IMO ផ្អាក​ការ​ខំ​ប្រឹង​ប្រែង​ជម្លៀស​ប្រជា​ជន​នៅ​ច្រក​សមុទ្រ Hormuz ក្រោយ​មាន​ការ​វាយ​ប្រហារ

ទីភ្នាក់​ងារ​នាវា​ចរណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ កាល​ពី​ថ្ងៃ​​ទី​២៥ខែ​មិថុនា បាន​ថ្លែង​ថា ខ្លួន​នឹង​ផ្អាក​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជម្លៀស​ប្រជា​ជន ដើម្បី​នាំយ​ក​នាវា​រាប់​រយ​គ្រឿង​ដែល​ជាប់​គាំង ចេញ​តាម​ច្រក​សមុទ្រ​ Hormuz បន្ទាប់​ពី​មាន​នាវា​មួយ​គ្រឿង​ត្រូវ​បាន​វាយ​ប្រហារ​នៅ​ក្នុង​ឈូង​សមុទ្រ​អូម៉ង់ (Gulf of Oman)។

លោក Arsenio Dominguez អគ្គ​លេខា​ធិការ​នៃ​អង្គ​ការ​នាវា​ចរណ៍​អន្តរ​ជាតិ (IMO) របស់​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​ថ្លែង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ខ្ញុំ​ទទួល​បាន​ព័ត៌​មាន​អំពី​ការ​វាយ​ប្រហារ​មួយ​នៅ​ថ្ងៃ​នេះ នៅ​ក្នុង​ឈូង​​សមុទ្រ​អូម៉ង់ លើ​នាវា​មួយ​គ្រឿង​ដែល​បាន​ឆ្លង​កាត់​ច្រក​សមុទ្រ Hormuz»។ លោកបន្ថែម​ថា៖ «ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​អនុវត្ត​ជា​បណ្តោះ​អាសន្ន ដើម្បី​បញ្ជាក់​ឡើង​វិញ​ថា ការ​ធានា​សុវត្ថិ​ភាព​ចាំបា​ច់នៅ​តែ​បន្ត​មាន​សម្រាប់​នាវា​ទាំង​​ឡាយ ដែល​ស្ថិត​ក្នុង​បញ្ជី​ជម្លៀស​របស់​យើង និង​នាវា​ទាំង​អស់​នៅ​ក្នុង​តំបន់»។

មជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម​ដែន​សមុទ្រ​ចក្រ​ភព​អង់​គ្លេស បាន​និយាយ​កា​ល​ពី​ព្រឹក​ថ្ងៃទី​២៥​ខែ​មិថុនា​ថា នាវា​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​ក្រៅ​ឆ្នេរ​សមុទ្រ​អូម៉ង់ ត្រូវ​បាន​វាយ​ប្រហារ​ដោយ «គ្រាប់​ផ្លោង​មិន​ស្គាល់​អត្ត​សញ្ញាណ» ដែល​បណ្តាល​ឱ្យ​ខូច​ខាត​ដល់​ដំបូល​បញ្ជា (bridge) របស់​នាវា។

ទោះបីជាមាននាវាខ្លះបន្តឆ្លងកាត់ក៏ដោយ ប៉ុន្តែប្រទេសអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃទី​២៥ខែ​មិថុនា​ថា នាវា​ណា​ដែល​មិន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ខ្លួន​បាន​អនុ​ម័ត គឺ​នៅ​ជិត​ឆ្នេរ​សមុទ្រ​អ៊ីរ៉ង់ «នឹង​ត្រូវ​ដោះ​ស្រាយ​ទៅ​តាម​នោះ»។ កង​ទ័ព​ជើង​ទឹក​នៃ​ឆ្មាំ​បដិវត្តន៍ (Revolutionary Guard Navy) បាន​ព្រមាន​ថា ការ​ឆ្លង​កាត់​ក្រៅ​ពី​ផ្លូវ​នោះ​គឺ «មាន​គ្រោះ​ថ្នាក់​ខ្លាំង និង​ត្រូវ​បាន​ហាម​ឃាត់» ដោយ​បាន​និយាយ​ថា «កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន ឬ​ការ​សម្រប​សម្រួល​ជាមួយ​សាធារណ​រដ្ឋ​ឥស្លាម​អ៊ីរ៉ង់ អាជ្ញាធរ​មួយ​ចំនួន​បាន​ប្រកាស​ផ្លូវ​ថ្មី​មួយ សម្រាប់​​ចរា​ចរណ៍​នាវា​នៅក្នុ​ង​ច្រក​សមុទ្រ Hormuz» និង​បាន​ព្រមាន​ថា​ «នា​វា​ដែល​ល្មើស​ណាមួយ​នឹង​ត្រូវ​ដោះ​ស្រាយ​​ទៅ​តាម​នោះ»។

កិច្ចព្រមព្រៀងរយៈពេល ៦០ ថ្ងៃ​ ដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននាំមកនូវការធូរស្រាលដល់ទីផ្សារ​ថាមពល ប៉ុន្តែភាគីទាំងពីរបានជួបប្រទះនឹងជម្លោះជាសាធារណៈជុំវិញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ដែលកំពុងធ្វើទស្សនកិច្ចនៅបណ្តាប្រទេស​ក្នុងតំបន់ឈូងសមុទ្រ បាននិយាយកាលពីថ្ងៃ២៥មិថុនាថា ផ្ទៃទឹកនៃច្រកសមុទ្រ Hormuz «មិនមែនជាកម្មសិទ្ធិរបស់រដ្ឋជាតិណាមួយឡើយ»។

លោក Halvor Ellefsen នាយកក្រុមហ៊ុនដេកើងនាវា Fearnleys Shipbrokers បានប្រាប់ NBC News ថា៖ «អ្វីភាគច្រើនដែលយើងបានឃើញរហូតមកដល់ពេលនេះ គឺការដឹកជញ្ជូនទំនិញដែលមានស្រាប់ចេញ​ទៅក្រៅ មិនសូវមាន ឬស្ទើរតែគ្មានការផ្ទុកទំនិញថ្មីនៅក្នុងតំបន់ឈូងសមុទ្រនោះទេ លើកលែងតែជនជាតិអ៊ីរ៉ង់»។

ក្រុមហ៊ុន Lloyd’s List Intelligence ក៏បាននិយាយនៅក្នុងសេចក្តីរាយការណ៍សង្ខេបមួយកាលពីថ្ងៃទី​២៥ខែ​មិថុនាដែរថា៖ «នាវាដឹកប្រេងហាក់ដូចជាកំពុងប្រញាប់ប្រញាល់ដើម្បីទាញយកផលប្រយោជន៍ពីឱកាសរយៈពេល ៦០ ថ្ងៃ ក្នុង​ការ​ដឹកជញ្ជូនប្រេងឆៅពីតំបន់ឈូងសមុទ្រមជ្ឈិមបូព៌ា មុនពេលការបើកច្រក​សមុទ្រ Hormuz ឡើងវិញនេះត្រូវផុតកំណត់»។

ទន្ទឹមនឹងនេះ ប្រទេសអូម៉ង់បានចេញសេចក្តីណែនាំ កាលពីថ្ងៃទី​២៤ខែ​មិថុនា សម្រាប់នាវាដែលធ្វើដំណើរ​តាម​បណ្តោយ​​ឆ្នេរ​សមុទ្រ​របស់​ខ្លួន ប៉ុន្តែ​ការ​ព្រមាន​របស់កងទ័ពជើងទឹកអ៊ីរ៉ង់​ប្រឆាំងនឹងការប្រើប្រាស់ផ្លូវនោះ បានធ្វើ​ឱ្យ​បញ្ហា​កាន់តែស្មុគស្មាញ ខណៈដែលអ៊ីរ៉ង់បានគិតថ្លៃសេវាឆ្លងកាត់ដែនទឹករបស់ខ្លួន​​។

ប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ទីក្រុងតេអេរ៉ង់បានប្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀង​កាលពីសប្តាហ៍មុនថា មិនមានការទាមទារថ្លៃសេវាឆ្លងកាត់នោះទេ។ លោក Rubio បាននិយាយ​កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសបារ៉ែនថា «គ្មានប្រទេសណាមួយនៅលើផែនដីនេះ មានសិទ្ធិគិតថ្លៃចំពោះការប្រើប្រាស់ផ្លូវទឹក​អន្តរជាតិនោះទេ»។

អ្នកការទូតជាន់ខ្ពស់ម្នាក់របស់អារ៉ាប់រួម លោក Anwar Gargash ក៏បានព្រមានកាលពីថ្ងៃទី​២៥ខែ​មិថុនាផង​ដែរ​ថា «តថភាពភូមិសាស្ត្រនយោបាយថ្មី មិនអាចត្រូវបានបង្ខំឱ្យអនុវត្តលើបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ ជាលទ្ធផលនៃការឈ្លានពានដ៏ក្បត់នោះឡើយ»។

លោកបានសរសេរនៅលើបណ្តាញ​​សង្គម X ថា៖ «ការបង្ខំឱ្យទទួលយកការខិតខំដែលកើតចេញពីការឈ្លានពាន មិនបង្កើត​ឱ្យមានស្ថិរភាពនោះទេ ប៉ុន្តែវាជាការសាបព្រោះគ្រាប់ពូជនៃភាពមិនចុះសម្រុង និងជម្លោះនាពេលអនាគតទៅ​​វិញ។ នេះគឺជាអ្វីដែលអនុវត្តយ៉ាងជាក់ស្តែងចំពោះច្រកសមុទ្រ Hormuz»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ