អាមេរិក​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​ប្រេង ខណៈ​អ៊ីរ៉ង់​បដិសេធ​ការ​អះ​អាង​ជុំវិញ​រឿង​អ្នក​ត្រួត​ពិនិត្យ​នុយ​ក្លេ​អ៊ែរ

អ៊ីរ៉ង់​បាន​បដិសេធ​ការ​អះ​អាង​របស់​អនុ​ប្រធានា​ធិបតី​អាមេរិក លោក JD Vance ដែល​ថា​ខ្លួន​នឹង​អនុ​ញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​នុយ​ក្លេអ៊ែរ​ត្រឡប់​ចូល​ប្រទេស​វិញ បន្ទាប់​ពី​កិច្ច​ចរចា​ជុំ​ដំបូង​រវាង​ទីក្រុង​វ៉ាស៊ីន​តោន និង​ទីក្រុង​តេហេ​រ៉ង់ នៅ​ប្រទេស​ស្វ៊ីស ដើម្បី​ឈាន​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​ក្នុង​ការ​បញ្ចប់​សង្គ្រាម។

ទោះ​បី​ជា​លោក Vance និង​ប្រធានា​ធិបតី Donald Trump បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ការ​ពិភាក្សា​ជាមួយ​​ទី​ភ្នាក់​ងារ​ថាមពល​បរមា​ណូ​អន្តរ​ជាតិ (IAEA) អាច​នឹង​ចាប់​ផ្តើម​ភ្លាមៗ​​​ក៏​ដោយ ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ខ្លួន “មិន​ទាន់​មាន​ការ​ប្តេជ្ញា​​ចិត្ត​ថ្មី​ណា​មួយ” ឡើយ ដោយ​រាល់​ការ​ចូល​រួម​ត្រូវ​ធ្វើ​ឡើង​តាម​នីតិ​វិធី​ច្បាប់​ដែល​មាន​ស្រាប់។

ការបដិសេធ​នេះ​ បាន​ធ្វើឡើ​ង​ចំពេល​ដែល​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេ​រិក បាន​ប្រកាស​ផ្អាក​ទណ្ឌ​កម្ម​ជា​បណ្តោះ​អាសន្ន​រយៈ​ពេល ៦០ ថ្ងៃ ដែល​អនុ​ញ្ញាត​ឱ្យ​អ៊ីរ៉ង់​លក់ និង​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ឡើង​វិញ រួម​ទាំង​ការ​នាំ​ចូល​ទៅ​អាមេរិក​ដោយ​ផ្ទាល់​ផង​ដែរ។

ជាការដោះដូរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាន​ថ្លែង​ថា ទីក្រុង​តេហេ​រ៉ង់​ បាន​ប្តេជ្ញា​ចិត្ត​រក្សា​ច្រក​សមុទ្រ​យុទ្ធ​សាស្ត្រ Hormuz ឱ្យ​បើក​ចំហ និង​អនុ​ញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​របស់ IAEA ត្រឡប់​ចូល​ប្រទេស​វិញ (ដែល​ត្រូវ​បាន​ដក​ចេញ​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​មាន​ការ​ទម្លាក់​គ្រាប់​បែក​ពី​អ៊ីស្រាអែល និង​អាមេ​រិក)។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសសម្របសម្រួល​ គឺ​កាតានិង​ប៉ាគី​ស្ថាន​ បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​លើ “ផែន​ទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ ក្នុង​រយៈ​ពេល ៦០ ថ្ងៃ”។ ក្រៅ​ពី​នេះ ភាគី​ទាំង​សង​ខាង​បាន​យល់​ព្រម​បង្កើត “ខ្សែ​ទូរស័ព្ទ​ទាក់​ទង” ដើម្បី​ធានា​សុវត្ថិ​ភាព​នាវា​ពាណិជ្ជ​កម្ម​តាម​ច្រក​សមុទ្រ Hormuz និង​បង្កើត “អង្គ​ភាព​កាត់​បន្ថយ​ជម្លោះ” រវាង​សហរដ្ឋ​អាមេរិក អ៊ីរ៉ង់ និង​លីបង់ ដើម្បី​បញ្ចប់​ប្រតិ​បត្តិ​ការ​យោធា​នៅ​លី​បង់ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​បទ​​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​រវាង​អ៊ីស្រា​អែល និង​ក្រុម​ហេស​បូឡា។

ទោះជាយ៉ាងណា ដំណើរការចរចាមានភាពរកាំរកូស ដោយលោក Vance បានបង្ហើបថា ភាគី​អ៊ីរ៉ង់​ធ្លាប់​បាន​គំរាម​ដើរ​ចេញ​ពី​ការ​ចរចា បន្ទាប់​ពី​លោក Trump បាន​បង្ហោះ​សារ​ព្រមាន​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​ថ្មី។

ជាមួយ​គ្នានេះ​ លោក Trump ក៏​បាន​ចេញ​មុខ​ព្រមាន​ជា​ថ្មី​ម្តង​ទៀត ពី​ការិយា​ល័យ Oval Office ថា អាមេរិក​នឹង​ចាត់​​វិធាន​ការ​ខ្លាំង​ក្លា​ភ្លាមៗ ប្រសិន​បើ​អ៊ីរ៉ង់​មិន​គោរព​តាម​កិច្ច​ព្រម​ព្រៀង។ គិត​ត្រឹម​ថ្ងៃទី​២២ខែ​​មិថុនា ក្រុម​អ្នក​ចរ​ចា​​ឈាន​មុខ​របស់​អ៊ីរ៉ង់​បាន​ចាក​ចេញ​ពី​ការ​ចរចា ប៉ុន្តែ​ការ​ពិភាក្សា​ផ្នែក​បច្ចេក​ទេស​រវាង​ភាគី​ពាក់​ព័ន្ធ​នៅតែ​បន្ត​​ធ្វើ​ឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ