តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​ពលរដ្ឋ​ជន​ជាតិ​​ដើម​ភាគ​តិច​៤នាក់​ទៅ​បំភ្លឺ​តាម​បណ្តឹង​មេការ​ក្រុម​ហ៊ុន

តុលាការ​ខេត្ត​រតន​គិរី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កោះ​ហៅ​​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ៤នាក់ ឲ្យ​ចូល​ខ្លួន​ទៅបំ​ភ្លឺ​នៅអ​យ្យ​ការ​អម​​សាលា​ដំបូង​ខេត្ត​នេះ លើសំ​ណុំ​រឿង​​ព្រហ្ម​ទណ្ឌ ប្តឹង​ដោយ​មេ​ការ​តំណាង​ក្រុម​ហ៊ុន ដែល​តុលាការ​មិន​បង្ហាញ​ឈ្មោះ​មួយ។

ដីកាកោះ ចុះថ្ងៃទី៣ ខែមិថុនា ចុះហត្ថលេខា និងបោះត្រា ដោយ​លោក ជួន សុបញ្ញា ជាតំ​ណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតន​គិរី បា​ន​កោះ​ហៅ​ ឈ្មោះ រម៉ាម ព្យូង, រម៉ាម ឡែក, សល់ ហ្លាន, រចំ តុលា, រម៉ាម មាត និង​បក្ខ​ពួក ពាក់​ព័ន្ធ​នឹង​ករណី “ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា មាន​ស្ថាន​ទំងន់​ទោស” ប្រព្រឹត្ត​ដោយ​បុគ្គល​ច្រើន​រូប ប្រព្រឹត្ត​នៅ​ភូមិ​កាណាតធំ ឃុំ​តាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២៦។

ក្រោយចេញពីតុលាការ លោក សល់ ហ្លាន ក្នុង​ចំណោមព​លរដ្ឋ ៤នាក់ ដែល​ត្រូវ​ឈ្មោះ សៀត សីលា មេការ​ក្រុម​ហ៊ុន​ប្តឹង ប្រាប់​វីអូឌី​តាម​ទូរសព្ទ​ថា នៅ​ចំពោះមុខ​​តុលាការ ​រូប​​លោក​បាន​ស្នើ​ឲ្យ​តុលាការ​​ចុះ​ស៊ើប​អង្កេត​ករណី​នេះ ទៅ​ដល់​ទីតាំង​កើត​ហេតុ ដើម្បី​រក​ឲ្យ​ឃើញ​ការ​ពិត ដ្បិត​ប្រជា​ពលរដ្ឋ​ពួក​គាត់ ជា​ជន​រង​គ្រោះ ដោយ​នាំ​គ្នា​ការ​ពារ​ដី​ព្រៃ​អារក្ស សម្រាប់​គោរពបូ​ជា​តាម​ជំនឿ​ពី​ដូនតា តែ​បែរ​ជា​ត្រូវ​រង​បណ្តឹង​ទៅ​វិញ?។ ម្យ៉ាង​ទៀត រូប​គាត់​ក៏​មិន​បាន​ស្ថិត​នៅ​ក្នុង​ហេតុ​ការណ៍​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន​ដូច​ការ​ចោទ​ប្រកាន់​ដែរ។

លោកថា៖ «បទចោទខ្ញុំ បានបដិសេធទាំងអស់ ព្រោះខ្ញុំ​​មិនបានចូលរួមទេ។ គេសួរថាមានគ្នាប៉ុន្មានៗ ខ្ញុំថា ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំអត់បានទៅជាមួយគេទេ ព្រោះបុគ្គលម្នាក់ហ្នឹងគាត់ស្គាល់ខ្ញុំ គាត់ប្តឹងខ្ញុំ ព្រោះគាត់ស្គាល់តែខ្ញុំម្នាក់ទេ ព្រោះដីខ្ញុំ​​នៅជាប់ព្រំដីរបស់គាត់ គាត់ប្តឹងខ្ញុំតែម្នាក់​»

ចំណែក លោក សល់ តួ ជាប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោមព​លរដ្ឋ​រាប់​សិប​នាក់​ទៀត ដែល​មក​ចូល​រួម​លើក​ទឹក​ចិត្ត លោក សល់ ហ្លាន ក៏​បាន​ស្នើ​ឲ្យ​លោក​អភិ​បាល​ខេត្ត​រតនគិរី ជាពិសេស​តុលាការ​ផ្តល់​យុត្តិ​ធម៌​ដល់​ពលរដ្ឋ​ទាំង​អស់ ដែល​ត្រូវ​ឈ្មោះ សៀត សីលា ប្តឹង​ទៅ​កាន់​តុលាការ ខណៈ​បុគ្គល​រូប​នេះ ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ការ​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​អារក្ស​ របស់​ពួក​គាត់​នាំ​ឲ្យរលាយ​ហិន​ហោច​អស់។ បន្ថែម​លើនេះ​ បុគ្គល​រូប​នេះ ថែម​ទាំង​បាន​ប្តឹង​ពួក​គាត់​ដែល​នាំ​គ្នា​តវ៉ា​ទប់​ស្កាត់​សកម្ម​ភាព​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​គោរព​បូជា ទៅ​កាន់​តុលាការ​វិញ។

លោក​បន្ត​ថា៖ «អ្នកឈ្លានពាន អ្នកដែលកាប់រំលំព្រៃឈើខុសច្បាប់ កាប់ដី​ព្រៃ​អារក្ស​ពួក​ខ្ញុំ បែរ​ជា​អត់​ខុស មក​ខុស​ពួក​ខ្ញុំ​ដែល​នាំ​គ្នា​ការ​ពារ​ព្រៃ​អារក្ស​ដូនតា​ទៅ​វិញ?។ អ្នក​គប់​គិត​គ្នា​លួច​លក់​ព្រៃ​ឈើ ព្រៃ​អារក្ស ដី​ព្រៃ​សាធារណៈ​របស់​​រដ្ឋ ម៉េច​បាន​ជា​អាជ្ញាធរ ឬ​តុលាការ​អត់​យក​ចិត្ត​ទុក​ដាក់​ផ្តន្ទា​ទោស។ បែរ​ជា​មក​រក​រឿង​ប្តឹង​ពួក​ខ្ញុំ​ដែល​ជា​ជន​រង​គ្រោះ ការ​ពារ​ព្រៃ​ឈើ​ទៅ​វិញ?។

វីអូឌី នៅមិនទាន់អាចទាក់ទង លោក សៀត សីលា មេការ​​តំណាង​ក្រុម​ហ៊ុន​ដែល​ជា​ដើម​ចោទ​ប្តឹង​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ដើម​ចំនួន ៤នាក់ និង​បក្ខ​ពួក ដើម្បី​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

ទាក់ទិនបញ្ហានេះដែរ លោក ឌិន ខន្នី អ្នក​សម្រប​សម្រួល​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​រតន​គិរី​ ដែល​ចុះ​ឃ្លាំ​មើល​ផ្ទាល់​​ដល់​មុខ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជាក់​ថា វិវាទ​នេះ​កើត​ចេញ​ពី​ករណី​មាន​ឈ្មួញ​ដី​ម្នាក់ បាន​ចូល​មក​ទិញ​ដី​នៅ​ក្នុង​មូល​ដ្ឋាន​ឃុំ​តាឡាវ ស្រុក​អណ្តូង​មាស ចំនួន ១៥​ហិកតា។ លោក​ថា តាម​ការ​អះ​អាង​ពី​ប្រជា​ពលរដ្ឋ​បញ្ជាក់​ប្រាប់ គឺ​​ឈ្មួញ​ដី​ខាង​លើ ក៏​បាន​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ នៅ​ជាប់​តំបន់​នោះ​បន្ថែម​ទៀត ដើម្បី​ពង្រីក​ផ្ទៃ​ដី ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ដី​ព្រៃ​អារក្ស​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់ ទើប​ពួក​គាត់​នាំ​គ្នា​តវ៉ា​ទប់​ទល់​នឹង​សកម្ម​ភាព​កាប់​បំផ្លាញ​ដី​ព្រៃ​គោរព​បូជា​របស់​ពួក​គាត់។ ខណៈ​អាជ្ញាធរ​មូល​ដ្ឋាន​ មិន​បាន​ជួយ​ឈឺ​ឆ្អាល ឬ​ជួយ​ទប់​ស្កាត់ តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​ទេ។

លោក​ស្នើឲ្យ​តុលាការ​ខេត្ត​រតន​គិរី បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​វិវាទ​នេះ ដើម្បី​ផ្តល់​យុត្តិ​ធម៌​ក្នុង​ករណី​នេះ​ឲ្យ​បាន​ឆាប់។

លោកបន្ថែម​ដូច្នេះថា៖ «សម្រាប់ខ្ញុំៗ មើល​ឃើញ​ថា បញ្ហា​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ទន្ទ្រាន​​​ដី​ព្រៃ​របស់​រដ្ឋ ដោយ​​សារ​តែកា​រ​ទន្ទ្រាន​ដី​ព្រៃ​អារក្ស ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ហ្នឹង គឺ​បាន​កើត​មាន​យូរ​មក​ហើយ គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០២៥​​​មក​ម៉្លេះ ហើយមិ​ន​ត្រូវ​បាន​ទប់​ស្កាត់​មិន​ត្រូវ​បាន​ដោះ​ស្រាយ។ ហើយ​ព្រៃ​អារក្ស​របស់​ពួក​គាត់​ហ្នឹង រង​ការ​កាប់​​ទន្ទ្រាន​អត់​ឈប់​ឈរ ខណៈ​ពួក​គាត់​បាន​រាយ​ការណ៍​ទៅអា​ជ្ញាធរ​ហើយ ក៏​នៅ​តែ​កាប់​ទន្ទ្រាន។ អញ្ចឹង​ហើយ​គាត់​មិន​ដឹង​ធ្វើ​ម៉េច គាត់​មិន​ដឹង​ទៅ​ណា?។ ទើប​គាត់​សម្រេច​ចិត្ត​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ក្រៅ​ច្បាប់​ ដែល​ធ្វើ​ឱ្យ​ខ្លួន​ឯង​ហ្នឹង​ជា​ជន​រង​គ្រោះ ក្លាយ​ជា​ជន​​សង្ស័យ​ទៅ​វិញ?»។

យ៉ាងណាក៏ដោយចុះ ក្រោយបញ្ចប់ការសាកសួរ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​រតន​គិរី ក៏​បាន​អនុ​ញ្ញាត​ឲ្យ​​ប្រជា​​ពលរដ្ឋ​​ជន​​​ជាតិ​​ដើម​​ភាគ​​តិច​​ទាំង ៤នាក់ វិល​ត្រឡប់​ទៅ​កាន់​ផ្ទះរៀ​ងៗ​ខ្លួន​វិញ ដោយ​មិន​មាន​ការ​ឃុំ​ខ្លួន​ឡើយ ។

របាយការណ៍សង្គមស៊ីវិលខ្លះ រក​ឃើញ​ថា ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​រតន​គិរី​ បាន​និង​កំពុង​រង​ការ​រំលោភ​បំពាន​​ដី​ធ្លី​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​កង្វះ​ខាត​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​សមូហ​ភាព​ គម្រោង​សម្ប​ទាន​សេដ្ឋ​កិច្ច​របស់​ក្រុម​ហ៊ុន​ឯកជន និង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត។ កត្តា​ទាំង​នេះ​បាន​ធ្វើឱ្យ​​ពួក​គាត់​​បាត់​បង់​ដី​ស្រែ​ចម្ការ ប៉ះ​ពាល់​ដល់​ព្រៃ​ជំនឿ និង​វប្ប​ធម៌​រស់​នៅ​បែប​ប្រពៃណី។

មូលហេតុចម្បងៗ​ដែល​គេរក​ឃើញ គឺបណ្ដាលឱ្យ​មា​ន​ការ​រំលោភ​បំពាន​ដីធ្លី​ រួម​មាន​ភាព​យឺត​យ៉ាវ​នៃ​ការ​ចុះ​បញ្ជី​ដី​សមូហ​ភាព នីតិ​វិធី​ស្មុគ​ស្មាញ​នៃ​ដំណើរ​ការ​សុំ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សមូហ​ភាព​តម្រូវ​ឱ្យ​ឆ្លង​កាត់​ក្រសួងចំ​នួន​បី​ គឺ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​រៀប​ចំដែន​ដី ដែល​ធ្វើ​ឱ្យ​ការ​ដោះ​ស្រាយ​មាន​ភាព​យឺត​យ៉ាវ​ខ្លាំង។

លើស​ពី​នេះ​ គឺ​កង្វះ​កិច្ច​ការ​ពារ​ផ្លូវ​ច្បាប់ នៅ​ពេល​ដែល​ដី​ធ្លី​ពុំ​ទាន់​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ផ្លូវ​ការ វា​ងាយ​នឹង​រង​ការ​ទន្ទ្រាន​ពី​សំណាក់​ជន​ខិល​ខូច ឬ​ក្រុម​ហ៊ុន​វិនិ​យោគ ជា​ពិសេស គម្រោង​សម្ប​ទាន​សេដ្ឋ​កិច្ច និង​ការ​វិនិយោគ​ឯក​ជន ការ​ឈូស​ឆាយ​រំលោភ​ដែន​ដី ពី​ក្រុម​ហ៊ុន​ឯកជ​ន (ទាំ​ង​ក្នុង​ស្រុក និង​បរទេស) ដែល​ទទួល​បាន​សិទ្ធិ​សម្ប​ទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋ ជា​រឿយៗ​បាន​ឈូស​ឆាយ​រំលោភ​ចូល​ដី​អាស្រ័យ​ផល និង​ព្រៃ​អារក្ស​របស់​សហគមន៍។

បញ្ហានេះធ្វើមានការតវ៉ាជាញឹក​ញាប់ពីការបំផ្លាញ​តំបន់​សក្ការៈ ដែល​ថា ក្រុម​ហ៊ុន​ខ្លះ​បាន​ឈូស​ឆាយ​ភ្នំ ឬ​ព្រៃ​តំណម​ដែល​​ជា​ទីគោ​រព​បូជា និង​ជា​អត្ត​សញ្ញាណ​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច ដោយ​សារ​តែភាព​ទន់​ខ្សោយ​នៃ​ការ​អនុ​​វត្ត​​ច្បាប់ និង​ប្រព័ន្ធ​យុត្តិ​ធម៌។

រីឯការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​ ក៏​បាន​រក​ឃើញ​ដែរ​ថា ក្រុម​ហ៊ុន​មាន​អំណាច​​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​អាវុធ ធ្វើ​ឱ្យ​តំណាង​សហគមន៍​ដែល​ចេញ​មុខ​ការ​ពារ​ដី​ធ្លី តែង​តែ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ពី​បទ​បំផ្លាញ​​ទ្រព្យ​សម្បត្តិ ឬ​ញុះ​ញង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ