ការស្វែងរកយុត្តិធម៌នៅតុលាការ បានក្លាយជាសុបិនអាក្រក់សម្រាប់ពលរដ្ឋកម្ពុជា ក្រោយសំណុំរឿងធំៗមួយចំនួនត្រូវបានផ្អឹបទុក ឬបំភ្លេចចោលអស់ជាច្រើនឆ្នាំ។
ហោចណាស់មានសំណុំរឿងចំនួនបី បានផ្ទុះឡើងបន្តបន្ទាប់គ្នា នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦នេះ។ ការជីកកកាយឡើងវិញនូវករណីទាំងនេះ ក៏ដោយសារសាច់ញាតិជនរងគ្រោះឈឺចាប់ ដោយសារពុំទាន់ទទួលបានយុត្តិធម៌ និងសំណងជំងឺចិត្ត ដោយករណីខ្លះកន្លងទៅ ២ឆ្នាំ ខ្លះ៤ឆ្នាំ និងខ្លះដល់ទៅ១៦ឆ្នាំ។
កាលពីថ្ងៃទី១៧ ខែមិថុនា គឺជាខួបពីរឆ្នាំនៃមរណភាពរបស់គូដណ្ដឹងមួយគូ ក្រោមដៃខ្មាន់កំាំភ្លើង អតីតឧកញ៉ា ស្រី ស៊ីណា ខណៈមនុស្សពីរនាក់ទៀតរងរបួសធ្ងន់។ តុលាការបានកាត់ទោសឃាតកររូបនេះឱ្យជាប់ពន្ធនាគារ ៣១ឆ្នាំ និងបង្គាប់សងជំងឺចិត្ត ២.៥លានដុល្លារ។ ប៉ុន្តែគ្រួសារជនរងគ្រោះ អះអាងថា នៅមិនទាន់ទទួលបានសំណងសូម្បីមួយរៀល ដោយបានត្រឹមឆ្ងល់និងសង្ស័យថា តើមានអ្វីធ្វើឱ្យសាលក្រមនេះជាប់គាំង។
តាមការសម្ភាសន៍របស់ម្ដាយនារីរងគ្រោះ ជាមួយសារព័ត៌មានក្នុងស្រុក កាលពីខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា មេធាវីការពារក្ដីឱ្យជនរងគ្រោះ បានអូសបន្លាយពេលវេលាស្នើសុំការអនុវត្តសាលក្រមជាង ៧ខែ ដែលជាហេតុធ្វើឱ្យនីតិវិធីទាមទារសំណងមានភាពយឺតយ៉ាវ។
មេធាវីការពារក្ដីឱ្យជនរងគ្រោះ គឺជាមេធាវីស្ម័គ្រចិត្តលោក ហ៊ុន សែន ដែលបានប្រកាសចូលខ្លួនផ្ដល់ការការពារក្ដីភ្លាមៗ ក្រោយករណីនេះកក្រើកពេញប្រទេស។ បើតាមសម្ដីម្ដាយជនរងគ្រោះ មេធាវីមិនបានប្រាប់លម្អិតទាក់ទិននឹងមូលហេតុនៃការពន្យារពេលនេះឡើយ ដោយគេបានត្រឹមនិយាយថា កុំដាក់សម្ពាធលើក្រុមមេធាវីស្ម័គ្រចិត្ត។ ដោយបារម្ភ និងមិនយល់ពីនីតិវិធីស្មុគស្មាញនេះ អ្នកស្រីក៏បានស្វះស្វែងរកអ្នកច្បាប់ផ្សេងទៀត ដើម្បីជួយរៀបចំនីតិវិធី ស្នើសុំការអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញវិញម្ដង។
យុត្តិធម៌សម្រាប់ជនរងគ្រោះ មិនមែនត្រឹមតែការផ្តន្ទាទោសជនបង្កប៉ុណ្ណោះទេ តែវារួមបញ្ចូលទាំងសំណងជំងឺចិត្ត ដែលក្រុមគ្រួសារប៉ះពាល់ពីការបាត់បង់សាច់ញាតិ ការផ្គត់ផ្គង់ និងទំនួលខុសត្រូវរបស់ជនរងគ្រោះកាលនៅរស់ជាមួយគ្រួសារ និងការសម្រាកព្យាបាលរបួសបង្កដោយជនល្មើស។
ករណីនេះរង់ចាំយុត្តិធម៌មួយទៀត គឺគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពត កាលពីឆ្នាំ២០២២ ដែលបណ្ដាលឱ្យម្ដាយតារាសម្ដែងម្នាក់បាត់បង់ជីវិត។
ទោះបីតុលាការកំពូលបានសម្រេចឱ្យភាគីជនបង្ក ដែលជាម្ចាស់ដេប៉ូគ្រឿងសំណង់ សងការខូចខាត និងជំងឺចិត្តក្ដី តែជាង៤ឆ្នាំមកនេះ កញ្ញា សាយ រង្សី បានអះអាងថា មិនបានទទួលសំណងសូម្បីមួយរៀល។ បើតាមការរៀបរាប់លើបណ្ដាញសង្គម នៅថ្ងៃទី១៦ ខែមិថុនា កញ្ញា សាយ រង្សី បានឱ្យដឹងថា ភាគីជនបង្កបានគេចវេសមិនបង់ប្រាក់សំណង ដោយសុខចិត្តយកលុយដូរឡាន ដើរលេងហ៊ឺហា និងបន្តបើកអាជីវកម្ម ខណៈទ្រព្យសម្បត្តិភាគច្រើនត្រូវបានផ្ទេរដាក់ឈ្មោះអ្នកផ្សេង។
ជុំវិញករណីនេះ សាលាដំបូងខេត្តកំពត បានចេញមកបំភ្លឺឱ្យដឹងថា សាលាដំបូងបានអនុវត្តនីតិវិធីបន្តបន្ទាប់ រួមមានការរឹបអូស និងដាក់លក់ឡៃឡុងទ្រព្យសម្បត្តិជនបង្កតែគ្មានអ្នកទិញ ហើយបច្ចុប្បន្ន សាលាដំបូងក៏កំពុងបន្តស្វែងរកទ្រព្យសម្បត្តិផ្សេងទៀតរបស់ជនបង្កផងដែរ។
យ៉ាងណា នៅមានសំណុំរឿងមួយទៀតដែលបានអង្រួនចិត្ត និងធ្វើឱ្យពលរដ្ឋហួសចិត្តនឹងភាពព្រងើយកន្តើយរបស់ប្រព័ន្ធច្បាប់នោះ គឺករណីហិង្សាផ្លូវភេទលើក្មេងស្រីពិការម្នាក់កាលពីជាង១០ឆ្នាំមុន។
ក្នុងសេចក្ដីថ្លែងការណ៍រួម ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា របស់គណៈកម្មាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ដ្រីភេទ ហៅកាត់ថា ស៊ី.ដ (CEDAW) បានឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលមានពិការភាព បានរង់ចាំយុត្តិធម៌អស់រយៈពេល ១៦ឆ្នាំមកហើយ ក្រោយត្រូវបានមន្ត្រីនគរបាលម្នាក់រំលោភកាលពីឆ្នាំ២០១០ ដែលកាលនោះនាងអាយុទើប ១១ឆ្នាំ។ ទោះបីតុលាការកំពូលបានសម្រេចផ្តន្ទាទោសជនល្មើសជាស្ថាពរកាលពីឆ្នាំ២០១៦ក៏ដោយ ក៏មន្ត្រីនគរបាលរូបនោះនៅមិនទាន់ត្រូវបានចាប់ខ្លួនអនុវត្តទោស ឬសងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះនៅឡើយ។
គណៈកម្មាធិការ ស៊ី-ដ រកឃើញថា ករណីនេះ កម្ពុជាបានបរាជ័យក្នុងការធានាឱ្យមានការស៊ើបអង្កេតឯករាជ្យ និងទាន់ពេលវេលា ព្រមទាំងបានប្រកាន់ខ្ជាប់ផ្នត់គំនិតរើសអើងពាក់ព័ន្ធនឹងយេនឌ័រ អាយុ និងពិការភាព។ លើសពីនេះ ការកំណត់ទោសមិនសមស្របនឹងទំហំបទល្មើស និងការមិនអនុវត្តសាលដីការបស់តុលាការកំពូល ត្រូវបានចាត់ទុកថា ជាកត្តាជំរុញឱ្យមាននិទណ្ឌភាព និងការបដិសេធយុត្តិធម៌ចំពោះជនរងគ្រោះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មើលឃើញថា ពលរដ្ឋកាន់តែអស់ជំនឿលើស្ថាប័នច្បាប់ ព្រោះពួកគេបានជ្រើសរើសការប្រើប្រាស់បណ្ដាញសង្គម និងកម្លាំងមហាជន ដើម្បីស្វែងរកយុត្តិធម៌ជំនួសវិញ។ លោកសង្កេតឃើញថា តុលាការកម្ពុជា ហាក់កំពុងបំពេញតួនាទីជាតេឡេ ដែលរង់ចាំតែបញ្ជាពីថ្នាក់ដឹកនាំទើបធ្វើសកម្មភាព ដែលជាហេតុធ្វើឱ្យពលរដ្ឋកម្ពុជានៅពេលមានបញ្ហាតែងស្រែកសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំប្រទេសទៅវិញ។
លោក អ៊ុំ សំអាន ថ្លែងថា៖ «បើសិនជាមេដឹកនាំ អត់ស្រែកអត់បញ្ជាទេ គឺបញ្ហា អយុត្តិធម៌ក្នុងសង្គមហ្នឹងកប់ចោលហើយ ហើយតុលាការក៏មិនអាចផ្ដល់យុត្តិធម៌ទៅដល់ពលរដ្ឋបាន ដោយសារតុលាការមិនឯករាជ្យ តុលាការតេឡេ។ ហើយបើគិតពីថ្នាក់ក្រោមពីអាជ្ញាធរ រឹតតែមិនអាចដោះស្រាយរឿងហ្នឹងបានទេ ព្រោះបើប៉ះទៅលើអ្នកធំ លើខ្សែ អ្នកមានអំណាច ទៅអត់ហ៊ានជាមួយគេ»។
ប្រព័ន្ធដឹកនាំនៅកម្ពុជា បានបែងចែកអំណាចធំចំនួនបី រួមមាននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការឯករាជ្យ ដែលជាសសរទ្រទ្រង់ក្នុងការដឹកនាំប្រទេសជាតិ។ ប៉ុន្តែបច្ចុប្បន្ន តុលាការបានក្លាយជាស្ថាប័នមួយដែលបាត់បង់ភាពឯករាជ្យ ធ្វើឱ្យមហាជនលែងមានទំនុកចិត្ត និងមិនហ៊ានផ្ញើក្ដីសង្ឃឹមខ្ពស់ថាអាចទទួលបានយុត្តិធម៌ ឬយុត្តិធម៌មកដល់យឺតពេល។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់លើកឡើងថា យុត្តិធម៌ដែលមកយឺត គឺជាអយុត្តិធម៌។ ខ្លឹមសារឃ្លានេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ជនរងគ្រោះត្រូវការយុត្តិធម៌ ដែលផ្ដល់ឱ្យក្នុងរយៈពេលសមស្រប និងមានភាពច្បាស់លាស់ ដើម្បីឱ្យពួកគេដែលជាជនរងគ្រោះ និងគ្រួសារស្ងប់ចិត្ត។
ជំនួសដោយការទៅតុលាការស្វែងរកយុត្តិធម៌ បច្ចុប្បន្នប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គវីរបុរស ដែលពលរដ្ឋតែងនឹកដល់ មានទាំងលើកដៃសំពះ និងព្រីនរូបលោកទាំងពីរ មកបិតភ្ជាប់ ឬកាន់ ក្នុងពេលទាមទាររកយុត្តិធម៌លើបញ្ហាអ្វីមួយ។
ទាក់ទិនរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការពឹងលើអ្នកមានអំណាចក្នុងការស្វែងរកយុត្តិធម៌ បានបង្ហាញយ៉ាងច្បាស់ពីអំណាចជន ឬក្រុមនោះទៅលើប្រព័ន្ធច្បាប់។ លោកកត់សម្គាល់ឃើញថា អ្នកធ្វើការក្នុងវិស័យច្បាប់មួយចំនួន បានតំណែងតួនាទីដោយសារការសូកប៉ាន់ បក្ខពួកនិយម និងការលើកបន្តុបដើម្បីការពារផលប្រយោជន៍បក្ខពួក ដែលធ្វើឱ្យយុត្តិធម៌ពិបាកធ្លាក់ដល់ដៃអ្នកទន់ខ្សោយ។ លោកបន្ថែមថា ប្រទេសមួយដែលមានប្រព័ន្ធយុត្តិធម៌ដុនដាប នឹងនាំគ្រោះថ្នាក់ដល់សង្គមជាតិ ដែលទាមទារឱ្យមានការពិនិត្យ និងរៀបចំឡើងវិញ។
លោក ស៊ឹង សែនករុណា ថ្លែងថា៖ «រឿងយុត្តិធម៌សង្គមនេះ ស្ទើរតែពិបាកនឹងនិយាយទៅហើយ ដូចយើងបានឃើញអំពីរបាយការណ៍របស់អង្គការអន្តរជាតិនានា គេបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ហើយ គឺនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង គឺនៅលំដាប់បាតតារាងឯណោះ។ ហើយកាលណាប្រទេសមួយដែលមានប្រព័ន្ធយុត្តិធម៌ សង្គមធ្លាក់ចុះយ៉ាងដុនដាបបែបនេះ ច្បាស់ណាស់នឹងរងគ្រោះទៅដល់អ្នកទន់ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមហ្នឹងហើយ»។
យោងតាមសន្ទស្សន៍អំពើពុករលួយ សម្រាប់ឆ្នាំ២០២៥ ចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ បង្ហាញថា កម្ពុជាទទួលបានចំណាត់ថ្នាក់ ១៦៣ ក្នុងចំណោម ១៨២ប្រទេស ជាមួយពិន្ទុ២០ ដោយទាបជាងឆ្នាំមុន១ពិន្ទុ។ ចំណាត់ថ្នាក់នេះ ធ្វើឱ្យកម្ពុជាស្ថិតនៅលើប្រទេសមីយ៉ាន់ម៉ា តែមួយប៉ុណ្ណោះនៅអាស៊ីអាគ្នេយ៍ ខណៈនៅអាស៊ីទាំងមួល កម្ពុជាឈរលើប្រទេសមួយចំនួន ដូចជា កូរ៉េខាងជើង ស៊ីរី និងតួកមេនីស្ថានជាដើម៕









