យោងតាមលិខិតបែកធ្លាយមួយច្បាប់ ឥស្សរជនជាន់ខ្ពស់ផ្នែកសន្តិសុខ នយោបាយ និងវប្បធម៌របស់អ៊ីស្រាអែលរាប់សិបនាក់ បានគំរាមចាត់វិធានការច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន ជុំវិញការគាំទ្រដល់ភេរវកម្មជ្វីហ្វ និង «មនោគមវិជ្ជានៃការលាងសម្អាតជាតិពន្ធុ» នៅតំបន់ West Bank ដែលកំពុងត្រូវបានកាន់កាប់។
អតីតនាយករដ្ឋមន្ត្រីពីររូប អតីតប្រធានទីភ្នាក់ងារសន្តិសុខទាំងអស់ អតីតចៅក្រម និងម្ចាស់រង្វាន់ណូបែល ស្ថិតក្នុងចំណោមអ្នកចុះហត្ថលេខាលើ «ការព្រមានចុងក្រោយ» នេះ។ ពួកគេបានទាមទារឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីលុបបំបាត់ការវាយប្រហារជាច្រើនឆ្នាំ រួមមាន ការសម្លាប់មនុស្ស ការលួច និងការដុតបំផ្លាញ ដោយជនល្មើសជាស៊ីវិល និងយោធា ដែលបានធ្វើសកម្មភាពដោយ «ស្ទើរតែគ្មានការផ្តន្ទាទោស»។ ពួកគេបាននិយាយថា យុទ្ធនាការនេះរំលោភលើច្បាប់អ៊ីស្រាអែល និងច្បាប់អន្តរជាតិ ព្រមទាំងធ្វើឱ្យសន្តិសុខជាតិស្ថិតក្នុងហានិភ័យ។
លិខិតនោះបានសរសេរថា៖«យើងទាមទារឱ្យអ្នកចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីលុបបំបាត់ជាបន្ទាន់នូវភេរវកម្មជ្វីហ្វ ដែលបានរីករាលដាលនៅក្នុងតំបន់យូដា និងសាម៉ារី (Judea and Samaria) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ»។
ប្រសិនបើនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) និងមន្ត្រីសន្តិសុខមិនបញ្ឈប់អំពើហិង្សាទេនោះ ពួកគេនឹងដាក់ញត្តិទៅតុលាការកំពូលដើម្បីបង្ខំឱ្យចាត់វិធានការ។
លិខិតនេះត្រូវបានផ្ញើទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្រសួងសន្តិសុខជាតិ កងទ័ព ប៉ូលីស និងទីភ្នាក់ងារសម្ងាត់ ហើយច្បាប់ចម្លងមួយត្រូវបានមើលឃើញ ដោយសារព័ត៌មាន Guardian។ លិខិតនោះបានចោទប្រកាន់លោក ណេតានីយ៉ាហ៊ូ និងដៃគូចម្រុះស្តាំនិយមជ្រុលរបស់លោក ថាបានបើកដៃឱ្យមានការវាយប្រហារ ដើម្បីជំរុញរបៀបវារៈជ្រុលនិយមនៃការលាងសម្អាតជាតិពន្ធុ និងការកាត់យកទឹកដី។
លិខិតនោះ បានបន្ថែមថា កងទ័ពអ៊ីស្រាអែល (IDF) បានសមគំនិតក្នុងយុទ្ធនាការនេះ តាមរយៈការខកខានមិនបានចូលជ្រៀតជ្រែក និងការចូលរួមយ៉ាងសកម្មនៅក្នុងអំពើហិង្សា។ ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ចាប់តាំងពីឆ្នាំ២០២០ មក ទាហាន និងអ្នកតាំងទីលំនៅអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងហោចណាស់ ១,១០០ នាក់ នៅក្នុងតំបន់ West Bank ដែលក្នុងនោះមួយភាគបួនជាកុមារ ប៉ុន្តែមិនមាននរណាម្នាក់ត្រូវបានចោទប្រកាន់ឡើយ។
អ្នកចុះហត្ថលេខារួមមានអតីតនាយករដ្ឋមន្ត្រី លោក អេហ៊ុដ អូលមើត (Ehud Olmert) និងលោក អេហ៊ុដ បារ៉ាក់ (Ehud Barak) ព្រមទាំងអតីតមេបញ្ជាការសន្តិសុខជាង ៣០ នាក់ រួមទាំងប្រធានទីភ្នាក់ងារ Mossad, Shin Bet និងប៉ូលីស។ ក្រៅពីនេះក៏មានឥស្សរជនលេចធ្លោដូចជាអ្នកនិពន្ធ លោក ដេវីដ ហ្គ្រូសមែន (David Grossman) និងអតីតមន្ត្រីប្រព័ន្ធច្បាប់ផងដែរ។
លិខិតនោះ បានដៅចំគោលដៅទៅលើលោក ណេតានីយ៉ាហ៊ូ ដោយកត់សម្គាល់ថា ការអះអាងរបស់លោកកាលពីឆ្នាំមុន ដែលថាអំពើហិង្សារបស់អ្នកតាំងទីលំនៅ គឺជាស្នាដៃរបស់យុវជនទាំងនោះ គឺ «គ្មានមូលដ្ឋាននៅក្នុងការពិតទាល់តែសោះ»។ ស្ថាប័នរដ្ឋាភិបាល និងយោធាអ៊ីស្រាអែលទាំងអស់ដែលត្រូវបានទាក់ទង មិនបានឆ្លើយតបនឹងការសុំអត្ថាធិប្បាយលើលិខិតនេះឡើយ៕









