អ្នក​ទិញ​បុរី ឡេង ណា​វ៉ាត្រា ត្អូញ​ត្អែរ​ពី​វិបត្តិ​បំណុល​ជាង​៥ឆ្នាំ​​ក្រោយ​​ក្រសួង​សន្យា​ជួយ​គ្មាន​​ប្រ​សិទ្ធ​​ភា​ព

រូបភាពៈ ពីបណ្តាញសង្គម

អតិថិជន​រង​គ្រោះ​មួយ​ចំនួន ព្រមាន​ថា បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​នឹង​កើត​ឡើង​ជា​ថ្មី​ទៀត នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​ឧកញ៉ា​ស្និទ្ធ​នឹង​មេដឹ​ក​នាំ គឺ​លោក ឡេង ណាវ៉ាត្រា ប្រគល់​ផ្ទះ​ឱ្យ​តាម​កិច្ច​សន្យា ដោយ​សំអាង​ថា ពួក​គេ​បាន​រង​គ្រោះ​ពី​វិបត្តិ​បំណុល​ជាង​ ៥ឆ្នាំ មក​ហើយ បើ​ទោះ​បី​ក្រសួង​​រៀបចំ​ដែន​​ដី សន្យា​ដោះ​ស្រាយ​ជិត​កន្លះ​ឆ្នាំ​មក​នេះ នៅ​តែ​គ្មាន​ប្រសិទ្ធ​ភាព។

អតិថិជន​​បុរី​​ឡេង ណាវ៉ាត្រា ផ្លូវ​​ជាតិ 6A មួយ​​រូប​​​គឺ​​លោក ឆេ សំរឿន ថ្លែ​ង​​ប្រាប់​​វីអូឌី​​​ថា ក្រសួង​​ធ្លាប់​​សន្យា​ថា នឹង​​ពន្លឿន​​ការ​សាង​សង់ និង​​បញ្ចប់​គម្រោង​​ជូន​អតិថិជន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អតិថិជន​ជាច្រើន​នៅតែ​មិនទាន់​ទទួល​បាន​ផ្ទះ ខណៈ​ពួក​គេ​​បន្ត​​រង​​សម្ពាធ​​ហិរញ្ញ​វត្ថុ ដោយ​​ត្រូវ​​បង់​​ប្រាក់​​កម្ចី​​ធនាគារ​​ផង និង​​ថ្លៃ​​ជួល​​ផ្ទះ​​រៀងរាល់​ខែ​ផង។ លោក​​អះអាង​ថា បញ្ហា​​អូស​​បន្លាយ​​​ជា​ច្រើន​​ឆ្នាំ​​នេះ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព សុខភាព​ផ្លូវចិត្ត និង​ស្ថិរភាព​គ្រួសារ​របស់​លោក។ លោក​​ក៏​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​មិន​គោរព​តាម​ការសន្យា​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ និង​ការ​ខ្វះ​ព័ត៌មាន​ច្បាស់លាស់​នៃ​ការ​ដោះ​ស្រាយ។

លោក ឆេ សំរឿន អំពាវនាវ​ឱ្យ​ក្រសួង និង​រាជរដ្ឋាភិបាល ពន្លឿន​ការ​សាងសង់ និង​អនុវត្ត​តាម​ការ​ប្ដេជ្ញាចិត្ត​​ដែល​បាន​ប្រកាស​ថា គម្រោង​​បុរី ឡេង ណាវ៉ាត្រា នឹង​ត្រូវ​បញ្ចប់​មុន​ដំណាច់​ឆ្នាំ​២០២៦។ លោក​ព្រមាន​ថា បើ​​គ្មាន​ដំណោះស្រាយ​ជាក់ស្តែង​ទេ ពួក​គេ​​អាច​នឹង​បន្ត​ធ្វើ​សកម្មភាព​តវ៉ា​ដោយ​​សន្តិវិធី ដើម្បី​ទាមទារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​ហាក់​​​លែង​អើពើ ក្រោយ​ក្រសួង​រៀបចំ​​ដែនដី​ចេញ​មុខ​ទទួលខុសត្រូវ។ ប៉ុន្តែ​ក្រសួង​យក​​លេស​​រវល់ ដោយ​មិន​ព្រម​ទម្លាក់​​កញ្ចប់​ថវិកា​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ ​សង់​បញ្ចប់​គម្រោង​ដោយ​ខ្លួនឯង​តាម​ការ​សន្យា​ទេ។

លោក ឆេ សំរឿន និយាយថា៖ «តែ​ការសន្យា​របស់​គាត់ វា​ដូចជា​លើស​​យូរថ្ងៃ​ហើយ អតិថិជន​​មួយៗ​​​គឺ​​អត់​​អាច​​ទ្រាំ​​បាន​​ទេ ពេល​​ដែល​យើង​​សាកសួរ​ទៅ​គាត់ គាត់​អត់​មាន​ដំណោះស្រាយ​ឱ្យ​ទេ ហើយ​គាត់​គាត់​អត់​មាន​ឆ្លើយតប ពេល​​ខ្លះ​គាត់​ផ្តល់​ជា​រូបភាព​មក រូបភាព​លក្ខណៈ​ថា ជា​ការ​ដូច​ជា​​ការ​ផ្តល់​ពី​ទុក្ខ​លំបាក​របស់​គាត់ តែ​​អ្វី​ដែល​សំខាន់ គឺ​​ពួក​ខ្ញុំ​អត់សង្កត់​ធ្ងន់​ទៅលើ​គាត់​​ទេ ព្រោះ​គម្រោង​ទាំងអស់​ហ្នឹង គាត់​ជា​អ្នកទទួល​ដោយ​ខ្លួនឯង មិន​មែន​​ពួក​​ខ្ញុំ​ទម្លាក់​ទៅលើ​គាត់​ទេ ហើយ​ទុក​ឱ្យ​​ ឡេង ណា​វ៉ាត្រា ដើរហើរ​តាមចិត្ត​តែ​ហ្នឹង។ ហើយ​ថ្មីៗ​នេះ បងប្អូន​គាត់​ដឹង​ហើយ ថា​ ឡេង ណាវ៉ាត្រា វា​ក៏​បញ្ចេញ​កញ្ចប់​ថវិកា​វា​ទៅ​អ្នកណា ទៅ​ជួយ​មិត្តភក្ដិ​វា​ដែល​មក​មាន​ទុក្ខ​លំបាក ចុះ​ខ្លួន​​វា​ផ្ទាល់ ខ្លួន​ជា​ឧកញ៉ា​នេះ ហើយ​ជំពាក់​បំណុល​ប្រជាពលរដ្ឋ​រាប់​ម៉ឺន រាប់សែន គាត់​មិន​មាន​ដំណោះស្រាយ​ទេ គាត់​​យក​អា​ភាព​ហឺ​ហារ​គាត់​ហ្នឹង​ទៅ​បញ្ចេញ​ជា​សាធារណៈ»។

អតិថិជន​រងគ្រោះ​រូប​នេះ​ ចាត់​ទុក​ការ​មិន​អើពើ​ដោះស្រាយ គឺ​ជា​រូប​ភាព​អំពើ​ពុករលួយ ខណៈ​ក្រសួង​រៀបចំ​​ដែនដី​បាន​ទទួល​បញ្ជាពី​​​ថ្នាក់​លើ​​​​ចេញ​ប្លង់​កម្មសិទ្ធិ និង​​សង់​ផ្ទះ​ឱ្យ​ពលរដ្ឋ​រស់​នៅ​សមស្រប​ជាដើម។

ចំណែក ​អតិថិជន​នៅ​ក្នុង​គម្រោង​ដូចគ្នា​ម្នាក់​ទៀត ​គឺ​លោក កែ រ៉ាវុធ ឱ្យ​ដឹង​ថា លោក​មាន​បញ្ហា​មិន​ខុស​ពី​លោក ឆេ សំរឿន ឡើយ។ លោក​ទិញ​ផ្ទះ​​ពី​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា តាំងពី​ឆ្នាំ២០២១ ខណៈ​ក្រុមហ៊ុន​សន្យា​សាងសង់​រួចរាល់​ក្នុង​រយៈពេល ២ឆ្នាំ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ផ្ទះ​​នៅ​​មិន​ទាន់​​សាងសង់​រួចរាល់​នៅឡើយ បើទោះ​បីជា​​ក្រសួង​​បាន​​ចូល​​អន្តរា​គមន៍ និង​​រៀបចំ​ឱ្យ​អតិថិជន​ប្តូរ​ទីតាំង​ទៅ​កាន់​គម្រោង​ថ្មី​ក៏ដោយ ក៏​ការសាងសង់​នៅ​តែ​មាន​ភាព​យឺតយ៉ាវ។

លោក​អះអាង​ថា ការ​ប្តូរ​ទីតាំង​នេះ ​បាន​ធ្វើ​ឱ្យ​​លោក​បាត់បង់​សំណង​ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា និង​បាត់បង់​អត្ថប្រយោជន៍​មួយ​ចំនួន​ផ្សេង​ទៀត។ លោក​ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​​ឱ្យ​មាន​ប្រសិទ្ធភាព និង​ធានា​ថា អតិថិជន​ទាំង​អស់​អាច​ទទួល​បាន​ផ្ទះ និង​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ស្របពេល​តំបន់​ប្លុក​ផ្ទះ​ខ្លះ​ក៏​បាន​ដោះស្រាយ ប្លុក​ខ្លះ​ក៏​អត់​បាន​ដោះស្រាយ​ដែរ។

លោក កែ រ៉ាវុធ និយាយថា៖ «ទីតាំង​ដែល​ខ្ញុំ ខាង​ក្រសួង​ដោះស្រាយ​ពី​ទីតាំង​ដែល​អត់​ទាន់​ចាក់​ដី​ពេញ មក​ទីតាំង​មួយ​ដែល​មាន​​គម្រោង​​ឆ្អឹង​។ តែ​នៅក្នុង​អំឡុង​ពេល​ដែល​ក្រសួង​ដោះស្រាយ​ហ្នឹង គាត់​ថា នៅ​ពេល​ដែល​ដោះដូរ​ពួក​ខ្ញុំ​មក​ទៅ​កន្លែង​ទីតាំង​ដែល​មាន​គ្រោងឆ្អឹង​ហ្នឹង រយៈពេល​២​សប្តាហ៍​នឹង​ដាក់​ជាង តែ​មកដល់ពេលនេះ ​វា​ចូល​៣-៤​ខែ​ហើយ អត់​បាន​ដាក់​ជាង​ទេ អញ្ចឹង​​ណា»

អតិថិជន​រូប​នេះ​ បន្ថែម​ទៀត​ថា ក្រុមហ៊ុន​មិន​បាន​ធ្វើ​តាម​កិច្ចសន្យា​ថា នឹង​សង​រយៈពេល ៦ខែ ដោយ​ក្នុ​ងមួយ​ខែ​ចំនួន ១០០​ដុល្លារ​​នោះ​​ទេ។ ផ្ទុយ​ទៅ​វិញ ​ក្រសួង​បែរ​ជា​ចង់​ពលរដ្ឋ​ជួយ​​ចាត់ចែង​រក​ជាង​សង់​ផ្ទះ​ដោយ​ខ្លួន​ឯង ទោះ​ពួក​​លោក​រងគ្រោះ​​មួយ​​​តង់​​​ហើយ ​ដោ​យ​​សារ​ក្រុមហ៊ុន លោក ឡេង ណាវ៉ាត្រា។

ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បាន​រង​ការ​តវ៉ា​ពី​អតិថិជន​ជាច្រើន បន្ទាប់ពី​គម្រោង​បុរី និង​ដី​ឡូ​តិ៍​មួយចំនួន មិន​អាច​សាងសង់ និង​ប្រគល់​ជូន​តាម​កាលកំណត់​ក្នុង​កិច្ចសន្យា។ អតិថិជន​រាប់ពាន់​គ្រួសារ ​អះអាង​ថា បាន​រង់​ចាំផ្ទះ​អស់​រយៈពេល​ជាច្រើន​​ឆ្នាំ ទាំង​ដែល​ខ្លះ​បាន​បង់ប្រាក់​ផ្តាច់ ឬ​បន្ត​បង់​រំលស់​ជាប្រចាំ​។ បញ្ហា​នេះ​ បាន​ជំរុញ​ឱ្យ​មាន​ការ​តវ៉ា​ជា​បន្តបន្ទាប់ និង​ស្នើសុំ​​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល។ ​ទោះជា​យ៉ាងណា អតិថិជន​មួយ​ចំនួន​នៅតែ​អះអាង​ថា ការសាងសង់ និង​ដំណោះស្រាយ​នៅ​មាន​ភាព​យឺតយ៉ាវ និង​មិនទាន់​បញ្ចប់​តាម​ការសន្យា​នៅឡើយ។​

ជុំវិញ​ករណី​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី និង​ដី​ឡូ​តិ៍ ត្រូវ​គោរព​កាតព្វកិច្ច​ក្នុង​កិច្ចសន្យា​ជាមួយ​អតិថិជន ដូចគ្នា​នឹង​អតិថិ​ជន​​​ដែល​​ត្រូវ​បំពេញ​កាតព្វកិច្ច​បង់​ប្រាក់​តាម​កិច្ចសន្យា​ផង​ដែរ។ លោក​ថា បើ​ក្រុមហ៊ុន​មិនអាច​សាងសង់ ឬ​ប្រគល់​ផ្ទះ និង​ដី​ជូន​អតិថិជន​បាន​តាម​​​ការ​សន្យា ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ និង​ផ្តល់​សំណង​ស្របតាម​លក្ខខណ្ឌ​ដែល​មាន​​ចែង​​ក្នុង​កិច្ចសន្យា ដោយ​កុំ​បន្ត​អូស​​​បន្លាយ​​បញ្ហា​យូរ​ពេក ដែល​អាច​​បង្ក​ឱ្យ​មាន​ការ​តវ៉ា និង​ថែមទាំង​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​ប្រឈម​នឹង​បំណុល សម្ពាធ​ផ្លូវចិត្ត និង​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ។

សម្រាប់លោក អំ សំអាត អតិថិជ​ន​​ភាគ​ច្រើន ​មិន​ចង់​ដោះស្រាយ​តាមផ្លូវ​តុលាការ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ចង់ឱ្យ​​​ក្រុមហ៊ុន និង​អាជ្ញាធរ​​ពាក់ព័ន្ធ ពន្លឿន​​ការ​សាង​សង់ និង​ប្រគល់​ផ្ទះ ឬ​ដី​ជូន​ពួកគេ​ឱ្យ​បាន​ឆាប់រហ័ស ស្របតាម​ការ​ប្ដេជ្ញា​​ដែល​បាន​ធ្វើ​កន្លង​មក។

លោក អំ សំអាត ថ្លែង​ថា៖ «ជា​ធម្មតា អតិថិជន​ដែល​ទិញ​ផ្ទះ​ពី​បុរី ពី​ក្រុមហ៊ុន ថៅកែ​បុរី ឬក៏​ដីឡូតិ៍​ពី​ក្រុមហ៊ុន ឬក៏​ថៅកែ​ឡូតិ៍ គឺ​​ប្រជាពលរដ្ឋ​លោក​ចង់បាន​ផ្ទះ​ដើម្បី​ស្នាក់នៅ ចង់​​បាន​ដី​​ដើម្បី​ធ្វើការ​សាងសង់​​លំនៅឋាន​ជាដើម។ ហើយ​អ្នកខ្លះ​ក៏​គាត់​សុខចិ​ត្ត​​​ទៅ​​​ខ្ចី​​ធនាគារ ខ្ចី​មីក្រូហិរញ្ញវត្ថុ ឬ​ខ្ចី​លុយ​គេ ដើម្បី​បង់​​ផ្ដាច់ ឬក៏​បង់​រំលស់ ដើម្បី​​ឲ្យ​ទទួល​​បាន​នូវ​ផ្ទះ ក៏ដូចជា​ដី ដែល​ពួក​គេ​​ចង់បាន​ហ្នឹង​ណា៎​បាទ​។ ហើយ​ការទិញ​ទាំងអស់​ហ្នឹង វា​សុទ្ធ​តែ​មាន​កិច្ចសន្យា​ពី​ក្រុមហ៊ុន​ត្រឹមត្រូវ អញ្ចឹង​នៅ​​​ពេល​​ដែល​​ប្រជា​ពលរដ្ឋ​បង់​យឺត ប្រជាពលរដ្ឋ​មិនបាន​បង់ គឺ​ក្រុមហ៊ុន​អនុវត្ត​តាម​កិច្ចសន្យា​ ដូច្នេះ ក្រុមហ៊ុន​ក៏​ដូចគ្នា​ដែរ នៅ​ពេល​ដែល​មិន​បាន​សាងសង់​លំនៅឋាន ឬក៏​មិនទាន់​ប្រគល់​ដី​ឲ្យ​ពលរដ្ឋ ក៏​ត្រូវ​គោរព​កិច្ចសន្យា​ដូចគ្នា​ដែរ គឺ​ត្រូវ​ដោះស្រាយ​ទៅតាម​កិច្ចសន្យា ការ​ផាក​ពិន័យ ការ​សង​នូវ​សំណង​ផ្សេងៗ​ទៅតាម​កិច្ចសន្យា​ណា៎​បាទ»។

ករណី​បុរី ឡេង ណាវ៉ាត្រា គឺជា​ករណី​មួយ​ក្នុងចំណោម​វិវាទ​អចលនទ្រព្យ​ធំៗ​ជាច្រើន​នៅ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​​រង​ការខាតបង់ និង​រង់ចាំ​ដំណោះស្រាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ក្រៅពី​គម្រោង​នេះ ក៏​មាន​ករណី​ផ្សេង​ទៀត​​ដែល​ទទួល​​បាន​ការចាប់​អារម្មណ៍​ពី​សាធារណជន ដូចជា ​គម្រោង​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា និង​ក្រុមហ៊ុន​ពិភព​ដីមាស របស់​លោក ហ៊ី គឹមហុង និង​​ក្រុមហ៊ុន​ស៊ីអាយស៊ី (CIC) របស់​លោក គុយ វ៉ាត ជាដើម។

ពលរដ្ឋ​អ្នករងគ្រោះ និងអ្នក​​​​ឃ្លាំមើល ​សម្តែង​ក្តី​បារម្ភ​ថា ការ​ដោះស្រាយ​វិវាទ​អូស​បន្លាយ និង​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​​​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។ ពួកគេ​ទទូច​ឱ្យ​អាជ្ញាធរ​អនុ​វត្ត​​ច្បាប់​ដោយ​តម្លាភាព និង​ស្មើភាព​គ្នា​ចំពោះ​គ្រប់​ភាគី ដើម្បី​ធានា​ថា​អ្នកទិញ​ផ្ទះ និង​វិនិយោគិន​តូចៗ​ទទួល​បាន​យុត្តិធម៌ និង​សំណង​សមរម្យ។

មូលហេតុចម្បងដែលធ្វើឱ្យអតិថិជន បុរី ឡេង ណាវ៉ាត្រា ចេះតែបន្តផ្ទុះការតវ៉ាជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្តោយ​ផ្លូវជាតិ​លេខ ៦A និងនៅមុខក្រសួងរៀបចំ​ដែនដីជាដើម គឺផ្ដើមចេញពីភាពយឺតយ៉ាវយ៉ាងខ្លាំង ក្នុងការ​សាង​​សង់ និងការប្រគល់លំនៅ​ឋាន។

បញ្ហាចម្បងៗទាំងនេះ​មាន ការដែលក្រុមហ៊ុនមិនគោរពកិច្ចសន្យា និងពន្យារពេលយូរ អតិថិជនជាច្រើនបានទិញផ្ទះ ឬដីឡូតិ៍ និងបានបង់ប្រាក់គ្រប់ចំនួន (ឬបង់រំលស់) អស់រយៈពេលជាច្រើនឆ្នាំ ខ្លះចាប់តាំងពីឆ្នាំ ២០២១ ប៉ុន្តែគម្រោងខ្លះបានត្រឹមចាក់សសរបេតុងចោល ឬគ្មានដំណើរការសាងសង់សោះ។

ការផ្លា​ស់ប្តូរលក្ខខណ្ឌ និងប្លង់ អតិថិជនមួយចំនួនមិនពេញចិត្តនឹងការដែលក្រុមហ៊ុនផ្លាស់ប្តូរទីតាំង ឬកែប្រែប្លង់មេ ដោយគ្មាន​ការឯកភាពច្បាស់លាស់ពីម្ចាស់ផ្ទះ។

ការបាត់បង់ទំនុកចិត្តលើដំណោះស្រាយ ពេលអតិថិជនព្យាយាមសាកសួរ ឬទាមទារដំណោះស្រាយ ខាងក្រុមហ៊ុនពេលខ្លះមិនមានការឆ្លើយតប ឬបានបិទការទំនាក់ទំនង (Block) តាមបណ្តាញសង្គម។ ទន្ទឹមនឹង​នោះ ការទាម​ទារ​សំណង ឬ​ដោះ​ដូរ​ផ្ទះ ត្រូវ​បាន​អតិថិជន​អះ​អាង​ថា​តម្រូវ​ឱ្យមា​ន​លក្ខ​ខណ្ឌ​ស្មុគស្មា​ញ ឬ​បង់​ប្រាក់​បន្ថែម។

រីឯផលវិបាកដែលបានឡើងពីការមិនគោរពកិច្ចសន្យា ពីសំណាក់លោក ឡេង ណាវ៉ាត្រា គឺ​អតិថិ​ជន​ភាគ​ច្រើន ជា​អ្នក​​​មាន​ប្រាក់​ចំណូល​មធ្យម និង​ទាប ហើយ​ខ្លះបា​ន​ខ្ចី​លុយ​ពី​ធនាគារ​មក​ទិ​ញ​ផ្ទះ។ ការ​អូស​បន្លាយ​ពេល​យូរ​នេះ ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​នឹង​វិបត្តិ​សេដ្ឋ​កិច្ច​គ្រួសារ​ធ្ងន់​ធ្ងរ។ ចំណែក​ឯ​​ប្រព័ន្ធ​ច្បាប់​មិន​អាច​ចាប់​បង្ខំ​ឱ្យ​ឧកញ៉ា​ដែល​គេដឹ​ង​ថា ស្និទ្ធ​នឹង​មេដឹក​នាំ​កំពូល​រូប​នេះ គោរព​ច្បាប់​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ