សាលា​ឧទ្ធរណ៍​មិន​ឱ្យ​អតីត​ព្រះ​សង្ឃ ជា វុទ្ធី ​នៅ​ក្រៅឃុំ​ពាក់​​ព័ន្ធ​​និយាយ​​រឿង​​ថៃ​​ឈ្លាន​​ពាន

សភា​​ស៊ើប​​សួរ​​​នៃ​​​សាលា​ឧទ្ធរណ៍​ភ្នំពេញ បាន​​បដិសេធ​​សំណើ​​សុំ​​នៅ​ក្រៅ​​ឃុំ​​​​របស់​ លោក​ ជា​ វុទ្ធី អតីត​​ព្រះ​សង្ឃ​ដែល​​ត្រូវ​​សមត្ថ​កិច្ច​​ចាប់​​ផ្សឹក​​ទាំង​​បង្ខំ​ ហើយ​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន ដោយ​​ចោទ​​​​​ពី​បទ ញុះ​ញង់​ ​ជុំវិញ​ការ​​​សម្តែង​​មតិ​​​​ពី​​កង្វល់​​រឿង​ថៃ​ឈ្លានពានកម្ពុជា។

អង្គការ​សិទ្ធិមនុស្សលីកាដូ បាន​ឱ្យដឹងថា ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មិថុនា សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​​ភ្នំពេញ បាន​បដិ​សេធ​សំណើ​នៅ​ក្រៅ​ឃុំរ​បស់​ លោក ជា វុទ្ធី ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២៦ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ប្រភពដដែល បន្តថា ក្រោយការ​​បដិសេធសំណើសុំនៅក្រៅ​ឃុំពីសំណាក់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ហើយ លោក ជា វុទ្ធី ​​ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនា​គារ​រាជ​ធានី​ភ្នំពេញ (PJ) វិញ ។

អតីតភិក្ខុសង្ឃ​ ជា វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​​​ខេត្ត​​បាត់​​ដំបង ​ចាប់​ខ្លួន​​ចេញ​ពី​វត្ត​ពោធិ៍​វាល ក្នុង​ក្រុង​បាត់​ដំបង​ ហើយ​​​ក្រោយ​​មក​​លោក​ត្រូវ​បាន​ចាប់​ផ្សឹក​ នៅអំឡុង​ពេល​ជួប​ជាមួយ​នឹង​មន្ទីរ​ធម្ម​ការ និង​សាសនា​ កាល​ពី​​​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ​​២០២៦។ កា​រចាប់ខ្លួន​អតីតព្រះសង្ឃរូបនេះ ធ្វើ​ឡើង​បន្ទាប់​​ពី​លោក​ធ្វើ​ការ​រិះ​គន់​ចំពោះ​​រឿង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ភៀស​សឹក​ ខណៈដែល​លោក​ក៏សកម្ម​​​ក្នុងការលើកឡើង​ពី​បញ្ហា​សង្គម​​ជាច្រើន រួមមានបញ្ហា​ព្រៃឈើ បរិស្ថាន សិទ្ធិ​មនុស្ស​ជាដើម នៅលើបណ្តាញសង្គម​របស់​លោក​។

អតីតព្រះសង្ឃ ជា វុទ្ធី ស្ថិតនៅក្នុងចំណោម​មនុស្ស ១១៧នាក់​ ដែលកំពុងជាប់ឃុំដោយប្រើសិទ្ធិ ដែល​ចងក្រងដោយអង្គ​ការ​​លីកាដូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ