អ្នកវិភាគ និងអ្នកនយោបាយមួយចំនួន លើកឡើងថា ប្រសិនបើស្ថានភាពបច្ចុប្បន្នមិនត្រូវបានផ្លាស់ប្តូរដែលស្ថាប័នរដ្ឋទាំងអស់ ក្នុងនោះមានទាំងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា គជប និងស្ថាប័នកងកម្លាំងប្រដាប់អាវុធ រួមទាំងស្ថាប័នតុលាការជាដើម នៅតែជាឧបករណ៍បម្រើនយោបាយឱ្យលោកហ៊ុន សែន នោះគណបក្សប្រឆាំងជាបន្តបន្ទាប់ទៀត អាចនឹងត្រូវលោកហ៊ុន សែន រំលាយចោលទៀត ប្រសិនបើគណបក្សទាំងនោះមានប្រជាប្រិយភាពខ្លាំងដូចគណបក្សសង្គ្រោះជាតិ។
ការលើកឡើងនេះ បន្ទាប់ពីតុលាការកំពូលដែលមាន លោកជីវ កេង ជាប្រធាន និងជាសមាជិកគណបក្សប្រជាជនកម្ពុជាផងនោះ កាលពីថ្ងៃទី១៩ ខែមិថុនា បានសម្រេចតម្កល់ទោសដកសិទ្ធិនយោបាយលើលោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ រយៈពេល ៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ ទាក់ទងនឹងការបញ្ចេញមតិ។ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ គប់គិតជាមួយសហរដ្ឋអាមេរិក ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានដកសិទ្ធិធ្វើនយោបាយអស់មួយជីវិតផងដែរ បើទោះបីនៅពេលនេះ លោកត្រូវបានលើកលែងទោសជាប់ឃុំ២៧ឆ្នាំរួចហើយក៏ដោយ។ លោកស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ក៏ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយផងដែរ។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រាប់វីអូឌីនៅថ្ងៃទី២៣ខែមិថុនានេះថា ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិទាំងអយុត្តិធម៌បំផុត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មក នៅកម្ពុជាលែងមានការប្រកួតប្រជែងនយោបាយ តាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ទៀតហើយ នៅពេលដែលមេដឹកនាំគណបក្សកាន់អំណាច អាចចេញបញ្ជាឱ្យកែច្បាប់បង្កើតច្បាប់ ដើម្បីកៀបសង្កត់លើអ្នកនយោបាយប្រឆាំងបានតាមអំពើចិត្ត ថែមទាំងអាចត្រួតត្រាបញ្ជាលើស្ថាប័នរដ្ឋទាំងអស់រួមទាំងតុលាការ និង គជប ។
លោកថា៖ «អ៊ីចឹងយើងដឹងហើយ ពីព្រោះថា ការបង្កើតនូវច្បាប់មួយដែលស្ថិតនៅក្រោមសម្ពាធតុលាការដែលជាឧបករណ៍របស់គណបក្សនយោបាយដែលកាន់អំណាចបច្ចុប្បន្ន អ៊ីចឹងចង់មិនចង់ គេបានត្រៀមលក្ខណៈគ្រប់គ្រាន់ មិនឱ្យមានបុគ្គលណាមានប្រជាប្រិយភាព មានឱកាសក្នុងការប្រើនូវសិទ្ធិសេរីភាពរបស់ខ្លួនបានដោយសេរី ស្របតាមច្បាប់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យអ្វីនោះទេ ហើយគណបក្សនយោបាយក៏ដូចគ្នាដែរ បើសិនជាគណបក្សនោះ ទទួលបានការគាំទ្រកាន់តែខ្លាំង ហើយប្រជាពលរដ្ឋមានការពេញចិត្តខ្លាំង អ៊ីចឹងគណបក្សហ្នឹងក៏ប្រឈមនឹងការគំរាមកំហែង និងរំលាយចោលដូចគណបក្សសង្គ្រោះជាតិអ៊ីចឹងដែរ»។
សម្រាប់ អ្នកឃ្លាំមើលរូបនេះ ប្រទេសកម្ពុជាបច្ចុប្បន្ន មិនមែនជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសេរី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទៀតទេ ហេតុដូច្នេះហើយអ្នកតាមដានបញ្ហាសង្គម នយោបាយ និងសិទ្ធិមនុស្សបានចាត់ទុកកម្ពុជាថា ជាប្រទេសដែលកំពុងដើរទៅតាមលំនាំលទ្ធិផ្តាច់ការ ពីព្រោះរបបផ្តាច់ការ អំណាចស្ថិតនៅក្នុងតែដៃបុគ្គលម្នាក់ ដែលគ្រោះថ្នាក់ណាស់ សម្រាប់អ្នកនយោបាយប្រឆាំង។
លោកថា៖ «ជាធម្មតាយើងមើលឃើញស្រាប់ហើយ បើមិនប្រើតុលាការចាប់ចងធ្វើបាបដាក់ទោសទេ ក៏ប្រើហិង្សាវាយដំដែរ បើវាយដំមិនបានក៏សម្លាប់ចោលដែរ។ ចឹងជារូបភាពមួយ យើងមើលឃើញកន្លងមកស្រាប់ទៅហើយ។ អ៊ីចឹងខ្ញុំមិនរំពឹងថា ក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចបច្ចុប្បន្ន មានការប្តូរផ្លាស់កែទម្រង់ពីអាក្រក់ទៅល្អនោះទេ លើកលែងតែមានសម្ពាធអ្វីដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឱ្យមានការផ្លាស់ប្តូរកែប្រែទៅបាន បើមិនដូច្នោះទេ នៅតែបន្តនយោបាយបែបហ្នឹង ធ្វើឱ្យប្រជាពលរដ្ឋរស់នៅរងទុក្ខ អ្នកនយោបាយរស់នៅក្នុងការភ័យខ្លាច ហើយគណបក្សនយោបាយក៏ដូច្នោះដែរ ទោះបីខិតខំកៀរគរឱ្យមានការគាំទ្រពីប្រជាពលរដ្ឋក៏ដោយ ក៏មិនអាចទៅរួចដែរ បើសិនជាមានប្រជាប្រិយភាពខ្ពស់ឡើង គេនឹងរំលាយចោលបានដូចគ្នា»។
ជាមួយគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ ក៏បានប្រាប់វីអូឌីផងដែរថា ចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការតម្កល់ទោស និងបន្ថែមការរឹតត្បិតសិទ្ធិនយោបាយ លើលោក រ៉ុង ឈុន គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ ពីការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ដើម្បីកម្ទេចសំឡេងប្រឆាំង។ ល្បិចកលកាត់សិទ្ធិនយោបាយ សំដៅរារាំងមិនឱ្យលោកកឹម សុខា និងលោករ៉ុង ឈុន ចូលរួមក្នុងការបោះឆ្នោតខាងមុខ បង្ហាញពីភាពទន់ជ្រាយ និងភាពមិនហ៊ានប្រឈមមុខតទល់ដោយស្មើភាព លើសមរភូមិបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតសេរី និងយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត កំពុងដឹកនាំប្រទេសដោយការបង្ក្រាប និងខ្វះភាពស្របច្បាប់ពីពលរដ្ឋពិតប្រាកដ។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ យល់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ប្រសិនបើគណបក្សប្រឆាំងណាមួយមានសន្ទុះងើបឡើងខ្លាំង រហូតដល់អាចរង្គាស់រង្គើដល់តុល្យភាពអំណាចគណបក្សប្រជាជនឬក៏ប៉ះពាល់ដល់ការគ្រប់គ្រងរបស់លោកហ៊ុន ម៉ាណែត នឹងត្រូវរំលាយចោល។ បទពិសោធន៍នៃការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ គឺជាគំរូជាក់ស្តែងដែលលោកចង់គូសបញ្ជាក់ថា ដើម្បីស្ថិរភាពអំណាច និងការរក្សាការដឹកនាំតពូជរបស់គណបក្សកាន់អំណាច គឺជាអាទិភាពកំពូលដែលមិនអនុញ្ញាតឱ្យមានការប្រកួតប្រជែងដោយស្មើភាពនោះទេ។
លោកថា៖ «ប្រសិនបើគណបក្សកម្លាំងជាតិ ឬក៏សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យណាមួយ អាចកៀរគរចលនាមហាជន និងទាក់ទាញសំឡេងគាំទ្រយ៉ាងគំហ៊ុក នៅមុនការបោះឆ្នោតខាងមុខ ខ្ញុំជឿថា យន្តការផ្លូវច្បាប់តាមរយៈរំលាយបក្ស ឬក៏ការកាត់ក្បាលម៉ាស៊ីនដឹកនាំ នឹងត្រូវយកមកអនុវត្តជាថ្មីទៀត ដើម្បីធានាថាគ្មានការគំរាមកំហែងណាមួយ អាចលិចរូបរាងអាចជះឥទ្ធិពលដល់ការគ្រប់គ្រងរបស់លោកហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ក៏អាចមានការបត់បែនលើស្ថានការណ៍ជាក់ស្តែងដែរដោយមិនចាំបាច់ឈានទៅដល់ការរំលាយបក្សទាំងស្រុង ប្រសិនបើការប្រើប្រាស់វិធានការរិតត្បិតសិទ្ធិបុគ្គល មានប្រសិទ្ធភាពគ្រប់គ្រាន់ ដូចដែលយើងបានឃើញនៅក្នុងសាលដីកាតុលាការកំពូល លើករណីលោករ៉ុង ឈុន ស្រាប់»។
វីអូឌី មិនទាន់អាចទាក់ទង លោកជា ធីរិទ្ធ អ្នកនាំពាក្យលោកហ៊ុន សែន និងលោកទេព នីថា អគ្គលេខាធិការ គជប ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២៣ខែមិថុនានេះ។
យ៉ាងណាក្តី លោកហ៊ុន សែន បានថ្លែងកាលពីពេលថ្មីៗនេះថា ក្នុងឋានៈលោកជាប្រធានព្រឹទ្ធសភា និងជាប្រធានកណបក្សប្រជាជនកម្ពុជា លោកនឹងមិនលើកលែង ចំពោះអ្នកណាក៏ដោយ ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល និងថា មានតែកូនចៅគណបក្សប្រជាជនប៉ុណ្ណោះ ដែលមានសិទ្ធិកាន់អំណាចដឹកនាំប្រទេសកម្ពុជា។
លោកថា៖ «អ្នកណាក៏ដោយដែលប៉ុនប៉ងផ្តួលរដ្ឋាភិបាល ងើបមួយវាយមួយ។ អ្នកដែលធ្វើនយោបាយដោយសន្តិវិធី ដោយមិនប៉ុនប៉ងផ្តួលរំលំដោយខុសនឹងរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិអ្នកឯង។ សារជូនអ្នកឯងគឺមិនច្រើនទេ! បើអ្នកឯងនៅតែបន្តនិយាយថា ត្រូវតែផ្តួលត្រកូលហ៊ុន អញសូមផ្តាំទៅពួកឯងឱ្យច្បាស់ បើអត់មានត្រកូលហ៊ុនដឹកនាំ ក៏មិនទាន់ដល់វេនពួកហ្ហែងដែរ គឺមានតែក្រុមទេវតា ហ្វូងទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចនៅប្រទេសនេះ។ ឯងកុំស្មានឱ្យសោះ ហើយបើសិនជាហ៊ុន ម៉ាណែត មិនអាចដឹកនាំបាន ឬក៏គ្មានអ្នកណា ត្រកូលហ៊ុន ក៏មិនទាន់ដល់វេនអាត្រកូលសម ឬក៏អាត្រកូលសុក្រ ឬក៏អាសៅរ៍អីដែរ អត់ទេ! គឺមានតែត្រកូលទេវតាតែប៉ុណ្ណឹង ត្រកូលទេវតាបានសេចក្តីថាគណបក្សប្រជាជន មិនទាន់ដល់វេនពួកហ្ហែងទេ»។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងថា សារជាតិធ្វើនយោបាយទុច្ចរិតរបស់លោកហ៊ុន សែន ទោះក្នុងតម្លៃណាក៏ដោយ គាត់នឹងកម្ចាត់ចោលមិនថា អ្នកនយោបាយ ឬគណបក្សនយោបាយនោះទេ ប្រសិនបើគាត់គិតថា ជាឧបសគ្គដល់មហិច្ឆតាក្តោបអំណាចតពូជរបស់ត្រកូលហ៊ុនគាត់។ បើតាមមន្ត្រីបក្សប្រឆាំងរូបនេះ ប្រសិនបើគណបក្សកម្លាំងជាតិ គណបក្សភ្លើងទៀន និងបក្សផ្សេងទៀត ច្របាច់បញ្ចូលគ្នាឱ្យក្លាយទៅជាគណបក្សប្រឆាំងធំតែមួយ ហើយខ្លាំងដូចគណបក្សសង្គ្រោះជាតិ នោះលោកហ៊ុន សែន នឹងប្រើតុលាការរំលាយចោលទៀត មិនខុសពីគណបក្សសង្គ្រោះជាតិឡើយ។
លោកថា៖ «គាត់មើលថា បើសិនការបោះឆ្នោតឃុំសង្កាត់ មានសន្ទុះខ្លាំង គណបក្សណាដែលអាចដណ្តើមកៅអីនៅក្នុងរដ្ឋសភា ព្រឹទ្ធសភា បានគេអាចប្រើលេសអី ដូចគណបក្សភ្លើងទៀនអីចឹង គេអត់ឱ្យចូលរួមបោះឆ្នោត ហើយបើនៅតែមានសន្ទុះខ្លាំង គេរំលាយចោល អាហ្នឹងជាស្ទីលដែលគាត់ប្រើ។ ដូច្នេះស្ទីលដែលគាត់ប្រើ វិធីទី១ មិនឱ្យចូលរួមបោះឆ្នោត ទី២រំលាយចោល ទី៣កម្ចាត់មេដឹកនាំដែលមានឥទ្ធិពលដែលមានប្រជាប្រិយភាពដូចលោករ៉ុង ឈុន ចឹងគឺដកសិទ្ធិមិនឱ្យធ្វើនយោបាយតែម្តង»។
ចំណែក លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ក៏បានប្រាប់វីអូឌីនៅថ្ងៃទី២៣ខែមិថុនានេះផងដែរថា រូបលោកនិងអ្នកនយោបាយផ្សេងទៀត រួមទាំងសង្គមស៊ីវិល កន្លងមក បានធ្វើការតស៊ូមតិជាច្រើនលើក ដោយជំរុញឱ្យធ្វើកំណែទម្រង់ គជប ឱ្យក្លាយទៅជាស្ថាប័នឯករាជ្យពិតប្រាកដ ក្នុងការផ្តល់នូវភាពស្មើគ្នាដល់គណបក្សនយោបាយ ក្នុងការចូលរួមប្រកួតការបោះឆ្នោត។ ប៉ុន្តែជាទូទៅ វាពិបាក ដោយសារអ្នកកាន់កិច្ចការ គជប សុទ្ធតែចេញជាមន្ត្រីជាន់ខ្ពស់បក្សនយោបាយ ធ្វើឱ្យមានការលំបាកក្នុងការជឿទុកចិត្តលើស្ថាប័ននេះ ថាមិនលម្អៀង។ មានការតស៊ូមតិច្រើន ប៉ុន្តែរហូតមកដល់ពេលនេះ ហាក់ដូចជាពុំមានអ្វីកែប្រែច្រើនទេ។
លោកថា៖ «រឿងច្បាប់គណបក្សនយោបាយក៏ដូចគ្នា យើងទាមទារឱ្យមានការកែលម្អមួយចំនួន ដូចជា ច្បាប់អនុញ្ញតឱ្យរំលាយគណបក្សបាននោះណា ហ្នឹងជារឿងមួយពិបាកណាស់ កាលណាគណបក្សណាមួយមានការប្រកួតប្រជែងស្វិតស្វាញ ហើយមានប្រសិទ្ធភាពអាចនឹងត្រូវរងការរំលាយ ដោយចាប់កំហុសលិចកើតទៅ ចៀសមិនរួចទេ អាចរងនូវការរំលាយចោលដូចគណបក្សសង្គ្រោះជាតិពីមុនអីចឹង។ ដូច្នេះសម្រាប់គណបក្សក្រៅរដ្ឋាភិបាល វាពិបាក វាចង្អៀត។ ប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយ យើងមិនមានជម្រើសអីក្រៅពីការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតហ្នឹងទេ។ ដូច្នេះប្រជាពលរដ្ឋក៏ដូចគ្នាដែរម្ចាស់ឆ្នោតមានតែលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ដើម្បីចូលរួមការបោះឆ្នោតហ្នឹង»។
ប៉ុន្តែយ៉ាងណាក្តី អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ ជឿថា ទោះបីប្រព័ន្ធរៀបចំការបោះឆ្នោតបច្ចុប្បន្នមិនល្អគ្រប់១០ក្តី ក៏ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋភាគច្រើនយល់ ហើយចង់ផ្លាស់ប្តូរ លោកនៅតែយល់ថា ប្រាកដជាអាចផ្លាស់ប្តូរបាន ដូចកាលពីគណបក្សសង្គ្រោះជាតិ ក៏មានការរិះគន់ គជប ដែរប៉ុន្តែទីបំផុតលទ្ធផលនៃការបោះឆ្នោតមានការប្រែប្រួលខ្លាំង។
លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្នមិនថា ពលរដ្ឋ ឬក៏អ្នកនយោបាយនោះទេ មានការលំបាកខ្លាំងណាស់ ក្នុងការធ្វើការរិះគន់ក្នុងន័យស្ថាបនា ពីព្រោះអ្នកដែលហ៊ានរិះគន់អាចនឹងព្រួយបារម្ភពីការប្តឹងផ្តល់ ខណៈកន្លងមកនៅពេលរិះគន់ស្ថាប័នរដ្ឋតែងតែទទួលការប្តឹងផ្តល់ សូម្បី គជប កន្លងមកក៏ចេញមកប្តឹងអ្នកនយោបាយ និងសកម្មជននយោបាយផងដែរ។
សម្រាប់ លោកសេង វណ្ណលី នៅតែលើកទឹកចិត្តឱ្យក្រុមអ្នកនយោបាយប្រឆាំងប៉ូលលោកសម រង្ស៊ី និងប៉ូលលោកកឹម សុខា ត្រូវងាកមករួបរួមផ្សះផ្សាគ្នា ដោយលោកថា មានតែការរួបរួមគ្នាយ៉ាងពិតប្រាកដ និងរឹងមាំរវាងចរន្តទាំងពីរប៉ុណ្ណោះ ទើបអាចបង្កើតជាកម្លាំងប្រវត្តិសាស្ត្រ ដែលអាចរំដោះប្រទេសជាតិចេញពីកណ្តាប់ដៃនៃរបបផ្តាច់ការ ធានាបាននូវការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងនាំមកនូវសេចក្តីថ្លៃថ្នូរ យុត្តិធម៌ពិតប្រាកដសម្រាប់ប្រជាជាតិខ្មែរទាំងមូល ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕








