អាមេរិក​បន្ថែម​ទណ្ឌ​កម្ម​លើ​បុគ្គល​និង​អង្គ​ភាព​ជាង​២០​ទៀត​​​ពាក់​​ព័ន្ធ​​ឧក្រិ​​ដ្ឋ​កម្ម​​ឆ្លង​ដែន

សហរដ្ឋ​អាមេ​រិក នៅ​ចុង​ខែ​មិថុនា​នេះ បាន​បន្ថែម​ទណ្ឌ​កម្ម​ទៅ​លើ​បុគ្គល និង​អង្គ​ភាព​ជាង​២០ បន្ថែម​ទៀត ក្រោយ​​រក​ឃើញ​ភាព​ជាប់​ពាក់​ព័ន្ធ​ជាមួយ​អ​ង្គ​ការ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ព្រីនស៍ គ្រុប ក្នុង​​នោះ​ស​ហ​រដ្ឋ​អាមេរិក​បាន​រក​ឃើញ​បន្ថែម​ថា ធនាគារ​មួយ​នៅ​កម្ពុជា បាន​ជា​ប់​ពាក់​ព័ន្ធ​ជា​មួយ​​ក្រុម​ហ៊ុន​​ព្រីនស៍​ ក្នុង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​លំដាប់​ពិភព​លោក​មួយ​នេះ។

បើយោ​ងតាមសេចក្ដីប្រកាសរបស់ក្រសួងរតនាគារ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២៣​ ​ខែ​មិថុនា ឆ្នាំ​២០២៦​ ស្ដីពី​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​បណ្ដាញ​អង្គ​ការ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដែល​ជា​ប់​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​ ព្រីនស៍ គ្រុប (Prince Group TCO) យ៉ាង​ហោច​ណាស់​មនុស្ស ៩នាក់ និង​អង្គ​ភាព​ចំនួន​២៦ បាន​រង​ទណ្ឌ​ក​ម្ម​ពី​ស​ហរដ្ឋ​អាមេរិក។

ទណ្ឌកម្មថ្មីនេះ បានសំដៅដល់បុគ្គល​ឈ្មោះ ហូ សៀវៃ (Hu Xiaowei) ដែល​ជា «អ្នក​ចេញ​បញ្ជា​ទី​២» និង​ជា​បង​ធំ បន្ទាប់​​ពី​លោក ចេន ហ្ស៊ី (Chen Xhi) ក្នុង​អង្គ​ការ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ព្រីនស៍ គ្រុប។ សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា លោក ហូ គឺ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ និង​ក្ដោប​ក្ដា​​ប់​ទ្រព្យ​​សម្បត្តិ​​មហា​សាល​របស់​លោក​​ ចេន ហ្ស៊ី មាន​ដូច​ជា​ជំនួញ​ក្នុង​វិស័យ​អាកាស​ចរណ៍ អចលន​ទ្រព្យ ​និង​ល្បែង​ស៊ី​សង។

ទណ្ឌកម្មថ្មី​នេះ ធ្វើឡើងដោយ​បណ្ដាញអនុវត្តន៍ច្បាប់ប្រឆាំងឧក្រិដ្ឋកម្ម​ហិរញ្ញ​វត្ថុ (FinCen) ដែល​​បាន​​ពង្រីក​វិសាល​ភាព​ទណ្ឌ​កម្ម​ទៅ​លើ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​របស់ ហួយ​វ័ន ផង​ដែរ រួម​មាន ក្រុម​ហ៊ុន អេច ផេ (H Pay) និង​ក្រុម​ហ៊ុន​ដែល​ស្នង​អាជីវ​កម្ម​ពី ហួយ​វ័ន ទាំង​អស់។ ទន្ទឹម​គ្នានេះ​ ក្រសួ​ង​យុត្តិ​​ធម៌​​អា​មេ​រិក បានកា​ត់ផ្ដា​ច់​បណ្ដាញ​លាង​លុយ និង​ការ​ឆបោក​របស់​ក្រុម​ហ៊ុន ហួយ​វ័ន ដោ​យ​ដក​ហូ​ត​រឹប​​អូស​​​យក​គណនី​មេ​ក្នុង​បណ្ដាញ​អ៊ីន​ធឺ​ណិត។

លើសពីនេះ ធនាគារ CCU Commercial Bank PLC ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា ត្រូវ​អា​មេ​រិក​រក​​ឃើញ​ថា ជា​បណ្ដាញ​រក​ស៊ី​របស់​អង្គ​ការ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ព្រីនស៍ គ្រុប ផង​ដែរ។

ធនាគារ CCU Commercial Bank បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០២២ ដោយ​មាន​លោក ចេន បូ (Chen Bo) គឺ​ជា​នា​យក​​ប្រតិ​បត្តិ។ ការិយា​ល័យ​កណ្ដាល​ធនាគារ​នេះ មាន​ទីតាំង​នៅ​តាម​​បណ្ដោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ស្ថិត​នៅ​ក្បែរ​ផ្នែក​ខាង​ក្រោយ មណ្ឌល​ពាណិជ្ជ​កម្ម ព្រីនស៍ ថាមស៍​​ឃ្វែរ (Prince Time Square) និង​មាន​ចម្ងាយ​តែ​ជាង ១គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រសួង​មហា​ផ្ទៃ។

តាមរយៈចំណាត់ការថ្មីនេះ ទ្រព្យសម្បត្តិរបស់បុគ្គលដែលមាន​ក្នុង​បញ្ជី​ទណ្ឌ​កម្ម នឹង​ត្រូវ​បង្ខាំង​ទុក​ និង​រាយ​ការណ៍​ទៅ​ការិយា​ល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​ជន​បរទេស របស់​ក្រសួង​រតនា​គារ​សហរដ្ឋ​អាមេ​រិក​ (OFAC)។

រដ្ឋ​មន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសិន (Scott Bessent) ថ្លែង​ក្នុង​​សេច​​ក្ដី​ប្រកាស​ថា មជ្ឈ​មណ្ឌល​​បោក​ប្រាស់​នៅ​អាស៊ី​អាគ្នេយ៍ បាន​លួ​ច​លុយ​រាប់​ពាន់​​លាន​ដុល្លារ ពី​ជន​​រង​​​គ្រោះ​​​​អា​មេរិក​ជា​រៀង​រាល់​ឆ្នាំ។ លោក​​បន្ត​ថា រដ្ឋ​បាល​លោក ដូណាល់ ត្រាំ នឹង​រួប​រួ​ម​គ្នា​ក្នុង​កិ​ច្ច​ខិត​​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ក្នុង​ការ​រុះ​រើ​សហគ្រាស​ឧក្រិដ្ឋ​​កម្ម​នៅ​ក្រៅ​ប្រទេស​ទាំង​នេះ ហើយ​រ​តនា​គារ​​នឹង​​បន្ត​​ប្រើ​ប្រាស់​ឧបករណ៍​របស់​ខ្លួន ដើម្បី​រំខាន​បណ្តាញ​ដែល​នៅ​ពី​ក្រោយ​ការ​ក្លែង​បន្លំ​ដ៏​ធ្ងន់​ធ្ង​រ​នេះ ដើម្បី​​ការ​ពា​រជន​ជាតិ​អាមេរិក។

គួររំឭកថា ចំណាត់ការរួមគ្នានេះ បង្កើតឡើងបន្ថែមលើចំណាត់ការទៅលើ​អង្គ​ការ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ព្រីនស៍ គ្រុប (Prince Group TCO) កាល​ពី​ខែ​តុលា ឆ្នាំ​២០២៥ និង​បន្ទាប់​ពី​​មា​ន​ការ​​ចាប់​​ខ្លួន​មេ​ខ្លោង​ឧក្រិដ្ឋ​កម្ម គឺ​លោក ចេន ហ្ស៊ី និង​បក្ខ​ពួក​ផ្សេង​ទៀត នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៦ នេះ។

បើទោះបី លោក ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកម្ពុជា តែ​មាន​មនុស្ស​ពីរ​នាក់​ទៀត ដែល​​មិន​​ទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ទៅ​លើ​ពួក​គេ ទោះ​បី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌ​កម្ម នោះ​​គឺ​សមាជិក​ព្រឹទ្ធ​សភា លោក កុក អាន និង​ប្រធាន LYP Group គឺ​លោក លី យ៉ុងផាត់ ក្រោយ​​រក​​ឃើញ​​ថា​បុគ្គល​មាន​អំណាច​ទាំង​ពីរ​នេះ ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​ការ​ឆបោក។

ក្នុងសេចក្ដីប្រកាសដដែល ក្រសួងរតនាគារសហរដ្ឋអាមេរិក អះអាងថា នឹង​នៅ​តែ​បន្ត​ធ្វើ​សកម្ម​​ភាព​​ដោយ​មាន​ការ​​សម្រប​សម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃ​គូអន្តរ​ជាតិ ដើម្បី​ដោះ​ស្រាយ​ការ​គំរាម​កំហែង​ ដែល​បង្ក​​ឡើង​ដោយ​មជ្ឈ​មណ្ឌល​បោក​ប្រាស់ និង​ការ​ពារ​ការ​រំលោភ​បំពា​​នខុស​ច្បាប់​នៃ​ឧស្សាហ​​កម្ម​​ទ្រព្យ​​សកម្ម​លើ​ប្រព័ន្ធ​ឌីជីថល។

យ៉ាងណា រដ្ឋាភិបាលកម្ពុជា មិនទាន់បញ្ចេញប្រតិកម្ម ជុំវិញ​វិធាន​ដាក់​ទណ្ឌ​កម្ម​ថ្មី​បន្ថែម​ទៀត របស់​សហរដ្ឋ​អាមេ​រិក​នៅ​ឡើយ​ទេ គិ​ត​ត្រឹម​ម៉ោង​ផ្សាយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ