លោកស្ដាម័រ លាលែង​ពី​ប្រធាន​បក្ស​​ហើយ​បើក​ផ្លូវ​សម្រាប់​ការ​ប្រកួត​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​​​ថ្មី

លោក Keir Starmer បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ពលករ (Labour Party) ដែល​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រីអង់គ្លេស​​ថ្មី។ ថ្លែង​នៅ​វិមាន Downing Street លោក​បាន​បញ្ជាក់​ថា រូប​លោក​មិន​មែន​ជា​បុគ្គល​ដែល​ស័ក្តិ​សម​បំផុត ក្នុង​ការ​ដឹក​នាំ​គណបក្ស​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​សកល​លើក​ក្រោយ​នោះ​ទេ ហើយ​លោក​បាន​ទូល​ថ្វាយ​ព្រះ​ចៅ Charles ទី៣ រួច​រាល់​ហើយ។

លោក​បាន​ស្នើ​ឱ្យ​កំណត់​កាល​វិភាគជ្រើសរើសអ្នកជំនួស ដោយ​ចាប់​ផ្តើម​បេក្ខ​ភាព​នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា និង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​កក្កដា ដើម្បី​ឱ្យ​ប្រធាន​បក្ស​ថ្មី​អាច​ចូល​កាន់​តំណែង​មុន​ពេល​សភា​ត្រឡប់​មក​ប្រជុំ​វិញ​នៅ​ខែ​កញ្ញា។ លោក​នឹង​បន្ត​ជា​នាយក​រដ្ឋ​មន្ត្រី​បណ្តោះ​អាសន្ន និង​សន្យា​ផ្តល់​ការ​គាំទ្រ​ពេញ​ទំហឹង​ដល់​អ្នក​បន្ត​វេន។

លោក Andy Burnham ត្រូវបានចាត់ទុកថា ជាបេក្ខជនឈានមុខគេ បន្ទាប់​ពី​បាន​ឈ្នះ​ឆ្នោត​ដាច់​ស្រឡះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បំពេញ​បន្ថែម​​​នៅ​មណ្ឌល Makerfield កាល​ពី​សប្តាហ៍​មុន។ លោក Burnham បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា នឹង​ឈរ​ឈ្មោះ ហើយ​ឱកាស​របស់​លោក​ត្រូវ​បាន​ជំរុញ​បន្ថែម​ភ្លាមៗ បន្ទាប់​ពី​លោក​ Wes Streeting ដែល​ជា​គូប្រ​ជែង​ដ៏​ធំ បាន​ប្រកាស​ដក​ខ្លួន​និង​ងាក​មក​គាំទ្រ​រូប​លោក​វិញ។ លោក Burnham បាន​សន្យា​ថា នឹង​ធ្វើ​ឱ្យសេ​ដ្ឋ​កិច្ច​រីក​ចម្រើន ខណៈ​មាន​ការ​រក្សាច្បា​ប់​សារ​ពើ​ពន្ធ​របស់​រដ្ឋា​ភិ​បាល​។

លោក Starmer បានក្លាយជានាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ២០២៤ បន្ទាប់​ពី​គណបក្ស​ពលករ​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ការ​ចុះចេ​ញ​ពី​តំ​ណែង​នេះ ធ្វើ​ឱ្យលោ​ក​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​មក​ពីគណបក្ស​ពលករ​ដែល​​មាន​អាណត្តិ​ខ្លី​បំផុត​នៅក្នុ​ង​ប្រវត្តិ​សាស្ត្រ ហើយ​ចក្រ​ភព​អង់​គ្លេស​នឹងមា​ន​នាយក​រដ្ឋ​មន្ត្រី​ទី៧ ចាប់​តាំង​​ពី​ឆ្នាំ​២០១៦ មក។

នៅក្នុងសុន្ទរកថា លោកបានការពារសមិទ្ធផលរបស់លោក​លើ​សិទ្ធិ​ការ​ងារ អន្តោ​ប្រវេសន៍ និង​ភាព​ក្រី​ក្រ​របស់​កុមារ ដោយ​បញ្ជាក់​ថា លោក​បាន​ស្តារ​គណបក្ស​ឡើង​វិញ ពី​ភាព​ក្ស័យ​ធន​ទាំង​ផ្នែក​នយោ​បាយ​ ហិរញ្ញ​វត្ថុ និង​សីលធម៌។

សម្ពាធផ្ទៃក្នុងបក្សឱ្យលោកចុះចេញពីតំណែង​បាន​កើន​ឡើង​ជា​លំដាប់ បន្ទាប់​ពី​លទ្ធ​ផល​បោះ​ឆ្នោត​ក្នុង​ស្រុក​មិន​សូវ​​ល្អ​កាល​ពី​ខែ​ឧសភា រួម​ទាំង​ការ​មិន​ពេញ​ចិត្ត​លើ​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​គោល​នយោ​បាយ​ធំៗ​ចំនួន​បី​ក្នុង​រយៈ​ពេល​មួយ​​ខែ។ លើស​ពី​នេះ ការ​សម្រេច​ចិត្ត​​តែង​តាំង​លោក Lord Mandelson ជា​ឯកអគ្គ​រដ្ឋ​ទូត​ប្រចាំ​សហរដ្ឋ​អាមេរិក ក៏​បាន​បង្កើត​ជា​សំណួរ​ដេញ​ដោល​យ៉ាង​ខ្លាំង ដែល​ក្រោយ​មក​លោក Mandelson ត្រូវ​បាន​ដក​តំណែង​វិញ​ ដោយ​សារ​រឿង​អាស្រូវ​ទំនាក់​ទំនង​ជាមួយ Jeffrey Epstein។

ជុំវិញការចាកចេញនេះ ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​និយាយ​ថា លោក Starmer ជា​មនុស្ស​ល្អ ប៉ុន្តែ​បាន​រិះ​គន់​ជំហរ​របស់​លោក​លើ​សង្គ្រាម​អ៊ីរ៉ង់ និង​ការ​ខួង​យក​ប្រេង។

នៅ​ក្នុង​ប្រទេស មេដឹក​នាំ​គណបក្ស​ប្រឆាំង​ រួម​មាន លោក​ស្រី Kemi Badenoch (គណបក្ស​អភិរក្ស​និយម) បាន​រិះ​គន់​​ថា លោក​ជានា​យករដ្ឋ​មន្ត្រី​ដ៏​អាក្រក់ និង​បាន​វាយ​ប្រហារ​លើ​គោល​នយោ​បាយ​ដំឡើង​ពន្ធ។ ចំណែក​ឯ លោក Sir Ed Davey (គណបក្ស​សេរី​ប្រជា​ធិប​តេយ្យ) និង​លោក Nigel Farage (គណបក្ស Reform UK) បាន​សម្តែង​ការ​ធុញ​ទ្រាន់​​​នឹង​​ការ​ផ្លាស់​ប្តូរ​នាយក​រដ្ឋ​មន្ត្រី​មិន​ចេះ​ចប់ ហើយ​បាន​ទាម​ទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​សកល​ឡើង​វិញ​ជា​បន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ