ពលរដ្ឋដែលអះអាងថា ជាជនរងគ្រោះ ១៣០គ្រួសារ បាត់បង់ដីធ្លីជាង ៤០០ហិកតា ទៅក្រុមហ៊ុនធ្វើព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល(OCIC)នោះ បានបង្ខំចិត្តលុបចោលគម្រោងធ្វើសន្និសីទកាសែត នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយមានការគំរាមពីអាជ្ញាធរ ។
បើតាមពលរដ្ឋទំហំដីដែលបានទៅជាង ៤០០ហិកតានោះ បានប៉ះពាល់ដល់ពលរដ្ឋចំនួន៤ភូមិ គឺភូមិជ្រៃរយោង ភូមិស្វាយព្រៃ ភូមិគោករមៀត និងភូមិអំពៅព្រៃ ស្ថិតក្នុងឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយអះអាងថា បានអាស្រ័យផលតាំងឆ្នាំ១៩៨៥ ហើយខ្លះទៀត ត្រូវបានអាជ្ញាធរទទួលស្គាល់រួចហើយ។
ក្រៅពីនេះ មានពលរដ្ឋមួយចំនួនទៀត ជាអ្នកនៅតំបន់ផ្សេង ដោយពួកគេបានទិញដីទាំងនោះតាំងពីឆ្នាំ២០១០ ដោយមានការទទួលស្គាល់ពីអាជ្ញាធរស្រុកកណ្ដាលស្ទឹងជាដើម។
ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលបានរងគ្រោះពីការរំលោភបំពានដីធ្លីនេះ គឺ លោក បាន សុផល បានបង្ហាញការមិនពេញចិត្តចំពោះទង្វើអាជ្ញាធរនេះ ដែលរារាំងពួកគេមិនឱ្យធ្វើសន្និសីទកាសែតនាពេលនេះ។
លោកថា ការរារាំងពួកគេ គឺជារឿងមិនគប្បីទាល់តែសោះ ដោយថា គម្រោងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមិថុនា គ្រាន់តែចង់ប្រាប់ឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធបានដឹង និងស្វែងរកយុត្តិធម៌ជូនពួកគាត់ ចំនួនជាង ១៣០គ្រួសារ ដែលបានរងគ្រោះ ហើយត្រូវគេបំភ្លេចចោល ខណៈបញ្ហានេះ បានអូសបន្លាយប្រមាណ ២០ឆ្នាំមកនេះ ។
លោកបន្តថា បញ្ហាចម្បងមួយទៀតនៃគម្រោងធ្វើសន្និសីទសារព័ត៌មាន ក៏ដោយសារពួកគាត់បានរកអន្តរាគមន៍ពីស្ថាប័នជំនាញរបស់រដ្ឋាភិបាល លែងមានប្រសិទ្ធភាព ទើបពួកគាត់ប្រើជម្រើសនេះ ដើម្បីឱ្យរដ្ឋាភិបាលបានដឹងពីទុក្ខលំបាករបស់ពលរដ្ឋជាង១៣០គ្រួសារនោះ។
លោកថា៖ «ទីមួយ គឺចង់សុំឲ្យប្រមុខថ្នាក់ដឹកនាំ លោកចាត់ឲ្យមានការប្រជុំតទល់គ្នា និងចង់ឲ្យផ្សាយផ្ទាល់ជាសាធារណៈសម្រាប់ទុកជូនជាភស្តុតាង បើមិនអញ្ចឹងទេ ខ្លាចតែសទៅជាខ្មៅអញ្ចឹងណា៎ ព្រោះយើងជួបរឿងហ្នឹងច្រើនមែនទែនហើយ។ រឿងនេះ តុលាការក៏ធ្លាប់សម្រេចឲ្យប្រជាពលរដ្ឋ ហើយដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ក៏ធ្លាប់ចេញមកឲ្យធ្វើប័ណ្ណឲ្យប្រជាពលរដ្ឋ ក្រសួងយុត្តិធម៌បញ្ជាក់ពីអង្គហេតុ អង្គច្បាប់អីទាំងអស់ ហើយទៅគេចេះតែបន្លំៗអញ្ចឹង។ គោលបំណងយើងនេះ គឺចង់បានយុត្តិធម៌ហ្នឹង ចង់បានដីមកវិញហើយ ប៉ុន្តែចង់ថា ជំហានទីមួយ ដើម្បីឲ្យវាមានតម្លាភាព ចង់ស្នើសុំឲ្យប្រមុខថ្នាក់ដឹកនាំ លោកចាត់ឲ្យមានការប្រជុំមួយជាបើកចំហ ជាសាធារណៈម៉ង»។
បើតាមប្រភពខាងលើ ពលរដ្ឋចង់ជួបជជែកជាមួយក្រុមហ៊ុន ដើម្បីបញ្ជាក់ថា ពួកគេមានឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា និយាយថា បើដូចការអះអាងរបស់ពលរដ្ឋមែន លោកថា វាជាទម្លាប់ដើម្បីបំបិទសំឡេងជនរងគ្រោះ ដែលលោកថា ហេតុការណ៍ស្រដៀងនឹងការរារាំងសកម្មជនគណបក្សក្រៅរដ្ឋាភិបាល មិនឱ្យជួបជុំលើកស្លាក និងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយផងដែរ។ លោកចោទជាសំណួរថា ហេតុអ្វីបានជាអាជ្ញាធររំខាន ឬក៏រារាំងពលរដ្ឋ ដែលគ្រាន់តែលើកពីកង្វល់របស់គាត់ ដែលកំពុងជួបប្រទះទៅវិញ។ សម្រាប់លោក ការដែលអាជ្ញាធរធ្វើបែបនេះ វាបានរំលោភច្បាប់សិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោក ប៉ោ មករា ថ្លែងថា៖ «អញ្ចឹងទេ អាជ្ញាធរគួរតែផ្ទៀងផ្ទាត់សកម្មភាពរបស់ខ្លួនឯង តាមរយៈច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក្តី ដែលមានចែងនៅក្នុងច្បាប់គ្រប់គ្រងឃុំ-សង្កាត់ រាជធានី ខេត្ត ឬក៏ក្រុងអញ្ចឹងណា។ ហើយមួយទៀត វាសំខាន់ពិសេសហ្នឹង គឺផ្អែកទៅលើរដ្ឋធម្មនុញ្ញ។ អញ្ចឹងជៀសវាងស្តាប់តាមអនុសាសន៍ ឬក៏អនុវត្តលើសពីអនុសាសន៍ទៀតណា»។
ប្រហាក់ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅការរារាំងរបស់អាជ្ញាធរនេះ គឺជារឿងអយុត្តិធម៌មួយជាន់ទៀត បន្ថែមលើការបាត់បង់ដីធ្លាប់អាស្រ័យផល ដែលលោកថាបញ្ហាចម្បងមកពីក្រុមហ៊ុននោះ ពាក់ព័ន្ធនឹងអ្នកមានអំណាចកំពូលៗនៅកម្ពុជា ដែលប្រព័ន្ធច្បាប់មិនហ៊ានប៉ះ។
លោក ម៉ែន ណាត ថ្លែងថា៖«និយាយដោយខ្លី គឺវាអយុត្តិធម៌ទ្វេដងសម្រាប់ប្រជាពលរដ្ឋរងគ្រោះ។ ដូច្នេះជាចុងក្រោយ សូមអំពាវនាវដល់រាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវងាកមកដើរលើផ្លូវត្រូវទៅ ហើយត្រូវគិតផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ ទោះបីមានរបាយការណ៍បែបណាក៏ដោយ ក៏វាមិនឈ្នះអ្វីដែលរឿងពិតកើតឡើងចំពោះមុខប្រជាពលរដ្ឋទេ។ ហើយបើសិនជាមិនជឿ ចុះទៅជាក់ស្តែងទៅ។ កុំស្តាប់ការបកស្រាយរបស់ពួកមន្ត្រីពុករលួយ កុំស្តាប់ការបកស្រាយរបស់ពួកក្រុមហ៊ុនខិលខូចឱ្យសោះ។ អាហ្នឹងបើសិនជារាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហ្នឹងមានបំណងចង់ស្ដារមុខមាត់ ចង់ជួយប្រជាពលរដ្ឋដោយសុទ្ធចិត្តមែនណា។ តែបើមិនដូច្នេះទេ ដូចសព្វថ្ងៃហ្នឹងគឺថាប្រជាពលរដ្ឋរងគ្រោះមិនឈប់មិនឈរជាបន្តបន្ទាប់»។
វីអូឌី មិនអាចទាក់ទងក្រុមហ៊ុន (OCIC) ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងរបស់ពលរដ្ឋនេះបានទេ ខណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មិនអាចទាក់ទងបានគិតត្រឹមម៉ោងផ្សាយនេះ។
ជម្លោះដីធ្លីនៅកម្ពុជា ត្រូវគេរកឃើញថា បានក្លាយជាជំងឺសង្គមដ៏រ៉ាំរ៉ៃមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារស្ទើទូទាំងប្រទេស ដោយសារតែក្រុមហ៊ុនទាំងនោះមានសម្ព័ន្ធភាពជាមួយគ្រួសារអ្នកមានអំណាច។
តាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចេញផ្សាយនៅឆ្នាំ២០២៦ រកឃើញថា ជម្លោះដីធ្លីថ្មីនៅឆ្នាំ២០២៥ មានចំនួន៤៥ករណី ប៉ះពាល់ដល់គ្រួសារចំនួនជាង៥ពាន់គ្រួសារ(៥,៥២០) ឬជិត ១៥០០០នាក់ លើផ្ទៃដីជាង ១១ម៉ឺនហិកតា (១១៥,០០០ )។ របាយការណ៍បង្ហាញថា ៤២ភាគរយ នៃករណីជម្លោះទាក់ទងនឹងបុគ្គលមានអំណាច ខណៈ ២០ភាគរយ ទៀតពាក់ព័ន្ធនឹងក្រុមហ៊ុន និងអ្នកមានទ្រព្យសម្បត្តិ។
អង្គការសិទ្ធិមនុស្ស និងសហគមន៍រងគ្រោះអះអាងថា ជម្លោះជាច្រើនបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ដោយគ្មានដំណោះស្រាយច្បាស់លាស់ ខណៈពលរដ្ឋជាច្រើនប្រឈមនឹងការបាត់បង់ដីធ្លី ការបណ្តេញចេញ និងបញ្ហាបំណុល។ ស្ថានភាពនេះ បានធ្វើឱ្យជម្លោះដីធ្លីបន្តក្លាយជាប្រធានបទសំខាន់មួយ ក្នុងការពិភាក្សាអំពីយុត្តិធម៌សង្គម សិទ្ធិដីធ្លី និងការអភិវឌ្ឍនៅកម្ពុជា។
ការសិក្សាខ្លះទៀត រកឃើញថា បញ្ហាចម្បងដែលធ្វើឱ្យប្រជាពលរដ្ឋក្រីក្រ តែងតែរងការរំលោភបំពានដីធ្លីអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺបណ្តាលមកពីកង្វះប័ណ្ណកម្មសិទ្ធិដីធ្លីផ្លូវការ ការអនុវត្តច្បាប់នៅទន់ខ្សោយ និងការកើនឡើងនៃគម្រោងសម្បទានដីសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនធំៗជាដើម។
លើសពីនេះ គឺគោលនយោបាយអភិវឌ្ឍន៍ និងដីសម្បទានសេដ្ឋកិច្ច ការផ្តល់ដីឱ្យក្រុមហ៊ុន រដ្ឋបានផ្តល់ដីសម្បទានទំហំធំទៅឱ្យក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិដើម្បីវិនិយោគ ខណៈការផ្តល់ដីទាំងនោះជារឿយៗ បានគ្របដណ្តប់លើដីស្រែចម្ការ ឬដីសហគមន៍របស់អ្នកភូមិ ដែលបង្កជាជម្លោះរ៉ាំរ៉ៃ ហើយច្បាប់ នៅកម្ពុជា មិនហ៊ានកាត់ទោសកំហុសអ្នកមានអំណាច៕









