សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ចាត់​វិធាន​ការ​ច្បាប់​លើ​​អ្នក​​​​រំលោភ​​ដី​ចំ​ណី​​ឆ្នេរ​​សមុទ្រ​​នៅ​​ខេត្ត​​កោះ​​កុង

អ្នក​ឃ្លាំ​មើល​ផែន​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ដី​ចំណី​ឆ្នេរ​សមុទ្រ ដែល​ជា​សម្បត្តិ​​សាធារណៈ​របស់​រដ្ឋ នា​ថ្ងៃ​ខាង​មុខ បើ​រដ្ឋាភិ​បាល ឬ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ មិន​រួម​គ្នា​ទប់​ស្កាត់ ឬ​ការ​ពារ​ដី​ចំណី​ឆ្នេរ​សមុទ្រ ឲ្យ​មាន​ប្រសិទ្ធ​​ភាព​នោះ​ទេ។

ក្តីបា​រម្ភ​នេះ កើត​ឡើង​ក្រោយ​ពីមា​ន​សេចក្តី​រាយ​ការណ៍​ថា បុគ្គល​មាន​អំណាច​មួយ​ចំនួន បា​ន​ព្យាយាម​​ដឹក​ដី​ចាក់​ចូល​​ឆ្នេរ​សមុទ្រ ក្នុង​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង ទាំង​គ្មាន​ការ​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​ពី​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិ​បាល។

លោក យី សុខ​សាន្ត មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដ​ហុក បាន​ឲ្យ​វីអូឌី​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា កន្លង​មក រូប​លោក​តែង​សង្កេត​​ឃើញ​បុគ្គល ដែល​មាន​បុណ្យ​ស័ក្ត​ឋានៈ​ខ្ពស់ និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន អាច​​សង់​សំណង់​រឹង​មាំ​ធំ​ស្កឹម​ស្កៃ​​​នៅ​តាម​មាត់​​ទន្លេ និង​មាត់​សមុទ្រ​ជា​ដើម បាន​ដោយ​រលូន និង​គ្មាន​ការ​ហាម​ឃាត់​ទេ។ ប៉ុន្តែ​បើ​សម្រាប់​ពលរដ្ឋ​សាមញ្ញ​វិញ គឺ​សូម្បី​តែ​ធ្វើ​គ្រឹះ​ទប់​ដី​កុំ​ឲ្យ​បាក់​ច្រាំង ក៏​ធ្វើមិ​ន​បាន​ផង ដោយ​ត្រូវ​អាជ្ញាធរ​ចុះ​ទៅ​​ហាម​ឃាត់​ ​ឬ​មាន​ចំណាត់​ការ​ច្បាប់​ភ្លាមៗ។

លោក​ថា ដីមាត់ទន្លេ មាត់ឆ្នេរសមុទ្រ ឬដីព្រៃភ្នំ ជាដើម គឺជាសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដូច្នេះ​មិន​អាច​ឲ្យ​មាន​បុគ្គល​​​ណា​ម្នាក់ មក​​រំលោភ​បំពាន​ធ្វើ​កម្ម​សិទ្ធិ​ឯកជន​បាន​ឡើយ បើ​គ្មាន​​សម្បទាន​ពី​រដ្ឋាភិ​បាល។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ស្នើឲ្យអភិបាលខេត្ត​កោះកុ​ង និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាក់​ព័ន្ធ ពិសេស​រដ្ឋាភិ​បាល ត្រូវ​មាន​ចំណាត់​ការ​តាម​​ផ្លូ​វ​ច្បាប់​ឲ្យ​បាន​ធ្ងន់​ធ្ងរ​ ​ទៅ​លើ​អ្នក​ជាប់​ពាក់​ព័ន្ធ ​ដឹក​ដី​ចាក់​​រំលោភ​យក​ចំណី​ឆ្នេរ​សមុទ្រ នៅស្រុ​ក​ស្រែ​អំបិល និង​ទីតាំង​ផ្សេង​ទៀត ក្នុង​ខេត្ត​កោះ​កុង ឲ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​រក្សា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ឲ្យ​បាន​គង់​វង្ស​នា​ថ្ងៃអ​នា​គត។

លោក​បន្ត​ថា៖ «បើអាជ្ញាធរមិនបណ្តោយឲ្យបុគ្គលទាំងហ្នឹងធ្វើ គឺ​ធ្វើអ​ត់​បាន​ទេ ក្នុង​ន័យ​នេះ មិន​មែន​ចោទ​​ទេ ប៉ុន្តែ​​​ចង់​​​និយាយ​​​ថា បើ​អា​ជ្ញាធរ​មិន​ឲ្យ​ធ្វើ​គាត់​អត់​មាន​សិទ្ធិ​ធ្វើ​ទេ អញ្ចឹង​រដ្ឋាភិ​បាល ជាពិសេស​អាជ្ញាធរ​ខេត្ត​ហ្នឹង​គួរ​ពិចារណា​ពិនិត្យ​មើល​ថា​តើ​អ្វី​ដែល​គាត់​ចាក់​ហ្នឹង វា​ជាកា​រ​រំលោភ​ច្បាប់​ភូមិ​បាល​របស់​ប្រទេស​កម្ពុជា ឬ​មួយ​ក៏​វា​ជា​ការ​ស៊ិស​ស៊ុស។ ត្រូ​វ​តែមា​ន​វិធាន​ការ​ទប់​ស្កាត់ បើមិ​ន​អញ្ចឹង​ទេ ឆ្នេរ​យើង​ដែល​ខំ​ថែ​រក្សា​ហ្នឹង​វា​អស់​ហើយ វា​ក្លាយ​ទៅ​ជា​កម្ម​សិទ្ធិ​ហើយ។ អញ្ចឹង​យើង​ស្នើ​សុំ​ដ៏​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ មេត្តា​ចាត់​វិធាន​ការ​ចុះ​ត្រួត​ពិនិត្យ»។

ប្រហាក់ប្រហែលគ្នានេះដែរ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​អង្គ​ការ​លីកាដូ ក៏​ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​ជំនាញ ជា​ពិសេស​រដ្ឋាភិ​បាល ត្រូវ​​មាន​វិធាន​ការ​ច្បាប់ ​​ឬផ្តន្ទា​ទោស​ឲ្យ​បាន​ធ្ងន់​ធ្ងរ ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​​គប់​​គិត​គ្នា រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ​ មក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ដោយ​ខុស​ច្បាប់។ លោក​ថា ដី​សាធារណៈ​​របស់​រដ្ឋ មិន​អាច​ឲ្យ​មាន​បុគ្គល​ណា​ម្នាក់ រំលោភ​ធ្វើ​កម្ម​សិទ្ធិ​ឯកជន​បាន​ឡើយ ហើយ​ត្រូវ​តែ​មាន​ចំណាត់​ការ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព។

លោក​បន្តថា៖ «យើងឃើញទាំងរដ្ឋាភិបាល ទាំងក្រសួង​ពាក់​ព័ន្ធ​ហ្នឹង ក៏​បាន​ចេញ​សារ​អំពាវ​នាវ​ហាម​ឃាត់​ការ​រំលោភ​​បំពាន​​ទៅ​លើដី​ឆ្នេ​រ​សមុទ្រ ឬ​ក៏​ដី​ព្រៃ​កោង​កាង ដែល​ជា​សម្បត្តិ​ធម្ម​ជាតិ​របស់​រដ្ឋ ហើយ​យក​មក​ធ្វើ​ជា​របស់​ឯកជន អាហ្នឹង​វា​មិ​ន​គួរ​កើត​មាន​ទេ។ អាហ្នឹ​ង​វា​បង្ក​ឲ្យ​មាន​ភាព​អយុត្តិ​ធម៌ ពីព្រោះ​អ្នក​ធ្វើ​បាន​ៗ តែ​សម្រាប់​ប្រជា​ពលរដ្ឋ​សាមញ្ញ ធ្វើ​មិន​បាន​ វា​អត់​ស្មើ​ភាព​គ្នា។ អញ្ចឹង​ត្រូវ​តែ​អនុ​វត្ត​ធ្វើ​ម៉េច​ឲ្យ​បាន​ស្មើ​ភាព​ ជាពិសេស​រក្សា​ការ​ពារ​នូវ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ»។

ចំណែក លោក ង៉ែត ស៊ីណាប់ អ្នកសម្របសម្រួលសមាគមអាដហុក​ប្រចាំខេ​ត្ត​កោះកុ​ង ​ក៏​ស្នើ​ឲ្យ​រដ្ឋ​បាល​ខេត្ត​កោះ​កុង ត្រូវ​បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ​​ទប់​ស្កាត់​សកម្ម​ភាព​ទន្ទ្រាន​កាន់​កាប់​​​ដី​ឆ្នេរ​សមុទ្រ​របស់​រដ្ឋ ដោយ​ខុស​ច្បាប់​​​នេះ​ជា​ប្រចាំ ដ្បិត​ឃើញ​មាន​សកម្ម​ភាព​រំលោភ​កាន់​កាប់​ជា​បន្ត​បន្ទាប់។ ​

លោកថា៖ «មន្ត្រីក៏ដូចរាស្ត្រដែរ គឺការរំលោភយកដីរដ្ឋ គឺជាការខុសច្បាប់។ ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​នោះ នៅ​ពេល​ដែល​ឃើញ​ព័ត៌​មាន​ហ្នឹង​ហើយ គួរ​តែ​បង្កើត​គណៈ​កម្ម​ការ​ឯករាជ្យ​មួយ​ច្បាស់​លាស់ ដើម្បី​ធ្វើ​កា​រ​ស៊ើប​អង្កេត​ក្នុង​ករណី​ហ្នឹង ដើម្បី​ជួយ​ទប់​ស្កាត់​នូវ​មន្ត្រី​ខូច​ទាំង​ឡាយ​ណា ឬ​អ្នក​មាន​លុយ​មាន​អំណាច​ទាំង​ឡាយ​ណា ដែល​ធ្វើ​ការ​បំពាន និង​លួច​ដី​រដ្ឋ នេះ​ជា​រឿង​មួយ​អកុសល្យ​សម្រាប់​រដ្ឋ និង​ប្រជា​ពលរដ្ឋ​យើង»

ប្រតិកម្ម​របស់​ក្រុម​អង្គ​ការ​សិទ្ធិ​មនុស្ស​ទាំង​នេះ កើត​ឡើង​បន្ទាប់​ពី​សង្កេត​ឃើញ​ករណី​មាន​សកម្ម​ភាព​បុគ្គល​មួយ​ចំនួន បាន​ព្យាយាម​​ដឹ​ក​ដី​ចាក់​ចូល​ឆ្នេរ​សមុទ្រ ​​នៅ​​ភូមិ​នេសាទ ឃុំ​ជ្រោយ​​ស្វាយ ស្រុក​ស្រែអំ​បិល​ ខេត្ត​កោះ​កុង ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។

​វីអូឌី នៅមិនទាន់អាចទាក់ទង លោក ជា ចន្ទកញ្ញា អភិបាលស្រុកស្រែអំបិល និ​ងអ្នក​ស្រី ឈី វ៉ា អភិបាល​ខេត្ត​កោះ​កុង ដើម្បី​បំភ្លឺ​ករណីនេះ​បាន​​​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​លោក ឈិត រតនៈ អ្នក​នាំ​ពាក្យ និង​​​ជា​អភិ​បាល​រង​ខេត្ត​កោះ​កុង ឆ្លើយ​ថា មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​នេះ​នៅ​ឡើយ។

ទាក់​ទិន​បញ្ហា​នេះ លោក ហ៊ុន សែន ​ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី២​៧ ខែ​ធ្នូ ​ឆ្នាំ​​២០១៩ ក៏​​ធ្លាប់​​ព្រមាន​ដក​ស័ក្តិ​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​ម្នាក់ ​ដែ​ល​​គេ​ដឹង​ថា​បាន​​ដឹ​ក​ដី​ចាក់​រំលោភ​​​យក​​ឆ្នេរ​សមុទ្រ នៅ​ខេត្ត​កោះ​កុង មក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​​ខ្លួន​ដោយ​ខុស​ច្បាប់។ ហើយ​​តម្រូវ​​​ឲ្យ​មន្ត្រី​រូប​នោះ ត្រូវ​កាយ​យក​អាចម៌​ដី ដែល​បាន​ចាក់​ចូល​សមុទ្រ​នោះ​ចេញ​​ឲ្យ​អស់ ឲ្យ​មក​សភាព​ដើម​វិញ។

លោកថា៖ «យើងបានប​ញ្ជា និង​ផ្តល់​ភាព​ម៉ឹង​ម៉ាត់ ប្រសិន​បើ​អ្នក​ឯង​មិន​កាយ​ដី​ហ្នឹង​ចេញ​ពី​មាត់​សមុទ្រ​វិញ​ទេ យើង​​នឹង​ដក​ហូត​ស័ក្តិ​ចេញ​តែ​ម្តង។ ឥឡូវ​នេះ ខ្ញុំ​បាន​ទទួល​ដំណឹង​មក​ថា គេ​បាន​កាយ​ដី​នោះ​ចេញ​ពី​សមុទ្រ​វិញ​ហើយ។ នីតិវិធី​របស់​តុលាការ​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត ក៏​ប៉ុន្តែ​ឆន្ទានុ​សិទ្ធិ​របស់​នាយក​រដ្ឋ​មន្ត្រី​ ត្រូវ​តែ​ផ្តល់​ឲ្យ​អ្នក​ឯង ឲ្យ​ច្បាស់​លាស់​ថា កាយ​ដី​ចេញ​ពី​សមុទ្រ​ឲ្យ​អស់។ បើ​សិន​ជា​មិន​កាយ​ចេញ​ទេ យើង​នឹង​មិន​ទុក​អ្នក​ឯង​​ឲ្យ​នៅក្នុ​ង​ជួរ​កង​ទ័ព ដែល​នាំ​ទៅដ​ល់​ខូច​កេរ្តិ៍​ឈ្មោះ​កង​ទ័ព​របស់​យើង​នោះ​ទេ»។

យ៉ាងនេះក្តី គេស​ង្កេត​ឃើញ​ថា បទ​បញ្ជា ឬ​សារ​ព្រមាន​រប​ស់​លោក ហ៊ុន សែន ទាក់​ទង​នឹង​ការ​​ទប់​ស្កាត់​សកម្ម​ភាព​ដឹក​ដី​ចាក់​រំលោភ​ដី​ចំណី​ឆ្នេរ​សមុទ្រ​នេះ ហាក់​មិន​​មាន​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​អនុ​វត្ត​តាម​ឱ្យ​​​មាន​​ប្រសិទ្ធ​​ភាព​​យូរ​អង្វែង​នោះ​ទេ ហើយ​​បទ​ល្មើស​ដដែលៗ​នេះ ក៏​បាន​បន្ត​​កើ​ត​មាន​ជា​បន្ត​បន្ទាប់ រហូត​មក​ដល់​ពេល​នេះ​។

​​ច្បាប់ភូមិបាលឆ្នាំ​២០០១ ​បានកំណត់ថា ឆ្នេរ​សមុទ្រ ព្រែក សមុទ្រ និង​តំបន់​សាធារណៈ ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ គឺ​មិន​អាច​​កាន់​កាប់​ធ្វើ​កម្ម​សិទ្ធិ​ឯកជន ដោយ​សេរី​បាន​ឡើយ។ ហើយ​ចំពោះ​ការ​សាង​សង់​លើ​ដី​សាធារណៈ ត្រូវ​មាន​អាជ្ញា​បណ្ណ ឬ​សម្បទាន​ស្រប​ច្បាប់​ពី​រដ្ឋាភិ​បាល ​។

ការសិក្សានានា រកឃើញថា ការដែលបុគ្គលមានអំណាច អ្នកមានទ្រព្យស្តុកស្តម្ភ ឬ​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​អាច​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ និង​រំលោភ​ដី​រដ្ឋ​បាន គឺ​បណ្តាល​មក​ពី​ការ​រួម​​ផ្សំ​គ្នា​នៃ​កត្តា​ជា​ច្រើន ដូច​ជា អំពើ​ពុក​រលួយ ការ​ខ្វះខា​ត​តម្លា​ភាព​ក្នុង​ការ​ចុះ​បញ្ជី​ដី​រដ្ឋ ប្រព័ន្ធ​បក្ស​ពួក​និយម ការ​ប្រើ​ប្រាស់​អំណាច​គាប​សង្កត់​ និង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត។

អំណាច និងបក្សពួកនិយម ជាឱកាសរបស់​អ្នកមានខ្នងបង្អែករឹងមាំ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​កាន់​អំណាច ឬ​ជា​មន្ត្រី​ជាន់​ខ្ពស់ ដែល​ធ្វើ​ឱ្យពួ​ក​គេ​អាច​ប្រើប្រា​ស់​តួនាទី និង​ឥទ្ធិ​ពល​របស់​ខ្លួន​កាង ឬ​គាប​សង្កត់​មិន​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ហ៊ាន​ចាត់​វិធាន​ការ​ទប់​ស្កាត់។

ការសិក្សាមួយទៀត រកឃើញថា ខ្វះប្រព័ន្ធគ្រប់គ្រង និងប្លង់គោលដីរដ្ឋច្បាស់លាស់ ដី​សាធារណៈ​រប​ស់​រដ្ឋ​ រួម​ទាំង​ឆ្នេរ​សមុទ្រ និង​មាត់​ច្រាំង ជា​រឿយៗ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​អត្ត​សញ្ញាណ​កម្ម កំណត់​ព្រំ​ប្រទល់ និ​ង​ចុះ​បញ្ជី​ក្នុង​បញ្ជី​សារ​ពើភ​ណ្ឌ​ទ្រព្យ​សម្បត្តិ​រដ្ឋ​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ។ ភាពធូរ​រ​លុង​នេះ​ បើក​ដៃ​ឱ្យ​ជន​ឆ្លៀត​ឱកាស​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដោយ​ខុស​ច្បាប់ ឬ​កាន់​កាប់​យក​តែ​ម្តង។

លើសពីនេះ អំពើពុករលួយ និងភាពអសកម្មរបស់អាជ្ញាធរ ផល​ប្រយោជន៍​ក្រៅផ្លូ​វ​ការ សំណូក​សូក​ប៉ាន់​បាន​ធ្វើ​ឱ្យ​មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន បិទ​ភ្នែក​មិន​ដឹង​មិន​ឃើញ ឬ​​គប់​គិត​​ចេញ​លិខិត​​អនុ​ញ្ញាត​ផ្សេងៗ ដើម្បី​បន្លំ​ធ្វើ​ជា​កម្ម​សិទ្ធិ​ស្រប​ច្បាប់។

ការអនុវត្តច្បាប់ធូររលុង ឬស្តង់ដារពីរ បើ​ទោះបី​​​ជា​មាត្រា​១ នៃ​ច្បាប់​ភូមិ​បាល​បាន​ចែង​យ៉ាង​ច្បាស់​ពី​ការ​ការ​ពារ​ដី​រដ្ឋ និង​មាត្រា​៣ តម្រូវ​ឱ្យ​ជន​គ្រប់​រូប​គោរព​ទ្រព្យ​សម្បត្តិ​រដ្ឋ​ក្តី ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ពេល​ខ្លះ​មាន​ភាព​រើស​អើង ពោល​​គឺ​​តឹង​រ៉ឹង​ចំពោះប្រ​ជា​ពលរដ្ឋ​ទន់​ខ្សោយ ប៉ុន្តែ​ធូរ​រលុង ឬ​មាន​ការ​លើក​លែង​ចំពោះ​អ្នក​មាន​អំណាច។

ទង្វើទាំងនេះ តែង​បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវ​ចម្រុះ​ក្នុង​សមុទ្រ និង​បាត់​បង់​ផល​ប្រយោជន៍​​សាធារណៈ។ ប្រជា​ពលរដ្ឋ និង​អង្គ​ការ​សង្គម​ស៊ីវិល តែង​ធ្វើ​កា​រ​ទាម​ទារ​ឱ្យ​មាន​ការ​កាយ​ដី និង​រុះ​រើ​សំណង់​ដែល​រំលោភ​បំពាន​ទាំង​នោះ​ចោល​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ