គណនីបណ្តាញសង្គមមួយចំនួនដែលបង្ហាញសកម្មភាពស្រដៀងគ្នា និងបញ្ចេញមតិដូចគ្នាក្នុងពេលប្រហាក់ប្រហែលគ្នា កំពុងបង្កើនការព្រួយបារម្ភអំពីគុណភាព នៃការពិភាក្សាសាធារណៈនៅលើប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា។
នេះបើយោងតាមរបាយការណ៍ឃ្លាំមើលបណ្តាញទំនាក់ទំនងសង្គមប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ដែលបានវិភាគសកម្មភាពលើទំព័រហ្វេសប៊ុករបស់អង្គការសង្គមស៊ីវិលចំនួន ១៥។ ការអង្កេតនេះធ្វើឡើងដោយអ្នកប្រឹក្សាយោបល់ផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ ដោយចំណាយពេលបីខែ ចាប់ពីខែកុម្ភៈ ដល់ខែមេសា និងបានចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា។
ការសិក្សាបានប្រមូលទិន្នន័យពីការបង្ហោះចំនួនជាង ១ពាន់៥រយ (១,៥៥៦) និងមតិយោបល់សរុបជាង ២ម៉ឺន៤ពាន់ (២៤,២៩៨) ក្នុងអំឡុងខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៦។ ក្នុងចំណោមមតិយោបល់ទាំងនោះ មតិយោបល់ចំនួនជិត ៥ពាន់ (៤.៩០៣) ត្រូវបានលើកយកមកវិភាគលម្អិត ដែលដកស្រង់ចេញពីអត្ថបទបង្ហោះចំនួន ៥៤ របស់អង្គការចំនួន៦ស្ថាប័ន រួមមាន សមាគមអាដហុក (Adhoc), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), អង្គការសង់ត្រាល់ (CENTRAL), អង្គការខុមហ្វ្រែល (Comfrel), អង្គការលីកាដូ (LICADHO), និងប្រជាកាសែត (ProcheaKaset) ដោយសារតែផ្នែកបញ្ចេញមតិយោបល់របស់អង្គការទាំងនេះ បង្ហាញពីទម្រង់ច្បាស់លាស់នៃអាកប្បកិរិយាមិនពិតប្រាកដ។
លោក ង៉ែត ម៉ូសេ បានលើកឡើងពីការរកឃើញដ៏សំខាន់ នោះគឺក្រុមនៃគណនីមិនពិតប្រាកដកំពុងធ្វើការរួមគ្នា ដៅមុខសញ្ញាទៅលើអង្គការសិទ្ធិការងារ។ គណនីទាំងនេះ បង្ហោះសារដែលបានរៀបចំទុកជាស្រេច ដើម្បីបង្កជាជំនន់មតិយោបល់ និងជំរុញសារគាំទ្ររដ្ឋាភិបាល។ គណនីដដែលៗទាំងនេះ បង្ហាញវត្តមាននៅទូទាំងអង្គការខុសៗគ្នាក្នុងពេលតែមួយ ដែលនេះបង្ហាញឱ្យឃើញថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដែលមានការរៀបចំទុក។ ទម្រង់នេះត្រូវបានចាត់ទុកថា អាចជាសញ្ញានៃសកម្មភាពសម្របសម្រួលគ្នា ដែលមានគោលបំណងជះឥទ្ធិពលលើទស្សនៈសាធារណៈ ឬបង្កើតការយល់ឃើញមួយតាមរយៈការបង្ហាញថា មានមនុស្សជាច្រើនគាំទ្រគំនិតដូចគ្នា។
ប្រធានបទដែលទាក់ទាញមតិយោបល់អវិជ្ជមានខ្លាំងជាងគេ រួមមាន សិទ្ធិមនុស្ស សិទ្ធិការងារ ជម្លោះដីធ្លី សេរីភាពបញ្ចេញមតិ សកម្មភាពតស៊ូមតិរបស់អង្គការសង្គមស៊ីវិល។
យ៉ាងណា របាយការណ៍មិនបានបញ្ជាក់ថា អ្នកណាជាអ្នករៀបចំ ឬគ្រប់គ្រងគណនីទាំងនោះទេ ប៉ុន្តែបានកត់សម្គាល់ពីលក្ខណៈសកម្មភាពដែលបង្ហាញពីការធ្វើការស្របគ្នា។
ក្រៅពីសកម្មភាពសម្របសម្រួលគ្នា លោក ង៉ែត ម៉ូសេ ក៏បានរកឃើញការប្រើប្រាស់ភាសាប្រមាថ ការវាយប្រហារលើបុគ្គល និងការបង្ខូចកេរ្តិ៍ឈ្មោះលើអង្គការសង្គមស៊ីវិលមួយចំនួន ដូចជា ការប្រើប្រាស់ឈ្មោះអង្គការសង់ត្រាល់យកទៅបង្ហោះសារគាំទ្ររដ្ឋាភិបាលដោយផ្ទាល់ជាដើម។ ចំណែកមតិយោបល់ដែលមានលក្ខណៈធ្ងន់ធ្ងរបំផុត រួមទាំងការគំរាមកំហែងដល់អាយុជីវិត ត្រូវបានរកឃើញនៅលើអត្ថបទបង្ហោះរបស់សមាគមអាដហុក(Adhoc) អំពីជម្លោះដីធ្លីនៅខេត្តរតនគិរី។
ជុំវិញរឿងនេះ នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី សង្កេតឃើញថា ការបញ្ចេញមតិមួយចំនួនលើបណ្ដាញសង្គម បានប៉ះពាល់តម្លៃសេរីភាពនៃការបញ្ចេញមតិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាពិសេសកុមារ និងយុវជន ពាក់ព័ន្ធនឹងការលើកកម្ពស់ប្រព័ន្ធអប់រំជាសាធារណៈ។ លោកបន្តថា បណ្ដាញសង្គមគួរតែក្លាយជាកន្លែងបរិសុទ្ធ ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗត្រូវបន្សុទ្ធ និងបញ្ជ្រាបចូលនូវមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការតម្កល់នូវឯកជនភាពរបស់អ្នកប្រើប្រាស់ជាអាទិភាព។
លោក ណុប វី ថ្លែងថា៖ «បណ្ដាញសង្គមនេះមាន ឥទ្ធិពលធំណាស់! ដូច្នេះនៅពេលដែលយើង inject ចូល មានន័យថា ដាក់បញ្ចូលនូវអ្វីដែលជាសារធាតុពុលទៅក្នុងបណ្ដាញសង្គម បណ្ដាញសង្គមហ្នឹងវានឹងសាយភាយនូវអ្វីដែលជាសារធាតុពុល។ បើសិនជាបណ្ដាញសង្គមមានការទទួលខុសត្រូវសង្គមខ្ពស់ ដោយចូលរួមចំណែកនៅក្នុងការបន្សុទ្ធនូវអ្វីដែលជាសារធាតុពុលបាន អ៊ីចឹងអ្វីដែលសង្គមយើងទទួលបាន ពិភពលោកទទួលបានហ្នឹង គឺមានន័យថាដូចខ្យល់បន្សុទ្ធអ៊ីចឹង»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញសង្គមបានក្លាយជាវេទិកាសំខាន់សម្រាប់ការចែករំលែកព័ត៌មាន និងការពិភាក្សាអំពីបញ្ហាសាធារណៈនៅកម្ពុជា។
ទោះជាយ៉ាងណា អ្នកជំនាញផ្នែកឌីជីថលជាច្រើន ធ្លាប់បានព្រមានថា ការកើនឡើងនៃគណនីមិនពិតប្រាកដ និងបណ្តាញបញ្ចេញមតិដែលមានការរៀបចំជាប្រព័ន្ធ អាចធ្វើឱ្យអ្នកប្រើប្រាស់ពិបាកបែងចែករវាងមតិពិត និងសកម្មភាពដែលត្រូវបានសម្របសម្រួល។
នៅក្នុងរបាយការណ៍ បានសន្និដ្ឋានថា ការបញ្ចេញមតិដោយសេរី និងការចូលរួមរបស់សាធារណជននៅលើបណ្តាញសង្គម គឺជាធាតុសំខាន់នៃសង្គមប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា ការរីករាលដាលនៃគណនីសង្ស័យ និងសកម្មភាពសម្របសម្រួលគ្នា អាចបង្កហានិភ័យដល់គុណភាពនៃការពិភាក្សាសាធារណៈ ប្រសិនបើមិនមានវិធានការត្រួតពិនិត្យ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
ខណៈដែលការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាបន្តកើនឡើង របាយការណ៍បានលើកឡើងផងដែរទាក់ទងនឹងការលើកកម្ពស់អក្ខរកម្មឌីជីថល និងការពង្រឹងសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន ដែលអាចជាផ្នែកមួយនៃដំណោះស្រាយរយៈពេលវែង ដើម្បីធានាថា លំហឌីជីថលនៅតែជាកន្លែងសម្រាប់ការពិភាក្សាប្រកបដោយការទទួលខុសត្រូវ និងផ្អែកលើព័ត៌មានពិត៕









