មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល លើកឡើងថា បើទោះបីជារហូតមកដល់ពេលនេះ ថៃបានដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ រហូតដល់ជិត៧០ទីតាំងហើយក្តី ហើយនៅតែបន្តសម្រុកសាងសង់សំណង់រឹងជាអចិន្ត្រៃយ៍ ដើម្បីកែប្រែទឹកដីខ្មែរឱ្យទៅជាទឹកដីថៃ និងនៅតែបន្តវាទយកទឹកដីខ្មែរបន្ថែមទៀតចាប់តាំងពីក្រោយបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក្តី ក៏រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នៅតែព្យាយាមបិទបាំងព័ត៌មានពីការឈ្លានពាននេះ ដោយសារតែខ្លួនអសមត្ថភាពក្នុងការការពារទឹកដី។
ក្រុមអ្នកឃ្លាំមើលនានា មើលឃើញថា យោធាថៃ និងរដ្ឋាភិបាលថៃរបស់លោក អានុទីន ឆាន់វីរៈគុន ដែលជាភាគីឈ្លានពាន បានព្យាយាមធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីទីតាំងទឹកដីខ្មែរដែលពួកគេដណ្តើមកាន់កាប់បាន ដើម្បីទាក់ទាញការគាំទ្រកាន់តែខ្លាំងពីអ្នកជាតិនិយមថៃ ខណៈខាងភាគីរដ្ឋាភិបាលកម្ពុជារបស់ លោកហ៊ុន ម៉ាណែត ដែលជាជនរងគ្រោះព្យាយាមបិទបាំងព័ត៌មាននេះ ដោយសារតែខ្លួនអសមត្ថភាពក្នុងការការពារទឹកដីដែលជាភាពអាមាស។
ការលើកឡើងទាំងនេះ គឺខណៈដែលក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី២៣ខែមិថុនា បានចេញសេចក្តីប្រកាសដោយអំពាវនាវជាថ្មីទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ដូចជា ហ្វេសប៊ុកលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ជាដើម រួមទាំងទំព័រហ្វេសប៊ុកឬផេករបស់ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួនរបស់រដ្ឋាភិបាលជាដើម។
ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងការពារជាតិបញ្ជាក់ថា ខ្លួននឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។
ជាមួយគ្នានេះ ក្រសួងការពារជាតិ បានព្រមានថា ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
វីអូឌី មិនអាចទាក់ទងស្នើសុំធ្វើអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះ ពីអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានទេ នៅថ្ងៃទី២៤ខែមិថុនានេះ។
ការប្រកាសរបស់ក្រសួងការពារជាតិជាថ្មីទៀតនេះ គឺស្របពេលដែលក្រុមឃោសនិករបស់គណបក្សប្រជាជនកម្ពុជា បានសម្រុកផ្សព្វផ្សាយថា ព័ត៌មានពីការបាត់បង់ទឹកដីខ្មែរជិត៧០ទីតាំងទៅថៃ ដែលអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានធ្វើការផ្សព្វផ្សាយថាជាព័ត៌មានមិនពិត ឬជាព័ត៌មានបង្កើតឡើងដោយAIជាដើម។
យ៉ាងណាក្តី លោកអ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីនៅថ្ងៃទី២៤ខែមិថុនានេះថា ព័ត៌មានទាក់ទងនឹងថៃបន្តសម្រុកឈ្លានពានទឹកដីកម្ពុជា និងកំពុងឈរជើងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ចំនួន ៦៧ទីតាំង ដែលលោកបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់លោក គឺជាព័ត៌មានពិតអាចជឿទុកចិត្តបាន១០០ភាគរយ ពីព្រោះលោកបានធ្វើការផ្ទៀងផ្ទាត់ជាប្រចាំជាមួយទាហានជួរមុខ ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន និងព័ត៌មានពីទាហានថៃ រួមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មាននានានៅក្នុងប្រទេសថៃ មិនមែនជាព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដូចការអះអាងរបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត និងក្រុមឃោសនិករបស់គណបក្សប្រជាជនកម្ពុជានោះទេ។
លោកបញ្ជាក់ថា វាមិនមែនជារឿងថ្មីនោះទេ ដែលរដ្ឋាភិបាលលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត តែងតែព្យាយាមលាក់បាំងពីភាពអសមត្ថភាពរបស់ខ្លួន ក្នុងការការពារទឹកដីទាំងព្រំដែនខាងកើតជាមួយវៀតណាម និងព្រំដែនខាងលិចជាមួយថៃ ដែលនៅតែធ្វើឱ្យកម្ពុជាបន្តបាត់បង់ទឹកដីយ៉ាងច្រើន ទៅប្រទេសជិតខាងទាំងពីរនេះ។
លោក អ៊ុំ សំអាន ថ្លែងថា៖ «ក្រសួងការពារជាតិហ្នឹង គាត់ព្យាយាមលាក់បាំងព័ត៌មានពិត ហើយគាត់បែរជាថាព័ត៌មានដែលអ្នកប្រឆាំងផ្សព្វផ្សាយជាព័ត៌មានមិនពិតទៅវិញ។ គាត់ចង់លាក់ព័ត៌មានហ្នឹង ដើម្បីកុំឱ្យប្រជាពលរដ្ឋដឹងពីអសមត្ថភាពរបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ក្នុងការការពារទឹកដី ក្នុងការទាមទារទឹកដីមកវិញ ក្នុងការទប់ស្កាត់ការឈ្លានពានរបស់ថៃ ការរាយបន្លាលួស ដាក់ទូរកុងតឺន័រ ជីកប្រឡាយហើយនិងធ្វើរបងបេតុងព្រំដែនយកដីខ្មែរអ៊ីចឹង។ ដូច្នេះគាត់ព្យាយាមបិទព័ត៌មានហ្នឹងទៅ ដើម្បីថ្ងៃក្រោយប្រជាពលរដ្ឋអត់ដឹង ងាយស្រួលកាត់ទឹកដីហ្នឹងទៅឱ្យថៃ ដើម្បីដូរយកសន្តិភាពនិងអំណាច។ អាហ្នឹងដូចកន្លងមក វៀតណាមឈ្លានពានចឹង គេព្យាយាមបិទព័ត៌មានហ្នឹង គេកាត់ទឹកដីទៅឱ្យវៀតណាមដើម្បីសងគុណវៀតណាម អាហ្នឹងអត់ខុសគ្នានោះទេ បានគេព្យាយាមធ្វើម៉េចកុំឱ្យផ្សព្វផ្សាយព័ត៌មានពិត ពីការឈ្លានពានពីសំណាក់ប្រទេសថៃ»។
ចំណែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានប្រាប់វីអូឌីនៅថ្ងៃទី២៤ខែមិថុនានេះផងដែរថា រដ្ឋាភិបាលមិនត្រូវបង្ខំឱ្យប្រជាពលរដ្ឋជឿ ឬតាមដានតែព័ត៌មានដែលខ្លួនចង់បង្ហាញនោះទេ ពីព្រោះចាប់តាំងពីថៃបើកការឈ្លានពានកម្ពុជាលើកទី១ កាលពីខែកក្កដា ឆ្នាំ២០២៥មក រដ្ឋាភិបាលខ្លួនឯង បានព្យាយាមលាក់បាំងព័ត៌មានពីថៃឈ្លានពានកម្ពុជា ថែមទាំងចាប់ឃុំខ្លួនអ្នកដែលផ្សព្វផ្សាយព័ត៌មានពិតពីថៃឈ្លានពានកម្ពុជាថែមទៀតផង។
បើតាមអ្នកឃ្លាំមើលរូបនេះ ព័ត៌មានដែលស្ថាប័នរដ្ឋរបស់រដ្ឋាភិបាល និងស្ថាប័នគាំទ្ររដ្ឋាភិបាលធ្វើការផ្សព្វផ្សាយ គឺច្រើនតែជាព័ត៌មានបែបពិធីការ ជាព័ត៌មានសំរាម មិនសូវមានអ្នកចង់ដឹងឬតាមដាននោះទេ ដូចជាព័ត៌មានអួតពីសមិទ្ធផលនានា ការលើកសរសើរថ្នាក់ដឹកនាំ ការជូនពរគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ព្រមទាំងឧកញ៉ាគ្រាក់ៗ ខណៈព័ត៌មានទាក់ទងរឿងព្រំដែន ដែលជាអាយុជីវិតរបស់ជាតិ ដែលថៃបាននិងកំពុងសម្រុកចូលឈ្លានពានទឹកដីកម្ពុជា ជារៀងរាល់ថ្ងៃ បែរជាព្យាយាមបិទបាំងនិងគំរាមមិនឱ្យគេផ្សាយ ថែមទាំងចោទថា ជាព័ត៌មានមិនពិតឬជាAIជាដើម។
លោកថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវយល់ការពិតមួយថា មិនត្រូវបង្ខំឱ្យពលរដ្ឋជឿទុកចិត្តលើព័ត៌មានរបស់ខ្លួន ឬក៏ព័ត៌មានអ្នកណាផ្សេងទេ ពីព្រោះសេរីភាពក្នុងការជឿលើព័ត៌មានពិត ឬក៏ព័ត៌មានក្លែងក្លាយ គឺពលរដ្ឋគាត់មានសុភវិនិច្ឆ័យរបស់លោក លោកមានទស្សនៈ លោកមានមនសិការ អាចវាយតម្លៃថា ព័ត៌មានណាពិត ព័ត៌មានណាមិនពិត។ កាលណារដ្ឋាភិបាលបង្ខំឱ្យពលរដ្ឋជឿលើព័ត៌មានរដ្ឋាភិបាល ធ្វើឱ្យពលរដ្ឋកាន់តែមិនជឿ ពីព្រោះព័ត៌មានរដ្ឋាភិបាលជុំវិញរឿងសៀមឈ្លានពានកម្ពុជានេះ គឺបិទខ្ទប់ច្រើនណាស់ មិនផ្សព្វផ្សាយទេព័ត៌មាននៅព្រំដែន។ តែបានបណ្តាញសង្គមផ្សាយរឿងថៃ បន្តពង្រីកការឈ្លានពានរាល់ថ្ងៃ ហើយពលរដ្ឋលោកបានដឹង លោកបានឮ លោកបានទទួលព័ត៌មាន តាមបណ្តាញសង្គម ហើយលោកមានសុភវិនិច្ឆ័យមួយណាពិត មួយណាក្លែងក្លាយ»។
អ្នកឃ្លាំមើលដែលជាអ្នកជំនាញកិច្ចការព្រំដែនរូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបន្តតាមដានស្តាប់ អាននិងមើលវីដេអូឱ្យបានច្រើន ពីប្រភពព័ត៌មាននានា នៅលើបណ្តាញសង្គម ទាំងព័ត៌មានពីស្ថាប័ននានារបស់រដ្ឋាភិបាល គណបក្សប្រឆាំង និងប្រភពព័ត៌មានឯករាជ្យនានា ដូចជា វីអូឌី អាស៊ីសេរី និងបណ្តាញសង្គមផ្សេងៗទៀត ដែលចុះផ្សាយពីថៃនៅតែបន្តសម្រុកឈ្លានពានទឹកដីកម្ពុជាជារៀងរាល់ថ្ងៃ ដោយរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនត្រឹមតែមិនបានចាត់វិធានការទប់ស្កាត់ថៃឈ្លានពាននៅលើដីជាក់ស្តែង ថែមទាំងព្យាយាមបិទព័ត៌មានពីថៃឈ្លានពាននេះថែមទៀត។
លោក ម៉ែន ណាត ថ្លែងថា៖ «វាមានសារសំខាន់ មិនបង្ខំឱ្យពលរដ្ឋជឿទេ ប៉ុន្តែរឿងនឹងអាចផ្តល់ហេតុផលដល់ពលរដ្ឋអាចពិចារណាបានថា អ្វីដែលយើងផ្សព្វផ្សាយពីសៀមឈ្លានពាននេះ គឺសុទ្ធជារឿងជាក់ស្តែង ដែលកើតឡើងនៅលើមូលដ្ឋានរបស់កម្ពុជា ដែលថៃពង្រីកការឈ្លានពាននៅក្នុងទឹកដីកម្ពុជា ដូចជា ការរាយបន្លាលួស ការជីកលេណដ្ឋានទ័ព ការចល័តទ័ពរបស់ថៃនៅលើទឹកដីកម្ពុជា ឬនៅតំបន់ដែលថៃឈរជើងក្នុងទឹកដីកម្ពុជាខុសច្បាប់ហ្នឹង។ រឿងអស់ហ្នឹងហើយ យើងគ្រាន់តែផ្សព្វផ្សាយអំពីទិដ្ឋភាពជាក់ស្តែងនៅព្រំដែន ហើយព័ត៌មានភាគច្រើន គឺព័ត៌មានដែលបានពីពលរដ្ឋ ពីទាហានជួរមុខខ្មែរ ហើយពេលខ្លះទៀត យើងបានទៅមើលកាសែតថៃ កាសែតបរទេសមួយចំនួន ដែលចុះផ្សាយពាក់ព័ន្ធរឿងអស់ហ្នឹង យកមកថ្លឹងថ្លែងពិចារណាចែករំលែកជូនពលរដ្ឋ»។
គិតត្រឹមថ្ងៃទី២៤ខែមិថុនានេះ អាជ្ញាធរ និងយោធាថៃ បានបន្តចុះវាស់វែង និងចែកដីពលរដ្ឋខ្មែរចំនួនបីកន្លែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ឱ្យពលរដ្ឋថៃ។ ថៃនឹងផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ឬប្លង់រឹងដល់ពលរដ្ឋថៃនិងបញ្ជាក់កម្មសិទ្ធិលើដីជាង ៨១រ៉ៃ ដែលស្មើនឹង ១៣ហិកតា សម្រាប់ពលរដ្ឋថៃនៅភូមិជោគជ័យរបស់ខ្មែរនេះ។
នៅថ្ងៃទី២៣ខែមិថុនា ថៃនៅតែបន្តដាក់រាយរបងបន្លាលួស និងជីកប្រឡាយនៅអូរស្មាច់ បន្តដុតបំផ្លាញជណ្តើរខ្មែរ ដែលសាងសង់ឡើងទៅប្រាសាទខ្នារ ហើយសាងសង់ផ្លូវថ្មី និងឈូសឆាយរៀបចំប្រែក្លាយតំបន់ប្រាសាទបុរាណរបស់កម្ពុជានេះ ឱ្យក្លាយទៅជាទឹកដីថៃ។
បន្ថែមពីនេះ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ទាហានថៃកំពុងបន្តឈរយាម និងការពារឱ្យកសិករថៃភ្ជួរស្រែលើដីកសិករខ្មែរនៅភូមិជោគជ័យ ខណៈកាលពីខែឧសភា ឆ្នាំ២០២៦ ទាហានថៃបានចូលមកឃាត់ពលរដ្ឋខ្មែរដែលភ្ជួរស្រែលើដីខ្មែរ នៅភូមិសិលាខ្មែរ ខេត្តបន្ទាយមានជ័យ ហើយក្រោយមកទាហានខ្មែរបានយល់ព្រមឱ្យពលរដ្ឋខ្មែរដកថយ ៤០០ម៉ែត្រ ពីតំបន់ទីនោះ។ ប៉ុន្តែពេលនេះ កសិករថៃបែរជាអាចចូលមកភ្ជួរស្រែលើដីខ្មែរបាន ដោយគ្មានទាហានខ្មែរណាហ៊ានទៅហាមឃាត់ឡើយ។ នេះបើយោងតាមទាហានកម្ពុជានៅជួរមុខ និងពលរដ្ឋខ្មែរនៅតាមព្រំដែន រួមទាំងការចុះផ្សាយរបស់សារព័ត៌មានថៃនានា ដែលប្រមូលចងក្រងដោយលោកអ៊ុំ សំអាន៕









