សហគមន៍​​ខេត្ត​​ព្រះ​វិហារ​​បារម្ភ​​ជីវភាព​​ធ្លាក់​​ចុះ ក្រោយ​​ដើម​​​ឈើ​​​ធំៗ​​​ក្នុង​​​ព្រៃ​​ព្រះ​​រកា​​​មន្ត្រី​​ការ​ពារ​​មិន​​បាន​

ពលរដ្ឋ​​មួយ​​ចំនួន​​រស់​​នៅ​​ជុំវិញ​​ដែន​​ជម្រក​​សត្វ​​ព្រៃ​​ព្រះ​រកា​ ​ក្នុង​​ស្រុក​​ចំនួន៣ គឺ​​ស្រុក​​ជាំក្សាន្ត ស្រុក​​ឆែប និង​​ស្រុក​​ត្បែង​​មាន​ជ័យ ខេត្ត​​ព្រះ​វិហារ ​ស្តាយ​​ស្រណោះ​​ទំហំ​​ព្រៃ​ឈើ ​ក្នុង​​តំបន់​​អភិរក្ស​​នេះ​​ ដែល​​ជា​​ប្រភព​​ប្រាក់​សេដ្ឋ​កិច្ច​​របស់​​ពួក​គាត់​ ​តាំង​​​ពី​​បុរាណ​​កាល​​មក បន្ត​​បាត់​បង់​​​ជា​​រៀង​រាល់​​ថ្ងៃ​​  ដោយ​​គ្មាន​​យន្ត​ការ​​អភិរក្ស​​ឱ្យ​​ច្បាស់​លាស់​ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​នៅ​​ឡើយ​​ទេ។

ការ​លើក​​ឡើង​​នេះ ក្រោយ​​ពី​​​សហគមន៍​​រក​​ឃើញ​​ដើម​ឈើ​ធំ​ជាច្រើន​ប្រភេទ រួម​មាន ដើមឈើ​​ទាល ផ្ចឹក សុក្រំ និង​​ស្រឡៅ ជាដើម ត្រូវ​​គេ​កាប់​អស់​​រាប់​រយ​​ដើម​នៅ​រយៈ​ពេល​ជាង ៦ ខែ ​ចុង​ក្រោយ​នេះ។

សហគមន៍​ការពារ​ព្រៃ​ព្រះរកា អ្នកស្រី ជួន ឃឹម ប្រាប់​វីអូឌី​​នៅ​​ថ្ងៃ​​​ទី​២២ ខែ​មិថុនា​​ថា​ ក្រសួង​​បរិ​ស្ថាន​បញ្ជូន​​ឆ្មាំ​​អភិរក្ស​​ឈរ​ជើង​ការពារ​ព្រៃ​ព្រះរកា ក៏​ប៉ុន្តែ​សកម្មភាព​កាប់​ឈើ​ធំៗ​នៅ​តែ​កើត​មាន​ ធ្វើឱ្យ​ព្រៃ​អភិរក្ស​នេះ​​ថយ​ចុះ​ច្រើន​ជា​រៀង​រាល់​ឆ្នាំ។

អ្នកស្រី​ថា កាល​ពី​សប្តាហ៍​មុន​ សហគមន៍​ជាង ១០នាក់ បាន​ចុះល្បាត​ព្រៃ​ចំណុច​អូរអំ​ពិល​ និង​​អូរ​តាម៉ាក់​ ប្រទះ​​ឃើញ​​ដើម​​ឈើ​​ធំៗ​ ត្រូវ​​គេ​កាប់​អស់​ជាង ១០០ដើម​ ជា​ថ្មី​ទៀត នៅរយៈពេលជាង ៦ ខែ ក្នុង​ឆ្នាំ​២០២៦​នេះ ។

អ្នកស្រី​ថា អំពើ​ពុក​រលួយ​ជា​មូល​ហេតុ​ចម្បង​​ធ្វើ​ឱ្យ​ក្រុម​អ្នក​កាប់​ឈើ​មិន​ក្រែង​ច្បាប់​ ហើយ​នៅ​​​តែ​លួច​ចូល​​កាប់ឈើមានតម្លៃ ​ជា​​របរ​អាជីព​ចិញ្ចឹម​ជីវិតជាច្រើនឆ្នាំមកហើយ។

អ្នកស្រី ជួន ឃីម និយាយថា៖ «អ្នក​ទៅ​ការពារ​ព្រៃ​វា​ មើល​ផ្លូវ​ឱ្យ​បាត់​ល្មើស​អី​ណា​ បើ​វា​បាត់​អំពើ​ពុក​រលួយ​​ទាំង​នោះ ​វា​អាច​ហើយ​ ហើយ​កុំ​ឱ្យ​អ្នក​ទៅ​កាត់​ឈើ​កាត់​អី​ វា​មាន​ខ្នង​មាន​អី​ទៅ​ ខ្ញុំ​និយាយ​ទៅ​ក៏​វា​… ខ្ញុំ​ហៅ​ចំ​ៗ​ ក៏​ខ្ញុំ​វា​ព្រួយ​បារម្ភ​ដែល​ហ្នឹង​ណា»។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះរកា ឱ្យ​ដឹង​ថា ពលរដ្ឋ​រស់​នៅ​ជុំវិញ​ព្រៃ​ព្រះ​រកា​​សរុប ២២​ ភូមិ ​ពឹង​ផ្អែក​​ទាំង​​ស្រុង​​លើ​​​ព្រៃ​អភិរក្ស​​នេះ រក​អនុផល​ព្រៃ​ឈើ​ចិញ្ចឹម​​ជីវិត ​រួមមាន ដង​ជ័រ​​ទឹក​​លក់ ត្រី​សាច់ និង សម្បូរ​​​សាច់​ព្រៃ​ ក៏ប៉ុន្តែ​ធនធាន​ធម្មជាតិ​ទាំង​នេះ​ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​​នៅ​រយៈ​​ពេល ២០​ឆ្នាំ​​ចុង​ក្រោយ​​នេះ ធ្វើ​​​ឱ្យ​​ពលរដ្ឋ​​បាត់​បង់​​កន្លែង​​អាស្រ័យ​​ផល​​ធម្ម​ជាតិ។

អ្នកស្រី​ជួន ឃឹម បន្ថែម​ថា មុន​​​ឆ្នាំ​២០១០ ពលរដ្ឋ​​រស់​​នៅ​​ជុំវិញ​​ព្រៃ​​ព្រះ​​រកា មាន​​ជីវភាព​​ធូរធារ​​ មិន​​ធ្វើ​​ចំណាក​​ស្រុក​នោះ​​​ទេ​ ដោយសារ​ព្រៃឈើ​នៅ​សម្បូរ​ ហើយ​សត្វ​ព្រៃ​ក៏​សម្បូរ​ដែរ ពុំ​​ដូ​ច​​បច្ចុប្បន្ន​​ឡើយ។

អ្នកស្រី​ថា ពេល​ខ្សត់​ព្រៃ ជីវភាព​​សហគមន៍​ថយ​ចុះច្រើន ដោយសារការស្វែងរក​អនុផល​ព្រៃឈើ ​ដូចជា រក​ឃ្មុំ ត្រី​​សាច់ និង​ដងជ័រ​ទឹក ធ្លាក់​ចុះ​ច្រើន។

អ្នកស្រីថា៖ «ព្រួយ​បារម្ភ​ណាស់ បាត់… ម្ដង​បន្តិចៗ​ ខ្ញុំ​ចេះ​តែ​ព្រួយ​បារម្ភ​ដែរ​ ហើយ​ប្រជា​ពលរដ្ឋ បើ​សិន​​ជា​​អស់​ព្រៃ​ហ្នឹង ទៅ​រក​អី​ទេ?​ ប្រៀប​ដូច​អស់​ឆ្នាំង​បាយ​អ៊ីចឹង​ឯង»។

វីអូឌី​ ​ពុំ​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​នៅ​​ឡើយ​​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

តែ​យ៉ាង​ណា ​កន្លង​ទៅ ​ក្រសួង​បរិស្ថាន​ បាន​ប្រកាស​អនុវត្ត​ច្បាប់ ១០០ ភាគរយ ​ដោយ​​គ្មាន​​ការ​​លើកលែង​ ចំពោះ​​ជន​ល្មើស​​ទាំង​ឡាយ​ណា​ដែល​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ។

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក​​បណ្ឌិត អ៊ាង សុផល្លែត ធ្លាប់​លើក​ឡើង​ថា​ វិធាន​ការ​នេះ​​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​​​វប្បធម៌​ «អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួច​ដោះលែង​» ចំពោះ​​អ្នក​កាប់​គាស់ រុករាន ទន្ទ្រាន និងឈូស​ឆាយ​ដី​ព្រៃ​ខុសច្បាប់ ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​យុទ្ធនាការនេះ។

ក្រសួង​ថា ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង បញ្ជូន​​សំណុំ​រឿង និង​ជន​សង្ស័យ​ទៅ​តុលាការ​ផ្ទាល់​ ដោយ​ផ្អែក​លើ​ច្បាប់​​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ។

ជុំវិញ​រឿង​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក ម៉ា ចិត្រា មើល​ឃើញ​​ថា​ មន្ត្រី​ខិលខូច​ដែល​ប្រព្រឹត្ត​អំពើ​​ពុករលួយ រដ្ឋាភិបាល​ត្រូវ​ស៊ើប​អង្កេត​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​ ទើប​អាច​ការពារ​ព្រៃ​បាន។

លោក ម៉ា ចិត្រា ថ្លែងថា៖ «យក​ច្បាប់​មក​អនុវត្ត​ អាហ្នឹង​បាន​អាច​ជោគជ័យ​ ហើយ​បើ​សិន​ជា​យក​អនុសាសន៍ ឬ​ក៏​យក​បទ​បញ្ជា ដើម្បី​ទៅ​ការពារ​ព្រៃ​ អាហ្នឹង​ខ្ញុំ​ក៏​គិត​ថា​ វា​មិន​ជោគជ័យ​ដែរ ព្រោះ​​បទ​បញ្ជា​ បញ្ជា​​តែ​មួយ​ភ្លែត​ទៅ​ បាន​តែ​មួយ​ភ្លែត​ទៅ​ក៏​បាត់​ទៅ​អា​បទ​បញ្ជា​ហ្នឹង ទុក​ច្បាប់​ចោល​ អា​ហ្នឹង​​ខ្ញុំ​​គិត​​ថា​ វា​មិនមែន​ជា​រឿង​ល្អ​ប្រសើរ​ទេ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​គួរតែ​ពង្រឹង​ច្បាប់​ ចាត់​វិធានការ​តាម​ផ្លូវ​​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ទាំង​អ្នក​កាប់​ឈើ ​ទាំង​អ្នក​ដែល​ពាក់ព័ន្ធ អ្នក​នៅ​ពី​ក្រោយខ្នង ​ឬ​ក៏​មន្ត្រី​ខិលខូច មន្ត្រី​ពុក​រលួយ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ ឆ្ងល់​​ថា ​អ្នកភូមិ​មួយ​ចំនួន​នៅ​មូល​ដ្ឋាន​ដែល​ប្រកបរ​មុខ​របរ​អារ​ឈើ​អាជីព​ចិញ្ចឹម​​ជីវិត ក្នុង​​​ព្រៃ​ព្រះ​រកា​ ហេតុ​អ្វី​មន្ត្រី​បរិស្ថាន​គ្មាន​ចំណាត់​ការ​ច្បាប់​លើ​ពួកគេ?។ លោក​ថា ជន​ខិល​ខូច​ទាំង​នោះ​ តែងតែ​ចូល​ព្រៃ​អារ​ឈើ​អាជីព​ គឺ​ជា​គោល​ដៅ​ដែល​មន្ត្រី​មាន​វិធានការ​ច្បាប់។

លោក ប៉ឹក សោភ័ណ ថ្លែង​ថា៖ «អ្វី​ដែល​យើង​ឆ្ងល់​​ ​តើ​​ជន​​ល្មើស​​ហ្នឹង​​មាន​​អំណាច​​ប៉ុណ្ណា​ ហើយ​​មន្ត្រី​​ និង​​អាជ្ញាធរ​​ហ្នឹង​ មាន​​អំណាច​​ប៉ុណ្ណា​ បាន​​ជា​​មិន​​មាន​​វិធាន​​ការ​ ឬ​ក៏​មិន​អាច​ចាត់​វិធានការ​ទៅ​លើ​ជនល្មើស ដែល​មាន​ខ្នង​ក្រាស់​ហ្នឹង​បាន​ តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង​បរិស្ថាន ក៏​ដូច​ជា​ រាជ​រដ្ឋាភិបាល​ ទោះ​មនុស្ស​ណា​ នៅ​ពី​ក្រោយ​នៃ​បទល្មើស​ប៉ុណ្ណា​ក៏​ដោយ ត្រូវ​តែ​មាន​ចំណាត់​ការ​»។

ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា-ឆែប ​ត្រូវ​ក្រសួងបរិស្ថាន​​ដាក់​បញ្ចូល​ជា​ព្រៃ​អភិរក្ស​​មាន​ទំហំ​​ជាង ៩ម៉ឺន​ហិក​តា ឋិត​នៅ​​ភូមិ​សាស្ត្រ​​ប្រជុំ​​​បី​​​ស្រុក គឺ​​ស្រុក​​ជាំ​ក្សាន្ត ស្រុក​​ត្បែង​​មាន​ជ័យ និង​​ស្រុក​​ឆែប របស់​​ខេត្ត​​ព្រះ​​វិហារ ក៏​ប៉ុន្តែ​​ក្រោយ​​មក​​រដ្ឋាភិ​​បាល​​​ពង្រីក​​ដែន​​អភិរក្ស​​នេះ​ ​រហូត​​ដល់​​ជាង ៣៤​ម៉ឺន​ហិកតា​ លាត​​សន្ធឹង​​​ជាប់​​ព្រំដែន​​កម្ពុជា-ថៃ រហូត​​ដល់​​ខេត្ត​ស្ទឹង​ត្រែង។  

មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ​​ ធ្លាប់​លើក​ឡើង​ថា សព្វ​ថ្ងៃ​ព្រៃ​​អភិរក្ស​​មួយ​​នេះ មាន​​​​ឆ្មាំ​​​អភិរក្ស​​​របស់​​​ក្រសួង​​​បរិស្ថាន​​​ជាង ២០​​នាក់ ដែល​​ឈរ​​ជើង​ការពារ​ព្រៃ មិន​អាច​ការពារ​ព្រៃ​អភិរក្ស​នេះ​គ្រប់​ជ្រុង​ជ្រោយ​ ​ដោយសារ​មន្ត្រី​មាន​គ្នា​តិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ