កងទ័ពរុស្ស៊ី កាលពីថ្ងៃទី២១ខែមិថុនា បានជ្រៀតចូលទៅក្នុងទីក្រុងយុទ្ធសាស្ត្រ កូស្យង់ទីនីវកា នៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយកំពុងព្យាយាមឡោមព័ទ្ធទីក្រុងនេះ។ ទាហានអ៊ុយក្រែនបានប្រាប់ BBC ថា ពេលនេះទីក្រុងទាំងមូលបានធ្លាក់ចូលទៅក្នុង «តំបន់ប្រផេះ» ដែលគ្មានភាគីណាមួយអាចគ្រប់គ្រងបានទាំងស្រុងនោះឡើយ ដោយសារកងទ័ពរុស្ស៊ីបានលបចូលទៅក្នុងតំបន់ពីក្រោយខ្នង ដែលធ្វើឱ្យការវាយរុញច្រានពួកគេចេញវិញក្នុងលក្ខខណ្ឌទីក្រុងមានភាពពិបាកខ្លាំង។
ទីក្រុង កូស្យង់ទីនីវកា គឺជាច្រកទ្វារឆ្ពោះទៅកាន់តំបន់ ដុនបាស ដែលនៅសេសសល់។ ប្រសិនបើទីក្រុងនេះត្រូវធ្លាក់ចូលក្នុងដៃរុស្ស៊ី កងកម្លាំងរុស្ស៊ីនឹងអាចវាយរំកិលទៅមុខឆ្ពោះទៅកាន់ទីក្រុង ក្រាម៉ាតូស្ក៍ និងទីក្រុង ស្លូវីយ៉ានស្ក៍ ដែលជាបន្ទាយរឹងមាំចុងក្រោយបង្អស់របស់អ៊ុយក្រែននៅភាគខាងកើត ហើយខិតជិតទៅរកការដណ្តើមគ្រប់គ្រងតំបន់ ដុនបាស បានទាំងស្រុង ដែលនេះជាគោលដៅគន្លឹះមួយរបស់វិមានក្រឹមឡាំង។
ទោះបីជាសង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ី បានជាប់គាំងនៅតាមខ្សែត្រៀមជួរមុខអស់រយៈពេលជាច្រើនខែ ហើយអ៊ុយក្រែនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងក្នុងប្រទេសរុស្ស៊ី និងផ្លូវផ្គត់ផ្គង់ទៅកាន់តំបន់គ្រីមៀ (Crimea) រហូតបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏នៅក្នុងទីក្រុង កូស្យង់ទីនីវកា កងទ័ពរុស្ស៊ីបានវាយលុកចូលរហូតដល់ជាយក្រុងភាគខាងជើង។
ទីក្រុងម៉ូស្គូ បានអះអាងថា ខ្លួនបានឡោមព័ទ្ធអង្គភាពយោធាអ៊ុយក្រែនរួចហើយ ប៉ុន្តែភាគីអ៊ុយក្រែនបានបដិសេធ ដោយបញ្ជាក់ថាស្ថានការណ៍នៅតែស្ថិតក្រោមការគ្រប់គ្រង ទោះជាទទួលស្គាល់ថាមានទាហានរុស្ស៊ីប្រហែល ១៣០ នាក់ កំពុងស្ថិតនៅក្នុងទីក្រុងក៏ដោយ។ ទោះជាយ៉ាងណា នាយទាហានអ៊ុយក្រែនម្នាក់បានបង្ហើបថា ស្ថានការណ៍ជាក់ស្តែងមានសភាពម៉ត់ចត់ជាងអ្វី ដែលមន្ត្រីហ៊ានទទួលស្គាល់ជាសាធារណៈ ដោយសាររុស្ស៊ីបានបន្តប្រមូលផ្តុំទាហានលាក់ខ្លួនតាមអគារ និងដើមឈើកាន់តែច្រើនឡើង។
ដើម្បីវាយលុកចូល «តំបន់សម្លាប់» ដែលមានដ្រូនអ៊ុយក្រែនឃ្លាំមើល កងកម្លាំងរុស្ស៊ីបានប្តូរយុទ្ធសាស្ត្រមកផ្តោតលើការបំផ្លាញទីតាំងបង្ហោះដ្រូន និងកំណត់គោលដៅលើក្រុមអ្នកបញ្ជាដ្រូនអ៊ុយក្រែនជាអាទិភាព ដោយប្រើប្រាស់កាំភ្លើងធំ និងប្រព័ន្ធបាញ់រ៉ុក្កែត។ ដោយសារក្រុមអ្នកបញ្ជាដ្រូនអ៊ុយក្រែនមានធនធានមានកំណត់ និងមិនសូវមានពេលស្វែងរកអ្នកបញ្ជាដ្រូនសត្រូវ ធ្វើឱ្យភាគីរុស្ស៊ីអាចប្រតិបត្តិការដោយសេរី រកឃើញទីតាំងអ៊ុយក្រែន និងបង្ខំឱ្យអ៊ុយក្រែនដកថយជាបន្តបន្ទាប់ បើទោះបីជាល្បឿននៃការវាយលុករបស់រុស្ស៊ីមានសភាពយឺតខ្លាំងក៏ដោយ។
បច្ចុប្បន្ន រុស្ស៊ីកំពុងអនុវត្តយុទ្ធសាស្ត្រវាយលុកតាមស្លាបដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ ដូចដែលពួកគេធ្លាប់ប្រើក្នុងការវាយយកទីក្រុង ប៉ូក្រូវស្ក៍ ដែរ។ ការប្រញាប់ប្រញាល់ឡោមព័ទ្ធទីក្រុង កូស្យង់ទីនីវកា នេះ ហាក់ដូចជាធ្វើឡើងដើម្បីបង្វែរអារម្មណ៍ពីការខ្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសរុស្ស៊ីដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ុយក្រែន។
អ្នកបញ្ជាដ្រូនអ៊ុយក្រែនបានព្រមានថា ស្ថានការណ៍បានក្លាយជា «វិបត្តិដ៏ធំ» ដោយសាររុស្ស៊ីស្ថិតនៅជិតល្មមអាចប្រើប្រាស់ដ្រូនចិនតម្លៃថោកដើម្បីឃ្លាំមើល ហើយការដឹកជញ្ជូនការផ្គត់ផ្គង់របស់អ៊ុយក្រែនត្រូវបានកាត់ផ្តាច់។
គម្រោងឃ្លាំមើលជួរមុខ DeepState បានបញ្ជាក់ថា ការធ្លាក់ចុះនៃទីក្រុង កូស្យង់ទីនីវកា គឺគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ ហើយវានឹងធ្វើឱ្យទីក្រុង ក្រាម៉ាតូស្ក៍ ក្លាយជាកន្លែងដ៏គ្រោះថ្នាក់បំផុត។ ស្របពេលជាមួយគ្នានេះ ទាហានអ៊ុយក្រែនបានត្អូញត្អែរថា ពួកគេមិនទទួលបានកម្លាំងជំនួយដើម្បីបំពេញបន្ថែមលើការខាតបង់ឡើយ ខណៈដែលមេបញ្ជាការស្ទាក់ស្ទើរក្នុងការរាយការណ៍អំពីទីតាំងដែលបានបាត់បង់ ព្រោះខ្លាចត្រូវបង្ខំឱ្យទៅដណ្តើមយកមកវិញទាំងដែលខ្វះខាតកម្លាំងទ័ព៕









