អ្នកឃ្លាំមើលមួយចំនួន យល់ស្របគ្នាថា ការបន្តប្រើដៃតុលាការដើម្បីដកសិទ្ធិនយោបាយពីអ្នកនយោបាយប្រឆាំងជាបន្តបន្ទាប់ គឺជានយោបាយទុច្ចរិតរបស់ លោកហ៊ុន សែន ដែលជាការបង្ក្រាបខ្មែរអ្នកស្នេហាជាតិធ្វើឱ្យជាតិខ្មែរកាន់តែមានការបែកបាក់ ជាតិចុះខ្សោយ ហើយនៅពេលដែលជាតិខ្មែរចុះខ្សោយ គឺជាការផ្តល់ឱកាសដល់ប្រទេសជិតខាង ជាពិសេសវៀតណាមនិងថៃ មានភាពងាយស្រួលក្នុងការឈ្លានពានទឹកដីកម្ពុជាដូចបច្ចុប្បន្ន។
ប្រតិម្មទាំងនេះ បានកើតមានឡើងបន្ទាប់ពីតុលាការកំពូលដែលមាន លោក ជីវ កេង ជាប្រធាន និងជាសមាជិកគណបក្សប្រជាជនកម្ពុជាផងនោះ កាលពីថ្ងៃទី១៩ខែមិថុនា បានសម្រេចតម្កល់ទោសដកសិទ្ធិនយោបាយ និងមិនឱ្យថ្លែងសារនយោបាយលើ លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ រយៈពេល៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទញុះញង់។ សំណុំរឿងបទញុះញង់របស់លោករ៉ុង ឈុន គឺពាក់ព័ន្ធការបញ្ចេញមតិទាក់ទងនឹងភាពមិនប្រក្រតីក្នុងការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម និងគម្រោងអភិវឌ្ឍបឹងតាមោក រួមទាំងតំបន់ព្រលានយន្តហោះថ្មី ដែលធ្វើឱ្យប្រជាពលរដ្ឋក្រីក្ររាប់រយគ្រួសារទទួលរងគ្រោះ ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីនៅថ្ងៃទី២២មិថុនានេះថា ការដែលតុលាការដែលជាឧបកររណ៍បម្រើនយោបាយរបស់លោកហ៊ុន សែន នៅតែបន្តដកសិទ្ធិធ្វើនយោបាយពីអ្នកនយោបាយប្រឆាំង ដែលជាគូប្រជែងនយោបាយរបស់ខ្លួនជាបន្តបន្ទាប់ គឺនឹងធ្វើឱ្យជាតិខ្មែរកាន់តែមានការបែកបាក់កាន់តែខ្លាំង មិនអាចផ្សះផ្សាជាតិបាន ដែលការណ៍នេះ នឹងធ្វើឱ្យជាតិខ្មែរកាន់តែចុះខ្សោយដែលជាការចង់បានរបស់ប្រទេសជិតខាង ជាពិសេសវៀតណាម និងថៃ ដែលជាចោរប្រវត្តិសាស្ត្រឈ្លានពានទឹកដីខ្មែរ។
សម្រាប់មន្ត្រីបក្សប្រឆាំងរូបនេះ លោកហ៊ុន សែន ត្រូវបានលើកបន្តុបដោយវៀតណាម ហើយតែងតែបម្រើនយោបាយវៀតណាម ដូចជា ការកាត់ទឹកដីខ្មែរ ទាំងដីគោក និងដែនសមុទ្ររួមទាំងកោះត្រល់ និងចង្កោមកោះក្រចកសេះទៅឱ្យវៀតណាម តាមរយៈសន្ធិសញ្ញាខុសច្បាប់។
លោកថា៖ «ការដកសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់ នឹងធ្វើឱ្យខ្មែរកាន់តែបែកបាក់ ហើយមិនអាចផ្សះផ្សាជាតិបាន ដែលនឹងធ្វើឱ្យខ្មែរចុះខ្សោយ ហើយអាហ្នឹងហើយជាការចង់បានរបស់បរទេស ជាពិសេសវៀតណាមនិងថៃ ហើយអាហ្នឹងក៏ជាឱកាសមួយដើម្បីឱ្យប្រទេសជិតខាងយើង ទាំងថៃនិងវៀតណាម នឹងឈ្លានពានទឹកដីខ្មែរយើងស្រេចចិត្ត អត់មានការទប់ស្កាត់ដូចសព្វថ្ងៃ ដោយសារតែខ្មែរមានការបែកបាក់សាមគ្គី ដោយសារតែការបិទសិទ្ធិសេរីភាពនៃការសម្តែងមតិ ការដកសិទ្ធិនយោបាយពីគណបក្សប្រឆាំងចាប់អ្នកប្រឆាំងដាក់គុក មិនព្រមដោះលែងអ្នកទោសនយោបាយជាដើម»។
លោក ប៉ា ងួនទៀង ប្រធានស្ថាប័នវីអូឌី បានចាត់ទុកការបន្តចាប់ដាក់ពន្ធនាគារទៅលើអ្នកបញ្ចេញមតិជាបន្តបន្ទាប់ ដែលគិតមកដល់ពេលនេះកើនឡើងដល់ ១១៤នាក់ និងការដកសិទ្ធិធ្វើនយោបាយពីអ្នកនយោបាយប្រឆាំងថា មិនត្រឹមតែជាការដើរផ្ទុយទៅនឹងគោលការណ៍ពង្រឹងឯកភាពជាតិ ដើម្បីឱ្យជាតិខ្មែរមានភាពធន់រឹងមាំខ្លាំងប៉ុណ្ណោះទេ គឺថែមទាំងជាការបង្ក្រាបជនជាតិខ្មែរខ្លួនឯង ដែលការណ៍នេះធ្វើឱ្យខ្មែរនិងប្រទេសជាតិទាំងមូលចុះខ្សោយដោយស្វ័យប្រវត្តិ។
លោកថា៖ «អ៊ីចឹងខ្ញុំថា អ្វីដែលលោកហ៊ុន សែន កំពុងតែធ្វើនេះ គឺជាការបន្តបំផ្លាញនូវសង្គមធ្វើឱ្យសង្គមកាន់តែទន់ខ្សោយ។ ខ្ញុំលើកឧទាហរណ៍យួនក៏ដោយ សៀមក៏ដោយ ឧទាហរណ៍ថា ចង់បំផ្លាញខ្មែរ គឺគេចង់ធ្វើម៉េចឱ្យជនជាតិខ្មែរហ្នឹងខ្សោយ ឱ្យជនជាតិខ្មែរហ្នឹងវេទនា ឬក៏ជនជាតិខ្មែរហ្នឹងត្រូវបានគេកម្ចាត់ចោល អាហ្នឹងបរទេស បើគេចង់បំផ្លាញខ្មែរ គេចង់ឃើញអ៊ីចឹង។ អ៊ីចឹងនៅពេលយើងមានមេដឹកនាំខ្មែរមួយដូចលោកហ៊ុន សែន ដែលកំពុងតែបំផ្លាញខ្មែរបែបហ្នឹង អាហ្នឹងមានន័យថា វាជាផ្លូវមួយកំពុងដើរទៅ ទៅតាមការចង់បានរបស់បរទេស។ អ៊ីចឹងអ្វីដែលគាត់ធ្វើនេះ កំពុងតែតម្រូវចិត្តបរទេស គឺធ្វើឱ្យខ្មែរយើងខ្សោយទៅៗ ហើយទីបំផុតប្រទេសជាតិនឹងកាន់តែខ្សោយ»។
អ្នកឃ្លាំមើលរូបនេះ បានផ្តល់ជាគំនិតឱ្យពិចារណាទៀតថា កងទ័ពគឺជាកូនចៅរបស់ប្រជាពលរដ្ឋ ហើយបើការរស់នៅរបស់ប្រជាពលរដ្ឋដែលជាឪពុកម្តាយកងទ័ពក្រីក្រ នោះកងទ័ពដែលកើតចេញពីប្រជាពលរដ្ឋក៏ក្រីក្រដែរ។ នៅពេលដែលប្រជាពលរដ្ឋក្រីក្រ គឺប្រជាពលរដ្ឋខ្សោយដែលមិនអាចនឹងងើបចេញពីភាពក្រីក្របានទេ ខណៈដែលសង្គមមួយគ្រប់គ្រងទៅដោយអ្នកកាន់អំណាច ធ្វើការបង្ក្រាបតាមតែអំពើចិត្តដោយគ្មានប្រព័ន្ធការពារសេចក្តីថ្លៃថ្នូរ និងយុត្តិធម៌របស់មនុស្សទាល់តែសោះ។
បន្ថែមពីនេះ ធនធានរដ្ឋគ្រប់យ៉ាងដែលត្រូវយកមកបម្រើក្នុងការកសាងជាតិ និងបម្រើពលរដ្ឋត្រូវបានកឹបកេងដោយអ្នកមានអំណាចនិងក្រុមគ្រួសារ ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនក្លាយជាជនរងគ្រោះនៃសង្គមបច្ចុប្បន្ន។ ហេតុដូច្នេះ លោកប៉ា ងួនទៀង បញ្ជាក់ថា អ្វីដែលលោកហ៊ុន សែនកំពុងតែធ្វើនាពេលបច្ចុប្បន្នគឺហាក់បម្រើបេសកកម្មរបស់បរទេសក្នុងការបំផ្លាញខ្មែរ។
ជាមួយគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ ក៏បានប្រាប់វីអូឌីនៅថ្ងៃទី២២ខែមិថុនានេះដែរថា ចំណាត់ការរបស់របបភ្នំពេញក្នុងការតម្កល់ទោស និងបន្ថែមការរឹតត្បិតសិទ្ធិនយោបាយរយៈពេល៥ឆ្នាំលើលោក រ៉ុង ឈុន គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ដើម្បីកម្ទេចសំឡេងប្រឆាំង និងបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ ការបន្តធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ មកលើរូបលោករ៉ុង ឈុន គ្រាន់តែដោយសារការរិះគន់រឿងព្រំដែន និងការតស៊ូមតិដើម្បីសិទ្ធិកម្មករ មិនត្រឹមតែជាទង្វើអយុត្តិធម៌ដ៏ធ្ងន់ធ្ងរដល់សកម្មជនសិទ្ធិមនុស្ស និងសហជីពរូបនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំផ្លាញចោលទាំងស្រុងនូវមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ និងរុញច្រានកម្ពុជាឱ្យកាន់តែធ្លាក់ដុនដាបទៅក្នុងរបបផ្តាច់ការឯកបក្ស។
ជាងនេះទៅទៀត លោក វណ្ណលី លើកឡើងថា ល្បិចកលកាត់សិទ្ធិនយោបាយ សំដៅរារាំងមិនឱ្យលោកកឹម សុខា និងលោករ៉ុង ឈុន ចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ ២០២៨ ខាងមុខនេះ បង្ហាញពីភាពទន់ជ្រាយ និងភាពមិនហ៊ានប្រឈមមុខតទល់ដោយស្មើភាពនៅលើសមរភូមិបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតសេរី និងយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត កំពុងដឹកនាំប្រទេសដោយការបង្ក្រាប និងខ្វះភាពស្របច្បាប់ពីពលរដ្ឋពិតប្រាកដ។
លោកថា៖ «ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដកសិទ្ធិនយោបាយពីថ្នាក់ដឹកនាំបក្សប្រឆាំងជាបន្តបន្ទាប់ពិតជាអាចបង្កើនភាពបាក់បែកផ្ទៃក្នុងជាតិកាន់តែជ្រៅ ដែលខ្ញុំចាត់ទុកថាជាកត្តាហានិភ័យធ្វើឱ្យឥទ្ធិពលនិងភាពរឹងមាំរបស់ជាតិ ត្រូវចុះខ្សោយ នៅពេលដែលលំហពហុបក្សត្រូវបានរួមតូច ហើយសំឡេងតស៊ូមតិរបស់ប្រជាពលរដ្ឋរាប់លាននាក់ត្រូវបានកាត់ផ្តាច់ តាមរយៈសាលដីកាតុលាការ ខ្ញុំមើលឃើញថាវានឹងបង្កើតភាពរកាំរកូស និងបាត់បង់ទំនុកចិត្តរវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាល។ ភាពទន់ខ្សោយនៃស្ថានភាពផ្ទៃក្នុងបែបនេះ តែងតែជាឱកាសសម្រាប់បរទេសដែលមានចេតនាទុច្ចរិត ឬប្រទេសជិតខាងដែលមានទំនោរចង់ពង្រីកឥទ្ធិពល ក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុង បង្កើតឱ្យមានការពឹងផ្អែកផ្នែកភូមិសាស្ត្រនយោបាយ និងធ្វើឱ្យកម្ពុជាបាត់បង់លំនឹងតស៊ូមតិលើឆាកអន្តរជាតិ ដែលខ្ញុំយល់ថា ជាការគំរាមកំហែងដោយប្រយោលដល់អធិបតេយ្យភាព និងបូរណភាពទឹកដីក្នុងរយៈពេលវែង»។
ចំណែក លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្លែងថា ទាក់ទងនឹងការរួបរួមសាមគ្គីឯកភាពជាតិនេះ គឺត្រូវបានចែងក្នុងបុព្វកឋានៃរដ្ឋធម្មនុញ្ញដែលកំណត់ឱ្យខ្មែររួបរួមសាមគ្គីគ្នា ហើយដើរតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ប៉ុន្តែលោកថា ធម៌សាមគ្គីនៅក្នុងរដ្ឋធម្មនុញ្ញត្រូវបានលោកហ៊ុន សែនបំផ្លិចបំផ្លាញអស់ហើយ ដោយប្រើយុទ្ធសាស្ត្រងើបមួយវាយមួយបង្ក្រាបខ្មែរគ្នាឯង ឱ្យបែកបាក់សាមគ្គីគ្នាហើយបង្ក្រាបអ្នកនយោបាយប្រឆាំង មិនឱ្យមានឱកាសប្រកួតប្រជែងស្មើមុខគ្នាជាមួយគណបក្សកាន់អំណាច។ យុទ្ធសាស្ត្រសព្វថ្ងៃដែលគណបក្សកាន់អំណាច ប្រើនឹងជាយុទ្ធសាស្ត្របំបែបបំបាក់ជាតិបំបែកបំបាក់សាមគ្គី។ អ៊ីចឹងហើយនៅពេលសៀមឈ្លានពានកម្ពុជាមួយលើកជាពីរលើក រហូតមកដល់បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាគ្មានសមត្ថភាពទប់ទល់នោះទេ។
លោកថា៖ «គេគ្មានធម៌សាមគ្គីជាតិពិតប្រាកដនៅក្នុងខ្លួន គេគ្មានពង្រឹងស្មារតីជាតិហ្នឹងដើម្បីតតាំងនឹងសៀមឈ្លានពានពិតប្រាកដទេ។ នេះហើយជាចរិតរឹងរូសរបស់មេដឹកនាំបក្សកាន់អំណាចលោកហ៊ុន សែន ជាចរិតជនពាល ជាចរិតបំបែកបំបាក់ជាតិខ្មែរគ្នាឯង ហើយគិតតែពីរឿងអំណាចនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយមើលរំលងស្មារតីជាតិ ដោយមើលរំលងធម៌សាមគ្គី ដោយមើលរំលងការកសាងសក្កដានុពលជាតិ ដើម្បីឯកភាពជាតិ ដើរតាមគោលការណ៍ប្រជាធិបតេយ្យស្តារមុខស្តារមាត់ប្រទេសកម្ពុជាឡើងវិញទេ។ សព្វថ្ងៃនេះ កម្ពុជាប្រឈមច្រើនណាស់ផ្ទៃក្នុងជាតិវិបត្តិនយោបាយជាតិហ្នឹង ក៏មានរដ្ឋាភិបាលតាំងពីលោកហ៊ុន សែន រហូតដល់លោកហ៊ុន ម៉ាណែត នឹងចាប់អ្នកនយោបាយបក្សប្រឆាំងនឹងដាក់គុកតាមទំនើងចិត្តចាប់សកម្មជនសង្គម សកម្មជនបរិស្ថាន ដាក់គុកតាមទំនើងចិត្ត ប្រឌិតភស្តុតាងប្រឌិតសំណុំរឿងដាក់ទោសទណ្ឌដល់ពួកគេទាំងអយុត្តិធម៌បំផុត»។
អ្នកឃ្លាំមើលរូបនេះ បញ្ជាក់ថា ទាំងលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត រវល់ជាប់ដៃតែបង្ក្រាបខ្មែរគ្នាឯងទើបធ្វើឱ្យខ្មែរខ្សោយ ដែលជាឱកាសសម្រាប់បរទេសចូលឈ្លានពាន។
វីអូឌី មិនទាន់អាចទាក់ទង លោកប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល និងលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២២ខែមិថុនានេះ។
សូមបញ្ជាក់ថា នៅពេលទៅជួបជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ខែមិថុនា បើទោះបីជាបានទទួលស្គាល់ថា ខ្លួនមានកំហុសដោយសារតែទុកចិត្តថៃពេកទើបមិនបានត្រៀមប្រយុទ្ធ ធ្វើឱ្យថៃអាចដណ្តើមកាន់កាប់ទឹកដីខ្មែររាប់ស៊ឹបទីតាំង និងធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ដីធ្លីផ្ទះសំបែងរាប់ស៊ឹបម៉ឺនគ្រួសារក្តី ក៏លោកហ៊ុន សែន បានថ្លែងហាក់ដូចគ្មានការទទួលខុសត្រូវ និងថែមទាំងធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមប្រឆាំងទៀតផង។
លោកថា៖ «ហ្ហែងងើបមួយវាយមួយ ព្រោះអ៊ីចេះ បើមិនបោសសម្អាតខាងក្រោយទេ ទល់អាខាងមុខអត់បានទេ ត្រូវវ៉ៃអាខាងក្រោយឱ្យងាប់សិន វាយអាក្រោយឱ្យបាក់សិន ប៉ុន្តែអាពួកហ្នឹងនៅក្រៅប្រទេសទេ។ ប៉ុន្តែអាខាងក្នុងតែហ៊ាន ហ៊ានសាកលមើល! អញកំពុងតែប្រឈមនៅខាងមុខ សត្រូវនៅខាងមុខអញអត់ឱ្យហ្ហែងវាយអញ្ពីក្រោយខ្នងទេ។ អញត្រូវតែវ៉ៃហើយ អញប្រាប់ឱ្យហើយ»។
នៅពេលមានការលើកលែងទោសជាប់ឃុំ២៧ឆ្នាំ លើលោកកឹម សុខា ប៉ុន្តែមិនមានការលើកលែងបម្រាមធ្វើនយោបាយកាលពីថ្ងៃទី២៥ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកការលើកទោសជាប់ឃុំនេះថា «ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ»។
ប៉ុន្តែយ៉ាងណាក្តី រហូតមកដល់ពេលនេះ អាជ្ញាធរនិងតុលាការនៅតែបន្តចាប់ឃុំខ្លួនអ្នកបញ្ចេញមតិ និងដកសិទ្ធិធ្វើនយោបាយពីអ្នកនយោបាយប្រឆាំងជាបន្តបន្ទាប់ជាដដែលនៅឡើយ។ គិតត្រឹមថ្ងៃទី២២ខែមិថុនានេះ មានអ្នកជាប់ឃុំដោយប្រើប្រាស់សិទ្ធិចំនួន១១៤នាក់។ នេះបើតាមអង្គការលីកាដូ៕









