លោក ត្រាំ ស្នើ​សុំ​ថវិកា​ជាង​៨៧​ពាន់​លាន​ដុល្លារ​ពី​សភា​ភាគ​ច្រើន​សម្រាប់​ចំណាយ​«បន្ទាន់»​ក្នុង​សង្គ្រាម​អ៊ីរ៉ង់

សេត​វិមាន​ កាល​ពី​​ថ្ងៃ​ទី​២៤ខែ​មិថុនា បាន​ស្នើ​សុំ​ឱ្យ​សមាជិក​សភា​អនុ​ម័ត​កញ្ចប់​ថវិកា​ចំនួន ៨៧,៦ ពាន់​លាន​ដុល្លារ ដែល​ភាគ​ច្រើន​សម្រាប់ «តម្រូវ​ការ​បន្ទាន់» ពាក់​ព័ន្ធ​នឹង​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​សភា​បាន​អនុ​ម័ត​សេចក្តី​សម្រេច​កម្រិត​អំណាច​សង្គ្រាម​របស់​ប្រធានា​ធិបតី។

ថវិកា​ភាគ​ច្រើន ពោលគឺ ៦៧ ពាន់លានដុល្លារ គឺ​សម្រាប់​ក្រសួង​ការ​ពារ​ជាតិ រួម​មាន គ្រាប់​រំសេវ ចំណាយ​ប្រតិ​បត្តិ​ការ និង​កម្ម​វិធី​សម្ងាត់។ ថវិកា​ដែល​នៅ​សល់ សម្រាប់​វិធាន​ការ​មិន​ពាក់​ព័ន្ធ រួម​មាន ១១ ពាន់​លាន​ដុល្លារ​សម្រាប់​កសិករ​អាមេ​រិក និង ១,៤ ពាន់​លាន​ដុល្លារ ដើម្បី​ដោះ​ស្រាយ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​អេបូ​ឡា​នៅ​អាហ្វ្រិក​កណ្តាល។

សំណើនេះ​ប្រឈម​នឹងការតស៊ូយ៉ាងស្វិតស្វាញនៅក្នុងសភា ដោយសារតែជម្លោះជាមួយ​អ៊ីរ៉ង់​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​ឡើយ ហើយ​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ ក៏​កំពុង​ខិត​ជិត​មក​ដល់​នៅ​ខែ​វិច្ឆិកា​នេះ។

លិខិតស្នើសុំថវិកា​របស់​សេត​វិមាន​ដែល​ផ្ញើ​ទៅកាន់​ប្រធាន​រដ្ឋ​សភា លោក ម៉ៃ ចនសុន (Mike Johnson) បាន​បញ្ជាក់​​ថា ថវិកា​នេះ​គឺ​សម្រាប់ «ប្រតិបត្តិការ Epic Fury» និង​រួម​បញ្ចូល​ទាំង​ថវិកា​ប្រហែល ៣០០ លាន​ដុល្លារ ដើម្បី​ពង្រឹង​សន្តិ​សុខ​នៅ​តាម​ស្ថាន​ទូត​អាមេរិក​នៅ​មជ្ឈិម​បូព៌ា និង​អាស៊ី​ខាង​ត្បូង។

ទោះបីជាបច្ចុប្បន្នមានបទឈប់បាញ់ក៏ដោយ ក៏ក្រសួងការពារជាតិចាំបាច់​ត្រូវបំពេញឃ្លាំងអាវុធឡើងវិញ​។ ការ​ស្នើសុំនេះ ធ្វើឡើងចំពេលដែលសមាជិកសភាបក្សសាធារណរដ្ឋ បង្ហាញ​ការ​សង្ស័យ​ចំពោះ​ផែន​ការ​សន្តិ​ភាព​ដែល​លោក ត្រាំ បាន​ព្រម​ព្រៀង​ជាមួយ​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន។

មុនពេលកិច្ចប្រជុំកាលពីថ្ងៃទី​២៤ខែ​មិថុនា នៅវិមាន Capitol លោក ត្រាំ បានពិ​ពណ៌នា​ការ​បោះ​ឆ្នោត​លើ​អំណាច​សង្គ្រាម​នោះ​ថា​ជា «ទង្វើ​ខុស​ពេល​វេលា និង​គ្មាន​ន័យ» ហើយ​បាន​ហៅ​សមាជិ​ក​ព្រឹទ្ធ​សភា​បក្ស​ខ្លួន ៤ រូប ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​ខាង​គណបក្ស​ប្រជា​ធិប​តេយ្យ​ថា​ជា «អ្នក​ចាញ់»។

សមាជិកព្រឹទ្ធសភាម្នាក់ក្នុងចំណោមនោះ គឺលោក ប៊ីល ខាស៊ីឌី (Bill Cassidy) បាន​តវ៉ា​ទៅ​កាន់​ប្រធានា​ធិបតី​ថា លោកមិ​ន​បាន​ប្រាប់​ប្រជាជន​អំពី​អ្វី​ដែ​ល​កំពុង​កើត​ឡើង​នោះ​ទេ ដោយ​សង្គ្រាម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អូស​បន្លាយ​ពេល​តែ​បួន​សប្តាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះ​វា​បាន​អូស​បន្លាយ​ដល់​បួន​ខែ​ហើយ។

នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក ត្រាំ ក៏បានសម្តែង​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ​ថា ពួក​គេ​ចង់​ចាញ់​សង្គ្រាម​ព្រោះ​តែ​ភាព​ល្ងង់​ខ្លៅ។

កាលពីខែមុន មន្ត្រីហិរញ្ញវត្ថុរបស់ក្រសួងការពារជាតិបានប្រាប់សភាថា សង្គ្រាម​នេះ​បាន​ចំណាយ​អស់​ប្រហែល ២៩ ពាន់​លាន​ដុល្លារ​ហើយ ប៉ុន្តែ​អ្នក​វិភាគ និង​សមាជិក​សភា​បាន​និយាយ​ថា ការ​ប៉ាន់​ប្រមាណ​នេះ​មិន​ទាន់​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​​ពិត​​ប្រាកដ​នៃ​ការ​ខូច​ខាត​ហិរញ្ញ​វត្ថុ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ