មហិច្ឆតា​ក្រាញ​អំណាច​តពូជ​ត្រូវ​គេ​ជឿ​ថា​ធ្វើ​ឱ្យ​វៀត​ណាម​និង​ថៃ​សម្រេច​ផែន​ការ​លេប​ទឹក​ដី​ខ្មែរ

ការ​ដែល​វៀត​ណាម និង​ថៃ សម្រេច​មហិច្ឆតា​​លេប​ទឹក​ដី​ខ្មែរ​បាន​ជោគ​ជ័យ​នា​ទសវត្សរ៍​ចុង​ក្រោយ ត្រូវ​គេ​មើល​ឃើញ​ថា​​ ម​​ក​ពីមេ​ដឹក​នាំ​ខ្មែរ​លោភ​លន់​អំណាច​ហួស​ហេតុ កម្ចាត់​តែ​ខ្មែរ​គ្នា​ឯង ដើម្បី​តែ​ចង់​ក្រាញ​អំ​ណាច​​ត​ពូជ ​​មិន​ឱ្យត​ម្លៃ​លើ​ការ​ផ្សះ​ផ្សា​ជាតិ ដែល​ជា​ដើម​ហេតុ​ជាប់​អន្ទាក់​ប្រទេស​ឈ្លាន​ពាន​។

បញ្ហា​នេះ ធ្វើឱ្យ​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​៤៧​ឆ្នាំ ក្រោយ​វៀត​ណាម​លើក​បន្តុប គឺ​លោក ហ៊ុន សែន ត្រូវ​បាន​ក្រុម​អ្នក​​រិះ​គន់​ចោទ​ថា បាន​កាត់​ដី​ខ្មែរ​ទាំង​ព្រំដែន​គោក​និង​សមុទ្រ​មួយ​ផ្នែក​ឱ្យ​ទៅ​វៀត​ណាម តាម​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់ ឆ្នាំ​១៩៨២ -៨៣ និង​៨៥ រំលោភ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​២៣​តុលា ជា​ថ្នូរ​សង​គុណ ដែល​កិច្ច​ព្រម​ព្រៀង​ប៉ារីស​តម្រូវ​ឱ្យ​មោឃ​ភាព​ចោល។

រីឯ​លោក ហ៊ុន ម៉ាណែត វិញ កាន់អំណាចជិត៣ឆ្នាំមកនេះ តាមការរៀបចំរបស់​ឳពុក ក៏​រង​ការ​រិះ​គន់​ដែរ​ពី​​អសមត្ថ​​ភាព​ការ​ពារ​ទឹក​ដី ​ធ្វើ​ឱ្យ​ថៃ​លើក​ទ័ព​មក​ឈ្លាន​ពាន​ដណ្តើម​កាន់​កាន់​ទឹក​ដី​ខ្មែរ​ជាង​៧០​កន្លែងតាម​ចិត្ត ក្រោយ​មាន​បទ​ឈប់​បាញ់ ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ពោល​គឺ​ជាង​កន្លះ​ឆ្នាំ​មក​នេះ។

តំណាងរាស្ត្រពីគណបក្សប្រឆាំង ដែលមានជំនាញកិច្ចការ​ព្រំដែ​ន លោក អ៊ុំ សំអាន បាន​និយាយ​នៅ​ថ្ងៃ​ទី​១៨​ខែ​មិថុនា ដោយ​ចោទ​ប្រកាន់​ចំៗ​ថា សម័យ​លោក ហ៊ុន សែន ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​វៀត​ណាម រីឯ​សម័យ​លោក ហ៊ុន ម៉ាណែត ដឹក​នាំ​ប្រទេស ធ្វើ​ឱ្យ​បាត់បង់​ទឹក​ដី​ទៅ​ថៃ។

ការដែលលោក ហ៊ុន ​សែន ធ្វើ​ឱ្យ​បាត់​បង់​ដី​ខ្មែរ​ទៅ​ប្រទេស​វៀត​ណាម លោក​សំអាង​ថា បង្គោល​ព្រំដែន​លេខ​២២៩ បាន​បោះ​ចូល​ដី​លំនៅ​ឋាន​ប្រជាពលរដ្ឋខ្មែរស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកថា ការបោះបង្គោលព្រំដែននេះ ធ្វើឱ្យបាត់ព្រែក​កំពង់ស្នាយ ដែល​​បន្សល់​​តាំង​​​ពី​​សម័យ​​បារាំង និង​​ស្ដារ​​ឡើ​ង​​វិញ​នៅ​​សម័យ​​ខ្មែរ​​ក្រហម​ ដែល​បាន​​បាត់​បង់​​​ទៅ​​វៀតណា​ម​​គ្រប់​គ្រង ក្រោយ​​បោះ​​បង្គោល​​ព្រំដែន​ កាល​​​ពី​​​ឆ្នាំ​​២០១៧។

សម្រាប់លោក អ៊ុំ សំអាន ព្រែក​​មួយ​​ខ្សែ​​នេះ មាន​​ប្រវែង​​ទទឹង​​ចន្លោះ​​ជាង ២០​​ម៉ែត្រ ដល់​​ជាង ៤០​ម៉ែត្រ​ បណ្តោយ​​ជាង ១០០​គីឡូ​​ម៉ែត្រ ឋិត​​ក្នុង​​ខេត្ត​​ព្រៃវែង និង​ខេត្ត​ស្វាយរៀង។

ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្បែរ​ព្រំដែន​និយាយថា ព្រំដែន​ចាស់​កន្លង​ទៅ​ និងបង្គោលព្រំដែន​បោះ​សម័យ​បារាំង​ឋិត​​នៅ​​ឆ្ងាយ​​​ពី​​ព្រែក​​នេះ​​ជា​​ច្រើន​គីឡូម៉ែត្រ។

លោកថា កាល​ពី​សម័យ​ ប៉ុល ពត ខ្មែរយើងគ្រប់គ្រងព្រែកនេះទាំងស្រុង។ ការ​បោះង្គោលព្រំដែន​តាម​សន្ធិ​សញ្ញាបំ​ពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​២០១៩ ដែល​យក​តាម​សន្ធិ​សញ្ញា​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ (សម័យ​វៀត​ណាម​ត្រួត​ត្រា​កម្ពុជា) ជា​ហេតុ​ធ្វើ​ឱ្យ​បាត់​បង់​ព្រែក​កំពង់​ស្នាយ​នេះ​និង​ដីខ្មែរ​នៅ​តំ​បន់​​នោះ។

ចំណង​នេះហើ​យ ដែលខ្មែរនិងខ្មែរ មិនអាចរកការផ្សះផ្សាជាតិបាន ដែល​លោក​ថា មក​ពី​គ្រួសារ​ហ៊ុន​គិត​តែពី​ការ​ពារ​អំណាច​ច្រើន​ជាង​ការ​ពារ​ទឹក​ដី។ ហើយ​ថា បាន​ព្យាយាម​កម្ចាត់​ខ្មែរ​ដែល​និយាយ​រឿង​នេះ​ ដើម្បី​ផ្គាប់​ចិ​ត្តចៅ​ហ្វាយ​​នាយ​វៀត​ណាម ដែល​បាន​លើក​បន្តុប​អំណាច​នៅ​ឆ្នាំ​១៩៧៩។

លោកថា៖ «ការបាត់បង់ទឹកដីដោយសារត្រកូលហ៊ុន គិតពីអំណាចជាធំសុខចិត្តឲ្យបាត់បង់ទឹកដីតែធ្វើម៉េចកុំឲ្យបាត់អំណាចត្រកូលហ៊ុនចឹង ហើយខំតែការពារអំណាចទេ អត់ខំការពារទឹកដីទេ ពង្រឹងតែក្រុមខ្លាហោះក្រុម​អង្គរក្សបំពាក់សព្វាវុធទំនើបៗ ឯទាហានអត់បំពាក់សព្វាវុធទំនើបៗ ឱ្យទាហានជាយដែនទេបំ​ពាក់ស​ព្វា​​​វុធទំនើបៗឱ្យតែក្រុមអង្គរក្សក្រុមប​ង្រ្កាប​​បាតុកម្មអ៊ីចឹងហើយទើបធ្វើឲ្យបាត់ប​ង់ទឹកដីទៅប្រទេស​ជិត​ខាងជាពិសេសទៅ​ប្រទេសថៃ»

មេដឹកនាំបក្សកាន់អំណាច រងការរិះគន់ជុំវិញបញ្ហាបាត់បង់ទឹកដីច្រើនឆ្មាំមក​ហើយ ពី​ក្រុម​អ្នក​រិះ​គន់​ ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ពី​កង្វះ​តម្លា​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន ជាមួ​យ​ប្រទេស​ជិត​ខាង និង​ការ​ចរចា​ទ្វេ​ភាគី ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ទន់​ខ្សោយ និង​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​ទាម​ទារ ឬ​ចោទ​សួរ​ពី​រឿង​នេះ។

ការរិះគន់ទាំងនោះ ផ្តោតលើចំណុចសំខាន់ៗជាច្រើន ដូចជា​ភាព​កក់​ក្តៅ​ក្នុង​ការ​ចរចា ធ្វើ​ការ​ចរចា​ព្រំដែន​បែប​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី ដែល​នាំ​ឱ្យ​មាន​ការ​បារម្ភ​ពី​ការ​បាត់​បង់​​ដី​ធ្លី​ទៅ​ប្រទេស​ជិត​ខាង ដូច​ជា​ករណី​ព្រំ​ដែន​ថៃ និង​វៀត​ណាម។

កង្វះតម្លាភាព ឬចេញវិធានការហាមឃាត់មិនឱ្យប្រជាពលរដ្ឋចង់ដឹង ឬសួរដេញ​ដោល​ពី​បញ្ហា​បូរណ​ភាព​ទឹក​ដី ដែល​​ធ្វើ​ឱ្យ​មតិ​មហា​ជន​សង្ស័យ​ថា មាន​ចេតនា​បិទ​បាំង​កំហុស​ក្នុង​ការ​កាត់​ដី​ឱ្យ​បរទេស គួប​ផ្សំ​នឹង​ការ​ខក​ខាន​ប្រើ​ប្រាស់​យន្ត​ការ​អន្តរ​​ជាតិ ដូច​ជា​មិន​ប្តឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) និង​ប្រើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ដើម្បី​ទាម​ទារ ឬ​ការ​ពារ​ទឹក​ដី ជាជាង​ការ​ចរចា​ផ្ទៃ​ក្នុង​ដែល​នាំ​ឱ្យ​មាន​ការ​ខាត​បង់ ជា​ដើម។

សម្រា់ប អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ហៅ ​ដំណើរ​ការ​នយោ​បាយ និង​ការ​គ្រប់​គ្រង​ព្រំដែន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ក្នុង​សម័យ​ លោក ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី និង​បន្ត​មក​ដល់ លោក ហ៊ុន ម៉ាណែត នាពេ​ល​បច្ចុប្បន្ន បាន​បង្កើត​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ជុំវិញ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទាំង​ទៅ​ប្រទេស​វៀត​ណាម និង​ប្រទេស​ថៃ គឺ​ដោយ​សារ​កត្តា​ខ្វះ​តម្លាភាព និង​ឥទ្ធិ​ពល​នយោ​បាយ​ពី​បរទេស។

លោកថា៖ «ចំពោះការដឹកនាំរបស់​លោក​ហ៊ុន សែន ខ្ញុំ​មើល​ឃើញ​ថា ទំនាក់​ទំនង​ប្រវត្តិ​សាស្ត្រ​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​កុម្មុយ​នីស្ត​វៀត​ណាម​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ បាន​បង្កើត​ចំណង​​ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​កម្ពុជា​​ស្ថិត​ក្នុង​ស្ថាន​ភាព​ចាញ់​ប្រៀប ដូច្នេះ​មជ្ឈ​ដ្ឋាន​សាធារណៈ​ចាត់​ទុក​ការ​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥ និង​​ការ​បោះ​បង្គោល​ព្រំដែន​ជា​បន្ត​បន្ទាប់​ថា​ជា​ការ​ទទួល​​​ស្គាល់​កិច្ច​ព្រម​ព្រៀង​នានា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ធ្វើ​ឡើង​នៅ​ក្នុង​របប​ខុស​ច្បាប់​ ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​ ព្រម​ទាំង​បើក​ដៃ​ឲ្យ​មាន​លំហូរ​អន្តោ​ប្រវេសន៍​វៀត​ណាម​ចូល​មក​ដោយ​ខុស​ច្បាប់​ថែម​ទៀត»។

លោកថា ងាកមកមើលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត វិញ​កម្ពុជា​​ក៏​រង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​ដែរ​ ហើយ​ការ​ឈ្លាន​ពាន​នេះ ក៏​គ្មាន​សញ្ញា​ណា​ដែល​អាច​ជឿ​បាន​ថា កម្ពុជា​នឹង​អាច​ទាម​ទារ​ទឹក​ដី​ខ្មែរ​ដែល​ថៃ​កំពុង​កាន់​កាប់​ទាំង​​នោះ​​បាន​មក​វិញ​ទេ។ ការណ៍​នេះ លោក​ថា មូល​ហេតុ​ចម្បង​ដែល​អ្នក​តាម​ដាន​មិន​អាច​ជឿ​ទុក​ចិត្ត​លើ​មេដឹក​នាំ​​ទាំង​​ពីរ​​បាន គឺ​កង្វះ​តម្លា​ភាព និង​ការ​ផាត់​ចេញ​សំឡេង​រិះ​គន់​រឿង​​ព្រំ​ដែន។

មួយវិញទៀត លោកសំអាងថា រាល់ពេលមានការជជែករឿងបញ្ហាព្រំដែន ការ​បារ​ម្ភ​រឿង​បញ្ហា​បាត់​ទឹក​ដី រដ្ឋាភិ​បាល​តែង​តែ​ចាប់​ខ្លួន​សកម្ម​ជន រួ​ម​ទាំង​បក្សប្រឆាំង ដែល​វិធាននេះ កាន់​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​មន្ទិល​សង្ស័យ​ថា រដ្ឋាភិ​បាល​​កំពុង​លាក់​បាំង​ការ​ពិត ឬ​ក៏​មិន​ហ៊ាន​បើក​ចំហ​ផែន​ទី​នៃ​កិច្ច​ព្រម​ព្រៀម​ទាំង​នោះ​ ដើម្បី​ឱ្យ​មាន​ការ​ពិនិត្យ​ និង​​សួរ​​ដេញ​ដោល​ពី​អ្នក​ជំនាញ​ឯករាជ្យ។

លោកថា៖ «ខ្ញុំយល់ស្របទាំងស្រុងថា កត្តាបែកបាក់ជាតិ គឺជាឫសគល់នៃបញ្ហាទាំងអស់នេះសម្រាប់ខ្ញុំព្រំដែនមិនមែនគ្រាន់តែជាខ្សែបន្ទាត់លើផែនទីនោះទេ ប៉ុន្តែវាជាជញ្ជាំងការពារជាតិដែលទាមទារឲ្យមានសាមគ្គីភាពផ្ទៃក្នុងនៅពេលដែលសង្គមកម្ពុជា ត្រូវបានបែងចែកជាពីរគឺក្រុមរដ្ឋាភិបាល និងក្រុមអ្នករិះ​គន់​ដែល​រងការចោទប្រកាន់ថា ជាអ្នកបំភ្លៃការពិតវានាំឲ្យបាត់បង់នូវមតិឯករាជ្យ និងឯកភាពជាតិលើញ្ហា​បូរណ​ភាពទឹកដី»

ការបែកបាក់ជាតិយ៉ាងជ្រាលជ្រៅនេះ លោក​មើលឃើញថា វានឹងធ្វើឱ្យ​ភាគី​ខ្មែរ​ម្ខាងៗ មើល​ឃើញ​គ្នា​ក្នុង​ភាព​អវិជ្ជ​មា​ន​​​ជានិច្ច ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​សង្ស័យ​រឿង​បាត់​បង់​ទឹក​ដី នៅ​តែ​ជា​ដំបៅ​រលួយ​ក្នុង​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ។ ហើយ​វា​ក៏​បាន​កាត់​បន្ថយ​នូវ​ឥទ្ធិ​ពល​ចរចា​របស់​ខ្មែរ​នៅ​លើឆា​ក​អន្តរ​ជាតិ​ផង​ដែរ ដោយ​សារ​ខ្មែរ​មិន​អាច​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍ ដើម្បី​តទល់​ទៅ​នឹង​ប្រទេស​ឈ្លាន​ពាន។

ងាក​ទៅ​មើល​ការ​លើក​ឡើង​របស់​ លោក អ៊ុំ សំអាន វិញ ហាក់​ស៊ី​គ្នា​ទៅ​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាលោក ប៉ែន សុវណ្ណ ដែល​បាន​លើក​ឡើង​ថា លោក ហ៊ុន​ សែន ជា​អ្នក​ឡើង​ចាប់​គាត់​ដល់​លើ​ផ្ទះ ហើយ​ចង​មុខ និង​ដៃ ដោយ​​ចោទ​ថា​លោក​មាន​ចិត្ត​ចង្អៀត​ចង្អល់​ជាមួយ​វៀត​ណាម។

លោក ប៉ែន សុវណ្ណ មុនស្លាប់បានថ្លែងជាសាធារណៈ ថាការចាប់​ខ្លួន​លោក ដោយ​សារ​តែ​លោក​ជំទាស់​ច្រើន​ដង​​ ទៅ​នឹង​ការ​ស្នើ​របស់​មេដឹ​ក​នាំ​វៀត​ណាម ដែល​វៀត​ណាម​ចង់​បង្ហូរ​ជន​អន្តោ​ប្រវេសន៍​របស់​ខ្លួន​ចូល​មក​កម្ពុជា និង​ស្នើ​ឱ្យ​លោក​កាត់​ដី​ខ្មែរ​តាម​ព្រំដែន​មួយ​ចំនួន តែ​លោក​មិន​ព្រម ទើប​វៀត​ណាម​ចាប់​លោក​យក​ទៅ​ដាក់​គុក​ងងឹត​នៅ​ប្រទេស​វៀត​ណាម។

អំឡុង​ខែ​មករា ឆ្នាំ​២០២២ លោក ហ៊ុន សែន ធ្លាប់​ចោទ លោក ប៉ែន សុវណ្ណ ថា ជា​​មនុស្ស​​ស្អ​ប់​​វៀត​​ណាម​ បើ​​​ទោះ​​​បី​​គា​ត់​​បាន​​រត់​​ទៅ​​នៅ​​វៀត​ណាម​​តាំង​​ពី​​អាយុ​១៥​ឆ្នាំ និង​យក​ប្រពន្ធ​វៀត​ណាម​ក៏ដោយ។

លោក ប៉ែ​ន សុវណ្ណ កាន់​តំណែង​ជា​នាយករដ្ឋមន្ដ្រី​​បា​ន​តែ​ប្រមាណ​៦ខែ​ប៉ុណ្ណោះ ​ចាប់​​​ពី​​ថ្ងៃ​​ទី​​២៧​ ខែ​​មិថុនា ដល់​​​​​ថ្ងៃ​​​ទី​​២ ខែធ្នូ ឆ្នាំ​១៩៨១។

លោកត្រូវបានចាប់ខ្លួនដោយជំនាញការ​វៀតណាម នៅថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ​១៩៨១ និង​​​បញ្ជូន​​​​​ទៅ​​​​ឃុំ​​​ខ្លួ​ន​​​នៅ​ប្រទេស​​វៀត​​ណាម​​អស់​​រយៈ​ពេល​​ ១០​​ឆ្នាំ ​និង ​៥២​​ថ្ងៃ។ ក្នុង​​​សៀវ​ភៅ សុបិន​​​និង​​​ការ​​ពិត របស់​​លោក វ៉ាន់ឌី កាអុន ដែល​​បាន​​និយាយ​​​ពី​​​បញ្ហា​កម្ពុជា​ ។

បើតាមសៀវភៅនោះ ​ការ​​ដ​ក​​ហូត​​ដំណែង លោក ប៉ែន សុវណ្ណ គឺ​​បណ្ដាល​​មក​​​ពី​​លោក ប៉ែន សុវណ្ណ ​ប្រមាថ​​ទីក្រុង​​​ហាណូយ​​​​យ៉ាង​​ខ្លាំង ដោយ​​​ចង់​​មាន​​ទំនាក់​​ទំន​ង​​​ផ្ទាល់​​ជាមួយ​​ទីក្រុង​​មូស្គូ ​រំលង​​ទី​ក្រុង​​ហាណូយ​។ មួយវិញទៀត បណ្ដាល​​មក​​​ពី លោក ប៉ែន សុវណ្ណ ប៉ុន​​ប៉ង​​រំដោះ​​​កម្ពុជា ​​ពី​ការ​គាប​​សង្កត់​​របស់​​វៀត​ណាម ហើយ​​ប្រឆាំង​​នឹង​​នយោ​បាយ​​អន្តោ​ប្រវេសន៍​​​វៀតណាម​​​នៅ​​កម្ពុជា។

លោក ប៉ែន សុវណ្ណ ក្រោយមានសេរីភាព បានហក់ចូលប្រឡូកក្នុងឆាកនយបោយ​ឡើង​វិញ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កូតា​ពី​គណប​ក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា ។

ប៉ុន្តែគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយនៅចុងឆ្នាំ២០១៧ ក្រោយ​ពី​កោះ​ហៅ​ លោក ហ៊ុន សែន ឱ្យ​ចូល​បំភ្លឺ ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀត​ណាម​ទាំង​ចម្រូង​ចម្រាស តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។

សន្ធិសញ្ញានេះ បក្សប្រឆាំងចោទថា សន្ធិសញ្ញាព្រំដែន​ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​វៀត​ណាម ដើម្បី​សម្រេច​មហិច្ឆ​តា​​​លេប​​ទឹក​​ដី​ខ្មែរ។

ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ទាំងចម្រូងច្រាស​ផ្ទៃ​ក្នុង​ជាតិ បាន​ប្រាស​ចាក​ពី​ស្មារតី​រដ្ឋ​​ធម្ម​នុញ្ញ​ដែល​ជាច្បាប់កំពូលរបស់ជាតិ។

មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា សន្ធិសញ្ញា និងកិច្ចព្រម​ព្រៀង​ទាំង​ឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯក​រាជ្យ​​អធិប​​តេយ្យ បូរណ​ភាព​ទឹក​ដី និងឯកភាពជាតិ ត្រូវលុបចោល។

រីឯមាត្រា​៤៤០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែង​ថា បទ​ប្រគល់​​​ឱ្យ​​រដ្ឋ​បរទេស​​នូវ​​​ដែន​ដី​ជាតិ​​ទាំង​​ស្រុង ឬ​​មួយ​ផ្នែក​ ជា​​អំពើ​​ក្បត់​​​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជិវិត។

ចំណែក លោក ហ៊ុន សែន កាលពីឆ្នាំ២០១២ នៅពេលចូលបំភ្លឺក្នុង​សភា តាម​ការ​កោះ​ហៅ​របស់​តំណាង​រាស្ត្រ​ពីប​ក្ស​ប្រឆាំង​ពេល​នោះ ត្រូវ​បាន​គេ​រៀប​ចំ​ឱ្យ​បិទ​ម៉ាយ​ក្រូហ្វូន​តំណាង​រាស្ត្រ​ទាំង​អស់ មិ​ន​ឱ្យ​សួរ​ដេញ​ដោល​លោក ដោយ​ទុក​ឱ្យ​លោក ហ៊ុន ​សែន និយាយបកស្រាយតែម្នាក់ឯង។

លោកសំអាងថា ពេលនោះថា ការបោះបង្គោលព្រំដែនជាមួយវៀត​ណាម មិនបាន​​ធ្វើ​ឱ្យក​ម្ពុជា​បាត់​បង់​ទឹក​ដី​ទេ បើ​​​ទោះ​​បី​​បង្គោល​ព្រំដែន​ជា​ច្រើន ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បោះ​ចូល​ដី​ស្រែ និង​លំនៅ​ឋាន​របស់​កសិករ​ខ្មែរ​​​​នៅ​ខេត្ត​​ជាប់​ព្រំដែន​ក៏​ដោយ។

សម័យ​​លោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសក៏ដូចគ្នា ទោះថៃបានវាយដណ្តើមឈ្លានពាន​ទឹក​ដី​ខ្មែរ​បាន​រាប់​សិប​​ទីតាំង នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៦​ក៏​ដោយ ក៏​រដ្ឋាភិ​បាល​​នេះ​នៅ​តែ​ចាប់​​ពលរដ្ឋ​​ដាក់​​ពន្ធ​​នា​​គារ​ជា​បន្ត​បន្ទាប់ ចំពោះ​​អ្នក​បាន​ចែក​រំលែក​រឿង​ថៃ​ឈ្លា​​ន​ពាន​ទឹក​ដី​ខ្មែរ ក្នុង​នោះ​មា​ន​ទាំង​ស្រ្តី​​​ផង​​ត្រូវ​​​ចាប់​​ខ្លួន ដែល​ភាគ​ច្រើន​ពួក​គេ​​រង​​​ការ​ចោទ​ពី​បទ​ញុះ​ញង់។

ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី លោក ស៊ឹង​ សែន​ករុណា និយាយ​ថា កិច្ច​​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ឱ្យ​កម្ពុជា​ផ្សះ​ផ្សា​ជាតិ អនុ​វត្ត​រ​បប​ប្រជា​ធិប​តេយ្យ សេរី​ពហុ​បក្ស ដែល​កិច្ច​ព្រម​ព្រៀង​នេះ តម្រូវ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​នយោ​បាយ ថែម​ទាំង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ខ្មែរ។

ប៉ុន្តែលោកថា វាគួរឱ្យសោកស្តាយ ដោយសារ​មហិច្ឆតា​ក្រាញ​អំណាច មេដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ធ្វើ​ផ្ទុយ​ពី​នេះ ធ្វើ​ឱ្យ​ជាតិ​បែក​បាក់ និង​បាត់​បង់​​ទឹក​ដី​រហូត​បច្ចុប្បន្ន។ ហើយ​មិន​ព្រម​​ប្តឹង​​សត្រូ​វ​ឈ្លាន​ពាន​ទៀ​ត ដែល​នេះ​លោក​ថា សញ្ញា​ហា​និភ័យ​ជាតិ និង​បូរណ​ភាព​ទឹក​ដី។

លោកថា៖ «រឿងបែកបាក់ជាតិនេះ គឺដោយសារតែគណបក្សកាន់អំណាចហ្នឹងឯង ដែលសុខចិត្តការពារនូវអំណាចការពារនូវផលប្រយោជន៍ខ្លួនឯង គ្រួសារនិងបក្ខពួកដោយទាត់ចោលនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិត្រង់សំណួរដែលហើយក៏មិនអាចរួបរួមបានដោយសារតែគណបក្សកាន់អំណាចតែម្ដង»

លើសពីនេះ លោកគិតថា មេដឹកនាំដែលធ្វើ​នយោបាយសុខចិត្តបំបែកបំបាក់​ជាតិ ដើម្បី​តែ​កា្រញ​អំណាច​តពូជ ពួក​​គេ​នឹង​មិន​ហ៊ាន​ប្រកួត​អំណាច តាម​រយៈ​រៀប​ចំ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ និង​​ផ្សះ​​ផ្សា​ជាតិ តាម​គន្លង​ប្រជា​ធិប​តេយ្យ ដើម្បី​រួម​គ្នា​ការ​ពារ​ផល​​ប្រយោជន៍​ជាតិ។

លោកគូសបញ្ជាក់ថា ចំណងនេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​រង​គ្រោះ​កាន់​តែ​ច្រើន និង​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​ រួម​ទាំង​បូរណភា​ព​ទឹក​ដី បើ​កម្ពុជា​ខ្វះ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរ​ជាតិ និង​ការ​ផ្សះ​ផ្សា​ជាតិ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ