វិភាគ៖​ ការ​ដក​សិទ្ធិ​នយោ​បាយ​មេបក្ស​ប្រឆាំង​ជះ​ឥទ្ធិ​ពល​​​យ៉ាង​​ណា​​ដល់​​ការ​បោះ​ឆ្នោត​ខាង​មុខ?

សេចក្តី​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំពូល​ កាល​ពី​ថ្ងៃ​ទី​​១៩ ខែ​មិថុនា ឆ្នាំ​២០២៦ ទៅ​លើ​ករណី​លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ផ្ទុក​ទៅ​ដោយ​អត្ថ​ន័យ​គតិ​យុត្តិ និង​ផល​ប៉ះ​ពាល់​នយោ​បាយ​យ៉ាង​ស៊ី​ជម្រៅ។

តុលាការ​កំពូល​ បាន​កែ​ប្រែ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដោយ​សម្រេច​ផ្តន្ទា​ទោស​ លោក រ៉ុង ឈុន ដាក់​ពន្ធនា​​គារ​រយៈ​ពេល​​បួន​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទោស​ពន្ធនា​គារ​រយៈ​ពេល​បួន​ឆ្នាំ​នេះ ត្រូវ​បាន​តុលាការ​សម្រេច​​ព្យួរ​​សាក​ល្បង ដោយ​កំណត់​រយៈ​ពេល​នៃ​ការ​សាក​ល្បង​ចំនួន​បី​ឆ្នាំ។

យន្តការផ្លូវច្បាប់នេះ មានន័យថា លោក រ៉ុង ឈុន មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ភ្លាមៗ​ឡើយ​ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​តាម​ដាន​យ៉ាងតឹ​ង​រ៉ឹង​ក្នុង​រយៈ​ពេល​បីឆ្នាំ​នៃ​ការ​សាក​ល្បង​នេះ។

លើស​ពី​នេះ ក្នុងអំ​ឡុង​ពេល​សាក​ល្បង លោក រ៉ុង ឈុន ត្រូវ​បង្ខំ​ឱ្យ​អនុវត្ត​តាម​វិធាន​ការ​ត្រួត​ពិនិត្យ និង​កាតព្វ​កិច្ច​ដ៏​​ម៉ឺង​​ម៉ាត់​បំផុត ដែល​ក្នុង​នោះ​រួម​មាន​ការ​តម្រូវ​ឱ្យ​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​​ពី​​ដែន​​ដី​រាជ​ធានី​ភ្នំពេញ​ឡើយ។

ទន្ទឹមនឹងការរឹតត្បិតភូមិសាស្ត្រនៃការរស់នៅ តុលាការក៏បានហាមឃាត់​លោក​មិន​ឱ្យ​ធ្វើ​សកម្ម​ភាព​ថ្លែង​ការណ៍​ជា​សាធារណៈ​​ដាច់​ខាត។ លក្ខ​ខណ្ឌ​ទាំង​នេះ​តំណាង​ឱ្យ​ការ​គ្រប់​គ្រង​ទាំង​ស្រុង​លើ​សេរី​ភាព​នៃ​ការ​ដើរ​ហើរ សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​ជួប​ជុំ​របស់​លោក ដែល​ជា​ការ​កាត់​ផ្តាច់​រូប​លោក​ចេញ​ពី​ចលនា​មហា​ជន​ និង​សកម្ម​ជន​​នៅ​តាម​មូល​ដ្ឋាន។

បន្ថែម​លើ​ទោស​ព្យួរសាក​​ល្បង និងបម្រាមខាងលើ តុលាការកំពូលបាន​សម្រេចផ្តន្ទា​ទោស​បន្ថែម ដោយ​ដក​ជា​បណ្តោះ​​អាសន្ន​នូវ​សិទ្ធិ​បោះ​ឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្ម​ភាព​នយោ​បាយ​ផ្សេងៗ​ទៀត សម្រាប់​​រយៈ​ពេល​ប្រាំ​ឆ្នាំ។

វិធានការដកសិទ្ធិនយោបាយរយៈពេលប្រាំឆ្នាំនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចេតនាគណនារបស់របបភ្នំ​ពេញ ក្នុងការផាត់ចេញនូវឥស្សរជនលេចធ្លោរូបនេះ មិនឱ្យមានឱកាសចូលរួមប្រកួតប្រជែង ឬដឹកនាំយុ​ទ្ធនា​​ការនយោបាយសម្រាប់ការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិអាណត្តិខាងមុខ។

សាលដីកានេះ បង្ហាញឱ្យឃើញកាន់តែច្បាស់នូវយុទ្ធសាស្ត្រនយោបាយតាមផ្លូវតុលាការ ដែលមិនត្រឹមតែបិទ​ផ្លូវ​នយោ​​បាយ​ផ្លូវការរបស់លោក រ៉ុង ឈុន តាមរយៈការដកសិទ្ធិបោះឆ្នោត និងសិទ្ធិធ្វើនយោបាយប្រាំឆ្នាំប៉ុណ្ណោះទេ។ ប៉ុន្តែ​ថែមទាំងបានប្រើប្រាស់វិធានការត្រួតពិនិត្យផ្លូវតុលាការ ដើម្បីបង្កើតជាខ្នោះរូបវន្តឃុំខ្លួន​លោកនៅក្នុងរង្វង់​​ដែន​ដី​​ភ្នំពេញ បិទ​​មាត់មិន​ឱ្យ​ថ្លែង​ការណ៍ និងរារាំងមិនឱ្យមានវត្តមាននៅក្នុងព្រឹត្តិ​ការណ៍​​តវ៉ានានា ដែលនេះជាចំណាត់​ការបន្សាបឥទ្ធិពលមេដឹកនាំបក្សប្រជែងយ៉ាងមានប្រសិទ្ធភាព។

គួររម្លឹកថា ក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សភ្លើងទៀនត្រូវបានផាត់ចេញពីការ​ប្រកួតប្រជែង លោក រ៉ុង ឈុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងជំរុញគណបក្សកម្លាំងជាតិ​។ លោកគឺ​ជាមនុស្សដែលមានប្រជាប្រិយភាពខ្ពស់ និងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងចំណោមកម្មករ គ្រូបង្រៀន និងយុវជន ដែលជាកម្លាំងស្នូលនៃចលនាផ្លាស់ប្តូរក្នុងសង្គម។

រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់បានមើលឃើញថា បើទុកឲ្យលោក រ៉ុង ឈុន មានសេរីភាពពេញលេញ​ក្នុងការ​ដឹក​​នាំ និងធ្វើសកម្មភាពនយោបាយ គណបក្សកម្លាំងជាតិ អាចនឹងក្លាយជាគណបក្សប្រជែងដ៏​មាន​ឥទ្ធិពល និងជា​ម៉ាស៊ីន​នយោបាយថ្មីមួយ ដែលអាចស្រូបយកសំឡេងគាំទ្ររាប់លាននាក់​​ពីអតីតអ្នកគាំទ្រ​​គណបក្សសង្គ្រោះជាតិ និង​គណបក្សភ្លើងទៀន។

ច្បាប់ស្តីពីការបោះឆ្នោតរបស់កម្ពុជាចែងច្បាស់ថា បុគ្គលទាំងឡាយណាដែលមានទោសទណ្ឌ មិនត្រូវបានអនុញ្ញាតឲ្យ​ឈរ​ឈ្មោះជាបេក្ខជនឡើយ។ យុទ្ធសាស្ត្រនេះហៅថា ការកាត់ក្បាលម៉ាស៊ីនដឹកនាំ តាំងពីសមរភូមិ​មិនទាន់ចាប់ផ្តើម ដើម្បីបង្ការកុំឲ្យគណបក្សកម្លាំងជាតិ អាចបង្កើតសន្ទុះនយោបាយទាក់ទាញម្ចាស់​ឆ្នោតសម្រាប់ការបោះឆ្នោតក្រុម​ប្រឹក្សា​ឃុំសង្កាត់ និងការបោះឆ្នោតជាតិអាណត្តិក្រោយៗ។

ការប្រើប្រាស់ប្រព័ន្ធតុលាការលើករណី លោក រ៉ុង ឈុន នេះ អាចបកស្រាយតាមរយៈទ្រឹស្តីនយោបាយនៃការ​រក្សាអំណាច​បែបផ្តាច់ការនិយមបែបបោះឆ្នោត។ របបនយោបាយបែបនេះត្រូវការរៀបចំការបោះឆ្នោតជាទៀងទាត់ដើម្បី​រក្សាភាពស្របច្បាប់លើឆាកអន្តរជាតិ និងក្នុងស្រុក ប៉ុន្តែក្នុងពេលជាមួយគ្នានេះ គេត្រូវប្រាកដថា លទ្ធផលនៃ​ការ​បោះឆ្នោតត្រូវបានកំណត់ទុកជាមុន ដោយគ្មានការប្រកួតប្រជែងពិតប្រាកដ។

តុលាការលែងជាស្ថាប័នឯករាជ្យដែលផ្តល់យុត្តិធម៌ តែបានក្លាយជាឧបករណ៍នយោបាយដ៏ទំនើប ក្នុងការសម្រាលសម្ពាធពីអន្តរជាតិ។ ជំនួសឲ្យការប្រើប្រាស់អំពើហិង្សាដោយត្រង់ៗ ដែលអាចរងការថ្កោលទោស និង​​ទណ្ឌកម្មសេដ្ឋ​កិច្ច​ធ្ងន់​ធ្ងរ ការដឹកនាំនេះ បានជ្រើសរើសការប្រើប្រាស់ច្បាប់ និងនីតិវិធីតុលាការ ដើម្បីបិទសិទ្ធិអ្នកនយោបាយដែល​មាន​ឥទ្ធិពល។

វិធីសាស្ត្រ​នេះ អនុញ្ញាតឲ្យរដ្ឋាភិបាលអាចឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិថា អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​អនុវត្ត​​​ទៅ​​តាម​​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​ជា​ធរមាន​នៃ​រដ្ឋ​អធិប​តេយ្យ។

ទាំងករណីលោក រ៉ុង ឈុន និងលោក កឹម សុខា បង្ហាញពីចេតនាច្បាស់ក្រឡែតក្នុងការកំចាត់ចោលនូវរាល់ជម្រើស​​នយោ​បាយទាំងឡាយណាដែលអាចផ្តល់ជាសញ្ញានៃក្តីសង្ឃឹមដល់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរជាវិជ្ជមាន។

បន្ថែមពីលើនេះ ការផាត់ចេញនូវឥស្សរជនទាំងពីររូបនេះ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររៀបចំការផ្ទេរអំណាច​ដោយរលូននៅក្នុងគណបក្សកាន់អំណាច។ នៅក្នុងដំណាក់កាលដែលលោក ហ៊ុន ម៉ាណែត គ្រប់​​​គ្រង ស្ថិរ​ភាព​នយោបាយផ្ទៃក្នុង និងការគ្រប់គ្រងសភាពការណ៍សង្គម គឺជាអាទិភាពកំពូលរបស់រដ្ឋាភិបាលនេះ ។

វត្តមានរបស់លោក កឹម សុខា ដែលមានឥទ្ធិពលជាអន្តរជាតិ និងលោក រ៉ុង ឈុន ដែលមានឥទ្ធិពលលើចលនា​​មហា​​ជន​តាមដងផ្លូវ គឺជាកត្តាហានិភ័យខ្ពស់ ដែលអាចបង្កើតជាចលាចល ឬការតវ៉ាទ្រង់ទ្រាយធំ ប្រសិនបើមានការ​មិន​ពេញ​ចិត្តណាមួយកើតឡើងក្នុងអំឡុងពេលអន្តរកាលអំណាច។

ដូច្នេះ ការរក្សាពួកលោកទុកក្នុងស្ថានភាពជាប់ចំណងផ្លូវច្បាប់ គឺជាការធានាថាលោក ហ៊ុន ម៉ាណែត អាចដើរ​ទៅ​មុខដោយរលូន ដោយគ្មានការរំខានពីសំឡេង រិះគន់ដែលមានទម្ងន់។

ចំណាត់ការផ្លូវច្បាប់ដ៏តឹងរ៉ឹងនេះ ត្រូវបានគណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមើលឃើញថា ជាយុទ្ធសាស្ត្រ​នយោបាយដែលប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ ដើម្បីកម្រិតព្រំដែនសេរីភាពរបស់អ្នកនយោបាយដែល​មានឥទ្ធិពល និងដើម្បីធានាថាចលនាមហាជនរបស់គណបក្សកម្លាំងជាតិ មិនអាចបង្កើត​ជាសន្ទុះគំរាមកំហែង​ដល់ស្ថិរភាពនៃអំណាចបច្ចុប្បន្នបានឡើយ។

ប្រសិនបើយើងពិនិត្យមើលទៅលើរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងការថ្លែងការណ៍​របស់ការិយា​ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គេសង្កេតឃើញថា ចំណាត់​ការលើករណីទាំង​ពីរ​នេះ​តែងតែប្រព្រឹត្តទៅក្នុងពេលវេលាដ៏មានយុទ្ធសាស្ត្រ។

មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២៧ និងការបោះឆ្នោតជាតិនៅឆ្នាំ ២០២៨ ខាងមុខ សម្ពាធផ្លូវច្បាប់​លើ​​លោក រ៉ុង ឈុន និងសកម្មជនគណបក្សកម្លាំងជាតិបានកើនឡើងយ៉ាងគំហុក។ នេះបង្ហាញថា តុលាការមិនបាន​ដំណើរការទៅតាមប្រតិទិនយុត្តិធម៌ធម្មតានោះទេ ប៉ុន្តែដំណើរការទៅតាមប្រតិទិននយោ​បាយ​​នៃរបបកាន់អំណាច។

ការប្រើប្រាស់ឧបករណ៍ «ទោសព្យួរ» រួមជាមួយ «បម្រាមរឹតត្បិតសិទ្ធិ» រយៈពេលប្រាំឆ្នាំ គឺ​ជា​ការ​គណនា​យ៉ាង​​ល្អិត​ល្អន់​ខាង​ផ្នែក​នយោ​បាយ។

តាម​រយៈការមិនដាក់ពន្ធនាគារលោក រ៉ុង ឈុន ដោយផ្ទាល់ របបដឹកនាំអាចជៀសវាងនូវរលកនៃការរិះគន់ និងសម្ពាធ​អន្តរជាតិភ្លាមៗ ព្រមទាំងមិនបង្កើតរូបភាពឱ្យលោកក្លាយជាវីរៈបុរសជាប់ឃុំ ដែលអាចដុតកំដៅ​​អារម្មណ៍អ្នក​គាំទ្រឱ្យងើបឡើងតវ៉ា។

ប៉ុន្តែក្នុងពេលជាមួយគ្នានេះ បម្រាមហាមធ្វើនយោបាយរយៈពេលប្រាំឆ្នាំ មានប្រសិទ្ធភាពគ្របដណ្តប់ទាំង​ស្រុង​​​លើ​ការ​បោះ​ឆ្នោត​​ក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨ ខាងមុខ​។ នេះមាន​ន័យ​ថា មេដឹកនាំដែលមានប្រជាប្រិយភាពរូបនេះ នឹងត្រូវដកហូតអាវុធនយោបាយទាំងស្រុង ដោយ​មិនអាចឈរឈ្មោះ មិន​អាច​ដឹកនាំយុទ្ធនាការ និងមិនអាចដើរតួជាក្បាលម៉ាស៊ីនស្រូបយកសំឡេងឆ្នោតសម្រាប់គណបក្សកម្លាំងជាតិបាន​ឡើយ។

ការសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ មិនត្រឹមតែបិទផ្លូវនយោបាយរបស់លោក រ៉ុង ឈុន ម្នាក់នោះទេ ប៉ុន្តែវាបានផ្ញើសារព្រមានដ៏មានឥទ្ធិពល និងបង្កជាបរិយាកាសភ័យខ្លាចដល់សកម្ម​​ជននយោ​បាយ​ក្រៅ​រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលទាំងអស់នៅកម្ពុជា។

ការដែលប្រព័ន្ធតុលាការអាចប្រើប្រាស់បទចោទប្រកាន់ពីបទញុះញង់ ឬបទល្មើសផ្សេងៗទៀតដើម្បីដាក់បម្រាមរឹត​ត្បិត​សិទ្ធិ​​ពលរដ្ឋ បានធ្វើឱ្យបន្ទាត់ព្រំដែនរវាងការបញ្ចេញមតិដោយសេរី និងការប្រព្រឹត្តបទល្មើសកាន់តែមានភាពស្រពិចស្រពិល និងស្ថិតក្រោមការកំណត់របស់អំណាចរដ្ឋបាលទាំងស្រុង។

ស្ថាន​ភាពនេះ ឆ្លុះបញ្ចាំងពីការបង្រួញលំហប្រជាធិបតេយ្យ ដែលត្រូវបានជំនួសមកវិញនូវការគ្រប់គ្រងអំណាចបែបផ្តាច់ការក្រោមរូបភាពនៃសាលក្រម និងសាលដីការបស់ស្ថាប័នតុលាការ។

ជាងនេះទៅទៀត វិធានការទាំងនេះ បានធ្វើឱ្យកម្លាំងប្រឆាំងជួបប្រទះនូវវិបត្តិភាពជាដឹកនាំយ៉ាងធ្ងន់ធ្ងរ។ ការបាត់​​បង់ឥស្សរជនជើងចាស់ដែលមានសមត្ថភាពកៀរគរមហាជន ដូចជាលោក កឹម សុខា និងលោក រ៉ុង ឈុន ធ្វើ​ឱ្យ​គណបក្ស​ក្រៅរដ្ឋាភិបាលពិបាក ក្នុងការស្វែងរកបុគ្គលិកលក្ខណៈមេដឹកនាំដែលអាចរួបរួម និង​បង្កើតសន្ទុះគាំទ្រ​​ឡើង​​វិញ។

របបភ្នំពេញបានជោគជ័យក្នុងការបង្ខំឱ្យគណបក្សប្រឆាំងដទៃទៀត រួមទាំងគណបក្សកម្លាំងជាតិ ត្រូវធ្វើសកម្ម​ភាពនយោបាយក្នុងក្របខណ្ឌមួយដ៏តូចចង្អៀត និងស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង ដែលមិនអាច​បង្កជាការគំរាមកំហែងដល់រចនាសម្ព័ន្ធអំណាចបច្ចុប្បន្នបានឡើយ។

ជារួម ចំណាត់ការរបស់តុលាការកម្ពុជាទៅលើលោក រ៉ុង ឈុន នាពាក់កណ្តាលឆ្នាំ២០២៦ នេះ និង​ករណី​​លោក កឹម សុខា នា​ពេលកន្លង​មក មិនមែនជារឿងចៃដន្យ ឬជាការអនុវត្តច្បាប់ដោយឯករាជ្យនោះទេ។

វាគឺជាយុទ្ធសាស្ត្រនយោបាយដែលត្រូវបានគណនាយ៉ាងល្អិតល្អន់ ដោយ​រដ្ឋា​ភិបាល​លោក​ ហ៊ុន ម៉ាណែត​ក្នុង​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​តុលាការ​ជា​ខែល ដើម្បី​សម្រេច​នូវ​គោល​បំណង​រក្សា​រូប​ភាព​ខាង​ក្រៅ​នៃ​នីតិ​រដ្ឋ និង​ស្ថិរ​ភាព​សង្គម​ផង និង​​ដើម្បី​កម្ចាត់​ចោល​នូវ​រាល់​គូ​ប្រជែង​នយោ​បាយ​ដែល​មាន​សមត្ថ​ភាព និង​ឥទ្ធិ​ពល​ក្នុង​ការ​គំរាម​កំហែង​ដល់​ការ​បន្ត​អំណាច​ផ្ដាច់​មុខ​ផង​ដែរ។

យុទ្ធសាស្ត្រផ្តាច់សកម្មភាពនយោបាយនេះ បានធ្វើឱ្យឆាកនយោបាយកម្ពុជាបច្ចុប្បន្ន​ប្រែ​ជា​រាំង​ស្ងួត​នូវ​ជម្រើស​ពិត​ប្រាកដ​​សម្រាប់​​ប្រជា​ពលរដ្ឋ​ ក្នុង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​តាម​គន្លង​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​៕

ដោយ៖ សុក្រិត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ