ពលរដ្ឋ​​ជិត ៤០០​​គ្រួសារ​​នៅ​ខេត្ត​​បាត់​ដំបង​​មិនសុ​ខ​ចិត្ត​​អាជ្ញាធរ​ដក​ហូត​ដី​សមូហ​ភាព​២២​ហិកតា

ពលរដ្ឋ​​ជិត ៤០០​គ្រួសារ (៣៩១គ្រួសារ​) រស់​​​នៅ​​ភូមិ​​ប្រគាប ឃុំ​រូង​ជ្រៃ​ ស្រុក​​ថ្មគោល ​ខេត្ត​​បាត់​ដំបង ​កំពុង​​កើត​​ទុក្ខ​មិន​​សុខ​ចិត្ត​ ក្រោយ​ពី​​អាជ្ញាធរ​​ខេត្ត​​​​បាន​​​ដក​​​ហូត​​​​ដីស​មូហ​ភាព​សហគមន៍​​ទំហំ ២២ ហិកតា​ ដែល​​ពលរដ្ឋ​​ប្រើ​​ប្រាស់​​រួម​ជិត ៤០ ឆ្នាំ​​មក​​ហើយ។

អ្នក​ភូមិ​​ថា ដី​​សមូហភា​ព​​នេះ​ ជា​​អាយុ​ជីវិត​របស់​ពលរដ្ឋ​ក្រីក្រ​ ដែល​តែងតែ​ចាប់​ឆ្នោត​ប្ដូរ​វេន​គ្នា​​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ខណៈ​​ដែល​ពលរដ្ឋ​ក្រីក្រ​​ភាគ​ច្រើន​ខ្វះខាត​ដី​ដាំដុះ។

សមាជិក​សហគមន៍​ភូមិប្រគាប អ្នកស្រី ផាន់ ជា វ័យ ៧៦ ឆ្នាំ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២៤ ​ខែ​មិថុនា​​ថា​ ដី​​សមូហ​ភាព​​របស់​​​សហគមន៍​​ទំហំ ២២ ហិកតា ជួយ​សម្រាល​ជីវភាព​របស់​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ខាត​ដី​ធ្វើ​ស្រែ។ អ្នកស្រី​បារម្ភ​ថា ដី​សមូហភាព​​សហគមន៍​នេះ អាច​នឹង​របូត​ដល់​បុគ្គល​មាន​លុយ​មាន​អំណាច ​នៅ​ថ្ងៃខាងមុខ ព្រោះ​ការ​ដក​ហូត​នេះ​មាន​​ភាព​មិន​ប្រក្រតី​ច្រើន​ និង​ប្រើ​លេស​ចុះ​បញ្ជី​ដី​របស់​រដ្ឋ​ ដោយ​គ្មាន​ការ​ឯកភាព​ពី​សហគមន៍។

លោក ផាន់ ជា និយាយថា៖ «ប្រជាជន​ចង់​ដឹង​ថា អត់​ឲ្យ ហើយ​ខ្ញុំ​នឹង​​នាំ​ហៅប្រ​ជា​ជន​ជិះ​គោយន្ត​ទៅ​ ទៅ​ចុះ​សាលា​ខេត្ត បណ្ដោយ​ស្រែក​ថា​ដី​ស្រែ​សមាគម​របស់​ប្រជា​ពលរដ្ឋ ២២ ហិកតា​នេះ​ គឺ​សុំ​មក​ត្រឡប់​ក្រោយ​វិញ គឺ​ដាច់​ខាត​អត់​ឲ្យ និយាយ​អញ្ចឹង ​ហើយ​ក៏​ថា​ទៅ​បើ​គេ​ចាប់ នឹង​ឲ្យ​ជាប់​គុក​ពេញ​សាលា​ខេត្ត គេ​គំរាម​យើង​រហូត»។

ចាប់​តាំង​ពី​ឆ្នាំ ២០២៤ មក​ទល់​ពេល​នេះ អ្នកភូមិ​ប្រគាប​ជាង ១០០នាក់ បាន​លើក​គ្នា​តវ៉ា  ៤ ដង​មក​​ហើយ ដើម្បី​​ស្នើ​​ឱ្យ​​អាជ្ញាធរ​​ខេត្ត​​បាត់​ដំបង ប្រគល់​​​ដី​​សមូហ​ភាពទំហំ​ ២២​ហិកតា ជា​កម្មសិទ្ធិ​របស់​សហគមន៍​​ប្រគាប​​វិញ ដោយ​​គ្មាន​​លក្ខ​ខណ្ឌ ដោយ​មិន​សម្រាប់​ជា​ប្រយោជន៍​បុគ្គល​​ណា​​ម្នាក់ ឬ​​សម្រាប់​​នីតិ​បុគ្គល​​ណា​​ផ្សេង​​ឡើយ។ 

កន្លង​ទៅ សហគមន៍​​បាន​ដាក់​ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរា​គមន៍​ពី​ក្រសួង​មហាផ្ទៃ​រួច​ហើយ​ដែរ ​​ក៏​​ប៉ុន្តែ​​មក​​ទល់​​ពេល​​នេះ​ ការ​​​តវ៉ា​​​របស់​​អ្នកភូមិ​ មិន​ទាន់​មាន​លទ្ធ​ផល​​​នៅ​​ឡើយ​​ទេ រហូត​មក​ទល់​ពេល​នេះ។ ​ពេល​​ត​វ៉ា ​អ្នកភូមិ​ខ្លះ​បាន​ស្រែក​ខ្លាំងៗ បង្ហាញ​​កំហឹង​មិន​ប្រគល់​ផ្ទៃដី​​​នេះ ​ជូន​អាជ្ញាធរ​ស្រុក​ថ្មគោល​ឡើយ ព្រោះ​ពួក​គេ​​អះអាង​ថា អ្នកភូមិបាន​បង្ក​បង្កើនផល​ស្រូវ​ ៣៩​ឆ្នាំ​មក​ហើយ  ដោយ​បាន​ជួយ​ទ្រទ្រង់ជីវភាពអ្នកភូមិ។

ក្នុង​​ពេល​តវ៉ា អ្នកស្រី ផាន់ ជា សម្តែង​ការ​មិន​ពេញ​ចិត្ត ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ស្រុក​ថ្មគោល ​ដែល​ប្រើ​​លេស​​យក​​ដី​​នោះ​​​ធ្វើ​​ទី​លាន​ចាក់​សំរាម ហើយ​ថ្ងៃ​ក្រោយអាច​នឹងលក់​ជា​ប្រយោជន៍​ឯកជន​ ធ្វើ​ឱ្យព​លរដ្ឋ​មិនស​ប្បាយ​ចិត្ត។

អ្នកស្រី ផាន់ ជា និយាយថា៖ «ត​ស៊ូមក​​តាំង​ពី​៨៥​ រហូត​តាំង​ពី​នៅ​ព្រៃ​កកោះ ត្រឹម​ជង្គង់​ម្ល៉េះ ហើយ​ស្រែ​នេះ​សម្រាប់​ធ្វើ​បង្ក​បង្កើន​ផល​ក្នុង​គ្រួសារ។ នេះដី ដី​រួម​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា មិន​មែន​ដី​មេ​ភូមិ​ មេ​ឃុំ ហើយ​និង​ស្រុក និង​ខេត្ត​ណា​មួយ​ទេ»។

ឆ្លើយ​តប​រឿង​នេះ មេឃុំ​រូងជ្រៃ លោក យូ សៀម មានប្រសាសន៍ថា អាជ្ញាធរ​ស្រុកបាន​ជូន​សេចក្តី​ណែនាំ​ប្រកាស​ប្រាប់​​ពលរដ្ឋ​រួច​ហើយ​ថា ដី​ទំហំ ២២ ហិកតា បានចុះបញ្ជី​សារភណ្ឌ​របស់​ក្រសួង​អប់រំ របស់រដ្ឋរួចហើយ។ លោក​ថា​ បច្ចុប្បន្ន​​ដីនេះ ប្រជាសហគមន៍​អាច​​ធ្វើ​​កសិក​ម្ម​​ដាំ​ដុះ​​បា​ន​​ដដែល។

លោក យូ សៀម និយាយថា៖ «ដីហ្នឹង​គឺ​ស្ថិត​នៅ​ក្រោម​ក្រសួង​អប់រំ​វិញ។ ខាង​ក្រសួង​អប់រំ​អ្នក​គ្រប់​គ្រង​ គឺ​វា​ជាប់​បញ្ជី​សារ​ពើ​ភណ្ឌ​រដ្ឋ របស់​ក្រសួង​អប់រំ​ហើយ។ ខ្ញុំ​បាន​ជួប​ជាមួយ​ប្រធាន​សហគមន៍ ភូមិ​ហ្នឹង​ហើយ​ គាត់​ថា ឃុំ​នៅ​តែ​​គ្រប់​គ្រង​ថែ​រក្សា មក​ធ្វើ​អភិវឌ្ឍន៍​ភូមិ ក្នុង​ភូមិ​សាលា​រៀន ឬ​ភូមិ ក្នុង​ភូមិ​ធ្វើ​សាលា​រៀន​ដដែល​ទេ»។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ទិស​ភាគ​​ពាយ័ព្យ​ លោក អ៉ិន គង់ជិត យល់​​ថា ក្នុង​ខេត្ត​បាត់ដំបង​ ​មាន​ដី​ដី​ទំនេរ​នៅ​សល់​ច្រើន​ អាជ្ញាធរ​ពុំគួរ​​យក​​​ដី​សមូហ​ភាព​របស់​​ពលរដ្ឋ​ ចុះ​បញ្ជី​ដី​សារ​​​ពើ​​ភណ្ឌ​នោះ​ទេ នឹង​ប៉ះ​ពាល់​ទឹក​ចិត្ត​ពលរដ្ឋ។ លោក​ថា ពលរដ្ឋ​ចង់​អភិរក្ស​​ដី ២២ ហិកតា ​ជា​​ប្រយោជន៍​​សហគមន៍​ ដោយ​​ដាក់​​វេន​​​គ្នា​​អាស្រ័យផល​ ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន។

លោក អ៊ិន គង់ជិត ថ្លែងថា៖ «ដី​ឯកជន​របស់​រ​ដ្ឋ​នៅ​ខេត្ត​បាត់​ដំបង​មាន​ច្រើន​ណាស់ មាន​ទំនេរ​ច្រើន​ ហើយ​មិន​គួរ​ណា​ទៅ​យក​ដី​របស់​ពលរដ្ឋ​នៅ​សល់​តូច​តាច ទុក​បម្រើនៅ​ក្នុ​ង​សហគមន៍។ ពួក​គាត់​មិន​បាន​យក​ដី​ទំហំ ២២ ហិក​តា​​នេះ ទៅ​ធ្វើ​ជា​កម្ម​សិទ្ធិ​រៀងៗ​ខ្លួន​ទេ គាត់ធ្វើ​ជា​​ប្រយោជន៍​នៅក្នុ​ង​សហគមន៍​របស់​គាត់ ដោយ​សារ​គាត់​បាន​ដាក់​វេន​គ្នា​អាស្រ័យផល»។

ដី​សមូហភាព​សហគមន៍​ភូមិ​ប្រគាប​ទំហំ ២២ ហិកតា អ្នកភូមិ​ ៣៩១ គ្រួសារ បាន​​អាស្រ័យ​​ផល ​និ​ង​​ដាំ​ដុះ​​​តាំង​​ពី​ឆ្នាំ​១៩៨៥ ដោយ​​តម្រូវ​​ឲ្យ​​ពលរដ្ឋ​​ចាប់​​ឆ្នោត ដើម្បី​​មាន​​សិទ្ធិ​​បង្ក​​បង្កើន​​ផល​ ក្នុង​​មួយ​​ឆ្នាំ​​ម្តង ​ដើម្បី​​​ធ្វើ​​កសិ​កម្ម​​ប្ដូរ​​វេន​។ អ្នក​​ភូមិ​​​ថា ដី​​នេះ​​​មាន​​ជីវជាតិ​ និង​ធ្វើ​កសិកម្ម​បាន​ទិន្នផល​ខ្ពស់​ ដោយ​ក្នុង​មួយ​ឆ្នាំ​អាច​ធ្វើ​បាន ២ដង។​

ប្រជាសហគមន៍​ថា ពួកគាត់​ចង់​អភិវឌ្ឍន៍​ដី​ស្រែ​នេះ ​បម្រើ​ប្រយោជន៍​រួម ​ជួយ​ពលរដ្ឋ​ក្រីក្រ​ ដោយ​​ជីក​ស្រះ​​ចិញ្ចឹម​ត្រី កន្លែង​​​ចិញ្ចឹម​​មាន់​ទា កសាង​ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ ដើម្បី​ប្រយោជន៍​សហគមន៍​ នៅ​​ថ្ងៃ​​អនា​គត ចៀស​វាង​​ធ្លាក់​​​ក្នុង​​ដៃ​​បុគ្គល​​មាន​​លុយ​​មាន​​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ