អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយថា ការបង្ក្រាបរបស់សំឡេងជំទាស់ តាមរយៈការដាក់ទោសទណ្ឌក្រោមហេតុផលនយោបាយ និងបង្ខំឱ្យសុំទោសជាសាធារណៈ បានបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសេរីភាពនៃការបញ្ចេញមតិ សិទ្ធិនយោបាយ និងនីតិរដ្ឋនៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចេញផ្សាយរបាយការណ៍នៅថ្ងៃទី២២ ខែមិថុនា បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បន្តគ្រប់គ្រងស្ថាប័នរដ្ឋសំខាន់ៗ រួមទាំងប្រព័ន្ធតុលាការ ហើយបន្តបង្ក្រាបយ៉ាងខ្លាំងក្លាលើអ្នកមានមតិផ្ទុយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អង្គការសិទ្ធិមនុស្សនេះ លើកឡើងពីករណីដែលពាក់ព័ន្ធនឹងតួអង្គនយោបាយប្រឆាំង រួមទាំងទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដោយអះអាងថា បទចោទប្រកាន់ព្រហ្មទណ្ឌដូចជាបទញុះញង់ និងបទក្បត់ជាតិ ត្រូវបានប្រើប្រាស់ដើម្បីរឹតត្បិតការប្រឆាំងផ្នែកនយោបាយ។ ទន្ទឹមនឹងនេះ អង្គការអន្តរជាតិនេះ ក៏បង្ហាញក្តីបារម្ភផងដែរ អំពីសម្ពាធចំពោះអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានឯករាជ្យ និងសកម្មជនបរិស្ថាន។
របាយការណ៍នេះ បន្ថែមថា អ្នករិះគន់ដែលរស់នៅក្រៅប្រទេសក៏រងការបំភិតបំភ័យ និងគំរាមកំហែង ខណៈដែលអាជ្ញាធរបន្តប្រើវិធានការតាមផ្លូវច្បាប់ ការតាមដាន និងបង្ខំឱ្យទទួលទោសជាសាធារណៈ ដើម្បីទប់ស្កាត់ការរិះគន់លើរដ្ឋាភិបាល។
លើសពីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទទូចឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការកាត់ទោសដោយហេតុផលនយោបាយ ព្រមទាំងដោះលែងអ្នកត្រូវបានឃុំខ្លួន ដោយសារតែការអនុវត្តសិទ្ធិរបស់ពួកគេដោយសន្តិវិធី និងអនុញ្ញាតឱ្យគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចប្រតិបត្តិការបានដោយសេរីឡើងវិញជាដើម។
ចំណែក អនុប្រធានគណបក្សឆន្ទៈខ្មែរ និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ យល់ឃើញថា ការចោទប្រកាន់នេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ ចំពោះប្រព័ន្ធតុលាការកម្ពុជា ដែលត្រូវបានប្រើប្រាស់បំបិទមាត់អ្នកនយោបាយប្រឆាំង អ្នករិះគន់រដ្ឋាភិបាល ក៏ដូចជាអ្នកសារព័ត៌មាន សង្គមស៊ីវិលជាដើម។ លោកបន្តថា កម្ពុជាជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស ហើយមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផង និងបញ្ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញបច្ចុប្បន្នផង ដូច្នេះរដ្ឋាភិបាលត្រូវពិនិត្យកែលម្អ ខណៈមានការរិះគន់បែបនេះជាយូរមក ហើយពលរដ្ឋជាទូទៅក៏យល់ឃើញបែបផងដែរ។
លោក សុន ឆ័យ ថ្លែងថា៖ «មិនមែនតែគេរិះគន់ពីក្រៅមកទេ យើងអ្នករស់នៅក្នុងស្រុកនេះ ក៏យល់ថាមានការពិបាកក្នុងការបំពេញតួនាទីជាពលរដ្ឋឱ្យបានពេញលេញ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះ។ ដូច្នេះខ្ញុំ យល់ថាលើកនេះ គួរតែរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការរិះគន់ ហើយកុំចេះតែបដិសេធ។ ខ្ញុំថាបដិសេធក៏ចេះតែបដិសេធទៅ យើងយើងត្រូវដឹងថា គេក៏មានការងារ មិនចេះតែអង្គុយតែរិះគន់រដ្ឋាភិបាលដែលល្អនោះទេ។ ជួនកាលវាមានហេតុផល សមហេតុសមផល ក៏គួរថ្នាក់ដឹកនាំរដ្ឋាភិបាលយកទៅពិចារណា ព្រោះពលរដ្ឋនីមួយៗក្នុងប្រទេសនេះ ក៏ត្រូវមានសិទ្ធិ មានតួនាទីទទួលខុសត្រូវក្នុងការគ្រប់គ្រងរបស់ប្រទេសផងដែរបាទ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២៣ ខែមិថុនា ដោយចាត់ការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជាការបរិហារមកលើរដ្ឋាភិបាលកម្ពុជា ហើយលោកថា នេះមិនមានជារឿងថ្មីឡើយតាំងពីរដ្ឋាភិបាលអាណត្តិមុន រហូតដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
លោកអះអាងថា កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៃសិទ្ធិសេរីភាពបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយលោកចោទថា ពេលអ្នកបំពានច្បាប់ គឺពួកគេបានទាញទៅជាសិទ្ធិបញ្ចេញមតិ ដោយហៅថា មិនមែនជាសិទ្ធិបញ្ចេញមតិទេ។ ចំណុចនេះ លោក ធីរិទ្ធ ចោទអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថា ទាល់តែធ្វើសកម្មភាពបែបនេះ ទើបអាចបានជំនួយបន្តជាដើម។
លោក ជា ធីរិទ្ធ ថ្លែងថា៖ «បាទ! សម្រាប់ការបរិហាររបស់អង្គការនេះមកលើរដ្ឋាភិបាលកម្ពុជា មិនមានអ្វីចម្លែកទេ តាំងពីរដ្ឋាភិបាលអាណត្តិមុនដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺពួកគេចេះតែបរិហារតែប៉ុណ្ណឹង។ នេះគឺជាការងាររបស់ពួកគេ បើមិនវាយប្រហាររដ្ឋាភិបាល បើមិនបរិហាររដ្ឋាភិបាលកម្ពុជាទេ ពួកគេអត់មានជំនួយ អត់បានអីដើម្បីមកធ្វើបន្តសកម្មភាពទៀត។ នេះគឺជាការងារមុខរបររបស់ពួកគេតែប៉ុណ្ណឹង»។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មើលឃើញថា របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) គឺគេមានវិធីសាស្ត្រក្នុងការស្រាវជ្រាវ និងចងក្រងជារបាយការណ៍ ហើយសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនៅក្នុងស្រុក ក៏មើលយើងស្រដៀងនឹងការរកឃើញរបស់អង្គការអន្តរជាតិនេះដែរ។ លោកបន្តថា បើគិតពីបញ្ហាច្បាប់ និងនីតិរដ្ឋ ការសុំទោសជាសាធារណៈ មិនត្រូវមានការសម្របសម្រួល ឬដោះលែងឡើយ ព្រោះវាមិនសមស្របទៅតាមផ្លូវច្បាប់។
លោក អំ សំអាត ថ្លែងថា៖ «អញ្ចឹង យើងជាអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សហ្នឹង គឺយើងចង់ការអនុវត្តច្បាប់ហ្នឹង គឺធ្វើម៉េចប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តដោយត្រឹមត្រូវមួយ យោងលើច្បាប់ អ្នកធ្វើខុស គឺទទួលទោស អ្នកដែលមិនបាន ដែលមិនមានកំហុស មិនត្រូវចោទប្រកាន់ ឬឃុំខ្លួននោះទេ ត្រូវមានការដោះលែង ដើម្បីឱ្យប្រទេសយើងហ្នឹងវា ក្លាយទៅជាប្រទេសមួយដែលមាននីតិរដ្ឋ ហើយមានការគោរពសិទ្ធិមនុស្សណា។ ហើយជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន»។
ស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពនយោបាយនៅកម្ពុជា បន្តជាប្រធានបទដែលអន្តរជាតិកំពុងព្រួយបារម្ភ ខណៈអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាច្រើន បន្តទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការរឹតត្បិតសេរីភាពបញ្ចេញមតិ។ ការអំពាវនាវជាបន្តបន្ទាប់ ធ្វើឡើងស្របពេលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍នៅថ្ងៃទី២២ ខែមិថុនា ដោយចោទថា អាជ្ញាធរកម្ពុជាបានប្រើប្រាស់ការបង្ខិតបង្ខំ និងដាក់សម្ពាធផ្នែកច្បាប់ ដើម្បីបំបិទមាត់សកម្មជន និងអ្នកនយោបាយប្រឆាំង។
កាលពីពេលថ្មីៗនេះ អង្គការ Freedom House និងអង្គការជាង ៧០ ផ្សេងទៀត ក៏បានអំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយ រួមទាំង កញ្ញា សេង ធារី និងសកម្មជនចលនាមាតាធម្មជាតិ ៥នាក់ផងដែរ។
ចំណែករបាយការណ៍អង្គការលីកាដូ អះអាងថា មានមនុស្សជាង ១០០នាក់ កំពុងជាប់ឃុំដោយពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត៕








