បើយើងធ្វើដំណើរពីទីរួមខេត្តឧត្តរមានជ័យ ឆ្លងកាត់ស្រុកស្វាយចេក ឆ្ពោះទៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្បែរព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់តែសម្បូរមនុស្សរស់នៅអ៊ូអរ មានឡានដឹកទំនិញចរាចរណ៍ពីព្រំដែនកម្ពុជា-ថៃ ដែលជាកន្លែងមនោរម្យសម្រាប់ពលរដ្ឋខ្មែរប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ក៏ប៉ុន្តែនៅរយៈពេលជាងកន្លះឆ្នាំចុងក្រោយនេះ តំបន់នោះបែរជាស្ងប់ស្ងាត់ខ្លាំង ក្រោយពីផ្ទុះអាវុធសៀមឈ្លានពានកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ ២០២៥ មកទល់ពេលនេះ។
រីឯផ្ទះពលរដ្ឋខ្មែរខ្លះទុកចោលគ្មានមនុស្សរស់នៅ ផ្ទះខ្លះខូចខាត និងផ្ទះខ្លះទៀតមានមនុស្សចាស់ជរារស់នៅចាំផ្ទះ ដោយគ្មានអាហារហូបចុកគ្រប់គ្រាន់ ហើយផ្លូវធ្វើដំណើរ ស្ទើរតែគ្មានអ្នកដំណើរឆ្លងកាត់។ រីឯពលរដ្ឋខ្លះទៀតមិនទាន់ហ៊ានវិលទៅរស់នៅភូមិកំណើតរបស់ខ្លួននោះឡើយ ដោយដេករង់ចាំក្នុងជំរំភៀសសឹក និងផ្ទះសាច់ញាតិបងប្អូននៅខេត្តឆ្ងាយៗ ។
ចំណែកឯការសិក្សារបស់កុមាររស់នៅតាមតំបន់ព្រំដែនឯណោះវិញ ពួកគេមករៀនមិនទៀងទាត់ ហើយកុមារខ្លះបោះបង់ការសិក្សាដោយសារជីវភាពខ្វះខាត។
នេះបើតាមការសិក្សាស្រាវជ្រាវក្រុមយុវជន ដែលចុះទស្សនកិច្ចសិក្សានៅតំបន់នោះ និងការចុះស្រាវជ្រាវរបស់វីអូឌី(VOD)។
បញ្ញវន្តសង្ឃដែលនិមន្តទស្សនកិច្ចសិក្សានៅតំបន់ព្រំដែន គឺព្រះតេជគុណ អួន គង់ មានថេរដីកាថា ដំណើរទស្សនកិច្ចនេះ ដើម្បីផ្ដល់ភាពកក់ក្ដៅ នៃការយកចិត្តទុកដាក់ ចង់ដឹងពីសុខទុក្ខរបស់ពលរដ្ឋខ្មែរ ជាពិសេសសិស្សានុសិស្សនៅទីនេះ។
ព្រះតេជគុណ អួន គង់ មានថេរដីកាថា៖ «ទីមួយគឺសិក្សាអំពីសុខទុក្ខប្រជាពលរដ្ឋ! ទីពីរផ្ដល់ភាពកក់ក្តៅដល់ក្មេងៗដែលកំពុងសិក្សារៀនសូត្រនៅទីនេះ។ ទីបីគឺបានឆ្លុះបញ្ចាំងអំពី អំពី រឿងរ៉ាវដែលបានកើតឡើងនៅក្នុងព្រំដែនយើងហ្នឹងតែម្តង ព្រោះបន្ទាប់ពីកម្មវិធីនេះទៅ យើងនឹងចុះកម្មសិក្សាឆ្លុះបញ្ចាំងអំពីបុរាណដ្ឋាន ប្រាសាទដែលជាប់ព្រំដែនថៃ»។
យុវជនចុះទស្សនកិច្ចសិក្សា គឺលោក ស៊ា ស៊ីណុង សង្កេតឃើញថា ពលរដ្ឋរស់នៅតំបន់ព្រំដែនរកប្រាក់ចំណូលមិនបាន និងមិនអាចដើរហើរដូចមុន ធ្វើឱ្យពួកគាត់ជួបការលំបាកខ្លាំងផ្នែកសេដ្ឋកិច្ច។ លោកថា ជំងឺភ័យខ្លាចនេះ កំពុងលងបន្លាចសតិអារម្មណ៍ពលរដ្ឋខ្មែរ បង្កើតឱ្យមានវិបត្តិសង្គមមួយដែលរដ្ឋគួរតែដោះស្រាយជាអាទិភាព។
លោក ស៊ា ស៊ីណុង និយាយថា៖ «យើងគួរតែមានវិធានការណាមួយ ចែករំលែក ឬក៏ចែករំលែក ក្នុងនាមខ្មែរកំពុងតែរងទុក្ខវេទនាបាទ។ ហើយនេះ គឺតាមក្រវាត់ព្រំដែននេះ យើងធ្វើដំណើរមក មុននឹងមកដល់ទីតាំងដែលសាលាបឋមសិក្សានេះ គឺយើងឃើញថា ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួនមានការខ្ទេច មានការខ្ទី មានការ…»។
កាលពីចុងខែឧសភា ឆ្នាំ២០២៦ និស្សិត បញ្ញវន្តសង្ឃ និងក្រុមយុវជនជាង ៦០ នាក់ បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពព្រំដែន ជីវភាពប្រជាជន និងការសិក្សារបស់កុមារ ក្រោយពីផ្ទុះអាវុធជាមួយយោធាសៀមកាលពីខែធ្នូ ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ ក្រុមយុវជនបានចែករំលែកជំនួយសប្បុរសធម៌ ដល់កុមារជាង ១០០ នាក់ និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាបឹងតាស្រី ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពលរដ្ឋរស់នៅកៀកព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកថ្មពួក គឺអ្នកស្រី ឈុំ ម៉ាលី ប្រាប់វីអូឌីនៅថ្ងៃទី១៩ ខែឧសភាថា អ្នកភូមិកក់ក្តៅពេលឃើញយុវជនចុះមកសួរសុខទុក្ខ ក្នុងកាលៈទេសៈដែលពលរដ្ឋរស់នៅក្នុងស្មារតីភ័យខ្លាច។ អ្នកស្រីថា បច្ចុប្បន្នអ្នកភូមិរងទុក្ខលំបាកច្រើន មិនអាចប្រកបរបរចិញ្ចឹមជីវិតបានទូលំទូលាយទេ។
អ្នកស្រីថា៖ «ប៉ះពាល់ខាងសេដ្ឋកិច្ច រកស៊ី… រកស៊ី កាលណា រកអីចំណូលចូលមិនបាន ព្រោះដេកតែភ័យតែខ្លាច»។
អ្នកភូមិម្នាក់ទៀត អ្នកស្រី ខៀវ ឃិត ទទួលបន្ទុកចិញ្ចឹមចៅ ៤នាក់ ឱ្យដឹងថា អ្នកស្រីមិនអាចរត់ចោល ផ្ទះសម្បែង សត្វចិញ្ចឹម និងភូមិកំណើតបានទេ បើទោះបីជាមានការគំរាមកំហែងដោយប្រដាប់អាវុធ ដោយយោធាសៀម។
អ្នកស្រីថា៖ «តែរកស៊ីទៅណាក៏មិនរួច នៅក្រុងតែចៅ ហើយម្យ៉ាងសប្បាយថាគេចាត់គេអីទៀត មកអង្គុយសំកុកចាំចៅទាល់តែចេញបានទៅផ្ទះ»។
បញ្ញវន្តសង្ឃនិមន្តមកពីខេត្តបាត់ដំបង ដឹកនាំកម្មវិធីចែកសម្ភារៈសិក្សាដល់កុមារ គឺព្រះតេជគុណ ហ៊ង វីង។ ព្រះអង្គអំពាវនាវឱ្យពលរដ្ឋគ្រប់តំបន់ កុំភ្លេចស្រុកកំណើត ហើយត្រូវតាមដានពីវិបត្តិសង្គមនៅតំបន់ព្រំដែន ដែលពលរដ្ឋខ្មែរកំពុងរងទុក្ខវេទនា ផ្នែកជីវភាព និងបញ្ហាផ្លូវចិត្ត។
ព្រះតេជគុណ ហ៊ង វីង មានថេរដីកាថា៖ «សូមឲ្យរៀមច្បងក៏ដូចជា ពុទ្ធបរិស័ទ បងៗទាំងអស់ សូមឲ្យយើងកុំភ្លេចពីស្រុកកំណើត ស្រុកភូមិរបស់ខ្លួនឯង ឬក៏ឲ្យនឹកឃើញទៅដល់ទីដាច់ស្រយាល ដើម្បីឲ្យប្រជាជនរបស់យើង ពោរពេញទៅដោយការ ទទួលបានការអប់រំផងដែរពរ»។
ស្រដៀងគ្នានេះដែរ មេភូមិបឹងតាស្រី លោក ម៉ៅ ឈុននី មានប្រសាសន៍ថា ការឈ្លានពានរបស់សៀម កាលពីចុងឆ្នាំ២០២៥ បានបាញ់រះលើពលរដ្ឋខ្មែរស្លូតត្រង់ ធ្វើឱ្យពលរដ្ឋទាំងអស់រត់ចោលផ្ទះសម្បែង ចោលសត្វចិញ្ចឹម និងទ្រព្យសម្បត្តិ ទុកដីស្រែចម្ការទំនេរចោល។ លោកថា កុមារភាគច្រើនរៀនសូត្រមិនដិតដល់ ដោយត្រូវជម្លៀសចេញពីភូមិ។
លោក ម៉ៅ ឈុននី ថ្លែងថា៖ «ប្រជាពលរដ្ឋ គឺគាត់ភ័យខ្លាចដោយសារការឈ្លានពានរបស់សៀម បានបាញ់បាទ បាញ់រះមកដល់ប្រជាពលរដ្ឋស្រស់ៗ ដែលធ្វើឲ្យគាត់ខ្លាច ហើយរហូតដល់រត់ចោលផ្ទះសម្បែង គ្មាន គ្មាននៅទេបាទ»។
ជុំវិញរឿងនេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរជាអាទិភាព ផ្ដល់ជំនួយមនុស្សធម៌ និងជួសជុលផ្ទះខូចខាតដោយសារផ្ទុះអាវុធ។
លោក អ៊ុំ សំអាន ថ្លែងថា៖ «រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងប្ដឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ៩១ ទើបសង្ឃឹមថាបានទឹកដីបានមកវិញ បើមិនចឹងទេគឺប្រជាពលរដ្ឋដែលជាជន ភៀសខ្លួនហ្នឹងនឹងមិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់គាត់នោះទេ ហើយថៃនឹងយកដីហ្នឹងទៅគ្រប់គ្រងជាអចិន្ត្រៃយ៍ហើយ»។
ចំណែក ប្រធានក្រុមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត កោតសរសើរយុវជនយកចិត្តទុកដាក់ចុះសួរសុខទុក្ខពលរដ្ឋតាមព្រំដែន និងស្ថានភាពសិក្សារបស់កុមារដែលកំពុងរងគ្រោះ។ លោកជំរុញឱ្យរដ្ឋាភិបាលពន្លឿនជួយពលរដ្ឋឱ្យចំគោលដៅ ចៀសវាងផ្ដល់ជំនួយប្រកាន់បក្ខពួក និងរើសអើងនិន្នាការ។
លោក ម៉ែន ណាត ថ្លែងថា៖ «ព្យាយាមនាំគ្នាបំបិទសាច់រឿងហ្នឹង មិនឲ្យមហាជនដឹង ហើយកាលណាសង្គមមួយវាបិទជិតព័ត៌មាន បិទព័ត៌មានជិតរឿងពិតមិនផ្សាយហ្នឹង វាធ្វើឲ្យសត្រូវឈ្លានពានហ្នឹងកាន់តែមានឱកាស ក្រអឺតក្រទមបំពានកាន់តែខ្លាំង ហើយអាចមានឱកាសទៅភូតភរអន្តរជាតិហ្នឹង សមតាមបំណងទៀត។ ខ្ញុំសម្រាប់ប្អូនៗយុវជន ព្យាយាមនិយាយពីរឿងសង្គម រឿងអយុត្តិធម៌ហ្នឹងឲ្យបានច្រើនទៅ»។
កន្លងទៅ ក្រសួងការបរទេសកម្ពុជា ទទួលស្គាល់ថា យោធាថៃបានចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្ដែងក្នុងទឹកដីកម្ពុជា ក្នុងខេត្តចំនួន ៤ រួមមានខេត្តបន្ទាយមានជ័យ មានភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន។ ខេត្តពោធិ៍សាត់ មានតំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)។ ខេត្តព្រះវិហារ មានតំបន់អានសេះ តំបន់តាថាវ និងតំបន់ភ្នំទ្រព្យ។ ចំណែកខេត្តឧត្តរមានជ័យ មានតំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គញ និងតំបន់ចូកគ្រួស។
ក្រុមយុវជន ទទូចឱ្យរដ្ឋាភិបាលរកមធ្យោបាយដោះស្រាយជម្លោះប្រដាប់អាវុធឱ្យបានឆាប់ ដោយត្រូវប្ដឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ជាផ្នែកមួយជួយការពារពីសុវត្ថិភាពប្រជាជន និងកាត់បន្ថយភាពភ័យខ្លាចរបស់ពលរដ្ឋ៕









