ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន បង្ហាញការព្រួយបារម្ភពីការបាត់បង់ព្រៃសហគមន៍ដូនតា របស់ជនជាតិដើមភាគតិច នៅខេត្តរតនគិរី ខណៈសង្កេតឃើញថា ជនជាតិដើមភាគតិចជាច្រើននាក់ ត្រូវអាជ្ញាធរចាប់ខ្លួន និងរងបណ្តឹងពីឈ្មួញដី ទៅកាន់តុលាការជាច្រើនករណី។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ ឲ្យវីអូឌីដឹងនៅថ្ងៃអង្គារនេះថា បញ្ហាទំនាស់ដីធ្លីនៅសហគមន៍ជនជាតិដើមភាគតិច ខេត្តរតនគិរី ភាគច្រើនផ្តើមចេញពីការមិនសូវយកចិត្តទុកដាក់ដោះស្រាយទំនាស់របស់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធដីព្រៃអារក្ស និងដីបញ្ចុះសព ដែលរងការកាប់បំផ្លាញធ្វើកម្មសិទ្ធិពីសំណាក់បុគ្គល និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។
លោកថា បញ្ហានេះ បាននាំឲ្យជនជាតិដើមភាគតិច ងាកទៅប្រមូលផ្តុំគ្នាតវ៉ា ដើម្បីទប់ទល់នឹងភាគីម្ខាងទៀត ដែលពួកគាត់អះអាងថា បានចូលទៅបំផ្លាញព្រៃអារក្ស ឬដីកប់ខ្មោចដូនតាពួកគេ។
លោកថា៖ «នៅពេលដែលគាត់ប្តឹងទៅ ហើយអាជ្ញាធរមិនមានវិធានការ ឬក៏ដំណោះស្រាយសម្រាប់ពួកគាត់ទេ អាហ្នឹងធ្វើឲ្យពួកគាត់អស់សង្ឃឹម។ ហើយអញ្ចឹងទៅ វាបង្កឲ្យមានបញ្ហាកើតឡើងសម្រាប់ពួកគាត់ទៅទៀត។ អញ្ចឹងបើយើងនិយាយពីរឿងភាពយុត្តិធម៌សម្រាប់គាត់ វាអត់មានទេ។ ដល់ពេលកាលណាពលរដ្ឋរងចាំដំណោះស្រាយតាមផ្លូវច្បាប់ តាមអាជ្ញាធរហ្នឹងយូរ ហើយភាគីម្ខាងទៀតនៅតែបន្តធ្វើសកម្មភាពបំពាន នាំឲ្យពួកគាត់មានកំហឹងបន្ថែម ហើយក៏សម្រេចចិត្តដោះស្រាយក្រៅច្បាប់។ ហើយផ្នែកច្បាប់ទៅជារឿងពលរដ្ឋពួកគាត់ខុសទៅវិញ?»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បង្ហាញការព្រួយបារម្ភថា បណ្តឹងរបស់តំណាងក្រុមហ៊ុនមួយ ប្តឹងពលរដ្ឋរស់នៅសហគមន៍ជនជាតិដើមកាចក់ នៅខេត្តរតនគិរី អាចនឹងពិបាកទទួលបានយុត្តិធម៌ណាស់ បើសិនជាតុលាការមិនបានបើកការស៊ើបអង្កេតឲ្យបានស៊ីជំរៅនោះទេ។
លោកបន្ថែមថា៖ «ចឹងខ្ញុំយល់ថា បើរឿងយុត្តិធម៌សម្រាប់ពលរដ្ឋ ដូចជាអត់មានទេ ពីព្រោះអ្វីដែលសំខាន់គាត់បានផ្តល់សេចក្តីទុកចិត្តទៅអាជ្ញាធរ សម្រាប់ដោះស្រាយ ប៉ុន្តែវាអត់មាន។ ចឹងធ្វើឲ្យពួកគាត់សម្រេចចិត្តធ្វើរឿងក្រៅច្បាប់ ដែលធ្វើឲ្យគាត់រងនូវភាពអយុត្តិធម៌បន្ថែមទៀត។ អាហ្នឹងវាជារឿងមួយមិនល្អទេសម្រាប់ពួកគាត់ ហើយជាពិសេសជនជាតិដើមភាគតិចផង បើកាលណាប៉ះដល់ដីសហគមន៍ជនជាតិដើមភាគតិចរបស់គាត់ បញ្ហាដីព្រៃអារក្ស ដីកប់ខ្មោច ដីជំនឿអីជាដើម ហើយមិនទាន់បានចុះបញ្ជីសមូហភាពសហគមន៍ទៅទៀត»។
កាលពីថ្ងៃទី៤ ខែមិថុនា លោក ទី សុខសុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី បានចេញដីកាបង្គាប់ឲ្យ ឈ្មោះ សល់ ហ្លាន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិកាចក់ និងបក្ខពួក រស់នៅភូមិកាណាធំ ឃុំតាឡាវ ស្រុកអណ្តូងមាស ត្រូវចូលខ្លួនទៅកាន់តុលាការ នៅម៉ោង ៩ព្រឹកថ្ងៃទី២៥ ខែមិថុនា ដើម្បីឆ្លើយបំភ្លឺលើសំណុំរឿង «ផ្តើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» តាមពាក្យបណ្តឹងរបស់តំណាងក្រុមហ៊ុនម្នាក់ឈ្មោះ សៀត សីហា ។
ទាក់ទិនបញ្ហានេះ លោក ឌិន ខន្នី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី លើកឡើងថា វិវាទខាងលើនេះ គឺផ្តើមចេញពីទំនាស់ដីធ្លី ដោយភាគីដើមបណ្តឹងជាតំណាងក្រុមហ៊ុន បានទៅទិញដីនៅក្នុងសហគមន៍ភូមិកាណាតធំ ចំនួន ១៥ហិកតា ហើយបានបន្តពង្រីកកាប់រានដីព្រៃបន្ថែមទៀត នាំឲ្យប៉ះពាល់ដល់ដីព្រៃអារក្សរបស់ជនជាតិដើមភាគតិច។
លោករំពឹងថា តុលាការខេត្តរតនគិរី នឹងផ្តល់យុត្តិធម៌ជូន លោក សល់ ហ្លាន តំណាងជនជាតិដើមភាគតិចកាចក់ ក្នុងសំណុំរឿង ដែលផ្តើមចេញពីការការពារដីព្រៃអារក្ស ដូនតា របស់ពួកគេ។ ម្យ៉ាងទៀត តំណាងរូបនេះ ក៏មិនបានចូលរួមធ្វើបាតុកម្ម បំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន ដូចការប្តឹងនោះទេ។
លោកបន្តថា វិវាទឈានដល់ធ្វើបាតុកម្មបំផ្លាញទ្រព្យសម្បត្តិក្រុមនេះ គឺផ្តើមចេញពីក្រុមហ៊ុន ដែលជាដើមបណ្តឹងនេះ បានបញ្ជូនកម្មករឲ្យចូលទៅកាប់ទន្ទ្រានដីព្រៃ ដើម្បីពង្រីកទំហំផ្ទៃដីក្រុមហ៊ុន ហើយប៉ះពាល់ដល់ដីព្រៃអារក្ស ទើបជនជាតិដើមភាគតិចទាំងនោះ ទប់កំហឹងមិនបាន ក៏លើកគ្នាទៅទប់ស្កាត់សកម្មភាពក្រុមហ៊ុនដោយខ្លួនឯង ហើយបានបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន ខណៈអាជ្ញាធរមិនបានជួយទប់ស្កាត់ឲ្យមានប្រសិទ្ធភាព តាមសំណើរពួកគាត់។
លោកថា៖ «ខ្ញុំស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹងដោយសន្តិវិធី ទាក់ទិននឹងដីព្រៃសហគមន៍របស់សហគមន៍របស់គាត់ ដើម្បីបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រាន ទាក់ទិននឹងព្រៃអារក្សនេះ។ ហើយបើសិនជាយើងមិនបន្តទុកអារឿងដីធ្លី អារឿងព្រៃឈើ ដែលជាព្រៃជំនឿរបស់ពួកគាត់នេះទេ វាទី១ បញ្ហាមិនត្រូវបានដោះស្រាយ ហើយវាបានបង្កើតនូវបទល្មើសផ្សេងៗជាច្រើនទៀតនៅក្នុងរឿងហ្នឹង។ សង្ឃឹមថា ព្រះរាជអាជ្ញានឹងធ្វើការស៊ើបអង្កេតតាមនីតិវិធីច្បាប់។ ហើយអាចផ្តល់យុត្តិធម៌ជូន លោក សល់ ហ្លាន បាន ខណៈលោក សល់ ហ្លាន គាត់មិនបានចូលរួមក្នុងសកម្មភាពហ្នឹងទេបាទ»។
ទោះជាបែបនេះក្តី លោក សល់ ហ្លាន ដែលរងពាក្យបណ្តឹងបានប្រាប់វីអូឌីតាមទូរសព្ទ កាលពីថ្ងៃទី១៩ ខែមិថុនាថា រូបលោកនឹងចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការ ទោះបីរូបលោកមិនជាប់ពាក់ព័ន្ធ ឬមិនស្ថិតក្នុងហេតុការណ៍នៃការប្រមូលផ្តុំគ្នាដុតបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន ដូចការចោទប្រកាន់បែបណាក្តី។
លោកថា សំណុំរឿងនេះ រូបលោកត្រូវតុលាការដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «ផ្តើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
លោកបន្តថា ទំនាស់នេះ ផ្តើមចេញពីក្រុមហ៊ុននេះ បានទិញដីពីបុគ្គលមួយចំនួន រស់នៅភូមិកាណាតធំ ចំនួន ១៥ហិកតា ហើយជួលកម្មករឲ្យចូលទៅកាប់ទន្ទ្រានដីព្រៃក្នុងមូលដ្ឋាននេះ នាំឲ្យប៉ះពាល់ដល់ដីព្រៃអារក្សរបស់ជនជាតិដើមភាគតិចរបស់ពួកគេ ដោយមិនស្តាប់តាមការហាមឃាត់របស់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឡើយ។
ត្រង់ចំណុចនេះ លោក សល់ ហ្លាន ក៏ស្នើឲ្យតុលាការ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ជួយបើកការស៊ើបអង្កេត អ្នកជាប់ពាក់ព័ន្ធនឹងការទិញលក់ដីព្រៃសាធារណៈរបស់រដ្ឋ នៅទីតាំងខាងលើឲ្យបានស៊ីជំរៅ ដ្បិតជាដើមចង បង្កើតឲ្យមានវិវាទនេះកើតឡើង។
លោកបន្តថា៖ «បាតុកម្មលើកទី១ អ្នកភូមិទៅ តែខ្ញុំអត់បានទៅដែរ?។ ខ្ញុំធ្លាប់ប្រាប់ថា ដីហ្នឹងត្រូវបោះបង្គោលកំណត់ព្រំដីឲ្យបានច្បាស់លាស់ អ្នកណាលក់ប៉ុន្មានត្រឹមណាឲ្យពិតប្រាកដចំនួនដី ១៥ហិកតា តែត្រូវដាំបង្គោលព្រំផង។ ប៉ុន្តែនៅពេលមេឃុំទៅប្រាប់ម្ចាស់ក្រុមហ៊ុន មិនស្តាប់នៅតែធ្វើសកម្មភាពកាប់ព្រៃអារក្សនោះដដែលៗ នៅតែទន្ទ្រានរហូត។ បន្ទាប់មកពលរដ្ឋក៏ទៅធ្វើបាតុកម្មទៀត គឺទៅលើកទី១ និងលើកទី៣ ខ្ញុំអត់បានទេ គឺទៅលើកទី២ ព្រោះដីក្រុមហ៊ុនមានទំនាស់នោះ គឺនៅជាប់ដីខ្ញុំដែរ តែខ្ញុំអត់បានចូលធ្វើបាតុកម្មទេ ពលរដ្ឋធ្វើបាតុកម្មនៅក្នុងភូមិប្រមាណ ៣០០គ្រួសារ តែមកប្តឹងឈ្មោះខ្ញុំម្នាក់»។
ទាក់ទិនបញ្ហានេះដែរ មេភូមិកាណាតធំ លោក រម៉ាម យ៉ែក លើកឡើងថា ដើមឡើយដីមានទំនាស់ខាងលើនេះ គឺជាដីព្រៃ ប៉ុន្តែក្រោយមកត្រូវក្រុមហ៊ុនឈូសឆាយកាប់រានអស់ព្រៃក្នុងតំបន់នោះអស់ហើយ។ ហើយក៏មិនមានកន្លែងទីសក្ការៈគោរពបូជាអ្វីដែរនៅលើទីតាំងនោះ។ ដោយគ្រាន់តែពេលពលរដ្ឋជនជាតិដើមភាគតិចទាំងនោះ មានធ្វើពិធីតាមបែបជំនឿ របស់ពួកគាត់ គឺពួកគាត់បានបួងសួងពីចម្ងាយតែប៉ុណ្ណោះ។
លោកបន្តថា៖ «ទំនាស់ហ្នឹងប្រជាពលរដ្ឋក្នុងភូមិថា ជាដីរបស់សហគមន៍ ប៉ុន្តែរដ្ឋគេថាជាដីរបស់ក្រុមហ៊ុន។ កន្លែងគោរពបូជាហ្នឹងវាអត់មានទេ? បើយើងនិយាយថាជាដីព្រៃភ្នំគឺបាន។ ថ្ងៃមុនតុលាការសួរខ្ញុំថា ដីកន្លែងហ្នឹងជាដីអ្វី? ខ្ញុំថាជាព្រៃអារក្សដីព្រៃដូនតា តើមានអ្វីខ្លះត្រូវគោរពបូជានៅទីក្នុងនោះ?។ បើថាយើងមានបុណ្យមានទានអីត្រូវទៅគោរពនៅទីនោះ គឺអត់មានទេ? គ្រាន់តែមានគេសែននៅក្នុងភូមិ ហើយគេហៅម្ចាស់ទឹកម្ចាស់ដីអីមកហូបមកស៊ីមកសែនព្រែនតែប៉ុណ្ណឹង»។
យ៉ាងនេះក្តី លោក ថា បុនឡត មេឃុំតាឡាវ ឲ្យដឹងដែរថា ទំនាស់ដីធ្លីនេះ បានកើតឡើងតាំងពីចុងខែធ្នូ ឆ្នាំ២០១៤មកម៉្លេះ។ ហើយដើមចមកើតមានទំនាស់នេះ មួយផ្នែកផ្តើមដោយសារខាងភាគីក្រុមហ៊ុនបានព្យាយាមបញ្ជូនកម្មករឲ្យចូលទៅកាប់ទន្ទ្រានដីព្រៃ ដើម្បីពង្រីកផ្ទៃដីបន្ថែម នាំឲ្យប៉ះពាល់ដល់ដីព្រៃអារក្សរបស់ជនជាតិដើមគោរពបូជា។
លោកថា វិវាទនេះ កន្លងមក អាជ្ញាធរមូលដ្ឋាន ក៏បានស្នើឲ្យភាគីទាំងសងខាងអត់ធ្មត់ រងចាំរកដំណោះស្រាយពីអាជ្ញាធរជំនាញថ្នាក់ខេត្ត ដោយតម្រូវឲ្យក្រុមហ៊ុននេះ ផ្អាកសកម្មភាពឈូសឆាយកាប់ព្រៃរបស់ខ្លួនជាបន្តទៀត ប៉ុន្តែខាងភាគីក្រុមហ៊ុនមិនស្តាប់តាមអាជ្ញាធរមូលដ្ឋានទេ ហើយបន្តពង្រីកសកម្មភាពកាប់រានដីព្រៃបន្ថែម ទើបឈានដល់ពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ា និងផ្ទុះហិង្សាបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនចោល។
លោកបន្ថែមថា៖ «ដើមឡើយដីហ្នឹងរដ្ឋាភិបាលបានចុះបញ្ជីសម្បទានទៅឲ្យក្រុមហ៊ុន ហេងប្រាឌ័រ រួចហើយ។ ដល់ចឹងទៅសហគមន៍គាត់ថា ដីហ្នឹងជាដីអារក្សរបស់ពួកគាត់ ក៏ស្នើទៅឲ្យរដ្ឋាភិបាលកាត់ឆ្វៀលដីហ្នឹងទៅឲ្យសហគមន៍គ្រប់គ្រងអ្នកប្រើប្រាស់វិញ។ តែរហូតមកដល់ពេលនេះ ការស្នើសុំហ្នឹងបានទៅដល់ថ្នាក់លើហើយ។ តែខាងរដ្ឋាភិបាលមិនទាន់ដឹងថា នឹងសម្រេចបែបណាទេ?។ មិនដឹងថា ពលរដ្ឋរងចាំយូរពេក ឬក៏បែបណា ទើបមានកំហឹងកើតឡើង។ ហើយម្យ៉ាងទៀត ខាងភាគីក្រុមហ៊ុនហ្នឹង គាត់អត់ស្តាប់។ ខ្ញុំបានធ្វើការណែនាំអស់ហើយតែអត់ស្តាប់ ហើយក៏បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនហ្នឹងអស់ហើយ កុំឲ្យកាប់រានបន្តទៀត។ ដីមានប៉ុណ្ណា មានការដាំដុះប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងទៅ? កុំឲ្យមានការកាប់រានបន្ត តែក្រុមហ៊ុនអត់ស្តាប់»។
ចំណែក លោក សល់ ផែន ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋរាប់រយគ្រួសារទៀត រស់នៅភូមិកាណាតធំ ឃុំតាឡាវ បានឱ្យដឹងថា ក្រុមហ៊ុនដែលប្តឹងតំណាងពួកគេទៅតុលាការ គឺពិតជាបានមកបំពានដីព្រៃអារក្សរបស់សហគមន៍ជនជាតិដើមភាគតិចពិតមែន។ លោកថា ក្រុមហ៊ុននេះ បានចូលទៅកាប់រានដីព្រៃអារក្យដូនតារបស់ពួកគាត់ ដោយមិនស្តាប់តាមការហាមឃាត់ពីប្រជាពលរដ្ឋ ឬអាជ្ញាធរទេ ទើបពលរដ្ឋទប់កំហឹងមិនបាន ហើយបាននាំគ្នាទៅបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុននេះចោល។
លោកបន្តដូច្នេះថា៖ «យើងដឹងហើយ គេសារភាពរួចហើយគេលក់ៗមែនហើយ គឺលក់ដី ១៥ហិកតា។ ហើយក្រៅពីហ្នឹង គេកាប់ទន្ទ្រានគេរុករានយកទទេៗ។ ហើយបើអាជ្ញាធរដឹងចឹងហើយម៉េចបានជាមិនចុះដោះស្រាយជាមួយប្រជាពលរដ្ឋ។ ម៉េចយើងអត់តាមប្រជាពលរដ្ឋ។ យើងប្រាប់ទៅដីហ្នឹងលក់ត្រឹមណាត្រឹមណីទេ។ តែទុកឲ្យក្រុមហ៊ុនកាប់រានដល់ខាងក្នុងនោះទៀត។ ត្រង់ហ្នឹងហើយបានជាប្រជាពលរដ្ឋខឹងសម្បារ ហើយបានពន្យុះពលរដ្ឋថាចង់ធ្វើអីធ្វើទៅ? តើមេភូមិហ្នឹងចង់ធ្វើម៉េច? គេឲ្យប្រជាពលរដ្ឋធ្វើអីធ្វើទៅ?។ ហើយប្រជាពលរដ្ឋ ក៏ធ្វើតាមហ្នឹងទៅ ខុសអត់ដឹងត្រូវអត់ដឹងទេ តាមហ្នឹងទៅ»។
យ៉ាងណា វីអូឌី នៅមិនទាន់អាចទាក់ទង លោក សៀត សីហា មេការតំណាងក្រុមហ៊ុន ដែលជាដើមចោទប្តឹង លោក សល់ ហ្លាន តំណាងសហគមន៍ជនជាតិដើមភាគតិច នៅភូមិកាណាត់ធំ ដើម្បីបំភ្លឺជុំវិញវិវាទខាងលើនេះ បាននៅឡើយទេ នៅថ្ងៃអង្គារនេះ។
យោងតាមរបាយការណ៍ថ្មីរបស់អង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ចេញផ្សាយនៅឆ្នាំ២០២៦ បង្ហាញថា ឆ្នាំ២០២៥ ករណីជម្លោះដីធ្លីថ្មី បានកើតមានចំនួន ៤៥ ករណី ដែលប៉ះពាល់ដល់គ្រួសារពលរដ្ឋចំនួន ជាង៥ពាន់គ្រួសារ(៥.៥២០) ប៉ះពាល់ពលរដ្ឋជាង ១ម៉ឺន៤ពាន់នាក់ ( ១៤.៨០០ នាក់) រួមទាំងជនជាតិដើមភាគតិចចំនួន ៧.៣៥១ នាក់ និងដីជាង ១១ម៉ឺន ៥ពាន់ ហិកតា។
សមាគមអាដហុក ក៏បានបញ្ជាក់ថា ៤២% នៃជម្លោះដីធ្លីនេះ គឺពាក់ព័ន្ធនឹងបុគ្គលមានអំណាច ខណៈដែល ២០% ទៀតមានទំនាក់ទំនងជាមួយបុគ្គល ឬក្រុមហ៊ុន ដែលមានទ្រព្យសម្បត្តិ។
ការរកឃើញនេះ ក្រុមសិទ្ធិអ្នកការពារសិទ្ធិមនុស្សពិពណ៌នាថា ជាគម្លាតកាន់តែធំ រវាងក្របខ័ណ្ឌច្បាប់ និងការអនុវត្តជាក់ស្តែង ជាពិសេសនៅក្នុងជម្លោះដែលពាក់ព័ន្ធនឹងឥស្សរជន ដែលមានទំនាក់ទំនងនយោបាយ និងផលប្រយោជន៍សាជីវកម្ម៕









