កិច្ចព្រមព្រៀងបណ្តោះអាសន្នរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ បានជួបប្រទះការរិះគន់ជាសាធារណៈយ៉ាងខ្លាំងពីសំណាក់សមាជិកបក្សសាធារណរដ្ឋដូចគ្នា ខណៈដែលច្បាប់ចម្លងនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានោះ ត្រូវបានចែកចាយនៅក្នុងសភាកាលពីថ្ងៃទី១៨ខែមិថុនា។
ការរិះគន់នេះ គឺជាការស្តីបន្ទោសដ៏កម្រមួយពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋ ដែលភ័យខ្លាចថា ផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះអ៊ីរ៉ង់ នឹងធ្វើឱ្យខូចខាតដល់ឱកាសរបស់ពួកគេ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកា។ ខាងគណបក្សប្រជាធិបតេយ្យ ក៏បានរិះគន់កិច្ចព្រមព្រៀងនេះផងដែរ ខណៈដែលសមាជិកសភារំពឹងចង់បានសេចក្តីសង្ខេបបន្ថែមពីសេតវិមាន។
ការរិះគន់ខ្លាំងបំផុតមួយចំនួនលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) គឺពាក់ព័ន្ធនឹងរបាយការណ៍ដែលថា រដ្ឋបាលលោក ត្រាំ បានយល់ព្រមប្រគល់ឱ្យវិញនូវទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក អនុញ្ញាតឱ្យបង្កើតមូលនិធិទ្រព្យសម្បត្តិឯកជនចំនួន ៣០០ ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសអ៊ីរ៉ង់ និងបន្ធូរបន្ថយទណ្ឌកម្ម។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ លោក ប៊ីល ខាស៊ីឌី (Bill Cassidy) បានសរសេរនៅលើបណ្តាញ X ថា៖ «មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនត្រូវបានទប់ស្កាត់នោះទេ ហើយពួកគេបានរៀនសូត្រដឹងថា ការគំរាមកំហែងដល់ច្រកសមុទ្រ Hormuz គឺពិតជាមានប្រសិទ្ធភាព…។ នេះជាកំហុសឆ្គងគោលនយោបាយការបរទេសដ៏អាក្រក់បំផុត ក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ»។
ចំណែក លោក រ៉ូជើ វិកឃើ (Roger Wicker) ប្រធានគណៈកម្មាធិការសេវាកងទ័ពនៃព្រឹទ្ធសភា បានបារម្ភថាកិច្ចព្រមព្រៀងនេះកំពុង «ចរចាបោះបង់ចោល» ជោគជ័យខាងយោធារបស់អាមេរិក និងប្រឆាំងការលើកលែងទណ្ឌកម្មជាថ្នូរនឹងការចរចារយៈពេល ៦០ ថ្ងៃ។
លោក ត្រាំ បានវាយបកទៅលើអ្នករិះគន់នៅលើបណ្តាញសង្គមថា៖ «ពួកល្ងង់ខ្លៅទាំងនេះ ដែលគិតថាខ្ញុំមិនទាន់មានវិធានការតឹងរ៉ឹងគ្រប់គ្រាន់លើអ៊ីរ៉ង់ ក្នុងពេលដែលទីផ្សារភាគហ៊ុនទើបតែឡើងថ្លៃដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ហើយតម្លៃប្រេងកំពុង ‘ដាំក្បាលចុះ’ គឺពួកគេប្រហែលជាច្រណែន ជាមនុស្សមិនល្អ ឬក៏ល្ងង់»។
អ្នករិះគន់បានវែកញែកថា កិច្ចព្រមព្រៀងនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ៊ីរ៉ង់ ជាថ្នូរនឹងការផ្តល់ឱ្យសហរដ្ឋអាមេរិកនូវរឿងពីរដែលខ្លួនធ្លាប់មានពីមុនមក គឺច្រកសមុទ្រដែលបើកចំហ និងការសន្យាមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។
លោក បេន សាប៉ីរ៉ូ (Ben Shapiro) អ្នកវិភាគអភិរក្សនិយម បានរិះគន់ MOU នេះថាជា «មហន្តរាយ» ដោយទម្លាក់កំហុសលើអនុប្រធានាធិបតី លោក ជេឌី វ៉ាន។ ចំណែកលោក ម៉ាក ឡេវីន (Mark Levin) បានរិះគន់សមាជិកព្រឹទ្ធសភា លោក រ៉ូជើ ម៉ាសាល់ ចំពោះការស្នើថា គួរទុកឱ្យអ៊ីរ៉ង់រក្សាមីស៊ីលបាលីស្ទីក ដោយលោកឡេវីន ហៅការមិនដាក់បញ្ចូលមីស៊ីលក្នុងកិច្ចព្រមព្រៀងថាជា «រឿងគួរឱ្យខឹងសម្បារ»។
ទោះជាយ៉ាងណា សមាជិកគណបក្សសាធារណរដ្ឋជាច្រើនបានសរសើរលើកិច្ចព្រមព្រៀងនេះ ដោយលោក ម៉ាសាល់ បានសរសើរលោក ត្រាំ ចំពោះការជ្រើសរើស «ផ្លូវទៅកាន់សន្តិភាពយូរអង្វែង មិនមែនសង្គ្រាមដែលមិនចេះចប់មិនចេះហើយមួយទៀតនោះទេ»។
នៅក្រោមច្បាប់ឆ្នាំ២០១៥ (INARA) រាល់កិច្ចព្រមព្រៀងណាដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបន្ធូរបន្ថយទណ្ឌកម្ម ត្រូវតែឆ្លងកាត់ការពិនិត្យឡើងវិញពីសភា។ សមាជិកសភាជាច្រើនរូប រួមទាំងលោក លីនសេ ហ្គ្រេហាម (Lindsey Graham) បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវតែបញ្ជូនទៅឱ្យសភាពិនិត្យមើលឡើងវិញជាដាច់ខាត៕









