បទយក​ការណ៍៖ ប្រាសាទ​​បន្ទាយ​ឆ្មា​​​រ​កៀក​​​ព្រំដែន​​​ថៃ​​ហាក់​​​ត្រូវ​​​គេ​​ទុក​​ចោល ​ពលរដ្ឋ​​ធ្លាក់​ចុះ​​ចំណូល​​​ពី​អ្នក​​ទេសចរ

ក្រោយ​​​ពី​​ផ្ទុះ​​អាវុធ​ដែល​​យោធា​​ថៃ​​ឈ្លាន​ពាន​​កម្ពុជា ជម្លោះ​ព្រំដែន​​បន្ត​​អូស​បន្លាយ​​ពេល​ជាង​​កន្លះ​​ឆ្នាំ​​កន្លង​​មក​​នេះ មិន​​ត្រឹម​តែ​​ប៉ះ​ពាល់​​ពលរដ្ឋ​​ខ្មែរ​​រស់​​នៅ​​តំបន់​​ព្រំដែន​​កម្ពុជា-ថៃ​​ប៉ុណ្ណោះ​​ទេ​ សូម្បី​​​តែ​​ពលរដ្ឋ​ដែល​​ធ្លាប់​​រស់​​នៅ​​ពឹង​​ផ្អែក​​លើ​​វិស័យ​​ទេស​ចរណ៍​ ​ជុំវិញ​​​តំបន់​​រមណីយ​ដ្ឋាន​​ប្រាសាទ​​បន្ទាយ​ឆ្មារ​​ក្នុង​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​ ក៏​​រង​​ផល​​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​​ដែរ​ផ្នែក​សេដ្ឋ​កិច្ច និង​សុវត្ថិ​ភាព​ផ្លូវ​ចិត្ត។

អ្នក​លក់​នៅ​តំបន់​ប្រាសាទ​បុរាណ​នេះ​ កំពុង​ប្រឈម​ធ្លាក់​ចុះ​ប្រាក់​ចំណូល​កាន់​​តែ​​ធ្ងន់​ ដោយ​សារ​​ខ្សត់​​ភ្ញៀវ​​ទេសចរ​​ទៅ​ទស្សនា​​តំបន់​​នោះ ធ្វើ​ឱ្យ​ប្រាសាទ​ដ៏​ល្អ​ឯក​មួយ​នេះ​នៅ​ឯ​ខេត្ត​​បន្ទាយ​​មាន​​ជ័យ ​ជា​​ខេត្ត​​មួយ​​ក្នុង​​ចំណោម​​ខេត្ត​​ចំនួន​៤ របស់​​កម្ពុជា​​នៅ​​ជាប់​​ព្រំដែន​​កម្ពុជា-ថៃ ​​ប្រឈម​​មុខ​​នឹង​​សង្គ្រាម​​ឈ្លាន​ពាន​​របស់​​យោធា​​ថៃ ក្នុង​​រយៈ​​ពេល​​ជាង​​ ៧​ ខែ ​ចុង​​ក្រោយ​​នេះ​។

ខេត្ត​​នេះ​​មាន​​ប្រាសាទ​បុរាណ​​ចំណាស់​​ល្អ​ឯក​​មួយ​​បន្សល់​ទុក​​ជាង ១ពាន់​​ឆ្នាំ​​មក​​ហើយ​ ដែល​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ​​បាទ​ជ័យ​វរ្ម័នទី៧​ គឺ​ប្រាសាទ​បន្ទាយឆ្មារ​។ ប្រាសាទ​នេះ​ ជា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​​ដែល​ពលរដ្ឋរស់នៅ ក្នុង​​ខេត្ត​បន្ទាយ​មាន​ជ័យ ​ចាត់​ទុក​ថា ជា​កេរ​មរតក​ដូនតា​ដ៏​សំខាន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ក៏​​ប៉ុន្តែ​ក្រោយ​​ពេល​​ដែល​​យោធា​​ថៃ​​ឈ្លាន​ពាន​​កម្ពុជា​ ធ្វើ​​ឱ្យ​​​ប្រាសាទ​​នេះ​​ស្ងប់​ស្ងាត់​​ខ្លាំង និង​​ហាក់​​ត្រូវ​​​គេ​​ទុក​​ចោល​​ឱ្យ​​នៅ​​ឯកោ​ ស្ទើរ​​តែ​​គ្មាន​​អ្នក​​មើល​​ថែទាំ។

អ្នក​ផ្តល់​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ​ និង​អ្នក​លក់​ដូរ បាន​ប្រាប់​វីអូឌីថា ថ្ងៃ​​ខ្លះ​​ស្ទើរ​​តែ​​គ្មាន​​មនុស្ស​​មក​​ទស្សនា​​ប្រាសាទ​​នេះ ហើយ​​យូរ​​ៗ​​ម្តង​ ទើប​​ឃើញ​​មាន​មនុស្ស​​ពីរ​​ទៅ​​បី​​នាក់​ មក​​ថត​​រូប ​និង​​វីដេអូ ​កម្សាន្ត​​ម្តង​​ម្កាល​។

កំពុង​ជិះ​កង់​លក់​គ្រាប់​រុក្ខជាតិ​ព្រៃ​ លក់​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយ​ឆ្មារ ​គឺ​អ្នកស្រី ប្លង់ ធារី បង្ហាញ​កង្វល់​ក្នុង​ចិត្ត​ក្រោយ​ពី​ស្ងប់​ស្ងាត់​ភ្ញៀវ​ទេសចរ។ អ្នកស្រី​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា​​ថា នៅ​​ពេល​​ខ្សត់​​ភ្ញៀវ​​ទេសចរ គ្រួសារអ្នកស្រី​​ថយ​​ចុះ​ប្រាក់​ចំណូល​ ហើយ​ថ្ងៃ​ខ្លះ​លក់​មិន​ដាច់​សូម្បី​ ៥​ពាន់​រៀល។ អ្នក​ស្រី​បន្ថែមថា​ មុន​ពេល​ផ្ទុះ​អាវុធ​សៀម​​ឈ្លាន​ពាន​​កម្ពុជា​ មាន​ភ្ញៀវ​ទេសចរ​ប្រាសាទ​ហូរហែ​ មិន​ស្ងាត់​ដូច​បច្ចុប្បន្ន​ឡើយ​។

អ្នកស្រីថា៖ «លំបាកខ្លាំងណាស់កូន ចាំកាលទៅវិញអ្នកណាលុយទិញម្ហូបហូបទេ? ចាស! ដើររាល់ថ្ងៃហ្នឹងហើយ​កូន ដើរ​ដើម្បីតែលក់ដូរផ្ទះទៅ ចង់កាលក៏អត់បានទៀត។ មានតុបមានផ្ទះតាមផ្ទះក៏យ៉ាប់រកស៊ីដែរ សព្វថ្ងៃលក់អត់ដាច់​ទេ»។

បើក្រឡេកមើលពីទិដ្ឋភាពខាងក្រៅបរិវេណប្រាសាទ ក៏មានសភាព​ស្ងប់ស្ងាត់ដែរ យូរៗម្តងគេឃើញ សិស្សសាលា និង​យុវជន រស់នៅតំបន់នោះជិះម៉ូតូដើរលេងកម្សាន្ត ថតរូបភាព។ ឯទិដ្ឋភាពខាងក្នុងប្រាសាទមានដើមឈើធំៗ ដុះ​​ចាក់ឫស ជាប់នឹងផ្ទាំងថ្ម ​មើលទៅមានទេសភាពស្អាតប្លែក។

អ្នកលក់ដូរនៅជុំវិញប្រាសាទ បង្ហាញ​ទឹក​មុខ​ស្រងូត​ស្រងាត់ និង​រួសរាយរាក់ទាក់ នៅពេលដែលអ្នកទេសចរសួរនាំ។ ចំណែក​ទិដ្ឋភាព​ផ្លូវចូល​នៅ​ជុំវិញ​ប្រាសាទ​ក៏​ស្ងប់​ស្ងាត់​មនុស្ស ​ពុំ​សូវ​មាន​អ្នក​ដំណើរ ​និង​រថយន្ត​បើក​បរ​ច្រើន​ដែរ។

មុន​ខែ​កក្កដា ​ឆ្នាំ​​២០២៥ ​មិន​ទាន់​ផ្ទុះអាវុធសៀម​ឈ្លានពាន​កម្ពុជា​ ពលរដ្ឋ​រស់​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមាន​ជ័យ ​ជា​ពិសេស​យុវជន​ពេញ​កម្លាំង​ភាគ​ច្រើន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយភ្ញៀវទេសចរក៏ទៅទស្សនាក្នុងតំបន់នោះមិនដាច់ដែរ។

អាជីវករ​ម្នាក់​ទៀត​គឺ​អ្នកស្រី គឺ​អ្នកស្រី សាំង ពន្លក និយាយ​ថា ចាប់​តាំង​ពី​ផ្ទុះ​អាវុធ​សៀម​ឈ្លាន​ពាន​ មិនសូវ​មាន​ភ្ញៀវ​​ទេសចរ​មក​ទស្សនា​ប្រាសាទ​នេះ​ទេ​ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព។ អ្នកស្រី​បារម្ភ​ថា ការ​​ថយ​ចុះ​ប្រាក់​ចំណូល ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្សដែរ។

អ្នកស្រី សាំង ពន្លក និយាយថា៖ «ណាមួយពីមុនសម្បូរមនុស្សមកច្រើនទៅ អ្នកលក់ដូរក៏បានខ្លះជំនាន់បាន។ តែឥឡូវតាំងពីសង្គ្រាមមក អត់សល់មានមនុស្សមកទេ»

កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២៦ និស្សិត បញ្ញវន្ត​សង្ឃ ​និង​ក្រុម​យុវជន​ជាង ៦០ នាក់​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​​ស្វែង​យល់​ពី​ស្ថានភាព​ព្រំដែន​ ជីវភាព​ប្រជាជន និង​ស្ថានភាព​ប្រាសាទ​បុរាណ​ខ្មែរ​ ក្រោយ​ពី​ផ្ទុះ​អាវុធ​ជាមួយ​យោធា​​សៀម​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០២៥។

ដំណើរ​ទស្សនកិច្ច​នេះ​ ក្រុម​យុវជន​ និង​ព្រះសង្ឃ ​បាន​និមន្ត​ទៅ​ទស្សនា​ប្រាសាទ​បន្ទាយឆ្មារ ដោយ​ប្រទះ​ឃើញ​ស្ថាន​​ភាព​ប្រាសាទ​នេះ រង​ការ​ខូចខាត​ច្រើន និង​មាន​ថ្ម​គរ​លើក​គ្នា​ ក៏ប៉ុន្តែ​មាន​ផ្នែក​ខ្លះ​មាន​ការ​ជួសជុល​ឡើង​វិញ​តិច​តួច។ រីឯ​ឆ្មាំ​អភិរក្ស​ប្រាសាទ គេ​ឃើញ​មាន​មន្ត្រី​នគរបាល​ម្នាក់​ អង្គុយ​ខាង​មុខ​ប្រាសាទ​ច្រក​ចូល។

បញ្ញវន្ត​សង្ឃ ព្រះ​តេជ​គុណ​ដែល​ទស្សន​កិច្ច​សិក្សា​នៅ​តំបន់​ព្រំដែន គឺ​ព្រះ​តេជគុណ​ អេង ធារា មាន​ថេរ​ដីកា​ថា  ព្រះ​​អង្គ​​សោក​ស្ដាយ​ពេល​ឃើញ​ប្រាសាទ​បុរាណ​ម្ចាស់​នេះ​ខូច​ខាត​ច្រើន​ និង​បែក​បាក់​ខូច​រូបរាង​ គួរ​តែ​រៀបចំ​កែ​លម្អ​ និង​​​​ជួស​ជុល រក្សា​ទ្រង់​ទ្រាយ​ដើម​វិញ ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្គាល់ និង​រួមគ្នា​ថែរក្សាឱ្យគង់។

ព្រះតេជគុណ អេង ធារា មាន​ថេរ​ដីកាថា៖ «សូមឲ្យញាតិញោមពុទ្ធបរិស័ទដែលគាត់នៅឆ្ងាយពីព្រំដែនក្ដី សូមអញ្ជើញ​​មកតាមបន្ទាត់ព្រំដែន ឬមួយក៏តាមតំបន់រមណីយដ្ឋាននានាតាមប្រាសាទដែលនៅតាមព្រំដែន ដែលមាន​ការ​កសាងអីហ្នឹង ក៏​អញ្ជើញមកចូលរួមទស្សនា»។

មគ្គុទ្ទេសក៍​ទេសចរ​ និង​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ទស្សនា​ប្រាសាទ​បន្ទាយស្រី គឺ​លោក ចុម យឹង ​ចាត់​ទុក​ប្រាសាទ​នេះ​ផ្ដល់​​​ប្រយោជន៍​ច្រើន​ជួយ​ពលរដ្ឋ​ឱ្យ​រក​ប្រាក់​ចំណូល តាម​រយៈ​វិស័យ​ទេសចរ។ លោក​យល់​ថា ពលរដ្ឋ​ខ្មែរត្រូវ​សាមគ្គី​​គ្នា​ ស្រឡាញ់​ប្រាសាទ​បុរាណ​ទាំង​អស់​គ្នា និង​មក​ទស្សនា កុំ​ឱ្យ​ស្ងប់ស្ងាត់ដូចពេលនេះ។

លោក ចុម យឹង ថ្លែង​ថា៖ «អញ្ចឹងមួយទៀត អំពាវនាវឲ្យបងប្អូនយើងហ្នឹង ចូលរួមមកទស្សនាប្រាសាទបុរាណខ្មែរ​យើងឲ្យច្រើនកុះករ កុំឲ្យមានការស្ងាត់ ឲ្យមានការចូលរួមឲ្យកុះករច្រើន»

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ លោក ស៊ុម ម៉ាប់ បានចុះផ្តាច់ទូរសព្ទពេលអ្នកយកព័ត៌មានវីអូឌីសួរនាំពីបញ្ហានេះ ​​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ទិស​ភាគ​ពាយ័ព្យ​ លោក អ៉ិន គង់ជិត  ស្នើ​​​ឱ្យ​​ក្រសួង​វប្បធម៌​ពន្លឿន​ជួសជុល​កែ​លម្អ​ប្រាសាទ​បុរាណ​នេះ ​​ឱ្យ​ដូច​ទ្រង់ទ្រាយ​ដើម​ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ដើម្បី​ថែរក្សា​កេរ​ដំណែល​ព្រះ​មហាក្សត្រ​ជំនាន់​មុន។ លោក​បារម្ភ​ថា ភាព​ស្ងប់ស្ងាត់​នៃ​ប្រាសាទ​នេះ ហាក់​​ត្រូវ​បាន​គេ​ទុក​ចោល​ឱ្យ​នៅ​ឯកោ៖

លោក អ៊ិន គង់ជិត ថ្លែង​ថា៖ «ក្រសួងវប្បធម៌ ហើយនិងខាងក្រសួងទេសចរណ៍ហ្នឹង គឺត្រូវយកចិត្តទុក​ដាក់​ផ្សព្វ​ផ្សាយ​​អំពីប្រាសាទ​ខ្មែរ​បុរាណ​បន្ទាយឆ្មារហ្នឹង ដែលជាស្នាដៃបុព្វបុរសខ្មែរមួយដែរ»

ប្រាសាទ​បន្ទាយឆ្មារ ​​កសាង​ឡើង​ដោយ ព្រះបាទជ័យវរ្ម័នទី៧ (Jayavarman VII) ចុងសតវត្សរ៍ទី១២ រហូតដល់​ដើម​សតវត្សរ៍​ទី១៣ ដើម្បី​ឧទ្ទិស​ដល់​បុត្រា​របស់​ព្រះអង្គ គឺព្រះស្រីឥន្ទ្រកុមារ​ និង​មេទ័ព​ដ៏​ក្លាហាន​ទាំង​ ៤ រូប​ទៀត​ដែល​​ពលី​​ជីវិត​​ក្នុង​សមរភូមិ​ការពារ​ទឹកដី។ ប្រាសាទ​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ​ ហើយ​​ជា​​ស្ថាបត្យកម្ម​ដ៏​ធំធេង​មួយ​ក្នុង​រចនាប័ទ្ម​បាយ័ន។

របាយការណ៍​ក្រសួង​វប្បធម៌​ ឱ្យ​ដឹង​ថា ក្បាច់​ចម្លាក់​ និង​រចនា​សម្ព័ន្ធ​របស់​ប្រាសាទ​ស្ទើរ​តែ​ទាំង​អស់ ​បាន​ដួល​រលំ​ប្រហែល ៧០ ភាគរយ។ ប្រាសាទ​បុរាណ​នេះ ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ​ប្រហែល ៦៥ គីឡូម៉ែត្រ ជិត​ព្រះ​ដែន​​​កម្ពុជា-ថៃ។

ពលរដ្ឋ និង​ក្រុម​យុវជន ទទូច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​រួម​ថែរក្សា​កេរ​មរតក​ដូនតា​ទាំង​អស់​គ្នា​ ដោយ​ត្រូវ​នាំគ្នា​ទៅ​ទស្សនា និង​ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​ទូលំ​ទូលាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ