ៕









