មន្ត្រីអាមេរិកម្នាក់ បានឱ្យដឹងថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានរំពឹងថានឹងបន្តរហូតដល់ម៉ោងដំបូងនៃថ្ងៃទី២២ខែមិថុនា នៅក្នុងប្រទេសស្វ៊ីស បន្ទាប់ពីការចាប់ផ្តើមឡើងវិញប្រកបដោយភាពតានតឹង ដែលឃើញក្រុមអ្នកចរចាអ៊ីរ៉ង់ដើរចេញ ដើម្បីតវ៉ាចំពោះការគំរាមកំហែងជាបន្តបន្ទាប់ដែលចេញដោយលោក ដូណាល់ ត្រាំ លើបណ្តាញសង្គម។
លោក ត្រាំ បានគំរាមទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ និងថែមទាំងចាប់ពង្រត់ក្រុមអ្នកចរចាទៀតផង ប្រសិនបើច្រកសមុទ្រ Hormuz មិនត្រូវបានបើកឡើងវិញ ដែលបង្ខំឱ្យប្រទេសកាតា និងប៉ាគីស្ថានដែលជាអ្នកសម្របសម្រួល ត្រូវបន្តការចរចានៅពីក្រោយឆាក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា គណៈប្រតិភូអ៊ីរ៉ង់បានចាកចេញពីទីតាំងចរចា បន្ទាប់ពីមានការផ្សព្វផ្សាយសារប្រមាថដោយប្រធានាធិបតីអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ មុនពេលដើរចេញ ភាគីអ៊ីរ៉ង់បានឈានដល់សេចក្តីព្រាងកិច្ចព្រមព្រៀងមួយ ស្តីពី របៀបដែលសហរដ្ឋអាមេរិកនឹងលើកលែងការដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ និងការផ្តល់ឱ្យវិញនូវទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលបង្កកនៅបរទេស ដែលជាលក្ខខណ្ឌមុនដ៏សំខាន់ មុនពេលបើកការចរចាលើកម្មវិធីនុយក្លេអ៊ែររយៈពេល ៦០ ថ្ងៃ។
ការគំរាមកំហែងរបស់លោក ត្រាំ មានភាពផ្ទុយគ្នាស្រឡះពីជំហររបស់អនុប្រធានាធិបតីរបស់លោក គឺលោក JD Vance ដែលបានព្យាយាមប្រើប្រាស់ការចរចានេះ ដើម្បីបើកទំព័រថ្មីជាមួយអ៊ីរ៉ង់។ លោក Vance និងក្រុមអ្នកចរចាអាមេរិក រួមទាំងលោក Jared Kushner បានជួបជាមួយប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi រយៈពេលប្រហែល ៨០ នាទី ក្នុងទម្រង់ចតុភាគីរួមជាមួយកាតានិងប៉ាគីស្ថាន។
អ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនបានដាក់ការបិទផ្លូវឡើងវិញនៅក្នុងច្រកសមុទ្រ Hormuz ដើម្បីតវ៉ាចំពោះការវាយប្រហារបន្តបន្ទាប់របស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ដែលបានសម្លាប់មនុស្សជាង ៣០ នាក់កាលពីថ្ងៃទី២០ខែមិថុនា។ អ៊ីរ៉ង់បានចោទប្រកាន់ថា លោក ត្រាំ បណ្តោយឱ្យអ៊ីស្រាអែលរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុន ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅលើគ្រប់វិស័យ។
ជាការឆ្លើយតប លោក ត្រាំ បានសរសេរលើបណ្តាញសង្គមព្រមានឱ្យអ៊ីរ៉ង់បញ្ឈប់កងកម្លាំងតំណាងរបស់ខ្លួនក្នុងប្រទេសលីបង់ជាបន្ទាន់ បើមិនដូច្នោះទេនឹងត្រូវវាយប្រហារយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោកត្រាំថែមទាំងបានព្រមានគ្រប់គ្រងច្រកសមុទ្រ និងប្រមូលកម្រៃធ្វើដំណើរទៀតផង ប្រសិនបើមិនមានកិច្ចព្រមព្រៀង។
ស្របពេលជាមួយគ្នានេះ សមាជិកព្រឹទ្ធសភា លោក Lindsey Graham ដែលជាមនុស្សជំនិតរបស់លោក ត្រាំ ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងប្រើកម្លាំងបាយគ្រប់គ្រងច្រកសមុទ្រ Hormuz ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបរាជ័យ។
ទោះជាមានភាពតានតឹងក៏ដោយ លោក Vance បានកាត់បន្ថយផលប៉ះពាល់នៃអំពើហិង្សានៅលីបង់ ដោយលើកឡើងថាវឌ្ឍនភាពត្រូវបានសម្រេចឆ្ពោះទៅរកការបញ្ចប់អរិភាព។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរទំនាក់ទំនងជាមូលដ្ឋាន ប្រសិនបើថ្នាក់ដឹកនាំអ៊ីរ៉ង់ព្រមបោះបង់ចោលការបង្កអស្ថិរភាពក្នុងតំបន់ និងមហិច្ឆតាអាវុធនុយក្លេអ៊ែរក្នុងរយៈពេលវែង។
ខណៈពេលដែលរដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright អះអាងថា ការបិទផ្លូវរបស់អ៊ីរ៉ង់មិនទាន់មានផលប៉ះពាល់ដល់ការធ្វើនាវាចរណ៍នៅឡើយ លោក ត្រាំ បានព្រមានកាលពីសប្តាហ៍មុនថា ពិភពលោកអាចនឹងខ្វះខាតប្រេងចម្រាញ់ក្នុងរយៈពេលបួនសប្តាហ៍ទៀត ប្រសិនបើច្រកសមុទ្រនេះមិនត្រូវបានបើកចំហពេញលេញ។
បច្ចុប្បន្ន អ៊ីរ៉ង់ចង់ឱ្យការចរចាផ្តោតលើបទឈប់បាញ់នៅលីបង់ ការបើកច្រកសមុទ្រឡើងវិញ និងការលើកលែងទណ្ឌកម្មប្រេង ដោយបាននាំទាំងប្រធានក្រុមហ៊ុនប្រេងជាតិ និងប្រធានធនាគារកណ្តាលមកចូលរួម។ ចំណែកឯបញ្ហានុយក្លេអ៊ែរ និងការត្រួតពិនិត្យរបស់ IAEA វិញ ភាគីអ៊ីរ៉ង់ចង់ពន្យារពេលពិភាក្សា រហូតដល់ជម្លោះទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានដោះស្រាយរួចរាល់៕









