IMO នឹង​ជម្លៀស​នាវិក​នៅ​ច្រក​សមុទ្រ​ហរមូស ខណៈ​អាមេរិក​​ព្រមាន​ប្រឆាំង​នឹង​ការ​ទារ​កម្រៃ​ធ្វើ​ដំណើរ

អង្គ​ការ​លម្ហ​សមុទ្រ​អន្តរ​ជាតិ (IMO) របស់​អង្គ​ការ​សហ​ប្រជា​ជាតិ គ្រោង​នឹង​ជម្លៀស​នាវិក​ជាង​ ១១,០០០ នាក់ ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​ឈូង​សមុទ្រ ដោយ​សារ​តែ​សង្គ្រាម​របស់​អាមេ​រិក និង​អ៊ីស្រា​អែល​ប្រឆាំង​នឹង​អ៊ីរ៉ង់។

អគ្គលេខា​ធិការ IMO លោក អាសេនីយ៉ូ ដូមីងហ្គេស បាន​និយាយ​ថា ប្រតិបត្តិ​ការ​ទ្រង់​ទ្រាយ​ធំ​នេះ នឹង​ត្រូវ​អនុ​វត្ត​ឡើង​ក្រោម​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​អ៊ីរ៉ង់ អូម៉ង់ សហរដ្ឋ​អាមេរិក និង​បណ្តា​រដ្ឋ​ឆ្នេរ​សមុទ្រ​ដទៃ​ទៀត បន្ទាប់​ពី​ទទួល​បាន​ការ​ធានា​សុវត្ថិ​ភាព​ចាំបាច់ និង​ផ្ទៀង​ផ្ទាត់​យ៉ាង​ហ្មត់​ចត់​នូវ​លក្ខ​ខណ្ឌ​សម្រាប់​ការ​ធ្វើ​នាវា​ចរណ៍​ប្រកប​ដោយ​សុវត្ថិ​ភាព។

ទោះបីជាកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន ដើម្បី​បញ្ចប់​​ជម្លោះ​ក៏​ដោយ ទាំង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ នៅ​តែ​បន្ត​ទាស់​ទែង​គ្នា​លើ​ព័ត៌មា​ន​លម្អិត​នៃ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU)។

លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីរ៉ង់បានយល់ព្រមទាំងស្រុងលើការត្រួតពិនិត្យនុយក្លេអ៊ែរកម្រិតខ្ពស់បំផុតទៅថ្ងៃអនាគត ប៉ុន្តែភាគីអ៊ីរ៉ង់​បាននិយាយថា ស្ថាប័នឃ្លាំមើលរបស់ UN នឹងមិនអាចត្រួតពិនិត្យទីតាំង​នុយក្លេអ៊ែរដែល​​ត្រូវបានទម្លាក់គ្រាប់បែកកាលពីឆ្នាំមុននោះឡើយ។ ចំណែកឯប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសគីយ៉ាន និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបញ្ជាក់ថា សមត្ថភាពការពារខ្លួន និងមីស៊ីល​បាលីស្ទីករបស់អ៊ីរ៉ង់ មិនត្រូវ​បានពិភាក្សា និងមិនស្ថិតនៅលើតុចរចាទាល់តែសោះ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ម៉ាកូ រូប៊ីអូ បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅ​​តំបន់​ឈូង​​សមុទ្រ រួមមានសហភាពអារ៉ាប់រួម គូវែត និងបារ៉ែន ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ។ លោកបានព្រមាន​​ថា គ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតឱ្យទារកម្រៃធ្វើដំណើរលើច្រក​សមុទ្រហរមូសនោះទេ ព្រោះវាជាផ្លូវទឹកអន្តរជាតិស្រប​តាមច្បាប់អន្តរជាតិដែលមានស្រាប់ ហើយលោកជឿថា ប្រទេសទាំង​អស់នៅក្នុងតំបន់នឹងយល់ស្របលើរឿងនេះ។

ការជម្លៀសនាវិកដែលជាប់គាំងនេះ គឺពឹងផ្អែកទាំងស្រុងទៅលើការបើកចំហនៃច្រកសមុទ្រហរមូស។ តាម​​ផែនការរបស់ IMO ផ្លូវបណ្តោះអាសន្នចំនួនពីរឆ្លងកាត់ច្រកសមុទ្រនេះនឹងត្រូវប្រើប្រាស់សម្រាប់ការជម្លៀស ដោយនាវានីមួយៗ​នឹងត្រូវទាក់ទងផ្ទាល់សម្រាប់ការណែនាំបន្ថែម។

ច្រក​សមុទ្រនេះ ត្រូវបានអ៊ីរ៉ង់បិទបន្ទាប់ពីការវាយប្រហារបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ ដែលបានធ្វើឱ្យតម្លៃប្រេង​ពិភពលោកហក់ឡើងហួស ១០០ ដុល្លារក្នុងមួយបារ៉ែល និងរឹតត្បិតការដឹកជញ្ជូនថាមពលរួមទាំងទំនិញសំខាន់ៗ។ បច្ចុប្បន្ន ចំនួននាវាដែលធ្វើដំណើរឆ្លងកាត់ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងបានកើនឡើង​វិញ​ខ្លះហើយ ប៉ុន្តែវានៅតែមានកម្រិតទាបជាងមធ្យមភាគមុនពេលមានជម្លោះ ខណៈទិន្នន័យបង្ហាញថាមាននាវាដឹកប្រេងជាង ២០០ គ្រឿងកំពុងរង់ចាំនៅក្នុងច្រកសមុទ្រនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ