កត្តា​ជីវភាព​នៅ​តែ​ជា​បញ្ហា​ចម្បង​ធ្វើ​ឱ្យ​សិស្ស​ក្រីក្រ​បោះ​បង់​ការ​សិក្សា

ការ​សិក្សា​នានា​ រក​ឃើញ​ថា ច្រើន​ឆ្នាំ​មក​នេះ កត្តា​ជីវភាព​នៅ​តែ​ជា​បញ្ហា​ចម្បង ជំរុញ​ឱ្យ​សិស្ស​ដែល​មាន​ឪពុក​ម្តាយ​ក្រីក្រ​បន្ត​បោះ​បង់​សាលា ពិសេស​សិស្ស​នៅ​ជន​បទ​ដាច់​ស្រយាល និង​ខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ​ ដែ​ល​​​​ពួក​គេ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ចំណូល​ជួយ​ដោះ​បន្ទុក​គ្រួសារ។

បញ្ហាច​ម្បង​នេះ ធ្វើ​ឱ្យ​មាន​គម្លាត​កាន់​តែ​ឆ្ងាយ រវាង​អ្នក​រ​ស់​នៅ​ទីប្រជុំ​ជន​និង​ជន​បទ និងប៉ះ​​ពាល់​ដល់​ធន​ធាន​អភិវឌ្ឍន៍​ជាតិ ដែល​រដ្ឋាភិ​បាល​ចាំបាច់​ត្រូវ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​​ចំពោះ​ពលរដ្ឋ​គ្រប់​រូប។

អត្រាបោះបង់ការសិក្សារបស់សិស្សអនុ​វិទ្យា​ល័យ នៅ​តែ​ជា​ក្តី​កង្វល់​មួយ​របស់​ក្រសួង​អប់រំ និង​អង្គ​ការ​ពាក់​ព័ន្ធ។

អ្នក​ស្រាវជ្រាវពី​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ប្រាប់​វីអូឌី​នៅថ្ងៃ​ទី​១៥ខែ​មិថុនា​នេះ​ថា តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក ភាព​ក្រីក្រ​មិន​ត្រឹម​តែ​ជំរុញ​ឱ្យ​សិស្ស​បោះប​ង់​សាលា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ពួក​គេ​ជួប​បញ្ហា​ជា​ប្រព័ន្ធ ចាប់​តាំង​ពី​កុមារ រហូត​ដល់​ធំ ហើយ​អាច​តជំនាន់ បើ​រដ្ឋ​មិន​អាច​ដោះ​ស្រាយ ឱ្យ​មាន​ប្រសិទ្ធ​ភាព ។

ក្នុងន័យនេះ លោក​ពន្យល់ថា កុមារក្នុងគ្រួសារក្រី ពួកគេ​មិន​ទទួល​បាន​ការ​ផ្តល់​អាហារ​ពី​ឳពុក​ម្តាយ ឱ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លូត​លាស់​ផ្នែក​រាង​កាយ និង​សតិ​បញ្ញា​ស្មារតី​ទេ ដែ​ល​ធ្វើ​ឱ្យ​ពួក​គេ​ខ្លះ​ក្លាយ​ជា​មនុស្ស​​ក្រិន។ ក្រិន​ទាំង​រាយ​កាយ ក្រិន​ទាំង​ប្រាជ្ញា​ស្មារតី។

បញ្ហានេះ ពេលពួកគេត្រូវចូលរៀននៅសាលា ការរៀនមិនសូវចាប់បា​ន ​ឬ​រៀន​ខ្សោយ រៀន​មិន​ទាន់​គេ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​បោះ​បង់​សាលា។ លោក​ថា កត្តា​គួប​ផ្សំ​មួយ​ទៀត គឺ​កម្ម​វិធី​សិក្សា​បច្ចុប្បន្ន សិស្ស​រៀន​តែ​មួយ​ព្រឹក នៅ​សល់​ពាក់​​កណ្តាល​ថ្ងៃ​ទៀត ពួក​គេ​ទំនេរ។

ភាពទំនេរនេះ ផ្សំគ្នានិងរៀនមិនទាន់គេ ជា​​បញ្ហា​ចម្បង​ជំរុញ​សិស្ស​ក្រីក្រ​ទាំង​នោះ ប្រើ​ពេល​ច្រើន​ដើម្បី​ជួប​មិត្ត​ភ័ក្រ​នៅ​ក្រៅ​សាលា គួប​ផ្សំ​នឹង​​លំហូរ​ទីផ្សារ​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​ផង​នោះ វា​បាន​ជំរុញ​ឱ្យ​សិស្ស​បោះ​បង់​សាលា ជួន​កាល​ក្លាយ​ទៅ​​ជា​ជន​រង​គ្រោះ ក្នុង​ក្រុម​បង​ធំ​កាប់​ចាក់​គ្នា​ក៏​មាន។

លោក​ថា៖ «បើត្រូវក្មេងនឹងវាពិបាកក្នុងការចាប់ឱ្យទាន់ក្មេងដទៃ​ក្នុង​ថ្នាក់ អីចឹង​វា​ត្រូវ​មាន​អារម្មណ៏​មួយ​ថា​វា​រៀន​មិន​ទាន់​គេ កាល​ណារៀ​ន​មិន​ទាន់​គេ ក៏​វា​ជា​បច្ច័យ​នាំ​ឱ្យ​វា​នឹង​មាន​ការ​ខក​ចិត្ត​តាំង​ពី​ថ្នាក់​តូចៗ​ទៅ​ហើយ​ដល់​ធំ​នៅ​តែ​រៀន​មិន​ពូកែ​ទៀត ចឹង​ការ​បោះ​បង់​សាលា​ទៅ​រក​ការ​ងារ​ធ្វើ​ ជា​ជម្រើស​ល្អស​ម្រាប់​ពួក​វា​វិញ»

លោក​ថា លើស​ពី​នេះ បើពួ​កគេគេផុតពីការប្រើប្រាស់សារ​ធាតុ​ញៀន តា​មរ​យៈ​ចំណាក​ស្រុក​ទៅ​រក​ប្រាក់​ចំណូល​តាម​រយៈ​ប្រើ​កម្លាំង ទាំង​គ្មាន​ជំនាញ ពួក​គេ​ប្រឈម​នឹង​ការ​ជួញ​ដូរ និង​ឆបោក​ក៏​អាច​កើត​មាន​សម្រាប់​ពួក​គេ​ដែល​មាន​ប្រភព​ពី​គ្រួសារ​ក្រី​ក្រ ។

លោកថា៖ «រឿងសំខាន់យើងទទួលស្គាល់ថា អ្នកដែលឈានមុខជាងគេ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ហ្នឹង ​គឺ​ក្រសួង​អប់រំ ហ្នឹង​កត្តា​សំខាន់​ទី១។ ទី២​ទៀត នៅ​តាម​សាលា​រៀន​ហ្នឹង គឺ​កិ​ច្ច​សហការ​រវាង​សហគមន៍​ ឪពុក​ម្ដាយ​សិស្ស ហើយ​​និង​គ្រូ ក៏​មាន​សារៈ​សំខាន់​ដែរ ដើម្បី​ជួយ​ទាញ​តម្រង់​សិស្ស​ឱ្យ​ត្រង់​ផ្លូវ។ រឿង​ធំ​មួយ​ទៀត​ខាង​គ្រឿង​ស្រវឹង គ្រឿង​​ញៀន​ហ្នឹង ជា​កាតព្វ​កិច្ច​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​ត្រូវ​រឹត​បន្តឹង​រឿង​ហ្នឹង​​ទៅ​ នេះ​គឺ​​ជា​រឿង​មួយ​ដែល​គួរ​ពិនត្យ​​មើល​ដែរ ​ទៅដែរ កុំ​ឱ្យ​ថា​ឱ្យ​តែ​លឺ​សូរ​និយាយ​អីចឹង គឺ​ពួក​ហ្នឹង​ជា​ពួក​អគតិ​ទាំង​អស់»។

ការរកឃើញពីការបោះបង់សាលារបស់សិស្ស ក្នុងគ្រួសារក្រីក្រ​របស់ លោក​បណ្ឌិត មាស នី ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​សិក្សា​ថ្មី​មួយ​របស់​អង្គ​ការ UNICEF ដែល​សហការ​ជាមួយ​ក្រសួង​អប់រំ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ​២០២៦។

របាយកា​រណ៍ បាន​រក​ឃើញ​ថា ទោះ​បី​ជា​រដ្ឋាភិបា​ល​បាន​ពង្រឹង និង​ពង្រីក​វិស័យ​អប់​រំ​ក៏​ដោយ ក៏​ការ​បោះ​បង់​ការ​សិក្សា​ចេញ​ពី​កត្តា​ជីវភាព​នេះ នៅ​ថ្នាក់​អនុ​វិទ្យា​ល័យ នៅ​តែ​ជា​ក្តីក​ង្វល់​ដ៏​ធំ។

របាយការណ៍នោះ រកឃើញ​ទៀត​ថា អត្រា​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ថ្នាក់​អនុ​វិទ្យា​ល័យ​ បន្ត​មាន​ជិត​ ២០% គិត​ត្រឹម​ឆ្នាំ​២០២៤ ដែល​បញ្ហា​ចម្បង​ជំរុញ​ឱ្យ​សិស្ស​កម្រិត​នេះ ភាគ​ច្រើន​បោះ​បង់​ចោល​ការ​សិក្សា​ កត្តា​ចម្បង​គឺ​មក​ស្ថាន​ភាព​គ្រួសារ ។

របាយការណ៍​បញ្ជាក់ថា៖ «សិស្សមកពីគ្រួសារដែលមាន​ប្រាក់​ចំណូល​ទាប​ បាន​ប្រឈម​នឹង​ការ​បោះ​បង់​ចោល​ការ​សិក្សា​​ខ្ពស់​ជាង​សិស្ស​ដែល​មាន​ជីវភាព​ធូរធារ»។

បន្ថែមពីនេះ គឺកត្តាចំណាកស្រុក ខ្វះ​ការគាំទ្រពីឳពុកម្តាយ សាលា​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​ និង​ការ​ខ្វះ​ខាត​សម្ភារ:​សិក្សា​ជា​ដើម ជា​បញ្ហា​គួប​ផ្សំ​បន្ថែមលើបញ្ហាចម្បង។

ត្រង់ចំណុចនេះ អង្គការ UNICEF អំពាវនាវឱ្យមានដំណោះស្រាយ​ទូលំ​ទូលាយ​ជាង​មុន ដែល​ត្រូវ​ពង្រឹង​ការ​រៀន​សូត្រ​នៅ​ថ្នាក់​បឋម​សិក្សា កែ​លម្អ​អភិបាល​កិច្ច​សាលា​រៀន ពង្រីក​ការ​គាំទ្រ​ផ្នែក​អប់រំ​ដើម្បី​គាំ​ទ្រ​សិស្ស​ដែល​ជួប​ការ​លំបាក និង​ណែនាំ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។

ដោយឡែក ការស្រាវជ្រាវ​រប​ស់​អង្គការ UNESCO បានរកឃើញថា នៅ​ក្នុង​ឆ្នាំ​២០២៤ អត្រា​ក្មេង​ប្រុស​បោះ​បង់​ការ​សិក្សា ជា​មធ្យម ១៧% បាន​ឈប់​រៀន​នៅ​កម្រិត​មធ្យម​សិក្សា បើ​ធៀប​ទៅ​នឹង​ក្មេង​ស្រី​ ដែ​ល​អត្រា​ត្រឹម​តែ​ ១៣% ។

ការសិក្សាបានប្រើប្រាស់​ទិន្ន​ន័យ និង​ការ​ពិគ្រោះយោ​បល់​ដោយ​រួម​ទាំង​ការ​សម្ភាសន៍ និង​ការ​ពិភាក្សា​ជាមួយ​សិស្ស ឪពុក​ម្ដាយ គ្រូ​បង្រៀន ថ្នាក់​ដឹក​នាំ​សាលា សមាជិក​សហគមន៍ និង​មន្ត្រី​អប់រំ។

លទ្ធផលនៃការសិក្សារកឃើញ​ថា ការ​ដក​ខ្លួន​ចេញ​ពី​ការ​អប់រំ​របស់​ក្មេង​ប្រុស ក្នុង​ប្រទេស​កម្ពុជា កត្តា​ចម្បង​សម្ពាធ​សេដ្ឋ​កិច្ច សម្រាប់​គ្រួសារ​ក្រីក្រ ដែល​ថា​ពួក​គេ​បាន​ចំណាយ​ពេល​ច្រើន ដើម្បី​ជួយ​រក​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។

លើសពីនេះ​ក៏ជាបញ្ហាដែរ សម្រាប់ធនធានសាលានៅមាន​កម្រិត ឬ​សាលាឆ្ងា​យ ក្មេង​ជំទង់​នៅ​សហគមន៍​ក្រីក្រ ប្រើ​ប្រាស់​គ្រឿង​ស្រវឹង សារធាតុ​ញៀន។

បើតាមUNESCO៖«ភាពក្រីក្រក្នុងគ្រួសារត្រូវបានគេកំណត់ថា ជាកត្តា​សំខាន់​លើស​ពី​អ្វី​ផ្សេង​ទៀត ដែល​ប៉ះ​ពាល់​ដល់​ឱកាស​នៃ​ការ​បញ្ចប់​ការ​អប់​រំ​បឋម​សិក្សា និង​មធ្យម​សិក្សា​សម្រាប់​ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី»

អ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា មិនធ្វើអត្ថាធិប្បាយជុំវិញសំណួរដែលសួ​រ​ពី​ការ​រក​ឃើញ​អត្រា​បោះ​បង់​ការ​សិក្សា​ចំពោះ​សិស្ស​ក្រីក្រ ដែល​បាន​រក​ឃើញ​នេះ។ ប៉ុន្តែ​អ្នក​ស្រី​បាន​ផ្ញើ​របាយ​ការណ៍​កម្រាស​ ៤ទំព័រ របស់​ក្រសួង​អប់រំ មក​កាន់​ក្រុម​ការ​ងារ​វីអូឌី ជំនួស​ឱ្យ​ការ​ឆ្លើយ​តប។

បើតាមរបាយការណ៍នោះ ហាក់មិន​បាន​បញ្ជាក់​ពី​ចំនួន​សិស្ស​ក្រីក្រ​ ​ដែល​នៅ​តែ​បន្ត​បោះ​បង់​ការសិក្សា​ច្រើន​ឆ្នាំ​​ម​ក​នេះ ដូច​ដែល​របាយ​ការណ៍​រក​ឃើញ​នោះ​​ទេ ប៉ុន្តែ​ភាគ​ច្រើន​របាយ​ការណ៍​បង្ហាញ​ពី​អត្រា​កើន​ឡើង​នៃ​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​មធ្យម​សិក្សា នៅ​មធ្យម​សិក្សា​បឋម​ភូមិ និង​នៅ​មធ្យម​សិក្សា​ទុតិយ​ភូមិ ការ​ផ្តល់​អាហា​រូប​ករណ៍​ដល់​សិក្ស​ក្រីក្រ​ជា​ដើម។

បើតាមប្រភពដដែល ក្នុងរយៈពេល១០ឆ្នាំ​​​ចុង​ក្រោយ​នេះ ការចូលរៀននៅមធ្យមសិក្សាបឋមភូមមានវវឌ្ឍ​ភាព​​គួរ​ឱ្យកត់​សម្គាល់ ដោយ​សិស្ស​មធ្យម​​សិក្សា​បឋម​ភូមិ​កើន​ពី ៥,៥​សែន​នាក់​ ដល់ ៧,២​​សែន​​នាក់​។​អត្រា​​​បញ្ចប់​ការ​សិក្សានៅ​បឋម​ភូមិ​កើន​ពី ៥៤,១% នៅ​ឆ្នាំ​សិក្សា​២០១៤-២០១៥ ដល់​ ៧៩%​ ​​នៅ​​ឆ្នាំ​សិក្សា​​២០២៥-២០២៦។

ចំណែកការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ មាន​វឌ្ឍភាព​ប្រសើរ​ឡើង​ផង​ដែរ ដោយ​សិស្ស​​ធម្យ​ម​​សិក្សា​​ទុតិយ​ភូមិ​​បាន​កើន​ឡើង ២,៩​សែន​នាក់ ដល់ ៤,៥​សែននាក់​។ ចំណែក​​អត្រា​​រួម​នៃកា​រ​សិក្សា​នៅ​មធ្យម​សិក្សា​ទុ​តិ​​យភូមិ​កើន​​ពី​ ២៥,៣% នៅ​ឆ្នាំ​សិក្សា២០១៤ -២០១៥ ដល់ ៤៦,៦%។

ចំណែកការផ្តល់អាហារូបករណ៍វិញ ក្រសួងថា រដ្ឋាភិ​បាល​កម្ពុជា សម្រេច​អនុវត្ត​ជា​​កម្ម​វិធី​​ជាតិ​​ចាប់​​ពី​​ឆ្នាំ​២០១៤ ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ជូន​ក្រុម​សិស្ស​ដែល​មក​ពីគ្រួសារ​ក្រីក្រ ដោយ​ផ្តល់​ឱ្យ​សិស្ស​​បឋម​​សិក្សា​​​មធ្យម​សិក្សា​បឋម​ភូមិ​ក្នុង ១នាក់ ទទួល​បាន​ ២៤​ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំ និង​សិស្ស​​មធ្យម​​សិក្សា​​ទុតិ​យ​ភូមិ​១នាក់​ទទួល​បាន ៣៦​ម៉ឺន​រៀល​ជា​ដើម។

យ៉ាងនេះក្តី បញ្ហាការបោះបង់សាលាជាបន្តបន្ទាប់របស់​សិស្សក្រីក្រ ជា​ក្ដី​កង្វល់​ចម្បង​មួយ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​ផ្អែក​លើ​របាយ​ការណ៍​អង្គ​ការ​យូនី​សេហ្វ (UNICEF) និង​ក្រសួង​អប់រំ អត្រា​បោះ​បង់​ការ​សិក្សា​នៅ​ថ្នាក់​អនុ​វិទ្យា​ល័យ​ នៅ​តែ​មាន​កម្រិត​ខ្ពស់​ប្រមាណ​ជិត ២០%។

ចំណែកនិស្សិតច្បាប់នៅសាលាមេគង្គកម្ពុជា លោក សុក ក្ដាត និយាយ​ថា ជីវភា​ព​​ខ្វះ​​របស់​​​ឳ​ពុក​​​ម្តាយ​​ជា​មួល​​​ហេតុ​ចម្បង​ជំរុញ​ឱ្យ​សិស្ស​នៅ​សហគមន៍​ក្រី​ក្រ​បោះ​បង់​ការ​សិក្សា ព្រោះ​តែ​​ជួយ​​​រក​ចំ​ណូល​ឱ្យ​​ក្រុម​​គ្រួ​សារ។ លោក​បញ្ជាក់​ថា តាម​​ការ​ស្រាវ​ជ្រាវ ការ​បោះ​បង់​ការ​សិក្សា​នេះ បុរស​មាន​តួលេខ​ខ្ពស់​ជាង​សិស្ស​ជា​ស្ត្រី ដែ​ល​​បញ្ហា​ចម្បង​មក​ពី​បុរស​ភាគ​​ច្រើន​ជា​អ្នក​ចេញ​រក​លុយ ដើម្បី​ជួយ​ដោះ​បន្ទុក​គ្រួសារ។

រីឯ​បញ្ហា​ចម្បង​មួយ​ទៀត លោក​ថា ​ជា​កត្តា​គួប​ផ្សំ​នោះ គឺ​មក​ពី​សិស្ស​​​ទាំង​នោះ មិន​មាន​ក្ដី​ស្រមៃ និង​គោល​ដៅ​ក្នុង​ការ​​រៀន​សូត្រ ដើម្បី​កំណត់​ជោគ​វាសនា​ដោយ​ខ្លួន​ឯង។ តែ​​យ៉ាង​ណា និស្សិត​ច្បាប់​រូប​នេះ នៅ​តែ​ចង់​ឃើញ​យុវជន​រៀន​​ជម្នះ​​នឹង​​បញ្ហា​ប្រឈម​ ស្វែង​រក​ជំនាញ​ដ៏​ពិត​ប្រាកដ​មួយ ដើម្បី​អនា​គត​សម្រាប់​ខ្លួន​ឯង គ្រួសារ និង​សង្គម។

លោកថា៖ «ធាតុដែលចូលរួមនឹងគឺបញ្ហាប្រឈមរវាងការរៀន និង​ការ​រក ដែល​ការ​រក​នេះ​ដែរ យើង​ចង់​សំដៅ​ទៅ​លើ​សម្ពាធ​​សេដ្ឋ​កិច្ច​គ្រួសារ អីចឹង​បុរស​ក្នុង​នាម​ជា​អ្នក​ដែល​សង្គម​រំពឹង​ថា​ជា​មេគ្រួ​សារ ប្រពៃណីខ្មែរ​យើង​បុរស​គឺ​ជា​មេ​គ្រួសារ អីចឹង​បុរស​វ័យ​ក្មេង​ជា​ច្រើន​ប្រឈម​នឹង​ការ​លំបាក ក្នុង​ការ​បែង​ចែក​ពេល​វេលា​រៀន​សូត្រ និង​ការ​ចេញ​ទៅ​ធ្វើ​ការ​​ដើម្បី​រក​ចំណូល»។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​​អង្គ​ការ​​យូនី​សេហ្វ​ ចុះ​​​​​ថ្ងៃ​​​​​​ទី​​១៤ ខែ​​​តុលា ឆ្នាំ​២០២៥ បាន​​​លើក​ឡើង​​ថា៖ «កុមារ​មក​ពី​គ្រួសារ​​ក្រីក្រ តំបន់​ជន​បទ សហគមន៍​ជន​ជាតិ​​ដើ​ម​​ភាគ​តិច និង​​កុមារ​​ដែល​មាន​​ពិការ​​ភាព​ បន្ត​​ប្រឈម​​នឹង​​ឧបសគ្គ​ក្នុង​ការ​​រៀន​សូត្រ​ និង​​មានចំនួន​តិច​តួច​ក្នុង​ថ្នាក់​រៀន។ កុមារ​​ដែល​មាន​ពិកា​រភាព​ទំនង​ជា​មិន​បាន​ចូលរៀន​រហូត​ដល់​ទៅ​ពីរ​ដង បើ​ធៀប​​ជាមួយ​កុមារ​ដទៃ​ដែ​ល​​មាន​​អាយុ​​ប្រហាក់​ប្រហែល​​គ្នា»។

ប្រភពដដែល បញ្ជាក់ថា នៅឆ្នាំ​២០២៣ កម្ពុជា​មានកុមារ​ក្នុង​វ័យ​សិក្សា​​ប្រមាណ ៣លាន​​​នាក់ (២លាន​​នា​ក់​​​នៅ​ក្នុង​​បឋម​​សិក្សា និង​ ១លាន​​នាក់ នៅ​អនុ​វិទ្យា​ល័យ) ដែល​​ក្នុង​​នោះ​​មាន​​កុមារ​ និងក្មេង​​ជំទង់​​ប្រ​ហែល ៣សែន​​នាក់ នៅ​​ក្រៅសាលា​។

គិត​មកដល់ឆ្នាំ​២០២៤ អត្រាបោះបង់ការ​សិក្សា​នៅតែ​ខ្ពស់ គឺ​មាន​កុមារ​​ ១៥.៥​ភាគរយ បាន​​បោះ​​បង់​​ការ​​សិ​ក្សា​​​​នៅកម្រិត​​មធ្យម​​សិក្សា​ បឋម​​ភូមិ ខណៈ​ក្មេង​​ជំទង់​​កាន់​តែ​​ច្រើន​​កំពុង​​​នៅ​​រៀន មាន​តែ ៦០ភាគរយ​ប៉ុ​ណ្ណោះ​ បាន​​បញ្ចប់​​អនុវិទ្យាល័យ ហើយ​កុមារ​អាយុ​ ៥ឆ្នាំ​ ប្រមាណ​ ៣០ភាគរយ​ មិន​ទាន់បាន​ចុះ​ឈ្មោះ​ចូល​​រៀន​​នៅ​​កម្រិត​​កុមារ​តូច​​​បាន​​គ្រប់ៗគ្នា​នៅ​ឡើយ។

លើសពីនេះ បើយោងតាមទិន្នន័យពីក្រសួងអប់រំ យុវជន និងកីឡា និងរបាយការណ៍អង្គការនានា អត្រាសិស្ស​​បោះ​បង់​​ការ​សិក្សានៅ​តាម​ខេត្ត​ជាប់​ព្រំដែន គឺ​មាន​កម្រិត​ខ្ពស់​ជាង​សិស្ស​នៅ​តំបន់​ទីក្រុង។ បញ្ហា​នេះ​បង្ក​​ឡើង​ដោយ​កត្តា​​ប្រឈម​មួយ​ចំនួន ដូច​ជា​ ជីវភាព​គ្រួសារដែល​ឪពុក​ម្តាយ​មាន​ជីវភាព​ខ្វះ​ខាត តម្រូវ​ឱ្យ​កូន​ៗ​ឈប់​រៀន ដើម្បី​ជួយ​​រក​ចំណូល ឬ​ធ្វើ​ចំណាក​ស្រុក​តាម​គ្រួសារ។

បញ្ហា​ការ​ធ្វើ​ដំណើរសាលារៀន​នៅ​ឆ្ងាយ​ពី​ភូមិ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស​ក្នុង​រដូវ​វស្សា និង​ឱកាស​ការ​ងារការ​ទាក់​​ទាញ​​ពី​ទីផ្សារ​ការ​ងារ​ក្រៅប្រ​ទេស ឬ​ការ​ងារ​ក្នុង​ស្រុក ដែល​មិន​តម្រូវ​ឱ្យ​មាន​សញ្ញា​បត្រ​កម្រិត​ខ្ពស់ ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ