តុលាការ​​កំពូល​សម្រេច​ដក​សិទ្ធិ​ធ្វើ​នយោ​បាយ​​​ពី​លោក​រ៉ុង ឈុន រយៈ​ពេល​៥ឆ្នាំ

សំឡេង​អ្នកគាំទ្រ​៖ «ទម្លាក់​​បទ​ចោទៗៗៗ… តុលាការ​​កំពូល​​ផ្តល់​​សេរីភាព​​ជូន​លោក​​គ្រូ រ៉ុង ឈុនៗ ទម្លាក់​បទ​ចោទៗៗៗៗ ទម្លាក់ថ្ងៃហ្នឹងៗៗៗៗ…»។

​សំឡេង​ប្រតិកម្មទៅនឹង​តុលាការ​កំពូល ​ពី​សំណាក់​​អ្ន​ក​​គាំទ្រ​ ដែល​​ទាម​​ទារ​​​​​ឱ្យ​ទម្លាក់​​​​បទ​ចោទ​​ទៅ​​​លើ លោក រ៉ុង ឈុន ទី​ប្រឹក្សា​​គណបក្ស​​កម្លាំង​ជាតិ ​ត្រូវ​​បាន​បន្លឺ​ឡើង​ភ្លាមៗ​ នៅ​ខាង​​ក្រៅ​របង​តុលាការ ជិត​ព្រះបរម​រាជ​វាំង នា​ថ្ងៃ​សុក្រ​នេះ​ ក្រោយ​តុលាការ​​​ជាន់​​ខ្ពស់​​មួយ​​នេះ សម្រេច​ដក​សិទ្ធិ​ធ្វើ​នយោ​បាយ​​ពី លោក រ៉ុង​ ឈុន រយៈ​​ពេល​៥ឆ្នាំ ជុំវិញ​ភាព​សកម្ម​របស់​លោក ក្នុង​ការ​ជំរុញ​​​តម្លា​ភាព​សង្គម និង​បញ្ហា​ព្រំដែន​កម្ពុជា-វៀត​ណាម។

ដូច​ការ​​គ្រោង​​ទុក តុលាការកំពូល នៅថ្ងៃទី​១៩ ខែ​មិថុនានេះ បាន​ប្រកាស​សាលដីកា​ជុំវិញ​បណ្តឹង​សារទុក្ខរបស់​​លោក រ៉ុង ឈុន ប្រឆាំងនឹង​ការ​សម្រេច​របស់តុលាការ​ជាន់ទាប ដែល​ផ្តន្ទា​ទោស​រូប​លោក ឱ្យ​ជាប់ពន្ធនាគារ​ ៤ឆ្នាំ និង​ពិន័យជា​ប្រាក់ ៤លាន​រៀល (​ប្រហែល​ ​១​.​០​០​០​ ​ដុល្លារ​អាមេរិក​) ​និង​​​ដក​ហូត​សិទ្ធិ​បោះឆ្នោត​ ​និង​ឈរឈ្មោះ​បោះ​ឆ្នោត​​របស់​​លោក​ ​ជាអចិន្ត្រៃយ៍ ដោយ​​ចោទ​ពីបទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម (ការមិន​រាង​ចាល​ក្នុងបទ​មជ្ឈិម​បន្ទាប់ពីកា​រផ្តន្ទា​ទោស​​បទ​មជ្ឈិម)»។

ជាលទ្ធផល សាលដីការបស់​តុលាការ​កំពូល បានប្រកាស​សាលដីកា​ដោយ​សម្រេច​បដិសេធខ្លះ និង​តម្កល់​​ខ្លះ នូវ​​​សាលក្រមរបស់​សាលា​ដំបូង​រាជធានីភ្នំពេញ និងសាលដីកា​របស់​​សាលា​ឧទ្ធរណ៍ភ្នំពេញ​ ហើយ​ក៏មានការ​បន្ធូរបន្ថយ​ខ្លះ​ផង​ដែរ។ នេះ​បើតាម​ការ​បញ្ជាក់របស់លោក អែម ចន្ថា ​មេធាវីការ​ពារ​សិទ្ធិ​ឱ្យលោក រ៉ុង ឈុន។

លោកមេធាវី អែម ចន្ថា បានថ្លែង​ប្រាប់អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅរបងតុលាការ​ថា សាលដី​កា​របស់​តុលាការ​កំពូល បាន​តម្កល់​​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប ដោយ​ផ្តន្ទា​ទោស​ លោក រ៉ុន ឈុន ឱ្យ​ជាប់​ពន្ធនាគារ​ ប៉ុន្តែ​​ព្យួរ​ទោស ៣ឆ្នាំ សាក​ល្បង ដែលនេះ​​ជា​ការ​អនុគ្រោះ​មួយចំនួន​ពីអង្គជំនុំ​ជម្រះ​​នៃ​តុលាការ​​កំពូល។

ប៉ុន្តែ លោកថា តុលាការ​កំពូល ​នៅ​បន្ត​​​​​ដក​​សិទ្ធិ​បោះឆ្នោត​​ ​សិទ្ធ​ឈរ​ឈ្មោះ​បោះឆ្នោត និង​​​សិទ្ធិ​ធ្វើនយោ​បាយ​ រយៈពេល​ ៥ឆ្នាំ និង​​ភ្ជាប់នឹង​លក្ខខណ្ឌមួយចំនួន​ទៀត ដូចជា ​ហាម​ឃាត់​លោក រ៉ុង ឈុន ក្នុងការ​បង្ហាញ​មុខនៅ​វេទិកា​សាធារណៈ​ផ្សេង​ៗ ហាមមិន​ឱ្យ​លោក រ៉ុង ឈុន ចេញទៅក្រៅប្រទេស និង​ហាម​ផ្លាស់ប្តូរទីលំនៅជាដើម​ ដោយ​ដាក់ឱ្យស្ថិត​​ក្រោមកា​រត្រួត​ពិនិត្យ​របស់​តុលាការ​ក្នុង​រយៈពេល​ព្យួរ​ទោស​សាក​​ល្បងរយៈពេល​ ៣ឆ្នាំ​នេះ។

លោកមេធាវី អែម ចន្ថា គូស​បញ្ជាក់​ថា៖ «ខ្ញុំក៏រីករាយ​ដែរ ដែល​មិនមានការ​អនុវត្តនូវ​​ទោស​​​​ពន្ធនា​​គារ​​ចំពោះ​​​គាត់​[លោក រ៉ុង ឈុន] ហើយជាងនេះទៅទៀត ដោយសារ​តែ​នីតិវិធីមក​ដល់​​តុលាការ​​កំពូលនេះ វា​ចុង​ក្រោយ​ហើយ​នៃ​ការ​​អនុវត្ត​ច្បាប់ ដូច្នេះការ​សម្រេច​វា​មានលំហូរ​បែបនេះ ហើយ​​​ការ​សម្រេច​​នៃ​សាលដីកា​របស់​តុលាការ​កំពូល ក៏​វាចូល​​ជា​ស្ថាពរ ចឹង​ខ្ញុំសង្ឃឹមថា ដោយ​​សារ​តែ​ប្រទេស​យើង​កំពុ​ងតែ​រង​នូវការ​មើល​ងាយ ការ​ឈ្លានពាន​ពីអ្នក​ជិត​ខាង​ ខ្ញុំសង្ឃឹម​​​ថា ដើម្បីបង្ហាញថា​ខ្មែរ​យើង​រួមគ្នា ខ្មែរ​យើង​តែ​​​មួយ ហើយ​​បញ្ជាក់ថា​ខ្មែរ​យើង​ខ្លាំង​ ខ្ញុំស្នើ​​​​សុំ ​មាន​តែ​ការ​សម្រប​សម្រួល​ផ្នែកនយោបាយ គឺ​​​រាជ​រដ្ឋាភិបាល ​សុំ​លោក​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​​​ព្រះ​អង្គ ព្រះ​មហាក្សត្រ​ ដើម្បីចេញព្រះរាជក្រឹត្យ​​​លើក​លែង​ទោស​ឱ្យ​លោក​គ្រូ​ រ៉ុង ឈុន»។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ លោក រ៉ុង ឈុន យល់ថា ការ​សម្រេច​ដកពលរដ្ឋ​ជា​ស្ថាពរ ក៏ដូចជា​​ការ​ដក​សិទ្ធិ​ធ្វើ​នយោ​​បាយ​ និង​សកម្មភាព​ផ្សេង​របស់លោក ពីសំណាក់តុលាការ​​ គឺផ្ទុយទៅ​នឹង​រដ្ឋធម្មនុញ្ញ។

លោកថា៖ «ហើយ​បើ​ដូច​យើង​មើលករណីនិ​យាយ​ពីបញ្ហា​សិទ្ធិ ទាំង​នយោបាយ ទាំង​សិទ្ធិ​បោះឆ្នោត សិទ្ធ​ឈរ​ឈ្មោះ​បោះ​​ឆ្នោត​ ការ​ដែល​ប្រើ​ប្រាស់​ក្រម​ព្រហ្មទណ្ឌ​មាត្រា៤៩៨ ៥៥ហ្នឹង​ វា​ផ្ទុយ​ទៅនឹង​​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូលនៃ​​ជាតិ​ គឺមាត្រា៣៤ថ្មី មាត្រា​៣៥នៃ​រដ្ឋធម្មនុញ្ញ អីចឹង​យើង​ឃើញថាវា យក​អាហ្នឹង​មក​ដាក់បន្ទុក​វា​ខុស បាទ​វាខុស​ បើ​យើង​​និយាយ​ពីពាក្យបច្ចេកទេស គេថា អធម្មនុញ្ញភាព បើ​និយាយ​​ធម្មតា​វា​ផ្ទុយ​ទៅ​នឹងច្បាប់​​​រដ្ឋ​ធម្ម​នុញ្ញ អាហ្នឹង​ក្រសួង​​យុត្តិធម៌ ត្រូវ​គិត​ឡើង​វិញ ហើយ​ត្រូវ​លុបៗ។ ហើយ​បទញុះញង់នេះ គួរតែ​ឈប់ប្រើទៅ»។

យ៉ាងណា លោក រ៉ុង ឈុន ក៏បាន​​គូសបញ្ជាក់ដែរ​ថា លោក​នៅតែតស៊ូមតិ​​ដោយ​អហិង្សា បន្ថែម​​ទៀតស្រប​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ទាមទារ​សេរីភាព​ ដោយ​លោក​ថា សេរីភាព ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ មិនអាច​ធ្លាក់​​ពីលើមេឃដោយស្រួលៗនោះទេ។

មាត្រា៣៥ ​ចែង​ថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ​ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព​នយោ​​​បាយ​ សេដ្ឋ​កិច្ច សង្គម​​​កិច្ច និង​វប្បធ​ម៌​របស់​ប្រទេស​ជាតិ។ សេច​ក្តី​ស្នើ​​​ទាំង​​ឡាយ​​របស់​​ប្រជា​ពល​រដ្ឋ​​ ត្រូវ​​បាន​​ទទួល​​ការ​ពិនិត្យ​និង​​ដោះ​​ស្រាយ​​យ៉ាង​ហ្មត់​ចត់​​ពី​​អង្គ​ការ​​រដ្ឋ​»។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក​ ជា មុនី ក៏យល់ដូចគ្នា​ដែរ​​ថា ការ​សម្រេច​​របស់​តុលាការ​​​កំពូល​​ ជា​​រឿង​​អយុត្តិ​ធម៌​​សម្រាប់​លោក រ៉ុន ឈុន ដែលជា​ឥស្សរៈ​ជន​នយោបាយ​មួយ​រូប ខណៈ​រដ្ឋធម្មនុញ្ញ​​នៃ​​ព្រះរាជា​ណាចក្រ​កម្ពុជា ពុំមាន​​ចែង​​​ពី​​កា​រដកសិទ្ធិ​ធ្វើនយោបាយពី​​​​អ្នកនយោ​បាយ​​នោះ​ទេ។

លោកថា៖ «រដ្ឋធម្មនុញ្ញ…​វាមិន​មានចែងអំពីការ​ដកសិទ្ធិអ្នក​​​នយោបាយ​​ទេ អ្នក​នយោបាយ​ទាំង​អស់​ដែលជា​ឥស្សរៈ​ជន​សំខាន់ៗ​ ដូចជា លោក រ៉ុង ឈុន លោក​កឹម សុខា លោក​ថាច់​ សេដ្ឋា និង​លោក​ ស៊ុន ចន្ធី ក៏ដោយ សុទ្ធ​សឹង​តែ​ដក​​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​​អស់ ហើយ​យើង​​សួរ​ថា​ តើឯណាទៅ​ដែលយុត្តិធម៌សម្រាប់អ្នកប្រជាធិបតេយ្យ? ស្មើ​ភាពគ្នា​​ទេ​ក្នុង​ការ​ប្រកួត​ប្រជែង​ ចងដៃ​ចង​ជើង​គេ ហើយ​ឱ្យ​រត់​ជាមួយ​ទាត់​បាល់​ក្នុងទីលាន​ អាហ្នឹង​ខ្ញុំគិតថា បងប្អូន​ប្រជា​ពលរដ្ឋ​យល់ឃើញជាង​ខ្ញុំច្រើន​​​​ទៀត​ ប៉ុន្តែនេះជា​ឆន្ទានុ​សិទ្ធិ​របស់​តុលាការ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​​ប្រាកដ​ថា​តុលាការហ្នឹង​ពូកែ​ច្បាប់ទេ ពលរដ្ឋ​ដែល​មិនបានរៀន​ច្បាប់ ក៏​គេ​យល់​ច្បាប់​ច្រើន​ដែរ កុំ​ឱ្យ​តែ​រៀន​ច្បាប់ ពេលកាត់[ក្តី]ស្តាប់ស្នូរ ចឹង​ខ្ញុំគិត​ថា ការ​ប្រើឆន្ទានុសិទ្ធិ​របស់​តុលាការ​កំពូល​ ដែល​ដាក់​ទោស​ទណ្ឌ​អ្នក​ទាំង​អស់​​គ្នាស្រដៀង​ៗគ្នា[…] អាហ្នឹងគេ​ហៅថា បិទ​សិទ្ធិ​ប្រជាពលរដ្ឋ​តាមរយៈការ​ចូលរួម​នយោបាយ​​ ជាមួយ​​គណបក្ស​ប្រជា​ធិប​តេយ្យ»។

នៅខាង​ក្រៅ​បរិវេណតុលាការ​កំពូល ជា​ទីដែល​មានការប្រមូលផ្តុំ​របស់​អ្នកគាំទ្រ លោក រ៉ុង ឈុន ប្រមាណជា​​១០០​នាក់​​​​នោះ​វិញ លោក អ៊ឹម អៀវ ជាអ្នកគាំទ្រ​មក​ពី​ខេត្ត​តាកែវ បាន​បង្ហាញ​ការ​សោកស្តាយ​ដែល​តុលាការ​តម្កល់​ការ​ផ្តន្ទា​​ទោស និង​​​ដកសិទ្ធិ​ធ្វើនយោបាយរបស់លោក រ៉ុង ឈុន ដែល​ជាបុគ្គល​សកម្ម​ក្នុង​ការ​តស៊ូទាមទារឱ្យ​ប្រទេស​​ជាតិ​​គោរព​​លទ្ធិ​ប្រជាធិបតេយ្យ ខណៈប្រទេស​ជាតិ​កំពុង​មានការ​រឹតត្បិត​សិទ្ធិសេរីភាពរបស់ពលរដ្ឋ។

លោកថា៖ «ដូចសព្វថ្ងៃនេះ លំហរ​សេរីភាព​វា​ត្បិតត្បៀត សូម្បីតែ​ប្រជា​ពលរដ្ឋ​សម្តែង​មតិ​ ក៏សម្តែង​លែង​បាន គ្រប់បែបយ៉ាង គឺគេ​​បិទ​​គ្រប់​បែប​យ៉ាង ហើយ​ប្រទេស​មួយ​ដែលកាល​ណា​បិទ​លំហ​សេរីភាព ប្រទេស​ហ្នឹងគឺ​​​រស់​ក្នុង​ ដូច​​ថា​​ ងងឹងឈឹង​ម៉ង​បាទ! យើង​បើក​ទៅ សេរី​ភាព​ទូលំ​ទូលាយ​ទៅ​ ពលរដ្ឋគ្រប់​បែប​យ៉ាង​ធ្វើ​ទៅ ប្រទេសហ្នឹង​​ក៏រីក​ចម្រើន​​ដែរ។ ខ្ញុំ​​មានការ​សោកស្តាយ​យ៉ាងខ្លាំង ព្រោះ​យើង​ធ្វើ​ចឹង វាបិទ​ពេក​ហើយ យើង​បើក​ទៅ បើ​ក្នុងនាមយើង​​អ្នក​​នយោ​បាយ គាត់​ក៏​ជា​អ្នក​នយោបាយ យើង​ប្រកួតគ្នា​​ឱ្យវា​ស្មើ​ភាព​គ្នា​ទៅ បាទ! ឈ្នះ​ដឹង​ឈ្នះ ចាញ់​ដឹង​ចាញ់ទៅ យើង​​សាមគ្គី​គ្នា​ឡើង​វិញ​ទៅ​ គឺប្រទេស​យើង​រីកចម្រើនហើយ​​​​ បើថា​យើងនៅតែ​បិទសិទ្ធអញ្ចេះ ប្រទេស​យើង​នឹង​មាន​​បញ្ហា​អត់​ចប់ទេ​បាទ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញ​រឿងនេះ ពីអ្នកនាំពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា បាន​ទេ​នៅថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ។​

មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី​ សុខសាន្ត កត់សម្គាល់​ថា ការ​សម្រេច​ក្តីនៅតុលាការ​​ជាន់ខ្ពស់នេះ មានភាពធូរ​ស្រាល​ជាង​នៅ​​តុលាការ​ថ្នាក់​ទាប ដោយសារ​តុលាការ​កំពូល ព្យួរ​ទោស​ពី៤ឆ្នាំ មក​​​៣​ឆ្នាំ​​វិញ ប៉ុន្តែតុលាការ​នៅ​​តែ​ដក​សិទ្ធិ​មិន​ឱ្យលោក​ រ៉ុង ឈុន ឈរ​ឈ្មោះ និង​បោះឆ្នោត​រយៈពេល​៥ឆ្នាំ។ តែយ៉ាង​ណា​​ លោក​យល់​ថា តុលាការ​គួរ​ផ្តល់​​យុត្តិធម៌ជូន​លោក​ រ៉ុង ឈុន តាមរយៈការ​​ទម្លាក់​បទ​ចោទ ជា​ជាង​ការ​​ព្យួរ​ទោស​នេះ។

លោកថា៖ «តុលាការ​នឹង​ផ្តល់យុត្តិធម៌ជូន​គាត់​​​នៅមានកម្រិត​ ​បើសិន​ជា​ក្នុងនាម​អង្គការ​សង្គមស៊ីវិល បើសិន​ជា​ទម្លាក់ចោទបទចោទ គឺ​ល្អជាង​ការដែល​ព្យួរទោស​នេះ​»

ថ្មីៗនេះ អ្នក​ឃ្លាំមើ​ល​​មួយ​​ចំនួន​ ដែលមា​ន​​ទំនោរ​មិន​​ស្រប​​នឹង​​រដ្ឋាភិ​បាល​ ​ក្នុង​​នោះ​​​ក៏​មាន​ ​លោក​ ​ស៊ឹង សែន​​​ករុណា ប្រធាន​អង្គកា​រ​​ប្រជា​ធិប​តេយ្យ​​ខ្មែរ​ ដែល​មាន​​មូល​​ដ្ឋាន​នៅ​​ប្រទេស​​អូស្ត្រា​លី និង​​លោក​​ម៉ែន ណាត​ ប្រធាន​ក្រុម​​ប្រឹក្សា​​​ឃ្លាំ​មើល​​​​កម្ពុជា ​រួម​​ទាំង ​លោក​អ៊ុំ សំអាន ​តំណាង​​រាស្ត្រ​បក្ស​ប្រឆាំង​ផង​​ដែរ ​បានលើក​ឡើង​​ថា លោក ​ហ៊ុន សែន​ ជា​ចៅហ្វាយ​​តុលាការ​​នៅ​កម្ពុជា​ ហើយ​លោក​នឹង​​មិន​​ផ្តល់​​សិទ្ធិ​​ធ្វើ​​នយោ​បាយ​​ដល់​​អ្នក​​នយោ​បាយ​​​ប្រឆាំង​​​ដែល​​មាន​​​ឥទ្ធិ​ពល ​​​ដូច​​ជា លោក​ ​កឹម សុខា ​និង​​​លោក ​រ៉ុង ឈុន​ជា​ដើម​​នោះ​​​ទេ​។

រីឯនាយក​​រដ្ឋ​មន្ត្រី លោក ​ហ៊ុន ម៉ាណែត​ ​ដែល​​ជា​បេក្ខជន​​នាយក​​រដ្ឋ​មន្ត្រី ​របស់​គណបក្ស​​ប្រជាជ​ន​​​ស​ម្រាប់​​អាណត្តិ​​ក្រោយ​​​​ទៀត​​នោះ​ ពួកគេលើកថា ក៏​​អសមត្ថ​ភាព​​ក្នុងការ​ដឹកនាំ​ប្រទេស​ផងដែរ ដោយ​ក្នុង​អាណត្តិ​របស់​លោក ៣ឆ្នាំ​កន្លងមក​នេះ​ បាន​​ធ្វើ​​ឱ្យ​កម្ពុជា​​កើត​មាន​​វិបត្តិ​ចាក់​ស្រេះ​​ជា​ច្រើន ដូចជា ​មាន​អំពើ​​ពុក​​រលួយ ​បក្ខ​ពួក​និយម​ អំពើ​​អយុត្តិ​ធម៌​​សង្គម ​​អំពើ​​ឆបោក​​គ្រប់​​​ទម្រង់ ​និង​​ឧក្រិដ្ឋ​កម្ម​​​អន​ឡាញ​កើតឡើ​ង​ជា​ប្រព័ន្ធ​ប្រទាក់​ក្រឡា​គ្នា ​​ដែល​​ធ្វើ​​ឱ្យ​កម្ពុជា​​មាន​​កេរ្តិ៍​​ឈ្មោះ​​ស្អុយ​​អសោច​នៅ​ពេញ​​ពិភព​លោក។

​​លើស​ពី​​នេះ ការឡើងកាន់អំណាចរបស់ លោក ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​​ថៃ​ចូល​​ឈ្លាន​ពាន​​ទឹក​ដី​កម្ពុជា​​​តាម​​អំពើ​​ចិត្ត ​ចាប់​​​​តាំង​ពី​ក្រោ​យ​​បទ​ឈប់​​បាញ់ និង​​​ធ្វើ​​ឱ្យ​​ពល​រដ្ឋ​​រាប់​​សិប​ម៉ឺន​​គ្រួសារ​​ទទួល​រង​គ្រោះ​​ជាដើម។

អ្នក​ឃ្លាំមើល​ទាំងនេះ ​យល់​ថា វិបត្តិសង្គម​​ចាក់ស្រេះ ​និង​វិបត្តិ​បាត់បង់ទឹកដី​យ៉ាងច្រើន​​នេះ គឺ​​បង្ហាញ​​ឱ្យ​​ពល​រដ្ឋ​​មើល​​​​​​ឃើញ​​​យ៉ាង​ច្បាស់​​ពី​អសមត្ថ​ភាព​​របស់ ​លោក ​ហ៊ុន ម៉ាណែត ដែល​លោក​មិន​​មាន​សមត្ថ​ភាព​ទៅ​ប្រកួត​ប្រជែង​ការ​​​បោះ​ឆ្នោត​ជាមួយ​បក្ស​ប្រឆាំង តាម​គន្លង​ប្រជា​ធិប​តេយ្យ សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​នោះ​ឡើយ។​ ហេតុ​ដូច្នេះ​​ហើយ​​​​ទើប ​លោក ​ហ៊ុន សែន ​ទោះ​​ក្នុង​​តម្លៃ​ណា​​ក៏​ដោ​យ​​ព្យាយាម​​កម្ចាត់​​អ្នក​​នយោ​​បាយ​ប្រឆាំង​​​ដែល​​មាន​ឥទ្ធិព​ល​​ឱ្យ​​អស់​​​​​ពី​សង្វៀន​នយោ​បាយ​ ដើម្បី​​​ឱ្យ​​លោក​​ហ៊ុន ម៉ាណែត ​អាច​​ឈ្នះ​​​ការ​​បោះ​​ឆ្នោត​​បន្ត​កាន់​​អំណាច​​តពូជ​​តទៅ​​មុខ​​ទៀត ​​ដោយ​គ្មាន​​គូ​ប្រកួត​ដែល​​ខ្លាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ