កងទ័ពកម្ពុជា ៣ នាក់ បង្ហាញពីភាពអយុត្តិធម៌នៅចំពោះមុខក្រុមអ្នកកាសែតក្នុងស្រុក ក្រោយពីដីប្រភេទលំនៅឋានរបស់ពួកគាត់ក្នុងម្នាក់ៗ មានមួយប្លង់ទំហំជាង ១០០ម៉ែត្រការ៉េ ឋិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានឧកញ៉ា ថោង សារ៉ាត់ ធ្វើប្លង់រឹងរំលោភយក។
មន្ត្រីយោធាម្នាក់ គឺលោក ប៊ុនចាន់ ដារ៉ានី ថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងស្រុកថ្មីៗនេះថា ដីរបស់លោកមានទំហំ ១១ ម៉ែត្រ គុណ ១២ ម៉ែត្រ មានលិខិតទទួលស្គាល់ដោយអាជ្ញាធរភូមិ/ឃុំ តែបែរជាមានប្លង់រឹងជាកម្មសិទ្ធិរបស់ឧកញ៉ា ថោង សារ៉ាត់ ទៅវិញ។ លោកបដិសេធមិនព្រមដោះដូរដី មិនសមរម្យរបស់ លោក ថោង សារ៉ាត់ នោះទេ។
កងទ័ពរូបនេះ បន្ថែមថា លោក ថោង សារ៉ាត់ បានជួលមេធាវីប្តឹងរូបលោកពីបទ «គំរាមកំហែងថានឹងសម្លាប់» ក្នុងពេលលោករវល់ឈរជើងការពារព្រំដែន មិនដឹងរឿងរ៉ាវអ្វីឡើយ។
លោក ប៊ុន ចាន់ដារ៉ានី និយាយថា៖ «ខ្ញុំចុះទៅព្រៃ ខ្ញុំការពារទឹកដីខ្ញុំ ធ្វើការងារដេកព្រៃ ល្ងាចត្រជាក់ ដេកតែលើងងំ ហើយឥឡូវមកការពារទឹកដីបាន ហើយមកការពារទឹកដីខ្លួនឯងអត់បាន ខ្ញុំឈឺចាប់ណាស់។ ដោយដីតែ ១១ម៉ែត្រ ១២ម៉ែត្រ សម្រាប់ទុកឱ្យកូនរស់នៅណា ឮដំណឹងគេយកដីហ្នឹង សុំច្បាប់មេមកដើម្បីមើលដី ហើយគេចោទប្រកាន់យើងទៀត ថាយើងដាក់ពីបទគំរាមសម្លាប់គេទៀត។ គំរាមកំហែងថាដឹងសម្លាប់ ហើយខ្ញុំអត់មានដឹងអីសោះ»។
មន្ត្រីយោធាម្នាក់ទៀតថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយចោទឧកញ៉ា ថោង សារ៉ាត់ ថា បន្តលួចចាក់ដីសាងសង់សំណង់រឹងលើដីកំពុងមានទំនាស់ ដោយមិនគោរពច្បាប់ និងអាជ្ញាធរដែនដី។ មន្ត្រីយោធារូបនេះ ប្រកាន់ជំហរមិនទទួលយកការដោះដូរដី ហើយចង់បានដីរបស់ខ្លួន ដែលមានលិខិតផ្ទេរកម្មសិទ្ធិពីក្រុមហ៊ុនអចលនទ្រព្យ និងទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន។
មន្ត្រីយោធារូបនោះនិយាយថា៖ «អត់ទេលោក! ប្អូនៗឃើញស្រាប់ហើយ គាត់ចាក់ដីបន្ថែម គាត់ធ្វើរហូត ដោយគ្មានមិនស្ដាប់អាជ្ញាធរដែនដី ឬក៏មិនគោរពទៅតាមដែលថា… ច្បាប់ »។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីឧកញ៉ា ថោង សារ៉ាត់ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា លោក ថោង សារ៉ាត់ បានធ្វើសន្និសីទសារព័ត៌មានថា លោកបានមកអភិវឌ្ឍន៍ ពុំដឹងថា ដីក្នុងតំបន់នោះមានការកាន់កាប់ដោយយោធានោះទេ ហើយលោកបានសម្រេចដោះដូរដីជូនមន្ត្រីយោធា ដើម្បីបញ្ចប់រឿង។
លោកថា៖ «ហើយបើ… ពីមុនបើបងមិនមកអភិវឌ្ឍន៍ ទោះបីដីកន្លែងហ្នឹងក៏វាមិនឡើងថ្លៃដែរ។ បងគិតថាអូនគួរតែទទួលអាហ្នឹងទៅ វាសមរម្យ ហើយបើអូនទាមទារថវិកាអីលើសលប់ពីហ្នឹង បងមិនអាចឲ្យបានទេ ព្រោះអីបងមិនដឹងថា បន្តិចទៀតនឹងលេចមុខអ្នកណាទាមទារបងទៀត»។
លោក ថោង សារ៉ាត់ ដែលគេស្គាល់ថា មានដើមកំណើតជនជាតិវៀតណាមនោះ មានពាក់ផ្កាយពីរនៅលើស្មា ក្នុងសំលៀកបំពាក់នៃក្រសួងការពារជាតិកម្ពុជា។
ឧកញ៉ា ថោង សារ៉ាត់ ជាកូនប្រុសរបស់លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ជាជនជាតិវៀតណាម ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់គុកអស់មួយជីវិត ក្នុងសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ជារឿងអយុត្តិធម៌ដែលយោធាខ្មែរដែលជាកម្លាំងសំខាន់របស់ជាតិ បែរជាមិនអាចការពារដីរបស់ខ្លួនបាន។
លោកថា៖ «ន័យថាវាជារឿងអយុត្តិធម៌ ឱ្យតែអ្នកមានលុយ មានអំណាច ឧកញ៉ា គឺអាចប្លន់ដីប្រជាពលរដ្ឋបាន ហើយសូម្បីតែទាហានជួរមុខ នៅតែអាចប្លន់ដីគាត់បាន ចុះទម្រាំប្រជាពលរដ្ឋសាមញ្ញធម្មតា ធ្វើម៉េចអាចការពារដីខ្មែរយើង សុំទោស អាចការពារដីគាត់បាន? ដោយសារអី? ដោយសារតុលាការអត់ឯករាជ្យក្នុងស្រុកខ្មែរយើង។ ដល់អញ្ចឹង អ្នកមានលុយមានអំណាច គេគប់គិតគ្នា»។
ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ស្នើឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ពិនិត្យរឿងនេះឡើងវិញ ដោយជួយជ្រោមជ្រែងផ្តល់យុត្តិធម៌ជូនគ្រួសារកងទ័ព ដែលឈរជើងការពារទឹកដី។
លោកថា៖ «ហើយបានពួកឧកញ៉ា ដូចករណី ថោង សារ៉ាត់ អញ្ចឹង ចេញពីគុកបានប៉ុន្មានឆ្នាំ លេចមុខទៅប្លន់ដីធ្លីអ្នកស្រុកទៀត ហើយឥឡូវបច្ចុប្បន្នវាមានរឿងជម្លោះជាមួយទាហាន។ ហ៊ុន ម៉ាណែត ហ្នឹងក៏ត្រូវតែពិនិត្យមើលរឿងហ្នឹងឡើងវិញ ហើយប្រគល់ដីធ្លីឲ្យគាត់វិញទៅ វាដើម្បីបញ្ចប់រឿង»។
ករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ លោក ថោង សារ៉ាត់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាមជាច្រើនខែ ហើយក្រោយមកសមត្ថកិច្ចកម្ពុជាសហការជាមួយអាជ្ញាធរវៀតណាម បញ្ជូនលោកមកប្រទេសកម្ពុជាវិញអំឡុងឆ្នាំ២០១៥ ដើម្បីសាកសួរសំណុំរឿងឃាតកម្ម។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រមដោយសម្រេចឲ្យលោក ថោង សារ៉ាត់ និងគ្នីគ្នា៤នាក់ទៀត ដែលជាជនជាប់ចោទ ជាប់ពន្ធនាគារអស់មួយជីវិត។ ក្នុងពេលឃុំខ្លួនក្នុងពន្ធនាគារ លោក ថោង សារ៉ាត់ បានស្នាក់នៅបន្ទប់VIP ក្នុងមន្ទីរពេទ្យរុស្ស៊ី រហូតដល់ថ្ងៃត្រូវបានដោះលែងឱ្យមានសេរីភាព ដោយអំណាចសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញ។
ម្តាយរបស់លោក ថោង សារ៉ាត់ គឺអ្នកស្រី កែវ សារី ជាជនជាតិវៀតណាម មានងារជាទីប្រឹក្សាព្រឹទ្ធសភាមានឋានៈស្មើរដ្ឋលេខាធិការ និងពាក់សក្តិ៥នៅក្រសួងការពារជាតិកម្ពុជា។
ឯឪពុករបស់លោកឈ្មោះ ថោង ចំរើន ដែលជាអតីតជំនាញការវៀតណាម ក៏ជាទាហានខ្មែរនៅក្រសួងការពារជាតិកម្ពុជាដែរ៕









