វិភាគ៖ ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​បង្ខំ​ចិត្ត​លួច​ឆ្លង​ដែន​ទៅ​ថៃ​វិញ​បើ​កម្ពុជា​មាន​ការ​ងារ​រាប់​ម៉ឺន​កន្លែង?

ការ​លេច​ឡើង​នៃ​ទិន្ន​ន័យ​ស្រាវ​ជ្រាវ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ស្ថាប័ន​ឯករាជ្យ និង​អង្គ​ការ​អន្តរ​ជាតិ បាន​លាត​ត្រដាង​យ៉ាង​ច្បាស់​នូវ​គម្លាត​រវាង​វោហារ​សាស្ត្រ​នយោបា​យ​របស់​រដ្ឋាភិ​បាល និង​តថភាព​សង្គម​ជាក់​ស្តែង​ដែល​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​រាប់​សែន​នាក់ កំពុង​ប្រឈម​នឹង​វិបត្តិ​ជីវភាព។

នៅ​ចន្លោះ​ខែ​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​​២០២៥ ពលរដ្ឋ​ខ្មែរ​ជាង ៩០​ម៉ឺន​នាក់ (៩០០,០០០ ) ត្រូវបា​ន​បង្ខំ​ចិត្ត​វិល​មក​ស្រុក​វិញ ក្រោយ​ថៃ​បើក​ការ​ឈ្លាន​ពាន​កម្ពុជា កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២៥។ ការ​វិល​ត្រឡប់​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដោយ​បង្ខំ​នេះ មាន​ន័យ​ថា ពួក​គេ​ត្រូវ​បោះ​បង់​ចោល​នូវ​ការ​ងារ​ក្រៅ​ប្រព័ន្ធ​នៅ​ក្នុង​​ប្រទេស​ថៃ ដែល​ធ្លាប់​ជា​​ប្រភព​ចំណូល​តែ​មួយ​គត់ សម្រាប់​ទ្រទ្រង់​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ពួក​គេ​នៅ​តាម​ជន​បទ។

ទោះជាយ៉ាងនេះក្តី បើផ្អែកលើការចេញផ្សាយព័ត៌មានផ្លូវការនានា រួម​ទាំង​អត្ថ​បទ​ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ឆ្នាំ​២០២៦ ស្ថាប័ន​រដ្ឋ និង​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ដែល​គាំទ្រ​និន្នា​ការ​រដ្ឋាភិ​បាល បាន​ព្យាយាម​បង្កើត​ផ្ទាំង​ទស្សនីយ​ភាព​មួយ​ដែល​បង្ហាញ​ថា វិបត្តិ​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​យ៉ាង​រហ័ស និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​រួច​រាល់​ទៅ​ហើយ។

តាមរយៈ​ការអះអាងរបស់ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ រដ្ឋាភិ​បាល​បាន​ប្រកាស​ថា ខ្លួន​បាន​ចាត់​វិធាន​ការ​យ៉ាង​រហ័ស​ ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​បង្កើន​ឱកាស​ការ​ងារ រហូត​អាច​ដាក់​ពលករ​ដែល​ត្រឡប់​មក​វិញ​ជាង ៦០​ម៉ឺន​នាក់ (៦០០,០០០) ឱ្យ​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ស្រុក។

ប៉ុន្តែនៅពីក្រោយតួលេខដ៏ស្រស់ឆើតឆាយទាំងនេះ គឺជារចនាសម្ព័ន្ធសេដ្ឋកិច្ចដែ​ល​ទន់​ជ្រាយ និង​ការ​បដិ​សេធ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​បរា​ជ័យ​នៃ​គោល​នយោ​បាយ​សមា​ហរណ​កម្ម​ពលករ​របស់​រដ្ឋាភិ​បាល។

ការវិភាគបែបការពាររដ្ឋអំណាចរបស់អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភា​កម្ពុជា គឺ​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ កាល​ពី​ថ្ងៃ​ទី២​៣ ខែ​មិថុនា ឆ្នាំ​២០២៦ បាន​បង្ហាញ​នូវ​ចំណុច​ខ្សោយ​យ៉ាង​ធ្ងន់​ធ្ងរ ក្នុង​ការ​ស្វែង​យល់​ពី​ឫស​គល់​នៃ​បញ្ហា​​ម៉ាក្រូ​សេដ្ឋ​កិច្ច ដោយ​លោក​បាន​ទម្លាក់​កំហុស​ទៅ​លើ​កត្តា​ពលករ និង​កត្តា​ខាង​ក្រៅ​ដូច​ជា​មេខ្យល់​ទៅ​វិញ។

ការលើកឡើងថា ពលករចំណាកស្រុកទៅថៃវិញ ដោយសារតែទម្លាប់នៃការរស់នៅស្រុកគេ ការ​យល់​ដឹង​នៅ​មាន​កម្រិត និងការអូសទាញរបស់មេខ្យល់ គឺជាការវិភាគដែលមើលរំលងទាំងស្រុងនូវទ្រឹស្តីសេដ្ឋកិច្ចកម្លាំង​រុញ និងកម្លាំងទាញ។

នៅក្នុងតថភាពជាក់ស្តែង គ្មានប្រជាពលរដ្ឋណាម្នាក់ចង់ចាកចេញពីមាតុភូមិ ទៅរងការប្រមាថ​មើលងាយ​ ឬ​ប្រឈម​​នឹង​​អំពើហិង្សានៅបរទេសឡើយ ប្រសិនបើទីផ្សារការងារក្នុងស្រុកអាចផ្តល់នូវសន្តិសុខហិរញ្ញវត្ថុ និង​​ប្រាក់ឈ្នួល​ដែលអាចរស់បាន។

ការបន្ទោសទៅលើទម្លាប់ ឬការខ្វះការយល់ដឹង គឺជាយុទ្ធសាស្ត្រដើម្បី​ដោះ​បន្ទុ​ក​ចេញ​ពី​ស្ថាប័ន​រដ្ឋ ដែល​មាន​កាតព្វ​កិច្ច​បង្កើត​ការ​ងារ​មាន​គុណភាព។

លើសពីនេះ អនុសាសន៍ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ដូចជា មេភូមិ មេឃុំ ឬចៅសង្កាត់ ដើរ​តួនាទី​ផ្តល់ភាព​​កក់​ក្តៅ និង​លើកទឹកចិត្តឱ្យពលកររស់នៅក្នុងស្រុក គឺជាការដោះស្រាយបញ្ហាបែបមនោសញ្ចេតនា និង​នយោ​បាយ ប្រាស​ចាកពីយន្តការទីផ្សារ ព្រោះអាជ្ញាធរថ្នាក់ទាបទាំងនោះគ្មានឧបករណ៍សេដ្ឋកិច្ច ឬ​កញ្ចប់​​​ថវិកាណាមួយដែលអាចបង្កើតរោងចក្រ ឧស្សាហកម្ម ឬបង្កើនប្រាក់ឈ្នួលឱ្យពលករបាននោះទេ។

ផ្ទុយស្រឡះពីរបាយការណ៍បំផ្លើសការពិតរបស់អាជ្ញាធរ ការស្រាវជ្រាវរួមគ្នាយ៉ាងម៉ត់ចត់​ដោយ​អង្គ​ការ​ល្បី​ឈ្មោះ​ចំនួន​បី បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ថានភា​ព​ពិត​របស់​ពលករ​ដែល​វិល​ត្រឡប់​មក​វិញ គឺ​នៅ​មិន​​ទាន់​ដោះ​ស្រាយ​បាន​នៅ​ឡើយ ហើយ​កំពុង​ស្ថិត​ក្នុង​សភាព​ដុន​ដាប​គួរ​ឱ្យ​ព្រួយ​​បារម្ភ។

យោងតាមលទ្ធផលស្រាវជ្រាវរួមទាំងនេះ មួយភាគបីនៃពលករដែលត្រឡប់មកវិញ មិនអាចស្វែងរកការ​​ងារ​ធ្វើបា​ន​ទាល់​តែ​សោះ ដែល​នេះ​ជា​ការ​បដិសេធ​ដោយ​ស្វ័យ​ប្រវត្តិ ​ចំពោះ​ការ​អះ​អាង​ដែល​ថា​មាន​ការ​ងារ​រាប់​ម៉ឺន​កន្លែង​រង់​ចាំ​ពួក​គេ។

អ្វីដែលរឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺ​ក្នុងចំណោមពលករដែលសំណាងមានការងារធ្វើ ចំណូលរបស់​​ពួកគេមានកម្រិត​ទាបបំផុត ពោលគឺ​ស្មើនឹងត្រឹមតែពាក់កណ្តាលនៃប្រាក់ឈ្នួលដែលពួកគេធ្លាប់ទទួល​​បានកាលពីធ្វើការនៅថៃតែប៉ុណ្ណោះ។

សមីការសេដ្ឋកិច្ចគ្រួសារបានខូចខាតទាំងស្រុង នៅពេលដែលពលករភាគច្រើន​ដែល​មាន​ការ​ងារ​ធ្វើ កំពុង​រក​ចំណូល​​​បាន​តិច​ជាង​ពាក់​កណ្តាល​នៃ​ចំណាយ​ប្រចាំ​ខែ ដែល​ចាំបាច់​សម្រាប់​រស់​រាន​មា​ន​ជីវិត។ កង្វះខាតរចនាសម្ព័ន្ធ​ទ្រទ្រង់​នេះ បានរុញច្រាន​ឱ្យគ្រួ​សារ​ពលករ​ដែល​ត្រឡ​ប់​មក​វិញ​រហូត​ដល់ ៧ ក្នុង​ចំណោម ១០ គ្រួសារ ធ្លាក់​ខ្លួន​ចូល​​ទៅ​ក្នុង​អន្ទាក់​បំណុល​យ៉ាង​​ជ្រៅ។

ការបរាជ័យក្នុងការធ្វើសមាហរណកម្មជីវភាពនេះ ឆ្លុះបញ្ចាំងតាមរយៈទិន្នន័យផ្លាស់ប្តូរ​ចិត្ត​គំនិត​របស់​ពលករ ដោយ​កាល​ពីដំ​បូង​ឡើយ​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២៥ មាន​ពលករ​ត្រឹម​តែ​១ ក្នុង​ចំណោម ១០​នាក់ប៉ុណ្ណោះ​ ដែល​មាន​បំណង​​​ចង់​​ធ្វើ​ចំណាក​ស្រុក​ទៅ​វិញ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​មក​ប្រឈម​នឹង​តថ​ភាព​អត់​ឃ្លាន​នៅ​ក្នុង​ស្រុក ចំនួន​អ្នក​ដែល​ចង់​​ចាក​​ចេញ​ទៅ​ប្រថុយ​ប្រថាន​នៅ​ថៃ​វិញ បាន​ហក់​ឡើង​រហូត​ដល់​ពាក់​កណ្តាល​នៃចំ​នួន​សរុប។

ប្រតិកម្មរបស់រដ្ឋាភិបាលចំពោះការរកឃើញផ្អែកលើវិទ្យាសាស្ត្រទាំងនេះ គឺ​ការ​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​បដិ​សេធ និង​វាយ​ប្រហារ​លើ​ប្រភព​ទិន្ន​ន័យ។

របាយការណ៍ដែលមានចំណងជើងថា «ពីគោលនយោបាយទៅកាន់ការអនុវត្ត» ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស ហៅកា​ត់​ថា CENTRAL ដែល​បាន​ផ្តល់​ទិន្ន​ន័យ​យ៉ាង​ជាក់​លាក់​ពី​ការ​អង្កេត​លើ​ពលករ​ចំនួន ៥២៧ នាក់ ត្រូវ​បាន​រដ្ឋាភិ​បាល​ច្រាន​ចោល​​ភ្លាមៗ។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានខ្មែរថាមស៍ នៅថ្ងៃទី២៦ ខែមីនា លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការ​ងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសក្តែងៗថា របាយការណ៍របស់អង្គការ CENTRAL គឺ​ខ្វះ​ភាព​ត្រឹមត្រូវ ប៉ុន្តែនៅពេលត្រូវបានសាកសួរ លោកបែរជាបដិសេធមិនព្រមបង្ហាញទិន្នន័យផ្លូវការណាមួយផ្សេងទៀត ទាក់ទងនឹងប្រាក់​ចំណូល បំណុល ឬលក្ខខណ្ឌរស់នៅពិតប្រាកដរបស់ពលករ​ ដើម្បីមក​ផ្ទៀងផ្ទាត់នោះទេ។

ភាពមិនមានតម្លាភាព និងការលាក់បាំងទិន្នន័យពីរដ្ឋាភិបាល បង្ហាញ​ពី​ចេតនា​ក្នុង​ការ​រក្សា​ទម្រង់​វោហារ​សាស្ត្រ​ជោគ​ជ័យ​ក្លែង​ក្លាយ ជាជាង​ការ​ដោះ​ស្រាយ​វិបត្តិ។

ទិន្នន័យដកស្រង់ពីអង្គការ CENTRAL បានបញ្ជាក់ថា ប្រាក់ចំណូលគ្រួសារប្រចាំខែ​ជា​មធ្យម​របស់​ពលករ​ក្រោយ​ត្រឡប់​មក​វិញ​មាន​ត្រឹម​តែ ៦៤ ដុល្លារប៉ុណ្ណោះ ខណៈការចំណាយប្រចាំខែជាមធ្យមរបស់ពួកគេមាន​រហូតដល់ ១៧៣ ដុល្លារ ការណ៍នេះ បានបង្កើតជាឱនភាពហិរញ្ញវត្ថុដ៏គួរឱ្យរន្ធត់ ហើយបានរុញឱ្យ​កម្រិត​​​បំណុល​ហក់​ឡើង​ដល់ ៧១% ដោយក្នុងនោះ ៨៥% នៃអ្នកជំពាក់ប្រាក់គ្មានលទ្ធភាពសងបំណុល​ទាន់ពេលវេលានោះទេ។

ទោះបីជារដ្ឋាភិបាលបានព្យាយាមដកស្រង់របាយការណ៍សង្ខេបគោលនយោបាយរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDRI ដើម្បីធ្វើជាខ្នងបង្អែកការពារខ្លួន ដោយសាររបាយការណ៍នោះ បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋក៏ដោយ ប៉ុន្តែលទ្ធផលស្រាវជ្រាវស៊ីជម្រៅរបស់ CDRI ផ្ទាល់ បែរជាបានបង្ហាញពីភាពមិនប្រក្រតីនៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលស្របគ្នាទាំងស្រុងទៅ​​នឹង​ការរកឃើញរបស់អង្គការសង្គមស៊ីវិល។

យោងតាមទិន្នន័យរបស់វិទ្យាស្ថាន CDRI ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករ បាន​ដួល​រលំ​យ៉ាង​ខ្លាំង​​ក្រោយ​ពេល​ត្រឡប់​មក​មាតុ​ភូមិ​វិញ ដោយ​បាន​ធ្លាក់​ចុះ​ពី​ ៤៣១ ដុល្លារ កាល​ពី​នៅ​ថៃ មក​នៅ​ត្រឹម​តែ​ ២៦៩ ដុល្លារ​ប៉ុណ្ណោះ​នៅ​កម្ពុជា។

រឹតតែរន្ធត់ជាងនេះ គឺមានពលករត្រឹមតែ ៤៣% ប៉ុណ្ណោះ ក្នុង​ចំណោម​អ្នក​មាន​ការ​ងារ​ធ្វើ ដែល​អាច​រក​ចំណូល​បាន​​លើស​​ពី ២១០ ដុល្លារ​ក្នុង​មួយ​ខែ។

ស្របគ្នានឹងទិន្នន័យរបស់អង្គការ CENTRAL ដែរ វិទ្យាស្ថាន CDRI បានរកឃើញថា ប្រហែល ៧០% នៃគ្រួសារ​ដែលបានអង្កេតកំពុងលិចលង់ក្នុងបំណុល ដោយក្នុងនោះ ៨៣% បានរាយការណ៍ពីការលំបាកយ៉ាង​ខ្លាំងក្នុងការសងប្រាក់កម្ចីទាន់ពេលវេលា ហើយប្រហែល ៧៨% នៃគ្រួសារទាំងអស់គ្មានប្រាក់សន្សំសូម្បី​តែមួយសេនសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។

អ្វីដែលជាការទះកំផ្លៀងយ៉ាងខ្លាំង​លើការអះអាងរបស់រដ្ឋាភិបាល គឺសន្ទស្សន៍សមាហរណកម្មរបស់ CDRI ដែល​វាស់វែងលើលទ្ធភាពទទួលបានការបណ្តុះបណ្តាល ការគាំពារសង្គម និងការគាំទ្រតាមស្ថាប័ន ទទួលបាន​ពិន្ទុត្រឹមតែ ៣៨% ប៉ុណ្ណោះ ដែលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបរាជ័យរបស់រដ្ឋាភិបាល។

បន្ថែមលើការរកឃើញទាំងនេះ នៅក្នុងខែមេសា ឆ្នាំ២០២៦ UNDP បាន​ចេញ​ផ្សាយ​ការ​វាយ​តម្លៃ​ជា​សកល​មួយ​ដែល​គាំទ្រ និង​បញ្ជាក់​បន្ថែម​ពី​លើ​ទិន្ន​ន័យ​របស់​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ក្នុង​ស្រុក។

UNDP បានរកឃើញថា អត្រាអត់ការងារធ្វើក្នុងចំណោមពលករដែលត្រឡប់មកវិញ បាន​ហក់​ឡើង​យ៉ាង​គំហុក​ពី ២២% មុន​ពេល​មាន​ការ​ផ្លាស់​ទី​លំនៅ ទៅ​ដល់ ៥១% ក្រោយ​ពេល​ត្រឡប់​មក​វិញ ដែល​នេះ​មាន​ន័យ​ថា ពលករ​ជាង​ពាក់​កណ្តាល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ទំនេរ​ដៃ​គ្មាន​ការ​ងារ​ធ្វើ​ទាំង​ស្រុង។

ភស្តុតាងពី UNDP ក៏បានបង្ហាញដែរថា ប្រាក់ចំណូលបុគ្គលម្នាក់ៗជាមធ្យមបានធ្លាក់ចុះ​ជិត​ពាក់​កណ្តាល​ គឺ​ពី ៤០៩ ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ថៃ មក​ត្រឹម​តែ ២០០ ដុល្លារនៅ​​កម្ពុជា ដោយ​មាន​គ្រួសារ​រហូត​ដល់​ ៨៧% បាន​រាយ​ការណ៍​ថា ពួក​គេ​មាន​ចំណូល​ទាប​ជាង​មុន​ឆ្ងាយ​ណាស់។

ស្ថានភាពនេះ បាននាំឱ្យវិទ្យាស្ថាន CDRI ធ្វើការសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ចំណែកដ៏ច្រើននៃពលករដែលត្រឡប់មកវិញនៅតែអត់ការងារធ្វើ ឬងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ហើយការងារភាគច្រើនដែលពួកគេ​ទទួលបានពីយន្តការរដ្ឋ គ្រាន់តែជាការងារបណ្តោះអាសន្ន ក្រៅប្រព័ន្ធ ឬជាការងារដែលមិនស្របតាមជំនាញ និងបទពិសោធន៍ដែល​ពួកគេមានពីមុននោះទេ។

អនុសាសន៍គន្លឹះរបស់ CDRI បានសង្កត់ធ្ងន់ថា សមាហរណកម្មពិតប្រាកដត្រូវតែដើរឱ្យហួសពីតួលេខនៃចំនួនការ​ងារ​នៅ​លើ​ក្រដាស ប៉ុន្តែត្រូវសំដៅទៅលើផលិតភាពពិត និងការស្តារឡើងវិញនូវប្រាក់ចំណូលដែល​អាចរស់បាន។

ការភូតភររបស់រដ្ឋាភិបាល ស្ថិតត្រង់ការបំភាន់និយមន័យរវាង ការផ្តល់ការងារឱ្យធ្វើ និងការស្តារសេដ្ឋកិច្ចឡើង​វិញ។ ការរាប់បញ្ចូលមនុស្សដែលគ្រាន់តែបានឆ្លងកាត់ប្រព័ន្ធផ្គូផ្គងការងារ ឬទាក់ទងទៅលេខ ១២៩៧ ថាជាអ្នកមាន​ការ​ងារធ្វើ គឺជាការវាស់វែងដែលខ្វះវិជ្ជាជីវៈ និងខ្វះមនុស្សធម៌។

តួលេខ ៦០០,០០០ នាក់របស់រដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំងទាល់តែសោះថា តើពលករទាំងនោះមានចំណូលស្ថិរភាពដែរ ឬទេ តើបំណុលរបស់ពួកគេត្រូវបានដោះស្រាយដែរ ឬទេ? តើកូនៗរបស់ពួកគេត្រូវបង្ខំចិត្តបោះបង់ការសិក្សាដើម្បី​ជួយធ្វើការងារដែរ ឬទេ? ឬក៏តើពួកគេកំពុងរស់ក្នុងសម្ពាធផ្លូវចិត្តដែលបង្ខំឱ្យត្រូវតែត្រឡប់ទៅចំណាកស្រុកខុសច្បាប់ម្តងទៀត?

សក្ខីកម្មពីរបាយការណ៍បច្ចុប្បន្នភាព និងការវាយតម្លៃផលប៉ះពាល់ចុងក្រោយរបស់អង្គការអន្តរជាតិខាងការ​ងារ ហៅកាត់ថា ILO រួមផ្សំនឹងទិន្នន័យរបស់ធនាគារពិភពលោកក្នុងឆ្នាំ២០២៦ បានបង្ហាញថា កម្ពុជា​កំពុង​​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញ​វត្ថុ និង​សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត។

លំហូរនៃពលករជិតមួយលាននាក់ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ បានបង្កើតជាបន្ទុកសង្គមដ៏ធ្ងន់ ដោយក្នុងនោះមានប្រមាណ ៧១% នៃគ្រួសារកំពុងជាប់បំណុលជាមធ្យមរហូតដល់ ៥,៥០០ ដុល្លារក្នុងមួយគ្រួសារ ហើយជាង ៨៥% គ្មានលទ្ធភាពសងត្រឡប់តាមកាលកំណត់ ដែលធ្វើឱ្យពួកគេប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ការកើនឡើងនៃចំនួនពលករដែលគ្រោងនឹងចាកចេញទៅថៃវិញពី ១៣% នៅក្នុងខែ​សីហា ឆ្នាំ២០២៥ ទៅ​ដល់​ប្រហែល​ពាក់កណ្តាល​នៃពលករសរុបនៅពាក់កណ្តាលឆ្នាំ២០២៦ គឺជាភស្តុតាងដែលមិនអាចប្រកែកបានដែលបញ្ជាក់ថា កម្មវិធីអន្តរាគមន៍របស់រដ្ឋាភិបាល គ្រាន់តែជានយោបាយបំភាន់ភ្នែកប៉ុណ្ណោះ។

ទាំងអង្គការ CENTRAL និងវិទ្យាស្ថាន CDRI មិនបានបដិសេធទាំងស្រុងថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​សកម្ម​ភាព​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លទ្ធ​ផល​ស្រាវ​ជ្រាវ​របស់​ស្ថាប័ន​ទាំង​ពីរ ក៏​ដូច​ជា UNDP ចោទ​សួរ​នោះ​គឺ ភាព​គ្រប់​គ្រាន់ និង​ប្រសិទ្ធ​ភាព​នៃ​សកម្ម​ភាព​ទាំង​នោះ។ ការ​រាប់​ចំនួន​​​មនុស្ស​ដែល​បាន​ចុះ​ឈ្មោះ មិន​មែន​ជា​ជោគ​​ជ័យ​នោះទេ​ បើ​គុណភាព​ជីវិត​ពិត​របស់​ពលករ​កំពុង​ត្រូវ​បាន​បំផ្លាញ។

ជំនួស​ឱ្យការចំណាយពេលដេញដោល និងវាយប្រហារលើវិធីសាស្ត្រស្រាវជ្រាវ​របស់​អង្គ​ការ​សង្គម​ស៊ី​វិល រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​ការ​ពិត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ធំៗ រួម​មាន វិបត្តិ​បំណុល​វណ្ឌក ការ​ពង្រឹង​គុណ​ភាព​ការ​ងារ​ក្នុង​ស្រុក និង​ការ​បង្កើត​ប្រព័ន្ធ​គាំពា​រ​សង្គម​ពិត​ប្រាកដ។

ការ​ច្រានចោលភស្តុតាងវិទ្យាសាស្ត្រ និងការឱបក្រសោបវោហារសាស្ត្រ មិនបានធ្វើឱ្យភាពក្រីក្រ និងភាពអត់​ឃ្លានរបស់ប្រជាពលរដ្ឋរលាយបាត់ទៅនោះទេ វាកាន់តែបង្ហាញពីអសមត្ថភាពរចនាសម្ព័ន្ធ និងការពន្យារ​ពេលនៃការផ្តល់​ជំនួយសង្គ្រោះពិតប្រាកដដែលគ្រួសារងាយរងគ្រោះ ជាពិសេសស្ត្រីដែលជាកម្លាំងពលកម្ម​ចម្បង កំពុងត្រូវការជា​បន្ទាន់​បំផុត។

កម្ពុជានឹងអាចដោះស្រាយវិបត្តិនេះបាន លុះត្រាតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ៊ានបើកភ្នែកមើលទិន្នន័យ​ពិត​ប្រាកដ ទោះបីជាទិន្នន័យនោះផ្ទុយពីបំណងរបស់រដ្ឋាភិបាល និងពិបាកទទួលយកយ៉ាង​ណាក៏ដោយ៕

ដោយ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ