ទណ្ឌកម្ម​អាមេរិក​លើ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​នៅ​កម្ពុជា​ទម្លាយ​​ឱ្យ​ឃើញ​ពី​ភាព​​​កំសាក​​មិន​​ហ៊ាន​​អនុ​​វត្ត​​ច្បាប់​​របស់​​របប​​ក្រុង​​ភ្នំពេញ

សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់​គ្លេស និង​ជប៉ុន បាន​និង​កំពុង​បង្កើន​យុទ្ធ​នា​ការ​កាត់​ផ្តាច់​ឫស​គល់​ហិរញ្ញ​វត្ថុ និង​ចាប់​ខ្លួន​មេខ្លោង​ធំៗ​នៃ​ឧស្សាហ​កម្ម​ឆបោក​នៅ​កម្ពុជា ​ខណៈ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ហាក់​ដូច​ជា​កំពុង​អនុ​វត្ត​ស្តង់​ដារ​ពីរ ដោយ​ផ្តោត​តែ​លើ​ការ​បង្ក្រាប​ជន​តូច​តាច​ដែល​គ្មាន​ខ្នង​បង្អែក ប៉ុន្តែ​ការ​ពារ និង​ព្រងើយ​កន្តើយ​​ចំពោះ​ឥស្សរជន​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច ព្រម​ទាំង​សមាជិក​គ្រួសារ​អ្នក​មាន​ឥទ្ធិ​ពល ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​កម្រិត​ពិភព​លោក​ទាំង​នេះ​ទៅ​វិញ។

ការណ៍នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីប្រព័ន្ធបក្សពួក​និយម​ដែល​ស្រឡាញ់​មុខ​មាត់ និង​ផល​ប្រយោជន៍​ក្រុម​គ្រួសារ ជាង​ផល​ប្រយោជន៍​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កំពុង​រុញ​ច្រាន​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ឱ្យ​ធ្លាក់​ចុះ​ដុន​ដាប និង​រង​ការ​ជាន់​ឈ្លី​នៅ​លើ​ឆាក​អន្តរ​ជាតិ​យ៉ាង​ធ្ងន់​ធ្ងរ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួង​​រតនា​គារ​ជាតិ​សហរដ្ឋ​អាមេ​រិក (U.S. Department of the Treasury)​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៦ យុទ្ធនា​ការ​អន្តរ​ជាតិ​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៅ​កម្ពុជា បាន​ឈាន​ដល់​ដំណាក់​កាល​ក្តៅ​គគុក តាម​រយៈ​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​យ៉ាង​ធ្ងន់​ធ្ងរ ទៅ​លើ​បុគ្គលចំ​នួន​ ៩នាក់ និង​ក្រុម​ហ៊ុន​ចំនួន ២៦ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​លំដាប់​យក្ស ព្រីនស៍ គ្រុប (Prince Group)។

ចំណាត់ការចុងក្រោយរបស់ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក (DOJ) កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ​ឆ្នាំ​២០២៦ ក្នុង​ការ​រឹប​អូស​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​លើ​គណនី​ក្លោដ (Cloud computing) របស់​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ ហួយ​វ័ន គ្រុប (Huione Group) គឺ​ជា​ការ​វាយ​ប្រហារ​ចំ​ចំណុច​ស្នូល​នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដែល​បម្រើ​ឱ្យ​ការ​លាង​លុយ​កខ្វក់​កម្រិត​ពិភព​លោក។

តាមរយៈប្រតិបត្តិការស៊ើបអង្កេត​រួមគ្នា​ ​រវាងការិយាល័យស៊ើបការសម្ងាត់ FBI និងភ្នាក់ងារស៊ើបអង្កេតបទល្មើស​ហិរញ្ញ​វត្ថុ​អាមេរិក (IRS-CI) បានរកឃើញថា បណ្តាញរបស់ ហួយវ័ន ដូច​ជា ហួយវ័ន ហ្គារ៉ានធី (Huione Guarantee) បានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីគាំទ្រដល់អាជីវកម្ម​ខុសច្បាប់នៅលើកម្មវិធី Telegram ក្នុងការទិញលក់ទិន្នន័យអត្តសញ្ញាណប័ណ្ណ កាតឥណទាន​ដែលបានមកពីការលួច ព្រមទាំងផ្តល់សេវាធានា (Escrow services) ដើម្បីលាងលុយ​រាប់​ពាន់​លានដុល្លារ ដែលបានមកពីមជ្ឈមណ្ឌលឆបោក  និងការជួញដូរមនុស្សនៅអាស៊ី​អាគ្នេយ៍។

ទន្ទឹមនឹងការកាត់ផ្តាច់ប្រព័ន្ធបច្ចេកវិទ្យានេះ ស្ថាប័នអនុវត្តច្បាប់ប្រឆាំងបទល្មើសហិរញ្ញវត្ថុ (FinCEN) របស់អាមេ​រិក ក៏បានស្នើធ្វើវិសោធនកម្មច្បាប់ ដើម្បីពង្រីកវិសាលភាពនៃការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អេចផេ ស៊ើវីស ភីអិល​ស៊ី (H-Pay Service PLC) ដែលជាបណ្តាញផ្ទេរប្រាក់របស់ ហួយវ័ន ផងដែរ។

ចំណាត់ការទាំងអស់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិក ក្នុងការ​កម្ទេចទាំង​ស្រុង​នូវប្រព័ន្ធឧក្រិដ្ឋកម្ម និងសេវាកម្មហិរញ្ញវត្ថុទាំងឡាយណា ដែលជួយជ្រោម​​ជ្រែង​​​ដល់ក្រុមឧក្រិដ្ឋជនឆ្លងដែន។

ចំណាត់ការចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីវិធានការបង្កកទ្រព្យសម្បត្តិទ្រង់ទ្រាយធំ ​កាលពីខែតុលា ឆ្នាំ​​២០២៥ កន្លង​ទៅ ដែលកាលណោះបានកំណត់មុខសញ្ញាក្រុមហ៊ុន និងបុគ្គលរហូតដល់​ទៅ ១៤៦ នាក់។

នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់គម្រោងរាយការណ៍ពីបទល្មើស និងអំពើពុករលួយ (OCCRP) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានលាតត្រដាងថា មេខ្លោងធំទីពីររបស់ក្រុមហ៊ុន ព្រីនស៍ គ្រុប គឺលោក ហូ ស៊ាវវៃ (Hu Xiaowei) ដែល​​ប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយជា​ច្រើន ត្រូវបានអាជ្ញាធរប៉ូលីសជប៉ុនចាប់ខ្លួនបានជាផ្លូវការ នៅក្នុងទីក្រុង​អូសាកា ប្រទេសជប៉ុន បន្ទាប់ពីការតាមដានការធ្វើដំណើរតាមយន្តហោះឯកជនរបស់រូបលោក។

លោក ហូ ស៊ាវវៃ ត្រូវបានរកឃើញថា ​ជាអ្នកចាត់ចែងបង្កើតបណ្តាញក្រុមហ៊ុនលាងលុយកខ្វក់នៅ​ក្រៅប្រទេស រួមមាន នៅកោះ ប្រ៊ីធីស វឺជីន អាយឡេនស៍ (British Virgin Islands) ហុងកុង និងសិង្ហបុរី ដែលបានទទួលលំហូរទឹកប្រាក់រាប់លានដុល្លារ ដែលបានមកពីជនរងគ្រោះ​នៃការឆបោកកាក់គ្រីបតូ។

ក្រៅពីនេះ បុគ្គលសំខាន់ៗផ្សេងទៀតដូចជា ចិន បូ (Chen Bo) ដែលជាប្រធានធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង (CCU Commercial Bank PLC) នៅភ្នំពេញ និង ប្រេនដុន ឡូ (Brendon Luo) ដែលជាវិនិយោគិនធំនៅក្នុងតំបន់ឆបោក ក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្មបន្ថែម បន្ទាប់ពីចក្រភពអង់គ្លេសបាន​បង្កកទ្រព្យសម្បត្តិ និងអចលនទ្រព្យរបស់ពួកគេនៅក្នុងទីក្រុងឡុងដ៍ និងតូក្យូ។

ទិន្នន័យពីវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) បានប៉ាន់ប្រមាណថា បណ្តាញឆបោក​​នៅកម្ពុជា អាចប្លន់​ប្រាក់​ពីជនរងគ្រោះទូទាំងពិភពលោកជិត ១៣ ពាន់​លានដុល្លារក្នុងមួយឆ្នាំៗ ដោយឡែកក្រសួងរតនាគារ​​អាមេ​រិក បាន​បញ្ជាក់​ថា ជនជាតិអាមេរិកបានខាតបង់ប្រាក់​រហូតដល់ទៅ ១០ លានដុល្លារក្នុងឆ្នាំ២០២៤ ដែលកើនឡើង ៦៦ ភាគរយធៀបនឹងឆ្នាំមុន។

ឧក្រិដ្ឋជនចិនដែលមានដីកាចាប់ខ្លួនពីប្រទេសកំណើតរបស់ខ្លួនតាំងពីឆ្នាំ២០១៦ ដូចជា លោក លីវ រ៉េន (Liu Ren) ដែលជាដៃស្តាំរបស់លោក ចេន ហ្ស៊ី (Chen Zhi) មេធំក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានទិញសញ្ជាតិខ្មែរតាំងពីឆ្នាំ២០១៨ ពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មុនពេលត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នទៅចិនវិញនាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ លោក លីវ រ៉េន ត្រូវបាន​ហែហម និងផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ពីសំណាក់សមាជិកគ្រួសារត្រកូល​ហ៊ុន ដូចជាលោក ហ៊ុន តូ លោក ហ៊ុន ម៉ានី និងសូម្បីតែលោកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោក ហ៊ុន ម៉ាណែត។

ការណ៍ដែលសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាល និងសាច់​សា​លោហិតអ្នកមានអំណាច ផ្តល់តម្លៃ និង​មុខមាត់​ឱ្យ​ឧក្រិដ្ឋ​ជន​ដែល​ជាប់​សង្ស័យ​ពីបទបង្ខាំងមនុស្ស ធ្វើទារុណកម្ម និងឆបោកតាមអន​ឡាញ បានបង្ហាញពីវប្បធម៌នៃការ​ដោះ​​ដូរ​ផល​ប្រយោជន៍ រវាងអំណាចនយោបាយ និងលុយ​កខ្វក់។ ​

ភាពអសកម្ម និងការមិនហ៊ានប៉ះពាល់ដល់មេខ្លោងពិតប្រាកដនេះ ត្រូវបានឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់តាមរយៈយុទ្ធនាការបង្ក្រាបដែលផ្តោតតែលើជនតូចតាច បុគ្គលិកកម្រិតទាប ឬជនបរទេស​​​ដែលគ្មានខ្នងបង្អែកធំដុំ។

លោក សេង វណ្ណលី នាយកកម្មវិធីតស៊ូមតិនៃអង្គការប្រជាភិបាលខ្មែរ (Khmer Democracy Organisation – KDO) ដែល​មាន​មូលដ្ឋាននៅអូស្ត្រាលី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ វីអូឌី (VOD) ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះថា ឧស្សាហ​កម្ម​ឆបោកនេះដំណើរការទៅបាន គឺដោយ​សារតែទំនាក់ទំនងស៊ីជម្រៅ និងការទទួលបានផលប្រយោជន៍ទៅ​វិញទៅមក រវាងមន្ត្រីជាន់ខ្ពស់នៅស្រុកខ្មែរ និងបណ្តាញឧក្រិដ្ឋជនចិន។

លោក​បានបន្ថែមថា របបភ្នំពេញមិនមែនមិនដឹងពីប្រវត្តិទុច្ចរិត​របស់បុគ្គលទាំងនេះ​ទេ ប៉ុន្តែដោយ​​សារ​តែ​សំណូក​សូក​​ប៉ាន់ និង​ការ​បរិច្ចាគលុយ ក្រោមរូបភាពមនុស្សធម៌ ទើបអាជ្ញាធរ​ព្រងើយ​កន្តើយមិនព្រមអនុវត្តច្បាប់។

នៅពេលដែលមានសម្ពាធពីអន្តរជាតិខ្លាំង អាជ្ញាធរច្រើនតែធ្វើការឆ្មក់បង្ក្រាបទៅលើទីតាំងតូចៗ ឬចាប់ខ្លួនកម្មករ​ធម្មតាៗ ដើម្បីធ្វើជារបាយការណ៍បង្អួតអន្តរជាតិថាខ្លួនបានចាត់វិធានការ ខណៈ​ដែលមេខ្លោងធំៗ និងឧកញ៉ា​ខ្មែរដែលមានឥទ្ធិពល នៅតែអាចបន្តអាជីវកម្មខុសច្បាប់របស់ខ្លួនបានដោយសុវត្ថិភាពក្រោមឆ័ត្រការពារនៃបក្សពួកនិយម។

ទង្វើការពារបក្សពួក និងការឱបក្រសោបផលប្រយោជន៍គ្រួសាររបស់មេដឹក​នាំ​កម្ពុជា កំពុង​តែ​បង្កើត​ជា​ហានិ​ភ័យ​ដ៏​ធំធេង​សម្រាប់អនាគតជាតិ។

ចំណាត់ការជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលបរទេស ដូចជា ការដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធ​សភា លោក កុក អាន នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ និងឧកញ៉ា លី យ៉ុងផាត់ កាលពីខែ​កញ្ញា ឆ្នាំ២០២៤ រួមទាំងការប្រកាសរឹតបន្តឹង​​ប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហួ​យវ័ន គ្រុប តាម​រយៈច្បាប់ យូអេសអេ ផាទ្រីយត អ៊ែកត៍ (USA PATRIOT Act) ក្នុង​ខែមិថុនា ឆ្នាំ២០២៦ នេះ គឺជាសញ្ញាព្រមានថា ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាទាំងមូល អាចនឹងត្រូវកាត់ផ្តាច់ពីប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ។

ប្រសិនបើលោក ហ៊ុន ម៉ាណែត នៅតែបន្តមិនហ៊ានវះកាត់សាច់ស្អុយ ឬចាត់វិធានការច្បាប់ឱ្យស្មើភាពគ្នាចំពោះសាច់​​ញាតិ និងឥស្សរជនបក្សកាន់អំណាចនោះទេ ផលវិបាកនឹងធ្លាក់ទៅលើប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ទាំងមូល។ ​

ប្រទេសជាតិ នឹងត្រូវបាត់បង់ឱកាសវិនិយោគទុនស្អាតស្អំពីបរទេស វិស័យ​ទេស​ចរណ៍​នឹង​ត្រូវ​បំផ្លាញដោយ​​សារ​ការ​ភ័យ​ខ្លាច​រឿង​ចាប់​ជំរិត និង​ជួញ​ដូរ​មនុស្ស ហើយកេ​រ្តិ៍​ឈ្មោះរ​បស់​កម្ពុជា​នៅលើ​ឆាក​អន្តរ​ជាតិ នឹង​ត្រូវ​ខូច​ខាត​ទាំង​ស្រុង ដោយ​សារ​តែ​រដ្ឋាភិ​បាល​សុខ​ចិត្ត​ដោះ​ដូរ​តម្លៃ​ និង​កិត្តិ​យស​ជាតិ ដើម្បី​តែ​ការ​ពារ​មុខ​មាត់​បក្ស​ពួក និង​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ពី​អំពើ​ទុច្ច​រិត​របស់​ជន​មួយ​ក្តាប់​តូច៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ