មិនខុសពីតុលាការថ្នាក់ទាប នៅថ្ងៃព្រហស្បតិ៍នេះ សភាព្រហ្មទណ្ឌនៃតុលាការកំពូល បានតម្កល់ការផ្តន្ទាទោសទៅលើអ្នកសារព័ត៌មានពីររូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន ១៤ឆ្នាំ ពាក់ព័ន្ធនឹងរឿងសម្ងាត់នៃការការពារជាតិ។
លោក ផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និងលោក ភាព ភារ៉ា អ្នកសារព័ត៌មាន TSP68 TV Online ត្រូវបានចាប់ខ្លួននៅទីតាំងផ្សេងគ្នា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយត្រឡប់ពីធ្វើបទយកការណ៍ពីបញ្ហាព្រំដែនវិញ។ មុនការចាប់ខ្លួន អ្នកសារព័ត៌មានទាំងពីរនេះ ត្រូវបានគេឃើញថតជាប់ជាមួយនឹងទាហានកម្ពុជានៅពីមុខប្រាសាទតាក្របី និងមានជាប់រូបគ្រាប់មីននៅខាងក្រោយ ហើយរូបភាពនោះ ត្រូវបានថតក្រោយពីបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រូបភាពទាំងនោះ ត្រូវបានគេយកបង្ហោះចែកចាយឡើងវិញ ដោយសារព័ត៌មានថៃ ដោយមានរូបភាពមីន នៅផ្ទៃខាងក្រោយដែលមិនបញ្ជាក់ទីតាំង។
បន្ទាប់ពីការចាប់ខ្លួន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកទាំងពីរ ត្រូវបានសាលាដំបូងខេត្តសៀមរាប ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ១៤ឆ្នាំ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ខណៈសាលាឧទ្ធរណ៍បាត់ដំបង បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
មេធាវីការពារសិទ្ធិឱ្យអ្នកសារព័ត៌មានទាំង២រូប លោក អ៊ុន ច័ន្ទថុល បានឱ្យដឹងថា សភាព្រហ្មទណ្ឌនៃតុលាការកំពូល បានប្រកាសសាលដីកានៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ដោយសម្រេចតម្កល់រក្សាការផ្តន្ទាទោសដាក់ពន្ធនាគារ ១៤ឆ្នាំ លើលោក ផន សុភាព និងលោក ភាព ភារ៉ា។ ប៉ុន្តែលោកនៅមិនដឹងថាតើតុលាការសំអាងលើមូលហេតុអ្វីនៅឡើយទេ ដោយសារតែលោកនៅពុំទាន់ទទួលបានសាលដីកាស្ថាពរភ្លាមៗពីតុលាការនៅឡើយ។
លោកមេធាវី អ៊ុន ច័ន្ទថុល បានបង្ហាញការសោកស្តាយ ដែលកូនក្តីរបស់លោកត្រូវតុលាការកាត់ឱ្យជាប់ទោសក្នុងបទល្មើសមួយដែលធ្ងន់ធ្ងរ បើទោះបីជាក្រុមមេធាវីបានស្នើយ៉ាងទទូច ទៅតុលាការគ្រប់ជាន់ថ្នាក់ សុំប្តូរបទចោទពីមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ មកមាត្រា ៤៧៩ នៃក្រមព្រហ្មទណ្ឌ ដោយសារតែកូនក្តីរបស់លោកមានការធ្វេសប្រវេស ខ្ជីខ្ជា ដែលបង្ហោះរូបមួយចំនួនៅលើបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈ និងសុំឱ្យប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ក្តី។
លោកបានគូសបញ្ជាក់ថា៖ «ទោះបីជានិពន្ធនាយក និពន្ធអត្ថបទ ឬចាងហ្វាងអីហ្នឹង គាត់សរសេរមានកំហុសទៅលើបទល្មើសព្រហ្មទណ្ឌក៏ដោយ គឺមាត្រា២០នៃច្បាប់ពិសេស សម្រាប់ស្តីពីរបបសារព័ត៌មានហ្នឹងថា ពុំមានជនណាមួយត្រូវបានចាប់ចង ឬឃុំឃាំងដោយសារតែការបញ្ចេញមតិនោះទេ ចឹងយើងបានលើកមាត្រាហ្នឹងហើយ ហើយលើកមាត្រាផ្សេងៗពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងអង្គសវនាការហ្នឹងអស់ហើយ ប៉ុន្តែការសម្រេចរបស់សភាព្រហ្មទណ្ឌតុលាការកំពូល លោកសំអាងយ៉ាងម៉េចៗ បានគាត់រក្សាតម្កល់ដដែល ជាឆន្ទានុសិទ្ធិរបស់សភាព្រហ្មទណ្ឌតុលាការកំពូល[…] ខ្ញុំមានការសោកស្តាយដែលកូនក្តីរបស់ខ្ញុំគាត់ជាប់ដល់ ១៤ឆ្នាំនេះ វាធ្ងន់ធ្ងរណាស់ ទើបតែលើកទី១ក្នុងបទពិសោធន៍ខ្ញុំការពារអ្នកការសែតក្នុងឆ្នាំ២០១៩មកដល់ឥលូវ វាប្រាំមួយប្រាំពីរឆ្នាំ វាអត់ដែរជួប ប៉ុន្តែវាជាបទល្មើសមួយដែលកើតឡើងឋិតក្នុងអង្គហេតុនៃវិវាទ គេហោថា វិវាទជម្លោះព្រំដែនជាមួយកម្ពុជា-ថៃ»។
នៅថ្ងៃដែលតុលាការកំពូល បើកការជំនុំជម្រះករណីអ្នកសារព័ត៌មានទាំងពីររូបនេះ កាលពីថ្ងៃទី១៩ ខែមិថុនា អ្នកស្រី ព្រំ យ៉ន ម្តាយរបស់លោក ផន សុភាព បានប្រាប់សារព័ត៌មានខេមបូចាទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់មិនបានក្បត់ជាតិ ឬបញ្ជូនព័ត៌មានទៅឱ្យអង្គភាពបរទេសឡើយ។ អ្នកស្រីបានពណ៌នាអំពីកូនអ្នកស្រីថា ជាអ្នកសារព័ត៌មានដែលតែងតែរាយការណ៍អំពីបញ្ហាសង្គម ហើយបាននិយាយថា កំហុសណាមួយដែលពួកគេបានធ្វើ គឺជារឿងអចេតនាទេ។
ការណ៍នេះ អ្នកស្រីបានអំពាវនាវដល់រដ្ឋាភិបាល និងតុលាការ អត់ឱនឱ្យអ្នកសារព័ត៌មានទាំង២រូបនោះ និងដោះលែងពួកគេឱ្យមានសេរីភាពបានជួបជុំគ្រួសារឡើងវិញ។
ជាមួយគ្នានេះ អង្គការលីកាដូក៏បានស្រង់ប្រសាសន៍អ្នកស្រី ព្រំ យ៉ន មកផ្សព្វផ្សាយដែរ ដោយអ្នកស្រីនិយាយក្នុងសម្តីដើមថា៖ «ជួយអនុគ្រោះកូនខ្ញុំផង ព្រោះអីកូនខ្ញុំបានធ្វើខុសឆ្គង មិនមានចេតនារឿងហ្នឹងទេ ដោយភ្លេចខ្លួន មានកំហុសនេះ គឺខ្ញុំមានការឈឺចាប់ណាស់ អាណិតកូនណាស់ ព្រោះអីវាព្រាត់ប្រាស់ពីឪពុកម្តាយ កូនចៅ ហើយពួកខ្ញុំចាស់ៗហើយ ប្តីខ្ញុំក៏ឈឺទៀត»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេនៅរសៀលថ្ងៃទី២៥ខែមិថុនានេះ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់តុលាការកំពូល ដែលតម្កល់ការផ្តន្ទាទោសទៅលើអ្នកសារព័ត៌មានទាំងពីររូប ដែលលោកថា នឹងជះឥទ្ធិពលអវិជ្ជមានដល់ការទទួលបានព័ត៌មានរឿងព្រំដែន និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានភាពប្រសើរឡើងនូវសេរីភាពសារព័ត៌មាននៅកម្ពុជា ព្រមទាំងធ្វើឱ្យអ្នកសារព័ត៌មានផ្សេងទៀត មានភាពភ័យខ្លាចក្នុងការរាយការណ៍ព័ត៌មានរឿងព្រំដែន។
លោកថា៖ «សម្រាប់ខ្ញុំ ការសម្រេចរបស់តុលាការដាក់ទោសឱ្យគាត់ជាប់ពន្ធនាគាររហូតទៅដល់ ១៤ឆ្នាំ ជារឿងមួយដែលធ្ងន់ធ្ងរសម្រាប់ពួកគាត់ទាំងពីរ ហើយជារឿងមួយដែលធ្ងន់ធ្ងរ ហើយខ្ញុំនៅតែសង្ឃឹមថា ពួកគាត់អាចនឹងទទួលបាននូវការលើកលែងទោស នៅក្នុងរូបភាពផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យពួកគាត់បន្តការងាររបស់ពួកគាត់ ហើយនិងមួយវិញទៀត គឺថាឱ្យពួកគាត់មានសេរីភាព ដើម្បីជួបប្រពន្ធកូនសាច់ញាតិរបស់ពួកគាត់ឡើងវិញ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ជារឿងធ្ងន់ធ្ងរមួយ ដែលតុលាការផ្តន្ទាទោសទៅលើអ្នកសារព័ត៌មានទាំង២រូប ឱ្យជាប់ទោសពន្ធនាគារក្នុងម្នាក់ៗដល់១៤ឆ្នាំ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ ខណៈពួកគេជាខ្នងបង្អែកក្នុងគ្រួសារ។
មួយវិញទៀត លោកថា លោក ផន សុភាព និងលោក ភាព ភារ៉ា មានអាជីពជាអ្នកសារព័ត៌មាន ដែលស្ថាប័នតុលាការគួរប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ទៅលើពួកគេ ប្រសិនបើពួកគេមានកំហុសឆ្គងក្នុងអាជីព ឬក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោកបន្តថា៖ «កន្លងមក យើងក៏ឃើញដែរ ទាំងអង្គការក្នុងស្រុក អង្គការអ្នកកាសែតអន្តរជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពសារព័ត៌មាន ឬក៏លំហរសេរីភាពសារព័ត៌មានហ្នឹង មានការធ្លាក់ចុះ[…] ចឹងគឺដើម្បីកុំឱ្យមានការរិះគន់ និងដើម្បីធានានូវលំហសេរីភាពសារព័ត៌មាន កម្ពុជាគួរយកច្បាប់ស្តីពីរបបសារព័ត៌មានហ្នឹងមកអនុវត្តលើអ្នកសារព័ត៌មាន ដែលមានកំហុសឆ្កងលើអាជីព និងក្រមសីលធម៌អ្នកសារព័ត៌មាន ជាជាងយកក្រមព្រហ្មទណ្ឌយកមកអនុវត្តលើពួកគេ ដែលវាអាចប៉ះពាល់ទៅដល់លំហសេរីភាពនៃសារព័ត៌មាន»។
បើតាមការចងក្រងរបស់លីកាដូ អ្នកទាំងពីរក៏សិ្ថតក្នុងចំណោមមនុស្ស ១១៧ នាក់ កំពុងជាប់ឃុំដោយសារការប្រើសិទ្ធិផងដែរ។
ចំណែក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានប្រាប់វីអូឌីកាលពីពេលថ្មីៗនេះថា ប្រសិនបើធ្វើការប្រៀបធៀបរវាងការកាត់ទោសអ្នកកាសែត ២នាក់ ឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ និងលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យបាត់បង់ទឹកដីខ្មែររហូតដល់ជិត ៧០ទីតាំង មានទំហំរាប់រយរាប់ពាន់គីឡូម៉ែត្រក្រឡា គឺបង្ហាញពីគម្លាតនៃអយុត្តិធម៌សែនឆ្ងាយ ពីព្រោះការធ្វើឱ្យបាត់បង់ទឹកដី គឺជាទោសក្បត់ជាតិធ្ងន់ធ្ងរ ប៉ុន្តែមេដឹកនាំបក្សកាន់អំណាចបែរជាមិនត្រូវបានផ្តន្ទាទោសនោះឡើយ។
បើតាមអ្នកជំនាញកិច្ចការព្រំដែនរូបនេះ ការណ៍ដែលអ្នកកាសែតទៅថតរូបនៅប្រាសាទតាក្របី ដោយជាប់មីននៅពីក្រោយ អាចជារឿងអចេតនា ឬក៏ជារឿងចៃដន្យ ដែលមិនគួរត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារដល់១៤ឆ្នាំនោះឡើយ។ ការណ៍នេះ លោកថា តុលាការគួរតែគិតពិចារណាឡើងវិញ ពីព្រោះការកាត់ទោសអ្នកកាសែតធ្ងន់ធ្ងរបែបនេះ មិនមែនជាការជួយការពារទឹកដីនោះទេ ប៉ុន្តែអាចជាការជួយលុបលាងបិទបាំងកំហុសដែលត្រកូលហ៊ុនធ្វើឱ្យបាត់បង់ទឹកដីទៅវិញ។
លោកថា៖ «ប្រសិនបើប្រព័ន្ធនេះ នៅតែអ៊ីចឹង វាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ដែលគាត់គ្រាន់តែបញ្ចេញមតិ ប៉ះពាល់ទៅដល់អ្នកសារព័ត៌មានគ្រាន់តែទៅយកព័ត៌មានពិត នៅតាមជាយដែន ក៏មានទោសជាប់គុករហូតដល់១៤ឆ្នាំ ហើយក៏ប៉ះពាល់ទៅដល់ការចូលរួម ក្នុងការការពារទឹកដីផងដែរ ធ្វើឱ្យមនុស្សមួយចំនួនលែងចង់យកព័ត៌មានពិតមកជូនប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកការពារទឹកដី ដល់ចឹងវាអាចប៉ះពាល់ទៅដល់ការការពារទឹកដីផងដែរ»។
គួរបញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការយាយីផ្សេងៗទៅលើអ្នកសារព័ត៌មានជាដើម។ តាមការវាយតម្លៃរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន សេរីភាពសារព័ត៌មាននៅក្នុងកម្ពុជា គឺស្ថិតនៅក្នុងស្ថានភាពអាក្រក់ធ្ងន់ធ្ងរ ដោយបានធ្លាក់ចុះចំណាត់ថ្នាក់រហូតដល់១០លេខ គឺនៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៥១ ហើយនៅក្នុងឆ្នាំ២០២៥បានធ្លាក់ដល់១៦១ នៅក្នុងចំណោមបណ្តាប្រទេសចំនួន១៨០នៅលើពិភពលោក។
ជាមួយគ្នានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី១៩ខែកុម្ភៈ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយកត់សម្គាល់ជាមួយនឹងក្តីកង្វល់ថា អ្នកសារព័ត៌មានត្រូវបានកោះហៅ ឃាត់ខ្លួន និងឃុំខ្លួនបានកើតមានឡើងជាបន្តបន្ទាប់។ ការកោះហៅ ការឃាត់ខ្លួន ការឃុំខ្លួនអ្នកសារព័ត៌មានបែបនេះ បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យបរទេសចាប់យកជាមូលដ្ឋាន ធ្វើជារបាយការណ៍ និងវាយតម្លៃចោទប្រកាន់មកលើរដ្ឋាភិបាលកម្ពុជាថា បានបំភិតបំភ័យ បំបាក់ស្មារតី និងធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ។
បើតាមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កម្មវិបាកនៃទង្វើទាំងនេះនឹងជះត្រឡប់មកវិញ ដែលមិនគួរមើលរំលង គឺជាការធ្វើឱ្យរិករិលជំនឿលើការអនុវត្តច្បាប់ និងដាក់បន្ទុកបង្កការលំបាកដល់រដ្ឋាភិបាល ចំពោះសាធារណៈមតិទាំងក្នុងប្រទេស និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ៕









