រដ្ឋាភិ​បាល​​ត្រូវ​​បាន​​ជំរុញ​ឱ្យ​ក្លាហាន​ប្រកួត​ដោយ​សុចរិត​ជាជាង​បង្កើត​លេស​កម្ចាត់​ខ្មែរ

អ្នក​​ឃ្លាំ​មើល​មួយ​​ចំនួន​ ​​ជំរុញ​​​​​​ឱ្យ​លោក​ ហ៊ុន ម៉ាណែត ​គួរ​ដល់​ពេល​បង្ហាញ​ភាព​ក្លាហាន​​រៀប​​​ចំ​​​ទីលាន​​ប្រ​កួត​​ការ​​បោះ​​ឆ្នោត​​នាពេល​​ខាង​មុខ ​​ឱ្យ​បាន​ត្រឹម​ត្រូវ និង​យុត្តិធ​ម៌​ឡើង​វិញ ដើម្បី​បង្ហាញ​ពីគ​ម្រូ​ភាព​ជា​មេដឹក​នាំ​ល្អ ជាជាង​បង្កើត​លេស​កម្ចាត់​ខ្មែរ​គ្មាន​ទី​បញ្ចប់ តាម​ការ​ចង់​បាន​របស់​ប្រទេស​ឈ្លាន​ពាន​នោះ។​

ការ​​លើក​​ឡើង​​ទាំង​នេះ គឺ​បន្ទាប់​​​ពី​​ក្រសួង​មហា​ផ្ទៃ ​កាល​​​ពី​ថ្ងៃ​​​​ទី​​២៣ខែ​មិថុនា​ បាន​​ចេញ​​សេចក្តី​​ប្រកាស​​ព័ត៌​មាន​​មួយ ​ដោយ​​បាន​​រំឭក​និង​​ព្រមាន​​គណបក្ស​នយោបា​យ​ទាំង​អស់​ថា រាល់​ការទ​ទួល​វិភាគ​ទាន​ពី​ភាគី​បរទេស ទោះ​ក្នុង​សកម្ម​​ភាព​ណា​ក៏​ដោយ គឺ​ជាស​កម្ម​ភាព​ផ្ទុយ​រដ្ឋ​ធម្ម​នុញ្ញ ល្មើស​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ និង​ច្បាប់​នានា​ជា​ធរមាន។ ក្រសួង​​មហា​ផ្ទៃ​​លើក​​ឡើង​​ថា ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​បាន​ចែង​ថា គណបក្ស​នយោ​បាយ​ត្រូវ​បាន​ហាម​ឃាត់​​មិន​ឱ្យ​ទទួល​វិភាគ​ទាន ទោះ​តាម​រូប​ភាព​ណា​ក៏​ដោយ ​​ពី​ស្ថាប័ន​បរទេស ក្រុម​ហ៊ុន​បរទេស ជន​បរទេស ឬ​អង្គ​ការ​ដែល​មាន​ប្រភព​ហិរញ្ញ​ប្បទាន​ពី​បរទេស។

លោក​ ​ស៊ឹង សែន​​ករុណា​ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ ដែល​មាន​​មូល​​ដ្ឋា​ន​​នៅ​​ប្រទេស​​អូស្ត្រា​លី​ បាន​​ថ្លែង​ថា បើ​​សិន​​​ជា​មាន​​ថវិកា​ជួយពង្រឹង​​ទៅ​ដល់​គណបក្ស​នយោបាយ​ ជា​ពិសេស​​គណបក្ស​​ប្រឆាំង​វា​ជា​រឿង​​​ល្អ​ ពីព្រោះ​​គណបក្ស​​​ទាំង​​នោះ ​មិន​មាន​ធន​ធាន​​អ្វី​ ​ដើម្បី​ពង្រឹង​គណបក្ស ​​ក្រៅតែ​​ពីការ​​រៃអង្គាសប្រាក់​បន្តិច​​បន្តួច​​ពី​​សមាជិក​​នោះ​​ទេ។

ហេតុដូច្នេះ លោកថា ការ​ផ្តល់​នូវ​ថវិកា​​ដើម្បី​ពង្រឹង​នូវ​ចលនា​​នៃគណបក្ស​នយោ​បាយ​​ទាំង​អស់​ ​ឱ្យមាន​ភាព​រឹងមាំ ​ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​ ​ជាមួយ​គណបក្សកាន់​អំណាច លោក​​យល់​​​ថា ​ជារឿង​ល្អ លើក​​លែង​តែ​ការ​​យក​​ថវិកាពី​បរទេស​​ ដើម្បី​ទៅ​ទិញ​អាវុធ​​ឬ​ទៅ​កៀរគរ​ដើម្បី​​​បង្កើត​នូវ​​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​​ធ្វើ​ឱ្យ​មាន​សង្គ្រាម​ផ្ទៃក្នុង​​ផ្ទុះ​ឡើង​​។

លោកថា៖ «ប៉ុន្តែ​​បើ​សិន​គ្រាន់​តែជា​ថវិកា​ពង្រឹងលើ​​ចលនា​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ល្អប្រសើរ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​យើង ​ខ្ញុំ​យល់​ថា ​វា​ជា​រឿង​ដែល​​ស្រប​តាម​រដ្ឋធម្មនុញ្ញ ​ដែល​ជាច្បាប់កំពូល​​របស់​ប្រទេស​យើង​​​​ទៅ​​វិញ​ទេ។ ក៏ប៉ុន្តែ​បើ​យើង​ពិនិត្យ​គណបក្ស​កាន់​អំណាច​វិញ ​យើ​ងឃើញ​ហើយ ​សមាជិកគណបក្ស​កាន់​​​​អំណាច​​មួយ​​ចំនួន ​ដែល​ជាឧកញ៉ា​ អ្នក​​ខ្លះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម ​បំផ្លាញ​ព្រៃ​ឈើ ​បំផ្លាញ​ធន​​ធាន​​ធម្ម​ជាតិ ​ហើយ​ឧបត្ថម្ភ​ទៅ​ដល់​គណបក្ស​ប្រជាជន​​​​គណ​​បក្ស​កាន់​អំណាច​ហ្នឹង ​មិន​តិច​ទេ​ ជាក់​ស្តែង​​ដូច​យើង​មើល​ឃើញ ​ដូច​ជាលោក ​លឹម ប៊ុណ្ណា ​ហៅ​​ខ្នា​ គឺ​កាប់​ឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន្ត​​​បាន​កសាង​​ស្នាក់​ការគណបក្ស​ប្រជាជន​នៅ​តាម​តំបន់​ទាំងនោះ គឺ​ច្រើនមែន​ទែន»។

​ចំណែក​ លោក ​សេង វណ្ណលី ​អ្នក​តាម​ដាន​ភូមិសាស្ត្រនយោបាយ ក៏​​បាន​ប្រាប់​វីអូឌី​នៅ​​​ថ្ងៃ​ទី​​២៥ខែ​​មិថុនា​​នេះ​​ផង​ដែរ​ថា ដើម្បី​​​ឱ្យ​​កម្ពុជា​​អាច​​បើក​​លំហ​ប្រជា​ធិប​តេយ្យ​ ​សេរី​ពហុ​បក្ស​​ឡើង​​វិញ ​និង​​ដើម្បី​​បញ្ឈប់​​វប្ប​ធម៌​​រំលាយ​​គណ​បក្ស​​ប្រឆាំង​​​យ៉ាង​​ងាយ​​ស្រួល ​ដូច​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ កម្ពុជា​​ចាំបាច់​ត្រូវ​ធ្វើ​ការ​កែ​សម្រួល​​​ច្បាប់​​​ស្តីពីគណបក្ស​នយោបាយ ​ដោយ​លុបបំបាត់​នូវ​មាត្រា​ទាំង​​ឡាយ​​​ណា ​ដែល​បើក​ផ្លូវ​ឱ្យមាន​ការ​រំលាយ​គណ​បក្ស​នយោ​បាយ​​ទាំងមូល ដោយ​​គ្រាន់​តែផ្អែក​ទៅលើ​កំហុស​​បុគ្គល ​ឬការចោទប្រកាន់​ជា​ឯកត្តោភាគី​ ដោយ​គ្មានការ​កាត់​ក្តី​ដោយ​ឯក​រាជ្យ។

លោកថា៖ «ទណ្ឌកម្ម​ចំពោះការ​បំពាន​ច្បាប់​ ​គួរតែ​ធ្វើ​ឡើង​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ ​ដោយ​​មិន​​ត្រូវ​​យក​​វា​មក​​​ធ្វើ​​​ជា​លេស​ ដើម្បី​បំបាត់​សំឡេង​ឆ្នោត ​និង​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​រាប់លាន​នាក់ ​ដែល​បាន​គាំទ្រ​​គណបក្ស​នោះ​​ទេ​។ ​ទន្ទឹម​នឹងនេះ ​ខ្ញុំ​មើល​ឃើញថា ការធានានូវ​ឯករាជ្យ​នៃ​ប្រព័ន្ធ​​​តុលាការ ​គឺ​ជាកត្តា​​ស្លាប់​​រស់​នៃ​លទ្ធិប្រ​ជាធិប​តេយ្យ។ បច្ចុប្បន្ន​​ប្រព័ន្ធ​​តុលាការ​ ​និង​​ស្ថាប័ន​​ជាតិ​កំពូល​ៗ ​ត្រូវ​​បា​ន​​​ប្រើ​ប្រា​ស់​​ជា​ឧបករណ៍​​នយោ​បាយ​ ​ដើម្បី​បង្ក្រាប​សំឡេង​ប្រឆាំង ដូចនេះ​ការធ្វើ​កំណែទម្រង់​​រចនាសម្ព័ន្ធ​​ស្ថាប័ន​​តុលាការ​ឱ្យ​​ដាច់​ស្រឡះ​ ពី​ឥទ្ធិពល​របស់គណបក្ស​កាន់​​អំណាច ​និង​ការធានាថា​ចៅក្រម​បំពេញ​ការងារ​ដោយ​ផ្អែក​ទៅ​​លើ​​អង្គហេតុ​និង​ច្បាប់​ពិតប្រាក​ដ។​ ខ្ញុំ​គិត​ថា គឺ​ជារបាំងការពារ​ដ៏រឹងមាំមួយ ​ដើម្បី​កុំ​ឱ្យមាន​ការ​រំលាយ​គណបក្ស​​ប្រឆាំង​តាម​ទំនើងចិត្ត​​​របស់​គណបក្សកាន់​អំណាច»។

អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​រូបនេះ បន្តថា លើស​ពីនេះ ​រដ្ឋាភិបាល​គួរ​តែបើក​​ចិត្ត​ឱ្យ​ទូលាយ​​ និង​​បញ្ឈប់​​ការ​ចាត់ទុ​ក​សំឡេង​រិះ​គន់​លើ​​ការ​​ទទួល​​បាន​ជំនួយ​​បច្ចេក​ទេស និង​​ហិរញ្ញ​​វត្ថុ​​ស្រប​ច្បាប់​​ថា ជា​អំពើ​​ក្បត់​​ជាតិ ​​​​ឬ​ជា​ការ​​គំរាម​​ធ្វើ​​​បដិវត្តន៍​ពណ៌។ ​បន្ថែម​​ពី​នេះ លោកថា ​​ការ​បង្កើត​ឱ្យ​​មាន​​វេទិកា​សន្ទនា​នយោ​បាយ​​ដោយ​​ស្មោះ​ត្រង់ រវាង​​គណបក្ស​កាន់​​អំណាច ​និង​​គណបក្ស​​ប្រឆាំង ​ព្រម​ទាំង​ការ​​ផ្តល់​ឱកាស​​ដល់​​អ្នក​​នយោ​បាយ​​ដែល​មាន​ប្រជាប្រិយភាព ​និង​អង្គការ​សង្គម​ស៊ី​វិល ​អាច​ធ្វើ​សកម្មភាព​ដោយ​សេរី​ គឺ​ជាវិធីសាស្ត្រ​តែមួយ​​គត់ ​ដើម្បី​ស្តារទំនុកចិត្ត​ឡើង​វិញ ​និង​​​ធ្វើ​​​ឱ្យ​​បរិយា​កាស​មុន​ការ​​​បោះ​​ឆ្នោត​​ឆ្នាំ​​២០២៧ ឆ្នាំ​២០២៨ មាន​​លក្ខណៈ​​ប្រកួត​​ប្រជែង​​ដោយ​​យុត្តិធម៌។

ជាមួយគ្នា​នេះ ​ស្ថាប័ន គជប ក៏​ត្រូវ​ធ្វើ​កំណែទម្រង់​ឱ្យមាន​សមាសភាព​ចម្រុះ ​និង​ឯករាជ្យ​ពិតប្រាកដ ​ដើម្បី​ធានា​ថា គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ មាន​ឱកាស​ស្មើភាពគ្នា​ចំពោះមុខច្បាប់។​ លោក​​បញ្ជាក់​​ថា ប្រសិន​​បើ​កម្ពុជានៅ​តែបន្ត​ប្រើ​​ប្រាស់ការគំរាមកំហែង​​ខាងផ្លូវច្បាប់ ​និង​​ការ​​បំភិត​​បំភ័យ​​​ជា​​យុទ្ធ​សាស្ត្រ​​នយោ​បាយ​ នោះ​​លំហ​​ប្រជា​ធិប​តេយ្យ​​​នឹង​ត្រូវ​​រួ​ម​តូច​ទៅ​ៗ​ ហើយការបោះ​ឆ្នោត​នាពេល​ខាងមុខ ​គ្រាន់​តែជាទម្រង់​នៃ​​ការ​បោះ​ឆ្នោត​តាម​​បែប​ផ្តាច់ការ ​ដើម្បីបង្កប់ន័យ​ស្រប​ច្បាប់​ឱ្យ​របប​ដឹកនាំបច្ចុប្បន្ន​តែប៉ុណ្ណោះ​។

ចំណែក​ លោក ​សុន ឆ័យ ​អតី​ត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ​បច្ចុប្បន្ន​ជាអនុ​ប្រធាន​​គណបក្ស​​ឆន្ទៈ​ខ្មែរ​ បាន​ថ្លែងថា តាម​បទពិ​សោធន៍​​ដែ​​ល​កើតមា​ន​​កាល​ពី​ឆ្នាំ​២០១៧ ដែល​​មាន​ការ​រំលាយ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​យ៉ាង​ចម្រូង​ចម្រាស វា​​​ជា​មេរៀន​​គ្រប់​​គ្រាន់​​សម្រាប់​​គណបក្ស​​នយោ​បាយ ​ដែល​​មិន​​ស្រប​​នឹង​​រដ្ឋាភិ​បាល​​ត្រូវ​​ធ្វើ​ការ​ងារ​​ដោយ​​ប្រុង​​ប្រយ័ត្ន​។

លោកថា៖ «ម្ល៉ោះ​ហើយ​មេរៀន​ឆ្នាំ២០១៧ ​​ដែល​គណបក្ស​ធំមួយ​ត្រូវ​បាន​រំលាយ​​ហ្នឹង ​​​វា​ជាមេ​រៀន​​គ្រប់​​គ្រាន់​​សម្រាប់​​ឱ្យ​គណបក្ស​​ដទៃ​ ​ដែល​​បន្ត​ការ​ងារ​​នយោ​បាយ​​នៅ​ក្នុង​​ប្រទេស ​ធ្វើ​ការ​ងារ​​ដោយ​មាន​​ការ​​​ប្រុង​ប្រយ័ត្ន​ ហើយ​​គួរ​​តែ​សកម្ម​​ភាព​​ចោទ​ប្រកាន់​​ណា​មួយ ដែល​​អាច​កើត​មាន​​ត្រូវ​​បែង​​ចែក​​ឱ្យ​​ដាច់​​អំពី​​បុគ្គល​​និង​គណបក្ស​​ទាំង​មូល​​ ពី​ព្រោះ​​​មិន​​អា​​ច​យក​​រឿង​​បុគ្គល​​ម្នាក់​​មក​រំលាយ​​គណ​បក្ស​ទាំងមូល​បានទេ»។

ជាមួយគ្នា​នេះ ​លោក​ សុន ឆ័យ ​ក៏​​ជំរុ​ញ​​ឱ្យ​​​ក្រសួង​​មហា​ផ្ទៃ​ បង្កើត​​ច្បាប់​​​​ស្តី​ពី​ហិរញ្ញវត្ថុសម្រាប់ការ​ឃោសនា​បោះ​​ឆ្នោត​ផងដែរ​ ដើម្បី​ធ្វើឱ្យ​ដំណើរការ​ឃោសនា​រក​សំឡេង​ឆ្នោត​មានការ​ប្រកួត​ប្រជែង​​ដោយ​​ស្មើភាពគ្នា​ និង​​យុត្តិធម៌ ដោយ​មិន​អាច​ឱ្យគណបក្ស​មួយ​ មាន​ធនធាន​ច្រើនលើស​លប់ ​អាច​យកធនធាននោះ​មក​ចំណាយ​​ក្នុងការ​ឃោសនា​​តាម​​ចិត្ត​ មាន​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​គ្រប់​​បែប​យ៉ាង ​មក​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​​​មួយ​ដែល​អត់​មាន​ធន​ធាន ​អត់មាន​​​មធ្យោ​បាយ​​ផ្សព្វ​​ផ្សាយ ​ហើយ​ថា ការ​បោះ​ឆ្នោត​នោះ​សេរី​ និង​យុត្តិធម៌​បាន​ទេ។ ដូច្នេះ​​ត្រូវ​តែ​មាន​ច្បាប់​ ​​ដើម្បី​ត្រួត​​ពិនិត្យ​​ការ​ចាយ​វាយ​របស់គណបក្ស​​នីមួយ​ៗ ​ដែល​គួរ​តែ​ក​ម្រិត​​ការចា​យ​​វាយ​​ឱ្យ​មា​ន​​សមភាព​​​គ្នា។

វីអូឌី ​មិន​អាច​ទាក់​ទង ​លោក​ជា ធីរិទ្ធ ​អ្នក​នាំពាក្យ​លោក​​ហ៊ុន សែន ​​និង​លោក​ទូច សុខៈ ​អ្នកនាំពាក្យរងក្រសួង​មហាផ្ទៃ ​ដើម្បី​ស្នើ​សុំ​ធ្វើការ​អត្ថា​ធិប្បាយលើ​បញ្ហា​នេះ​​បាន​ទេ ​​នៅ​ថ្ងៃទី​២៥ខែ​​មិថុនា​​នេះ។

ប៉ុន្តែលោកទូច សុខៈ ​បាន​​អាន​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ កាលពីថ្ងៃទី​២៣ខែ​​មិថុនា ​​ដោយ​ព្រមាន​​ថា៖ «ក្នុង​ករណី​ល្មើស ច្បាប់​​​បាន​អនុញ្ញាត​ឱ្យក្រ​សួង​មហា​ផ្ទៃ ផាក​ពិន័យ​ជា​ប្រាក់ និង​​អាច​​ប្តឹង​​រំលាយ​​គណបក្ស​​នយោ​បាយ​នោះ​ទៅ​តុលាការ​កំពូល។ ច្បាប់​ក៏​ចែង​ទៀត​ថា មិន​ឱ្យ​គណបក្ស​នយោ​បាយ​ស្ថិត​នៅក្រោ​ម​ចំណុះ ឬ​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​នយោ​បាយ​បរទេស ឬ​រដ្ឋាភិ​បាល​​បរទេស។ ក្នុង​ករណី​ល្មើស តុលាការ​អាច​សម្រេច​ផ្អាក​សកម្ម​ភាព​​គណបក្ស​នយោ​បាយ ឬ​អាច​រំលាយ​គណបក្ស​នយោ​បាយ​នោះ​តែ​ម្តង ក្នុង​ករណី​ល្មើស​ធ្ងន់​ធ្ងរ»។

លោក​ សុខៈ ​បញ្ជាក់ថា ក្រសួងមហា​ផ្ទៃ វាយ​តម្លៃ​ខ្ពស់ និង​លើក​ទឹក​ចិត្ត​ដល់​គណបក្ស​នយោ​​បាយ​​ទាំង​អស់​ដែល​បាន​និង​កំពុង​ធ្វើស​កម្ម​ភាព​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ ដើម្បី​រួម​ចំណែក​ពង្រឹង​នីតិ​រដ្ឋ កសាង និង​អភិវឌ្ឍន៍​ជាតិ​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ សេរី​ពហុ​បក្ស​ ការ​ពារ​​ឯករាជ្យ​អធិប​តេយ្យ​ភាព និង​បូ​រ​ណ​ភាព​ទឹក​ដី​ និង​ឯកភាព​ជាតិ។

បន្ថែម​ពីនេះ ​លោក ​ស៊ឹង សែន​ករុណា លើក​​ឡើង​​ថា ​ឧកញ៉ា​​លី យ៉ុង​ផាត់ ​ឧកញ៉ា​កុក អាន ​ដែល​ជាប់​ឈ្មោះ​​ជា​​មេ​ឧក្រិដ្ឋ​​​ជន​ឆបោក​តាម​ប្រព័ន្ធ​​អនឡាញ​ ដែល​ជាអ្នកកាន់​ហិរញ្ញវត្ថុសម្រាប់​​គណ​​បក្ស​ប្រជាជន ​​​និង​​ឧកញ៉ា​ ​​​រួម​ទាំង​​សមាជិក​គណបក្ស​កាន់​អំណាច​​​ជាច្រើន​ទៀត ​ដែល​​ជាប់​ពាក់​ព័ន្ធ​​ទៅ​នឹង​បទឧក្រិដ្ឋ​​​អន​ឡាញ​ និង​​​បទឧក្រិដ្ឋ​ផ្សេង​ទៀត ​គួរ​ត្រូវ​ចាត់​វិធាន​ការ​​ណ៍​តាម​ផ្លូវ​ច្បាប់ ​មិន​មែន​​ចាត់​ការ​តែ​​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នោះ​​​ទេ​​។​ ​

លោកថា៖ «គឺបញ្ហានេះ​​ទៅវិញទេ ដែលគេមើលឃើញថា ជាលុ​យកខ្វក់​លុយដែល​បាន​មក​ពី​ការ​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​ជាតិលុ​យបានមក​ពី​អំពើពុក​រលួយ​ លុយបាន​មក​ពី​ប្រព្រឹត្ត​បទ​ល្មើស​​បទ​ឧក្រិដ្ឋ​ទាំង​អស់​នេះទៅ​វិញ​ទេ គឺ​ជា​រឿងដែល​ផ្ទុយ ហើយទាំងអស់នេះ គួរតែមានការហាមឃាត់ហើយត្រូវពិនិត្យនិងរំលាយ​គណបក្ស​ដែល​ពាក់ព័ន្ធ​ទៅនឹងការទទួលយកលុយដែលពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋហ្នឹង។ អាហ្នឹង​រឿង​ដែល​​​គួ​រ​​តែ​អនុវត្ត​រឿងដែលគួរតែត្រួតពិនិត្យ និងធ្វើការផ្តន្ទាទោស​​ទៅ​តាមផ្លូវច្បាប់​នៃគណបក្សនយោ​បាយហើយគួរតែ​ត្រូ​វ​បាន​រំលាយ»

សម្រាប់ ​លោក ​​ករុណា នៅ​ក្នុង​ប្រទេសកម្ពុជាបច្ចុប្បន្ន ​​មន្ត្រី​អនុវត្ត​ច្បាប់ ​ជាពិសេស​​​ចៅក្រម ​ព្រះ​រាជ​អាជ្ញា ​តែង​​តែ​​​រំលោភបំពាន​​ច្បាប់ ​​​ដោយ​ធ្វើការ​​ស្តាប់​តែ​​ទៅ​តាមបទបញ្ជា ​និង​អនុសាស្ត្រ​​​របស់​​​លោក​ហ៊ុន សែន​។ ហេតុ​​ដូច្នេះ​​ហើយ​ វា​ជារឿង​ហានិភ័យ​​ណាស់​​សម្រាប់​​អ្នក​​នយោ​​បាយ​​ប្រឆាំង ​​សកម្ម​​ជន​​បក្ស​​ប្រឆាំង និង​​សកម្ម​​ជន​​​សង្គម​។

លោក ​ករុណា ថ្លែង​ទៀតថា ​នៅ​ពេល​នេះ ​វាដល់​ពេល​ហើយ​ដែល​គណបក្ស​កាន់​អំណាច ​​ត្រូវ​ចាប់​ផ្តើម​ស្តារ​មុខមាត់​​កម្ពុជា​​ឡើង​វិញ ​ដោយ​បញ្ឈប់​នូវរាល់ការធ្វើ​ទុក្ខបុកម្នេញ​​​​លើ​គណបក្ស​ប្រឆាំង​ និង​សកម្ម​ជន​សង្គម ហើយ​ផ្តល់​ឱកាស​​ឱ្យ​បណ្តា​ប្រទេស​លោក​សេរី ​ជួយ​ជ្រោម​ជ្រែង​ពង្រឹង​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​​ ពីព្រោះ​ការ​​​ធ្វើ​​សកម្ម​ភាព​​នយោ​បាយ​​​របស់​​គណបក្ស​​ប្រឆាំង ​មិ​នមែន​​ជា​​ការ​​ខុ​ស​​ច្បាប់​​នោះ​ទេ​ ខណៈ​​ដែល​​ប្រទេស​​សេរី​​ទាំង​​នោះ ​គឺ​សុទ្ធ​តែជា​ប្រទេស​ដែល​​ជាហត្ថលេខីនៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​​ជាប់​កាតព្វ​កិច្ច​​ត្រូវ​រួម​​ចំណែក​​ជួយ​កសាង​ប្រទេស​កម្ពុជា​​​ឡើង​វិញ ​ពាក់ព័ន្ធ​នឹង​​លទ្ធិ​ប្រជា​ធិប​តេយ្យ ​និង​​សិទ្ធិ​​មនុស្ស​ ដែល​​មិន​មែន​ជារឿង​ខុស​​ច្បាប់ ​មិនមែន​ជារឿង​លូក​ដៃ​​ចូលកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ។ លោក​បញ្ជាក់​​​​ថា​ បើ​កុំ​តែ​មាន​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ​​មិន​មែន​​ប្រទេស​​កម្ពុជា​​អាច​​ទទួល​​បាន​​ជំនួយ​​មក​​កសាង​ និង​​អភិវឌ្ឍន៍​​ប្រទេស​​ឡើង​វិញ ​ក្នុង​​ចំនួន​​ទឹក​​ប្រាក់​​រាប់​​ពាន់​លានដុល្លារ​​​នោះ​​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ