សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ការផ្តន្ទាទោសទៅលើសកម្មជនចំនួន ៤រូប ក្នុងនោះមានទាំងសកម្មជន២៣តុលា ឱ្យជាប់ពន្ធនាគារពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាបទចោទដ៏ពេញនិយម ជុំវិញការបញ្ចេញមតិរបស់ពួកគេនៅលើបណ្តាញសង្គម។
អ្នកទាំង ៤ រូបនោះ រួមមាន លោក ស្រ៊ុន ស្រ៊ន ជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, កញ្ញា នួន តឿន ជាពលករចំណាកស្រុកធ្វើការក្នុងប្រទេសម៉ាឡេស៊ី និងមន្រ្តីជាប់ឆ្នោតនៃគណបក្សជំទាស់ គឺលោក មុត រិន មកពីគណបក្សឆន្ទៈខ្មែរ និងលោក កាន់ គន់ មកពីគណបក្សភ្លើងទៀន។
អង្គការសិទ្ធិមនុស្សលីកាដូ ឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា សកម្មជនទាំង៤រូប ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ ប្រកាសសាលដីកាក្នុងករណី ៣ផ្សេងគ្នា ដោយសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។
ប្រភពដដែល បន្តថា លោក ស្រ៊ុន ស្រ៊ន ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងវីដេអូមួយបង្ហោះលើបណ្តាញសង្គមដែលលោកបានចោទសួរទៅកាន់ក្រសួងយុត្តិធម៌ ឱ្យបំភ្លឺករណីតែងតាំងប្រធានស្តីទីតុលាការកំពូល ដែលធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ និងប្រកាសសាលក្រមដោយមិនមានវត្តមានរបស់លោក ដោយបានផ្តន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល។
យ៉ាងណា លោក ស៊្រុន ស៊្រន ទើបតែដឹងពីការកាត់ក្តីលើសំណុំរឿងនេះ ក្រោយពីលោកបានជាប់ឃុំជាច្រើនខែ ក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ដែលពាក់ព័ន្ធនឹងការបញេ្ចញមតិរបស់លោក លើបញ្ហាកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលតុលាការបានចោទប្រកាន់ពាក់ព័ន្ធនឹងបទ ញុះញង់ ដូចគ្នានេះ។
លោក ស៊្រុន ស្រ៊ន ត្រូវរំពឹងថា នឹងដោះលែងនៅក្នុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ចំពោះការផ្តន្ទាទោសជាប់ពន្ធនាគារក្នុងសំណុំរឿង CLV-DTA ។ ចំពោះសំណុំរឿងមួយទៀត ដែលសាលាឧទ្ធរណ៍ភ្នំពេញតម្កល់ការផ្តន្ទាទោសនោះ តុលាការមិនទាន់បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនពេលណានៅឡើយទេ ដែលមានន័យថា គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំបន្ថែមទៀត។ នេះបើតាមអង្គការលីកាដូ។
ចំណែក កញ្ញា នួន តឿន ដែលជាពលករធ្វើការនៅម៉ាឡេស៊ី ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ និងបញ្ជូនខ្លួនមកកម្ពុជាវិញ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៤។ កញ្ញាត្រូវបានផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងសំណុំរឿងពីរផ្សេងគ្នា ដោយសំណុំរឿងទី១ តុលាការផ្តន្ទាទោស ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ញុះញង់ឱ្យមានការរើសអើង និងសំណុំរឿងទី២ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រ តាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និង៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ។ សាលក្រមនៃសំណុំរឿងនីមួយៗ បានសម្រេចផ្តន្ទាទោស កញ្ញា នួន តឿន ឱ្យជាប់ពន្ធនាគារចំនួន ១៨ ខែ និងពិន័យជាប្រាក់ ២លានរៀល។
សម្រាប់សំណុំរឿង លោក មុត រិន អាយុ ៧៨ ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាស្រុកចំការលើ ខេត្តកំពង់ចាម នៃគណបក្សឆន្ទៈខ្មែរ និងលោក កាន់ គុន អាយុ ៥៧ ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំតាប្រុក ខេត្តកំពង់ចាម នៃគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួននៅអំឡុងខែមីនា ឆ្នាំ២០២៥។ ពួកគេត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ ប្រមាថ ដោយផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ១៨ ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥។ ការផ្តន្ទាទោសនេះ ធ្វើឡើងជុំវិញការបង្ហោះសាររិះគន់ដល់ថ្នាក់ដឹកនាំលើបណ្តាញសង្គមរបស់អ្នកទាំងពីរ។
បើតាមអង្គការលីកាដូ អ្នកទាំង ៤ រូប កំពុងជាប់ឃុំក្នុងពន្ធនាគារផេ្សងៗគ្នា ហើយក៏សិ្ថតក្នុងចំណោមមនុស្ស ១១៤ នាក់ កំពុងជាប់ឃុំដោយការប្រើសិទ្ធិ៕









