ក្រសួងការពារជាតិកម្ពុជា ជាថ្មីម្តងទៀត បានទម្លាយសារគំរាមចាត់វិធានការ លើអ្នកផ្សព្វផ្សាយបញ្ហាព្រំដែន ដែលខ្លួនចាត់ទុកថាជាព័ត៌មានក្លែងក្លាយ ខណៈសេចក្តីរាយការណ៍នានា អះអាងថា ថៃនៅតែបន្តឈ្លានពានកម្ពុជា គ្មានការទប់ស្កាត់ពីកម្ពុជា ជាងកន្លះឆ្នាំមកនេះ ក្រោយមានបទឈប់បាញ់។
ប៉ុន្តែសម្រាប់អ្នកជំនាញកិច្ចការព្រំដែនពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន ចាត់ទុកសារព្រមាននេះ គ្រាន់តែជាលេស ដើម្បីបិទបាំងកម្សោយរបស់មេដឹកនាំដែលអសត្ថភាពការពារទឹកដី ធ្វើអ្វីៗដើម្បីតែ ក្រាញអំណាចតពូជ មិនខ្វល់ពីបញ្ហាជាតិ។
ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានគំរាមចាត់វិធានការជាថ្មីទៀតលើអ្នកដែលធ្វើសេចក្តីរាយការណ៍ពីបញ្ហាព្រំដែន ដែលខ្លួនគិតថាជាព័ត៌មានក្លែងក្លាយ និងធ្វើឱ្យប៉ះពាល់ដល់វិស័យការពារជាតិ។
ក្រសួងថា៖ «ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់»។
លើសពីនេះ ក្រសួងអំពាវនាវឱ្យពលរដ្ឋទទួលយកតែព័ត៌មាន ដែលមានប្រភពពីមន្ត្រីរដ្ឋាភិបាល ឬទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។
ការទម្លាយការព្រមានរបស់ក្រសួងនេះ ចំពេលដែលប៉ុន្មានថ្ងៃមកនេះ មានសេចក្តីរាយការណ៍នានា របស់សារព័ត៌មានអនឡាញក្នុងស្រុក បានចុះផ្សាយនិងមានការចែករំលែកតគ្នា ជុំវិញការដែលយោធាជើងអាកាសថៃ ប្រើយន្តហោះចម្បាំងF-16 ជាច្រើនគ្រឿង ហោះចូលដែនអធិបតេយ្យកម្ពុជា ដែលពួកគេថា ជាការគំរាម ត្រៀមផ្ទុះសង្គ្រាមជាមួយកម្ពុជា ជាលើកទី៣ នៅរដូវវស្សានេះ។
លើសពីនេះ សេចក្តីរាយការណ៍ផ្សេងទៀតពីក្រៅប្រទេស ដែលបានបង្ហាញវីដេអូទាហានថៃបន្តពង្រីកព្រំដែនថ្មី យកដីខ្មែរតាមចិត្ត ទាំងគ្មានការទប់ស្កាត់ពីក្រសួងការពារជាតិកម្ពុជា។
ជុំវិញបញ្ហានេះ លោក អ៊ុំ សំអាន ចាត់ទុកថា គ្រាន់តែជាលេស ដើម្បីបិទបាំងកម្សោយការពារទឹកដី ធ្វើឱ្យថៃបានចិត្តពង្រីកព្រំដែនរំលោភយកដីខ្មែរតាមចិត្ត រំលោភយកដីខ្មែរជិត៧០ទីតាំង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារ បាត់បង់ផ្ទះសម្បែង និងដីធ្លាប់អាស្រ័យផល។
លោកថា៖ «រឿងនេះ គេធ្វើដូចជាមួយវៀតណាមអីចឹង គឺវៀតណាមឈ្លានពានទឹកដីកម្ពូជា គឺគេលាក់បាំងព័ត៌មាន នរណាផ្សាយព័ត៌មាន គឺចាប់ដាក់គុកអស់ហើយ ដើម្បីងាយស្រួយកាត់ទឹកដីខ្មែរឱ្យទៅវៀតណាម ដើម្បីសងគុណវៀតណាម ឥឡូវគឺចង់ធ្វើដូចគ្នាចឹងឯង គឺចង់កាត់ទឹកដីខ្មែរយើងទៅឱ្យថៃ ដើម្បីដូរយកសន្តិភាពនិងអំណាច។ ដូចលោក ប្រាក់ សុខុន និយាយចឹង វាស់វែងទៅ ចូលដីយើងតិចតួចកាត់ឱ្យគេទៅ រុះផ្ទះប្រជាពលរដ្ឋចេញទៅ អាហ្នឹងមានន័យអីចឹងឯង»។
ជុំវិញបញ្ហាបូរណភាពទឹកដីនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននិយាយនៅថ្ងៃនេះថា នៅស្ទើរតែគ្រប់វេទិការអន្តរជាតិ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត តែងតែបង្ហាញជំហរគាំទ្របេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីចុះពិនិត្យជាក់ស្តែង ពាក់ព័ន្ធនឹងការរំលោភកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា។
សម្រាប់អ្នកនាំពាក្យរូបនេះ ថ្មីៗនេះ កម្ពុជាបានសម្របសម្រួលឱ្យក្រុមការងារនេះ ទៅពិនិត្យមើលទីតាំងដែលថៃរំលោភបំពាន នៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលលោកថានេះ ជាការផ្តល់តម្លៃខ្ពស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដើម្បីជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោកថា៖ «រាជរដ្ឋាភិបាលអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍(AOT) ដើម្បីផ្ទៀងផ្ទាត់និងធានានូវការអនុវត្តបទឈប់បាញ់ និងរាល់វិធានការនានាដែលបានព្រមព្រៀងគ្នា ការឯកភាពគ្នា អំពីតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ាន មានចែងក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។
ប៉ន្តែសម្រាប់ លោក អ៊ុំ សំអាន ហៅការអះអាងទាំងនេះ បញ្ជាក់កាន់តែច្បាស់ពីភាពកម្សោយការពារទឹកដី របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កម្សោយទាំងការពារទឹកដីជាក់ស្តែង កម្សោយទាំងមិនហ៊ានប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទាមទារទឹកដីពីថៃត្រឡប់មកវិញ ដែលការណ៍នេះ លោកថា កុំសង្ឃឹមថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចទទួលបានដីខ្មែរចំនួន ៦៧ទីតាំង ពីថៃមកវិញ បើការនៅតែបង្ក្រាបខ្មែរគ្នាឯង ដើម្បីបំបិទមាត់ នៅតែរង់ចាំចរចាជាមួយថៃដែលជាភាគីឈ្លានពានទឹកដីខ្មែរនោះ។
លោកថា៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹងអត់មានឆន្ទៈក្នុងការការពារទឹកដីនោះទេ គឺចង់ការពារតែអំណាចប៉ុណ្ណោះឯង។ ហើយនៅពេលដែលដោះស្រាយមិនចេញ មានតែកាត់ទឹកដីខ្មែរឱ្យទៅថៃ ដើម្បីដូរយកសន្តិភាពនិងអំណាច ដើម្បីការពារអំណាច ជាជាងការពារទឹកដី។ អីចឹងហើយបានព្យាយាមបំបិទសំឡេងពលរដ្ឋដែលរិះគន់រឿងអសមត្ថភាព ក្នុងការការពារទឹកដី និងអសមត្ថភាពក្នុងការទាមទារទឹកដីមកវិញ»។
សម្រា់ប អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ហៅ ដំណើរការនយោបាយ និងការគ្រប់គ្រងព្រំដែនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងសម័យ លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងបន្តមកដល់ លោក ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន បានបង្កើតជាក្តីបារម្ភយ៉ាងខ្លាំង ជុំវិញធ្វើឱ្យបាត់បង់ទឹកដីទាំងទៅប្រទេសវៀតណាម និងប្រទេសថៃ គឺដោយសារកត្តាខ្វះតម្លាភាព និងឥទ្ធិពលនយោបាយពីបរទេស។
លោកថា៖ «ចំពោះការដឹកនាំរបស់លោកហ៊ុន សែន ខ្ញុំមើលឃើញថា ទំនាក់ទំនងប្រវត្តិសាស្ត្ររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាមចាប់តាំងពីឆ្នាំ១៩៧៩ មក បានបង្កើតចំណងឥទ្ធិពលដែលធ្វើឲ្យកម្ពុជាស្ថិតក្នុងស្ថានភាពចាញ់ប្រៀប ដូច្នេះមជ្ឈដ្ឋានសាធារណៈចាត់ទុកការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងការបោះបង្គោលព្រំដែនជាបន្តបន្ទាប់ថាជាការទទួលស្គាល់កិច្ចព្រមព្រៀងនានាក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ធ្វើឡើងនៅក្នុងរបបខុសច្បាប់ ហើយការណ៍នេះបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី ព្រមទាំងបើកដៃឲ្យមានលំហូរអន្តោប្រវេសន៍វៀតណាម ចូលមកដោយខុសច្បាប់ថែមទៀត»។
ការបន្តអនុវត្តវិធានការតឹងរ៉ឹង និងការព្រមានរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែងតែចោទអ្នកនិយាយរឿងព្រំដែន ក្រោមហេតុផលចម្បង គឺទប់ស្កាត់ការញុះញង់ ។
ប៉ុន្តែផ្ទុយទៅវិញ អង្គការសិទ្ធិមនុស្សអន្តរជាតិ ដូចជា Human Rights Watch និងអ្នកវិភាគឯករាជ្យ មើលឃើញថា ចំណាត់ការទាំងនេះ មានគោលបំណងដើម្បីកុំឱ្យមានការជជែកដេញដោល ឬការរិះគន់លើសមត្ថភាពគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មី។ ហើយនៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រចាស់របស់លោក ហ៊ុន សែន គឺការប្រើប្រាស់ប្រព័ន្ធតុលាការ និងចោទប្រកាន់ពីបទ «ញុះញង់» ឬ «រួមគំនិតក្បត់» ដើម្បីបង្ក្រាបសកម្មជន និងសមាជិកបក្សប្រឆាំង។
បញ្ហាព្រំដែនគឺជាអាវុធនយោបាយដ៏មានឥទ្ធិពលរបស់បក្សប្រឆាំង ដែលអ្នកឃ្លាំមើលខ្លះថា រដ្ឋាភិបាលបច្ចុប្បន្នត្រូវតែគ្រប់គ្រងស្ថានការណ៍នេះឱ្យបានដាច់ខាត ដើម្បីកុំឱ្យបក្សប្រឆាំងអាចទាញយកចំណេញនយោបាយបាន។
យ៉ាងណា មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









