អ្នក​រង​គ្រោះ​ជន​ជាតិ​ចិន​​ប​ន្ត​​តវ៉ា​​មុខ​​ទូត​​ចិន​​រក​សម្ពាធ​ឱ្យ​​​លោ​ក ហ៊ុន តូ សង​លុយ​វិញ

ជន​ជាតិ​​ចិន​​ប្រមាណ ១០០​​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​​​ជា​ថ្មី​ទៀត នៅ​​មុខ​​ទូត​​ចិន​​ប្រចាំ​កម្ពុជា ទាមទា​រ​ឱ្យ​ក្រុម​ហ៊ុន​ហួយ​វ័ន​ របស់​លោក ហ៊ុន តូ សង​លុយ​វិញ​គ្រប់​ចំនួន ក្រោយ​ពី​ក្រុមហ៊ុ​ន​នេះ បិទ​ដំណើរ​ការ​ដក​ប្រាក់​​ទាំង​ស្រុង ដែល​ស្ថាប័ន​​ពាក់​ព័ន្ធ​មិន​អាច​ដោះ​ស្រាយ​បាន ខណៈ​ធនាគារ​ជាតិ​កម្ពុជា​ប្រកាស​ដក​ខ្លួន ហើយ​រុញ​ករណី​នេះ​ឱ្យ​ទៅ​តុលាការ។

ពលរដ្ឋ​​រ​ង​គ្រោះ​​ខ្មែរ​​ម្នាក់​​​​ដែល​​ថ្លែង​​លាក់​​អត្ត​សញ្ញាណ​​ ប្រាប់​វីអូឌី​នៅ​ថ្ងៃទី២២ ខែ​មិថុនា ថា ការ​​តវ៉ា​របស់​ជនជាតិ​ចិន​នៅ​មុខ​ស្ថាន​ទូត​​ចិន តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង មាន​​ប្រមាណ ១០០​នាក់ ដោយ​​ពួកគេ​បន្ត​ទាមទារ​ឱ្យ​ស្ថាន​ទូត​ចិន​ដែល​ជា​ស្ថាន​បេសកកម្ម​តំណាង​ប្រទេស​ចិន​នៅ​កម្ពុជា អន្តរាគមន៍​​ទៅ​រដ្ឋាភិបាល និង​ធនាគារ​ជាតិ​ ​ដោះស្រាយ​សង​​ប្រាក់​​ជូន​ពួកគេ​វិញ ១០០​​ភាគ​រយ។

ពលរដ្ឋ​រងគ្រោះរូបនោះ និយាយថា៖ «មាន​មនុស្ស​ប្រហែល​ជា ១០០ នាក់ ហើយ​អ្វី​ដែល​ពួកគេ​ទៅ​ទីនោះ (ស្ថាន​ទូត​​ចិន)​ គឺ​​គាត់​​​ស្នើសុំឲ្យស្ថានទូតចិន​ជួយ​ដោះស្រាយ ដោយសារ​ពួកគេ​ត្រូវ​គេ​ឆបោក ហើយ​ពួកគេ​នៅ​តែ​ប្រកាន់​យក​គោល​ជំហរ​ដើម​ដដែលៗ មិន​ខុស​ពី​មុន​ទេ​បង»។

ចំណែក​​ជនជាតិ​ចិន​ម្នាក់​ដែល​ថ្លែង​លាក់​ឈ្មោះ ​តាមរយៈ​ការ​បកប្រែ​ជា​ភាសាអង់គ្លេស នៅ​មុខ​ស្ថានទូត​ចិន​ផ្ទាល់ អះអាង​ថា អាជ្ញាធរ​​កម្ពុជា​បាន​សន្យា​ថា កំពុង​ជំរុញ​ដំណោះស្រាយ​បញ្ហា​របស់​ពួកគេ​ ​ដែល​ត្រូវ​ចាញ់​បោក​ក្រុមហ៊ុន ហួយវ័ន របស់​លោក ហ៊ុន តូ។ បុរស​ជនជាតិចិន​​រូប​នេះ​ បន្ត​ថា ខ្លួន​បាន​សហការ​ផ្ដល់​ព័ត៌​មាន​ទាំង​អស់​ដែល​​ធនាគារជាតិ​ត្រូវ​​ការ ដើម្បី​ធ្វើ​យ៉ាងណា​​ឱ្យ​គាត់​ទទួល​បាន​ដំណោះស្រាយ។ លោក​​សង្កត់​ធ្ងន់​ថា ចង់​ឲ្យ​មាន​ការ​សង​ប្រាក់​មកវិញ ១០០​ភាគរយ ឲ្យ​បាន​ឆាប់​តាម​​​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​និយាយ​ក្នុង​សំដី​ដើម​ថា៖ «យើង​សង្ឃឹម​ថា​ធនាគារជាតិ ក៏ដូចជា​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​សាធារណជន និង​​សង្គម​ស៊ីវិល​​យកចិត្តទុកដាក់​លើ​ករ​ណី​របស់​​យើង និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ដោយសារ​ករណីនេះ​​​បាន​អូសបន្លាយ​ពេល​​យូរ​ពេក ហើយ​យើង​បាន​ខាតបង់​ថវិកា​​ជាច្រើន ដែល​មាន​ជាង ១៣,០០០ ដុល្លារ​អាមេរិក។ ដោយ​សារ​តែ​​គាត់​​មាន​​ក្រុមហ៊ុន ហើយ​​គាត់​​បាន​ខ្ចីប្រាក់​ចំនួន ១០០,០០០ យ័ន (RMB) ដើម្បី​​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក»។

ចំណែក​ជនជាតិ​ចិន​ម្នាក់​ទៀត​ដែល​ថ្លែង​លាក់​ឈ្មោះ​ដែរ ​បាន​លើកឡើង​ថា បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន ហួយ​វ័ន ដែល​​មាន​​លោក ហ៊ុន តូ ជា​​សហ​ប្រធាន បាន​ធ្វើ​ឱ្យ​លោក​​ជាប់​បំណុល​​យ៉ាង​ច្រើន​​មិន​អាច​ដោះស្រាយ​បាន។ លោក​​បន្ត​ថា ទោះ​បី​ជា​​លោក​មិន​ទាន់​ទទួល​បាន​ប្រាក់​ពី​ធនាគារ​វិញ​ក៏ដោយ ក៏​​លោក​ចាំបាច់​ត្រូវតែ​បើកប្រាក់​ខែ​ឲ្យ​​បុគ្គលិក​កម្ពុជា​របស់​​លោក​​ដែរ។ បុរស​ជនជាតិ​ចិន​រូប​នេះ ​បន្ត​ថា បើ​សិន​លោក​មិន​បើក​ប្រាក់ខែ​ឲ្យ​ពួកគេ​ទេ នោះ​​ពួកគេ​នឹង​ត្រូវ​គ្មាន​ការងារ​ធ្វើ។

លោក​និយាយ​ក្នុង​សម្ដី​ដើម​ថា៖ «ដោយសារតែ​គាត់​មិនទាន់​ទទួល​បាន​ប្រាក់​ពី​ធនាគារ ប៉ុន្តែ​គាត់​នៅតែ​ចាំបាច់​ត្រូវ​តែ​​បើក​ប្រាក់​​ខែ​​​ឲ្យ​​បុគ្គលិក​​កម្ពុជា​​របស់​​គាត់​។ ហើយ​គាត់​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ជា​ប្រាក់​យ័ន (RMB) ចំនួន ២០០,០០០ ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​របស់​គាត់»

ក្រៅ​ពី​ការ​តវ៉ា​របស់​ជនជាតិ​ចិន​​នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​​មិថុនា ប្រភព​ជា​ពលរដ្ឋ​ខ្មែរ​ឯណោះ ក៏​បាន​​​ឱ្យ​ដឹង​​ថា មាន​ពលរដ្ឋ​ខ្មែរ ៥​នាក់ ​ជា​តំណាង​នៃ​អ្នក​រង​គ្រោះ​ទាំង​អស់​ ​ក្នុង​ចំណោម ១៣០០​នាក់ បាន​ដាក់​លិខិត​ស្នើ​សុំ​អន្តរា​គមន៍​​បន្ថែម​ពី​ក្រសួង​យុត្តិធម៌។ ប្រភព​ដដែល ​ព្រមាន​ថា ពួកគេ​​ទាំង​ខ្មែរ និង​ចិន ​​នឹង​ទៅ​តវ៉ា​នៅ​មុខ​ធនាគារ​ជាតិ​សារ​ជាថ្មី​​​ទៀត នៅ​ថ្ងៃទី​២៣ ខែ​មិថុនា បើ​សិន​ពុំ​មាន​ការ​ឆ្លើយតប​សម​ហេតុផល ឈាន​ទៅ​ដោះស្រាយ​ឱ្យ​ពួកគេ​នោះ​ទេ។

វីអូឌី ​ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ចិន និង​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​​ក្រសួង​យុត្តិធម៌ ​លោក ជិន ម៉ាលីន បាន​​​ទេ នៅ​​ថ្ងៃទី២២ ខែ​​មិថុនា នេះ។

ទាក់ទង​ករណី​នេះ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំ​អាត យល់​​ឃើញ​​ថា ការ​រុញ​របស់​ធនាគារជាតិ​ឱ្យ​ជនរងគ្រោះ​ដោយសារ​ក្រុមហ៊ុន ហួយវ័ន ដោះស្រាយ​​តាម​ប្រព័ន្ធ​តុលាការ ​​គឺ​ជា​រឿង​​មួយ ក៏ប៉ុន្តែ​​លោក​ថា នីតិវិធី​តាមផ្លូវ​តុលាការ​មាន​ភាព​ស្មុគស្មាញ និង​អូស​បន្លាយ​ពេល​វេលា​យូរ។ ដូច្នេះ​លោក​យល់​ថា អ្នក​​រងគ្រោះ​​ហាក់​ចង់​បាន​លទ្ធផល​ដោះស្រាយ​​ឲ្យ​បាន​ឆាប់ ​ក្រៅ​ប្រព័ន្ធ​តុលាការ ទើប​ពួកគេ​បន្ត​តវ៉ា​​ម្ដង​ហើយ​ម្ដង​ទៀត។ លោក​​បន្ត​​ថា ការ​សម្របសម្រួល​ដោះស្រាយ​ឲ្យ​បាន​ឆាប់ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​សិន​ជា​​បណ្តោយ​​​ឲ្យ​​អូស​​បន្លាយ​​ពេល​យូរ​​វិញ​នោះ វា​នឹង​​ជះ​ឥទ្ធិពល​មិនល្អ​​ឡើយ​សម្រាប់​មុខមាត់​កម្ពុជា។

លោក អំ សំអាត ថ្លែង​ថា៖ «នៅ​ពេល​ដែល​ពួកគាត់ ធ្វើការ​ទាមទារ​តវ៉ា​ជា​បន្តបន្ទាប់​ទៅ វា​ធ្វើ​ឲ្យ​ប៉ះពាល់​សម្រាប់​មុខ​មាត់​កម្ពុជា​​យើង ជាពិសេស​គឺ​សម្រាប់​​អ្នក​វិនិ​យោគ​ទុន និង​​ផ្សេងៗ​​ទៀត ដែល​​គេ​​​មាន​ការ​​ពិចារណា​​អី​ជា​ដើម​។ អញ្ចឹង​ខ្ញុំ​​គិត​ថា​​ករណី​នេះ​​ វា​​គួរ​តែ​​មាន​​ដំណោះ​ស្រាយ​​ណា​មួយ តាមផ្លូវ​សម្របសម្រួល​ណាមួយ ដើម្បី​ឲ្យ​បាន​ចប់​ឆាប់ វា​កាន់តែ​ល្អ​ទៅលើ​រឿង​ទាំង​អស់​ហ្នឹង​ណា បាទ»។

រឿងអាស្រូវ​របស់​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន តូ គឺជា​ករណី​លាងលុយកខ្វក់​កម្រិត​​​អន្តរ​ជាតិ។ អ្នក​រងគ្រោះ​ទាំង​ខ្មែរ ចិន និង​វៀតណាម បាន​ចេញ​តវ៉ា​យ៉ាង​ខ្លាំងក្លា ​​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផ្អាក​​​សេវា​ដក​ប្រាក់ បន្ទាប់​​ពី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ក្រុមហ៊ុន Huione Group ចូលក្នុង​បញ្ជីខ្មៅ និង​​កាត់​ផ្តាច់​ចេញពី​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ។

ចំណែក​ ធនាគារជាតិ ​​ក៏​បាន​ប្រកាស​ដក​អាជ្ញាប័ណ្ណ និង​ធ្វើការ​ជម្រះបញ្ជី​ក្រុមហ៊ុន​នេះ។ យ៉ាងណា ​ក្រុមហ៊ុន​​នេះ ​បាន​​​​លួច​​ប្តូរ​​​​ឈ្មោះ​​ទៅ​ជា H-Pay មុន​ពេល​ប្រឈម​មុខ​​នឹង​​ការ​ដក​ប្រាក់​យ៉ាង​គំហុក។

ទន្ទឹម​នឹង​នេះ ​លោក ហ៊ុន តូ ក៏​ចេញ​មុខ​បដិសេធ​លែង​ពាក់ព័ន្ធ​ថែម​ទៀត ទោះ​លោក​ទទួល​ស្គាល់​ថា ​មាន​ភាគហ៊ុន ៣០​ភាគរយ ក្នុង​​ក្រុមហ៊ុន Huione Pay តាំងពី​ឆ្នាំ​២០២០ ក៏ដោយ។

ចំណែក ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល ​ធ្លាប់​អះអាង​ថា អតិថិជន​ហួយវ័ន នឹង​​មិន​ទទួល​បាន​លុយ​របស់​ខ្លួន​វិញ តាមរយៈ​​ប្រព័ន្ធ​​ច្បាប់​នៅ​កម្ពុជា​ឡើយ បើ​គ្មាន​សម្ពាធ​ពី​អន្តរជាតិ និង​ការ​ស៊ើប​អង្កេត​​​​ពី​​ស្ថាប័ន​​ឃ្លាំ​មើល​​ហិរញ្ញ​វត្ថុ​​ពិភព​លោក ឬ​ចាប់​​ខ្លួន​​លោក ហ៊ុន តូ ឱ្យ​មក​ទទួល​ខុស​ត្រូវ​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ