មន្ត្រីបក្សនយោបាយ និងអ្នកឃ្លាំមើលមួយចំនួន យល់ថា រដ្ឋាភិបាលគួរបើកលំហប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពដែលកំពុងតែរួមតូចនោះឡើងវិញ ហើយបង្កើតច្បាប់ដែលចាំបាច់ ជាពិសេសច្បាប់ហិរញ្ញវត្ថុសម្រាប់ការឃោសនា ដើម្បីឱ្យការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ មានភាពយុត្តិធម៌ និងស្មើភាព ជាជាងការចេញសេចក្តីប្រកាសព័ត៌មានបែបព្រមានរំលាយគណបក្សនយោបាយដែលមិនស្របនឹងខ្លួន។
ការលើកឡើងនេះ បានធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសមួយ ដោយក្រើនរំលឹកដល់គណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានា ដែលតុលាការអាចសម្រេចផ្អាកសកម្មភាព ឬអាចរំលាយគណបក្សនយោបាយនោះតែម្តង ក្នុងករណីល្មើសធ្ងន់ធ្ងរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២៣ខែមិថុនា បានលើកឡើងពីការចុះផ្សាយរបស់សារព័ត៌មាន The Sunday Guardian កាលពីថ្ងៃទី២១ ខែមិថុនា អំពីការផ្តល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជា រូមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨។
បើសិនការផ្សាយនោះជាការពិត ក្រសួងថា ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា គណបក្សនយោបាយត្រូវបានហាមឃាត់មិនឱ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញវត្ថុពីបរទេស។ ហើយក្នុងករណីល្មើស ច្បាប់បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ផាកពិន័យជាប្រាក់ និងអាចប្តឹងរំលាយគណបក្សនយោបាយនោះ ទៅតុលាការកំពូល។
ច្បាប់ក៏បានចែងទៀតថា មិនឱ្យគណបក្សនយោបាយស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជាពីគណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ ក្នុងករណីល្មើស តុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយ ឬអាចរំលាយគណបក្សនយោបាយនោះតែម្តង ក្នុងករណីល្មើសធ្ងន់ធ្ងរ។
ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់គណបក្សនយោបាយទាំងអស់ ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីរួមចំណែកពង្រឹងនីតិរដ្ឋ កសាងនិងអភិវឌ្ឍន៍ជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ។
ជុំវិញករណីនេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ បានថ្លែងនៅថ្ងៃទី២៤ ខែមិថុនានេះថា ការផ្សាយរបស់សារព័ត៌មាន The Sunday Guardian ដែលថា មានការផ្តល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជា គឺជារឿងមិនពិត ហើយក៏ជាកំហុសឆ្គងមួយដែលក្រសួងមហាផ្ទៃ យកព័ត៌មាននេះមកជាលេស ដើម្បីគំរាមចង់រំលាយគណបក្សនយោបាយ ដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាលខ្លួន។
មួយវិញទៀត លោកថា ច្បាប់ស្តីពីគណបក្សនយោបាយ ដែលក្រសួងយកមកសំអាង ដើម្បីព្រមានរំលាយគណបក្សប្រឆាំងដែលមានប្រជាប្រិយភាពនៅកម្ពុជា នៅពេលនេះ ក៏កើតចេញពីការធ្វើវិសោធនកម្ម ដើម្បីរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧នោះដែរ។
លោកថា៖ «យើងឃើញហើយ ច្បាប់ស្តីពីគណបក្សនយោបាយហ្នឹង គឺធ្វើវិសោធនកម្ម មុនដែលរំលាយគណបក្សសង្គ្រោះជាតិហ្នឹង គេធ្វើដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដូច្នេះគណបក្សណាដែលមានប្រជាប្រិយភាព ឬក៏ជាឆ្អឹងទទឹងកសម្រាប់ការកាន់អំណាចផ្តាច់ការតពូជរបស់ត្រកូលហ៊ុន គឺគេរំលាយចោលហើយ បើសិនជាគណបក្សហ្នឹងសង្ឃឹមថានឹងបានកៅអីច្រើន នៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅពេលឆ្នាំ២០២៧ និងការបោះឆ្នោតជាតិសម្រាប់ឆ្នាំ២០២៨ អាហ្នឹងគេនឹងរំលាយចោល អាហ្នឹងគេធ្វើដូចគណបក្សសង្គ្រោះជាតិចឹងណា ដូច្នេះសារព័ត៌មានហ្នឹងផ្សាយ គឺមិនមែនជាការពិតនោះទេ ហើយក្រសួងមហាផ្ទៃលើកឡើងនេះ ទៅយកព័ត៌មានមិនពិតមកផ្សាយ ឬក៏មកគំរាមគណបក្សប្រឆាំងនៅកម្ពុជា»។
លោក អ៊ុំ សំអាន បន្តថា បើទោះជាគណបក្សនយោបាយមិនបានយកវិភាគទានពីបរទេសក៏ដោយ ប៉ុន្តែគេសង្កេតឃើញគណបក្សប្រឆាំងដែលមានប្រជាប្រិយភាព តែងរងនូវការរឹតត្បិតសិទ្ធិសេរីភាព ហើយមេដឹកនាំ និងសកម្មជនគណបក្សទាំងនោះមួយចំនួន រងនូវការយាយីនិងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការដកសិទ្ធិធ្វើនយោបាយជាដើម ដែលនេះបង្ហាញពីការរួមតូចនៃលំហលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៅកម្ពុជា។
ការណ៍នោះ លោកយល់ថា៖ «ក្រៅពីការក្រើនរំលឹកនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹងគួរតែបើកសិទ្ធិសេរីភាពនៃការសម្តែងមតិ ការជួបជុំហ្នឹងឱ្យបានទូលំទូលាយជាងហ្នឹង ដើម្បីឱ្យកម្ពុជាដើរស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុកបក្ស ហើយនិងបញ្ជៀសនូវការរិះគន់ ហើយធ្វើម៉េចដោះលែងអ្នកទោសនយោបាយទៅ ហើយបោះឆ្នោតដោយសេរី និងយុត្តិធម៌ទៅ ងាកមកផ្លូវប្រជាធិបតេយ្យ ស្តារសិទ្ធិមនុស្សទៅ អាហ្នឹងកម្ពុជាយើងនឹងបានជំនួយពីបរទេសឡើងវិញ ហើយនិងបានការអនុគ្រោះពន្ធ EBA ២០ភាគរយពីអឺរ៉ុបមកវិញ ហើយនិងប្រព័ន្ធការអនុគ្រោះពន្ធទូទៅ GSP ពីអាមេរិកមកវិញ។ ហើយកម្ពុជាយើងក៏មានមុខមាត់នៅលើឆាកអន្តរជាតិ ហើយខ្មែររួបរួមគ្នាទៅ មានឯកភាពជាតិទៅ អាចប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសជិតខាង ជាពិសេសពីសំណាក់ប្រទេសថៃ»។
កាលពីថ្ងៃទី១៩ ខែមិថុនា តុលាការកំពូលដែលមាន លោកជីវ កេង ជាប្រធាន និងជាសមាជិកគណបក្សប្រជាជនកម្ពុជាផងនោះ បានសម្រេចតម្កល់ទោសដកសិទ្ធិនយោបាយលើលោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ រយៈពេល ៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ ទាក់ទងនឹងការបញ្ចេញមតិ។ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ គប់គិតជាមួយសហរដ្ឋអាមេរិក ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានដកសិទ្ធិធ្វើនយោបាយអស់មួយជីវិតផងដែរ បើទោះបីនៅពេលនេះ លោកត្រូវបានលើកលែងទោសជាប់ឃុំ២៧ឆ្នាំរួចហើយក៏ដោយ។ លោកស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ក៏ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយផងដែរ។
លោក សុន ឆ័យ អនុប្រធានគណបក្សឆន្ទៈខ្មែរ ក៏យល់ឃើញស្រដៀងគ្នាទៅនឹងលោក អ៊ុំ សំអាន ដែរថា ការដែលក្រសួងមហាផ្ទៃ លើកយកប្រភពសារព័ត៌មានដែលមិនច្បាស់លាស់ យកមកដាក់កំហិតលើគណបក្សនយោបាយបែបនេះ វាធ្វើឱ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់គណបក្សនយោបាយ ដែលកំពុងប្រឈមនឹងបញ្ហាជាច្រើនរួចស្រេចទៅហើយ។
លោកបន្តថា តាមបទពិសោធន៍ដែលកើតមានក្នុងអំឡុងឆ្នាំ២០១៧ ដែលមានការរំលាយគណបក្សសង្គ្រោះជាតិនោះ គណបក្សនយោបាយដែលមិនស្របនឹងរដ្ឋាភិបាល តែងតែព្រួយបារម្ភ និងប្រុងប្រយ័ត្នជានិច្ចចំពោះសកម្មភាពរបស់ខ្លួន ព្រោះមិនចង់បាត់បង់នូវការខិតខំអស់ជាច្រើនឆ្នាំ ក្នុងការបង្កើតនូវចរន្តនយោបាយប្រកួតប្រជែង ឱ្យមានភាពរឹងម៉ាំក្នុងសង្គមប្រជាធិបតេយ្យនោះទេ។
លោក សុន ឆ័យ ថ្លែងថា៖ «ម្លោះហើយមេរៀនឆ្នាំ២០១៧ ដែលគណបក្សធំមួយត្រូវបានរំលាយហ្នឹង វាជាមេរៀនគ្រប់គ្រាន់ សម្រាប់ឱ្យគណបក្សដទៃដែលបន្តការងារនយោបាយនៅក្នុងប្រទេសហ្នឹង ធ្វើការងារដោយមានការប្រុងប្រយ័ត្ន ហើយគួរតែសកម្មភាពចោទប្រកាន់ណាមួយដែលអាចកើតមាន ត្រូវតែបែងចែកឱ្យដាច់អំពីបុគ្គល និងគណបក្សទាំងមូល ព្រោះមិនអាចយកបុគ្គលម្នាក់មករំលាយគណបក្សទាំងមូលបានទេ»។
យ៉ាងណា សម្រាប់មេដឹកនាំគណបក្សជំទាស់រូបនេះ យល់ថា ក្រៅពីក្រើនរំលឹកពីទិដ្ឋភាពច្បាប់នេះ រដ្ឋាភិបាល ឬក៏ក្រសួងមហាផ្ទៃដែលជាសេនាធិការ គួរតែបង្កើតច្បាប់ហរិញ្ញវត្ថុសម្រាប់ការឃោសនា ដែលជាច្បាប់ចាំបាច់មួយសម្រាប់ឱ្យការប្រកួតប្រជែងការបោះឆ្នោត មានភាពយុត្តិធម៌ និងស្មើភាព។
លោក សុន ឆ័យ បានគូសបញ្ជាក់ថា៖ «ព្រោះនៅក្នុងការប្រកួតប្រជែងដោយស្មើភាព ដោយយុត្តិធម៌ វាមិនអាចឱ្យគណបក្សមួយដែលមានធនធានច្រើនលើសលុប អាចយកធនធាននោះមកចំណាយក្នុងការឃោសនាតាមចិត្ត មានប្រព័ន្ធផ្សព្វផ្សាយគ្រប់បែបយ៉ាង មកប្រកួតប្រជែងជាមួយនឹងគណបក្សមួយដែលអត់មានធនធាន មិនមានធនធាន មិនមានមធ្យោបាយផ្សព្វផ្សាយ ហើយថាការបោះឆ្នោតនោះសេរី និងយុត្តិធម៌បានទេ ដូច្នេះយ៉ាងហោចណាស់ ក៏យើងមានច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការបោះឆ្នោត សម្រាប់ការឃោសនានេះ ដើម្បីត្រួតពិនិត្យអំពីពីការចាយវាយរបស់គណបក្សនិមួយៗ ដែលគួរតែកម្រិតឱ្យការចាយវាយហ្នឹង ឱ្យវាមានសមភាពនឹងគ្នា[…] ដូច្នេះខ្ញុំថា គួរចាំបាច់ជៀសវាងការចេញសេចក្តីថ្លែងការណ៍ពីរឿងការដែលគណបក្សអាចរងគ្រោះពីរឿងថវិកាជំនួយ គួរតែធ្វើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការឃោសនាឱ្យបានឆាប់»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានទេ នៅរសៀលថ្ងៃពុធនេះ។
យ៉ាងណាក្តី លោកហ៊ុន សែន បានថ្លែងកាលពីពេលថ្មីៗនេះថា ក្នុងឋានៈលោកជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកគោរពសិទ្ធិចំពោះអ្នកដែលធ្វើនយោបាយដោយសន្តិវិធី និងស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែលោកនឹងមិនលើកលែងចំពោះអ្នកណាដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលឡើយ។
លោកថា៖ «អ្នកណាក៏ដោយដែលប៉ុនប៉ងផ្តួលរដ្ឋាភិបាល ងើបមួយវាយមួយ។ អ្នកដែលធ្វើនយោបាយដោយសន្តិវិធី ដោយមិនប៉ុនប៉ងផ្តួលរំលំដោយខុសនឹងរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិអ្នកឯង។ សារជូនអ្នកឯងគឺមិនច្រើនទេ! បើអ្នកឯងនៅតែបន្តនិយាយថា ត្រូវតែផ្តួលត្រកូលហ៊ុន អញសូមផ្តាំទៅពួកឯងឱ្យច្បាស់ៗ បើអត់មានត្រកូលហ៊ុនដឹកនាំ ក៏មិនទាន់ដល់វេនពួកហ្ហែងដែរ គឺមានតែក្រុមទេវតា ហ្វូងទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចនៅប្រទេសនេះ»។
សម្រាប់ លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រាប់វីអូឌីនៅថ្ងៃទី២៣ខែមិថុនាថា ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិទាំងអយុត្តិធម៌បំផុត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មក នៅកម្ពុជាលែងមានការប្រកួតប្រជែងនយោបាយ តាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ទៀតហើយ នៅពេលដែលមេដឹកនាំគណបក្សកាន់អំណាច អាចចេញបញ្ជាឱ្យកែច្បាប់ បង្កើតច្បាប់ ដើម្បីកៀបសង្កត់លើអ្នកនយោបាយប្រឆាំងបានតាមអំពើចិត្ត ថែមទាំងអាចត្រួតត្រាបញ្ជាលើស្ថាប័នរដ្ឋទាំងអស់រួមទាំងតុលាការ និង គជប ។
លោកថា៖ «អ៊ីចឹងយើងដឹងហើយ ពីព្រោះថា កាលណាការបង្កើតនូវច្បាប់មួយដែលស្ថិតនៅក្រោមសម្ពាធតុលាការ ដែលជាឧបករណ៍របស់គណបក្សនយោបាយដែលកាន់អំណាចបច្ចុប្បន្ន អ៊ីចឹងចង់មិនចង់ គេបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដោយមិនឱ្យមានបុគ្គលណាមានប្រជាប្រិយភាព មានឱកាសក្នុងការប្រើប្រាស់នូវសិទ្ធិសេរីភាពរបស់ខ្លួនបានដោយសេរី ស្របតាមច្បាប់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យអ្វីនោះទេ ហើយគណបក្សនយោបាយក៏ដូចគ្នាដែរ បើសិនជាគណបក្សនោះ ទទួលបានការគាំទ្រកាន់តែខ្លាំង ហើយប្រជាពលរដ្ឋមានការពេញចិត្តខ្លាំង អ៊ីចឹងគណបក្សហ្នឹងក៏ប្រឈមនឹងការគំរាមកំហែង និងរំលាយចោលដូចគណបក្សសង្គ្រោះជាតិអ៊ីចឹងដែរ»។
សម្រាប់ អ្នកឃ្លាំមើលរូបនេះ ប្រទេសកម្ពុជាបច្ចុប្បន្ន មិនមែនជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទៀតទេ ហេតុដូច្នេះហើយអ្នកតាមដានបញ្ហាសង្គម នយោបាយ និងសិទ្ធិមនុស្ស បានចាត់ទុកកម្ពុជាថា ជាប្រទេសដែលកំពុងដើរទៅតាមលំនាំលទ្ធិផ្តាច់ការ ពីព្រោះរបបផ្តាច់ការ អំណាចស្ថិតនៅក្នុងតែដៃបុគ្គលម្នាក់ ដែលគ្រោះថ្នាក់ណាស់ សម្រាប់អ្នកនយោបាយប្រឆាំង៕









