ការវិវត្តនៃនយោបាយ និងសេដ្ឋកិច្ចក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់នូវនិន្នាការនៃការប្រមូលផ្តុំអំណាច និងទ្រព្យសម្បត្តិជាតិទៅក្នុងកណ្តាប់ដៃរបស់មនុស្សមួយក្រុមតូច។
ក្រោមការដឹកនាំរបស់គ្រួសារលោក ហ៊ុន សែន ប្រព័ន្ធគ្រប់គ្រងរដ្ឋត្រូវបានបំប្លែងទៅជាយន្តការបម្រើផលប្រយោជន៍បក្ខពួកនិយម ដែលក្នុងនោះធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិ រាប់ចាប់ពីសក្តានុពលរ៉ែមាស ដែនកោះ ឆ្នេរសមុទ្រ រហូតដល់តំបន់ប្រវត្តិសាស្ត្រ ត្រូវបានកាត់ចែកជា «សម្បទានសេដ្ឋកិច្ច» និង «គម្រោងអភិវឌ្ឍន៍ផ្តាច់មុខ» ជូនដល់បណ្តាញឧកញ៉ា និងក្រុមហ៊ុនគ្រួសាររបស់អ្នកមានអំណាច។
ដំណើរការទាំងនេះ ប្រព្រឹត្តទៅដោយគ្មានតម្លាភាព គ្មានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ និងខ្វះខាតគណនេយ្យភាព ដែលកំពុងរុញច្រានប្រទេសជាតិទៅរកភាពហិនហោច បង្កើតទុក្ខវេទនាដល់ប្រជាពលរដ្ឋម្ចាស់ដី និងបន្សល់ទុកនូវបំណុល ក៏ដូចជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរសម្រាប់យុវជនជំនាន់ក្រោយ។
សសរទ្រូងនៃរបបដឹកនាំបច្ចុប្បន្ន ផ្អែកលើសម្ព័ន្ធភាពមិនអាចកាត់ផ្តាច់បានរវាងឥស្សរជននយោបាយជាន់ខ្ពស់ និងក្រុមឧកញ៉ា។ ទំនាក់ទំនងនេះ មិនមែនជាកិច្ចសហការដើម្បីកំណើនសេដ្ឋកិច្ចបរិយាបន្ននោះទេ ប៉ុន្តែវាជាការដោះដូរផលប្រយោជន៍គ្នាទៅវិញទៅមក ពោលគឺអ្នកនយោបាយផ្តល់ការការពារផ្នែកច្បាប់ ឱកាសផ្តាច់មុខ និងកម្លាំងប្រដាប់អាវុធដើម្បីការពារគម្រោង ចំណែកឯក្រុមឧកញ៉ាផ្តល់ត្រឡប់មកវិញនូវហិរញ្ញប្បទាន ដើម្បីទ្រទ្រង់អំណាចនយោបាយរបស់បក្សកាន់អំណាច។
តាមរយៈរចនាសម្ព័ន្ធនេះ ធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានចាត់ទុកជាកញ្ចប់រង្វាន់នយោបាយ។ នៅពេលដែលគណបក្សកាន់អំណាចអាចលុបបំបាត់សំឡេងប្រឆាំង និងគ្រប់គ្រងសភាទាំងស្រុង យន្តការត្រួតពិនិត្យ និងតុល្យភាពអំណាចត្រូវបានខូចខាតទាំងស្រុង ធ្វើឱ្យការសម្រេចចិត្តលើការផ្តល់សម្បទាននានាធ្វើឡើងដោយសម្ងាត់ តាមរយៈក្រឹត្យក្រម ឬអនុក្រឹត្យដែលខ្វះការពិគ្រោះយោបល់ជាមួយសាធារណជន និងអ្នកជំនាញបរិស្ថាន។
វិស័យរ៉ែមាស គឺជាឧទាហរណ៍ជាក់ស្តែងបំផុតនៃការទាញយកផលប្រយោជន៍ ដោយគ្មានតម្លាភាព។ ទោះបីជាមានការអះអាងពីការកើនឡើងនៃចំណូលពន្ធក៏ដោយ ក៏ទិន្នន័យជាក់ស្តែងបង្ហាញពីភាពមិនប្រក្រតីដ៏ធំធេងរវាងផលិតកម្ម និងផលប្រយោជន៍ដែលធ្លាក់ដល់ដៃប្រជាពលរដ្ឋ។
ក្រុមហ៊ុនបរទេសដែលចាប់ដៃគូជាមួយសាច់ញាតិមន្ត្រីជាន់ខ្ពស់ ទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្ទៃដីរាប់ម៉ឺនហិកតា ដូចជានៅក្នុងខេត្តមណ្ឌលគីរី ត្បូងឃ្មុំ និងព្រះវិហារ។
ការសិក្សាស្រាវជ្រាវ និងរបាយការណ៍ស៊ើបអង្កេតស្តីពី តម្លាភាពរ៉ែ បានបង្ហាញថា ដំណើរការដេញថ្លៃ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (EIA) ភាគច្រើនគ្រាន់តែជាបែបបទដើម្បីបំពេញកិច្ចតាមផ្លូវច្បាប់ប៉ុណ្ណោះ។
ផលវិបាកភ្លាមៗគឺការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ការប្រើប្រាស់សារធាតុគីមីពុល ដូចជា ស៊ីយានីត (Cyanide) ដែលជ្រាបចូលទៅក្នុងប្រភពទឹកក្រោមដី និងស្ទឹងបឹងបួរ ប៉ះពាល់ដល់ជីវភាព និងសុខភាពរបស់សហគមន៍ជនជាតិដើមភាគតិច ដែលធ្លាប់តែអាស្រ័យផលពីព្រៃឈើ និងធម្មជាតិ។
ក្រៅពីធនធានក្រោមដី ដែនដីកោះ និងឆ្នេរសមុទ្រដ៏មានតម្លៃរបស់កម្ពុជា ក៏កំពុងធ្លាក់ក្នុងវាសនាដូចគ្នា។ យុទ្ធសាស្ត្រប្រែក្លាយទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជន ត្រូវបានអនុវត្តយ៉ាងគំហុកតាមរយៈការកាត់ឆ្នេរសមុទ្រ និងកោះនានានៅខេត្តកោះកុង និងព្រះសីហនុ ឱ្យទៅជាគម្រោងអភិវឌ្ឍន៍ផ្តាច់មុខរយៈពេលវែងរហូតដល់ ៩៩ឆ្នាំ។
ក្រុមហ៊ុនធំៗដែលគ្រប់គ្រងដោយសមាជិកគ្រួសារអ្នកមានអំណាច បានទទួលសិទ្ធិកាប់ឆ្ការព្រៃកោងកាង ចាក់ដីលុបសមុទ្រ និងសាងសង់តំបន់កម្សាន្តលំដាប់ខ្ពស់ ឬកាស៊ីណូ ដែលហាមឃាត់មិនឱ្យប្រជាពលរដ្ឋទូទៅ ឬអ្នកនេសាទក្នុងស្រុកចូលទៅជិត ឬអាស្រ័យផល។
ទង្វើនេះមិនត្រឹមតែបំផ្លាញជម្រកមច្ឆជាតិ និងជីវៈចម្រុះឆ្នេរសមុទ្រយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបង្កើតឱ្យមាន «រដ្ឋក្នុងរដ្ឋ» ដែលច្បាប់ទម្លាប់ធម្មតារបស់ប្រទេស មិនអាចអនុវត្តបានពេញលេញនៅក្នុងតំបន់សម្បទានទាំងនោះឡើយ។
ការបំផ្លាញព្រៃកោងកាងដែលជាខែលការពារធម្មជាតិ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យតំបន់ឆ្នេររងគ្រោះកាន់តែខ្លាំងពីគ្រោះធម្មជាតិ ដែលជាការគំរាមកំហែងដល់សន្តិសុខសេដ្ឋកិច្ចយូរអង្វែងរបស់ជាតិ។
សូម្បីតែតំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានវប្បធម៌ ក៏មិនអាចជៀសផុតពីការលោភលន់នៃប្រព័ន្ធបក្ខពួកនិយមនេះដែរ។ ការប៉ុនប៉ងកាត់ឆ្វៀលដី ឬផ្តល់សិទ្ធិអភិវឌ្ឍន៍ជុំវិញតំបន់ការពារបេតិកភណ្ឌ បង្ហាញពីការផ្តល់តម្លៃលើផលចំណេញហិរញ្ញវត្ថុរយៈពេលខ្លី ជាងការថែរក្សាអត្តសញ្ញាណជាតិ។
នៅពេលដែលការសម្រេចចិត្តទាំងនេះខ្វះគណនីភាព វាតែងតែនាំមកនូវការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លីដោយបង្ខំ ក្រោមលេសនៃការអភិវឌ្ឍ ឬការរៀបចំសណ្តាប់ធ្នាប់។ ការរំលោភសិទ្ធិដីធ្លីជាប្រព័ន្ធបែបនេះ បានបង្កើតឱ្យមានជនភៀសខ្លួនផ្ទៃក្នុងរាប់ម៉ឺនគ្រួសារ ដែលបាត់បង់ទាំងផ្ទះសម្បែង មុខរបរ និងសេចក្តីថ្លៃថ្នូរ ក្នុងពេលដែលដីធ្លីរបស់ពួកគេត្រូវបានប្រែក្លាយជាវាលវាយកូនហ្គោល ឬបុរីប្រណីតរបស់អ្នកមានទ្រព្យ។
ផលប៉ះពាល់ដ៏បំផ្លិចបំផ្លាញបំផុតនៃគំរូសេដ្ឋកិច្ចបែបបក្ខពួកនិយមនេះ គឺការបាត់បង់ឱកាស និងអនាគតរបស់យុវជនជំនាន់ក្រោយ។ យុវជនកម្ពុជានឹងត្រូវរងគ្រោះទ្វេដង។
ទីមួយ ពួកគេត្រូវរស់នៅក្នុងបរិស្ថានដែលទ្រុឌទ្រោម គ្មានព្រៃឈើ គ្មានប្រភពទឹកស្អាត និងប្រឈមនឹងគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនាពេលបច្ចុប្បន្ន។
ទីពីរ ពួកគេត្រូវបានដកហូតសិទ្ធិ និងឱកាសសេដ្ឋកិច្ចស្មើភាពគ្នា ពីព្រោះធនធានយុទ្ធសាស្ត្រ និងវិស័យសេដ្ឋកិច្ចគន្លឹះទាំងអស់ ត្រូវបានក្តោបក្តាប់ និងបែងចែកអស់ទៅហើយដោយក្រុមគ្រួសារអ្នកមានអំណាច ដែលបន្តផ្ទេរទ្រព្យសម្បត្តិ និងឥទ្ធិពលនេះទៅឱ្យកូនចៅរបស់ពួកគេតាមរបៀបតពូជ។
យុវជនជំនាន់ក្រោយដែលខ្វះខាតខ្សែស្រឡាយ ឬដើមទុន នឹងត្រូវបង្ខំចិត្តធ្វើជាពលករកម្រិតទាប នៅក្នុងគម្រោងអភិវឌ្ឍន៍ដែលសាងសង់លើទឹកដីកំណើតរបស់ខ្លួន ឬត្រូវចំណាកស្រុកទៅក្រៅប្រទេសដើម្បីរស់។របបបច្ចុប្បន្ន កំពុងដឹកនាំប្រទេសដោយប្រើប្រាស់សេដ្ឋកិច្ចទាញយកផលប្រយោជន៍ហួសប្រមាណ (Extractive Economy) ដែលជាប្រព័ន្ធសេដ្ឋកិច្ចរចនាឡើង ដើម្បីបឺតជញ្ជក់ធនធានពីប្រជាពលរដ្ឋភាគច្រើន ទៅបំពេញឱ្យក្រុមល្មោភអំណាចមួយក្តាប់តូច។
ប្រព័ន្ធបែបនេះ មិនអាចបង្កើតកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពបាននោះទេ ព្រោះវាមិនបានវិនិយោគលើធនធានមនុស្ស វិទ្យាសាស្ត្រ ឬការបង្កើតថ្មីនោះឡើយ ប៉ុន្តែវាពឹងផ្អែកទាំងស្រុងលើការលក់ និងការបំផ្លាញដើមទុនធម្មជាតិ។
លេសដែលថារដ្ឋត្រូវការផ្តល់សម្បទានដើម្បីទាក់ទាញការវិនិយោគ និងបង្កើតការងារ គឺជាការដោះសារដ៏ល្ងង់ខ្លៅ ព្រោះតម្លៃនៃការបាត់បង់ធនធានធម្មជាតិ ផលប៉ះពាល់បរិស្ថាន និងការស្តារឡើងវិញ មានទំហំធំធេងជាងចំណូលពន្ធដារ និងប្រាក់ឈ្នួលពលកម្មកម្រិតទាប ដែលប្រជាជនទទួលបានឆ្ងាយណាស់។
លើសពីនេះ ការលាក់បាំងកិច្ចសន្យាសម្បទាន និងការមិនបើកចំហទិន្នន័យចំណូលពីរ៉ែ និងគម្រោងធំៗ គឺជាភស្តុតាងដែលមិនអាចប្រកែកបាននៃអំពើពុករលួយជាប្រព័ន្ធ។
ដើម្បីសង្គ្រោះជាតិពីវិនាសកម្មឆ្លងជំនាន់នេះ កម្ពុជាត្រូវការជាបន្ទាន់នូវការផ្លាស់ប្តូរផ្នត់គំនិតនៃការគ្រប់គ្រងរដ្ឋ។ ភាពផ្តាច់មុខនៃអំណាចនយោបាយ ត្រូវតែត្រូវបានជំនួសដោយប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យ តុល្យភាពអំណាច និងការចូលរួមពីសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងប្រជាពលរដ្ឋម្ចាស់ឆ្នោត។
រាល់កិច្ចសន្យាសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវតែធ្វើឡើងតាមរយៈការដេញថ្លៃជាសាធារណៈ ដោយមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពីស្ថាប័នអន្តរជាតិឯករាជ្យ និងត្រូវបោះពុម្ពផ្សាយជាចំហជូនប្រជាពលរដ្ឋពិនិត្យ។
ដីធ្លី តំបន់ឆ្នេរ និងកោះ ដែលត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុនបក្ខពួកនិយមដោយខុសច្បាប់ ឬគ្មានតម្លាភាព ត្រូវតែដកហូតមកជាសម្បត្តិរដ្ឋវិញ ដើម្បីរៀបចំជាតំបន់អភិរក្ស ឬអភិវឌ្ឍន៍សម្រាប់ផលប្រយោជន៍សាធារណៈពិតប្រាកដ។
ជារួម ការបំផ្លាញធនធានធម្មជាតិក្រោមលេសនៃការអភិវឌ្ឍ ដោយបណ្តោយឱ្យក្រុមឧកញ៉ា និងគ្រួសារអ្នកមានអំណាចក្តោបក្តាប់ផ្តាច់មុខ គឺជាការក្បត់នឹងអនាគតរបស់ជាតិ។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអាចបន្តប្រើប្រាស់អំណាចផ្តាច់ការ ដើម្បីបិទមាត់ប្រជាពលរដ្ឋ និងប្លន់យកទ្រព្យសម្បត្តិសាធារណៈតទៅទៀតបានឡើយ។
ប្រសិនបើគ្មានការកែទម្រង់ជាដុំកំភួន និងការបង្កើតឡើងវិញនូវតម្លាភាព និងគណនេយ្យភាពទេនោះ កម្ពុជានឹងត្រូវប្រឈមមុខនឹងវិបត្តិសង្គមដ៏ជ្រាលជ្រៅ ដែលក្នុងនោះគម្លាតរវាងអ្នកមាន និងអ្នកក្រ នឹងកាន់តែរីកធំឡើង ធម្មជាតិនឹងត្រូវវិនាសសាបសូន្យ ហើយយុវជនជំនាន់ក្រោយនឹងត្រូវរស់នៅក្នុងប្រទេសមួយដែលបាត់បង់ទាំងអធិបតេយ្យភាពសេដ្ឋកិច្ច និងសិទ្ធិអំណាចនៅលើទឹកដីរបស់ខ្លួន។
ការភ្ញាក់រលឹក និងការរួមគ្នាទាមទារឱ្យមានការផ្លាស់ប្តូរពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីសំណាក់យុវជន គឺជាសេចក្តីត្រូវការចាំបាច់បំផុត ដើម្បីធានាថាធនធានរបស់កម្ពុជា ត្រូវបានប្រើប្រាស់ដើម្បីវិបុលភាពរួមរបស់ប្រជាជាតិទាំងមូល មិនមែនសម្រាប់តែភាពស្តុកស្តម្ភនៃក្រុមគ្រួសារអ្នកកាន់អំណាចពីរបីនាក់នោះឡើយ៕
ដោយលោក សុក្រឹត ពុទ្ធិ









